ទស្សនៈ​អ្នក​ដំណើរ​លើ​ប្រតិបត្តិការ​រថភ្លើង​សាកល្បង

ដោយ ចេង ម៉េងជូ
2016-04-19
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
អ្នក​ដំណើរ​ធ្វើ​ដំណើរ​តាម​រថភ្លើង​ពី​ភ្នំពេញ ទៅ​ក្រុង​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០១៦។
អ្នក​ដំណើរ​ធ្វើ​ដំណើរ​តាម​រថភ្លើង​ពី​ភ្នំពេញ ទៅ​ក្រុង​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០១៦។
RFA/Chuop Sereyroth

នៅ​អំឡុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ការ​ធ្វើ​ដំណើរ​តាម​រថភ្លើង​ជា​ជម្រើស​ថ្មី​មួយ​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ ឬ​ពី​ខេត្ត​ព្រះសីហនុ មក​ភ្នំពេញ។

អ្នក​ធ្វើ​ដំណើរ​រាប់រយ​នាក់​បាន​សាក​ល្បង​មធ្យោបាយ​ធ្វើ​ដំណើរ​ថ្មី​នេះ​តាំង​ពី​ថ្ងៃ​ដំបូង​មក ហើយ​សេវាកម្ម​ក្នុង​ប្រតិបត្តិការ​សាកល្បង​នេះ ទទួល​បាន​ទាំង​ការ​សាទរ​ ទាំង​មតិ​រិះគន់។

ក្រោយ​ពី​ផ្អាក​ដំណើរការ​អស់​ប្រហែល ១៤​ឆ្នាំ​មក ខ្សែ​រថភ្លើង​ដឹក​អ្នក​ដំណើរ​ភ្នំពេញ-​ព្រះសីហនុ បាន​ដំណើរការ​ឡើង​វិញ ជា​ប្រតិបត្តិ​ការសាកល្បង​រយៈ​ពេល ៩​ថ្ងៃ ចំ​ពេល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ។

ប្រតិបត្តិ​ការ​សាកល្បង​នេះ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១៧ ខែ​មេសា ចុង​សប្ដាហ៍​នេះ ដោយ​ចាប់​ផ្ដើម​ចេញ​ដំណើរ​រៀងរាល់​ម៉ោង ៧​ព្រឹក ហើយ​ប្រើ​ពេល ៨​ម៉ោង លើ​ចម្ងាយ​ផ្លូវ​សរុប​ជាង ២៦០​គីឡូម៉ែត្រ។

នៅ​ថ្ងៃ​ដំបូង និង​ថ្ងៃ​បញ្ចប់​នៃ​ការ​រត់​សាកល្បង មាន​រថភ្លើង​រត់​តែមួយ​ខ្សែ​ប៉ុណ្ណោះ។ ដោយឡែក​ចាប់​ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា មាន​រថភ្លើង​ចំនួន​ពីរ​ខ្សែ គឺ​រត់​ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ និង​ពី​ខេត្ត​ព្រះសីហនុ មក​ភ្នំពេញ វិញ ចាប់​ផ្ដើម​ចេញ​ដំណើរ​នៅ​ម៉ោង ៧​ព្រឹក​ព្រមៗ​គ្នា។

ប្រធាន​ផ្នែក​ពាណិជ្ជកម្ម​នៃ​ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ (Royal Railways) លោក ទិត្យ សំអឿន ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ថា ចាប់​តាំង​ពី​ថ្ងៃ​ទី​៩ ដែល​ជា​ថ្ងៃ​ដំណើរការ​ដំបូង​មក ខ្សែ​រថភ្លើង​ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ តែងតែ​ទទួល​បាន​អតិថិជន​ពេញៗ​ទូ​ជា​រៀងរាល់​ថ្ងៃ៖ «ចាប់​ពី​ថ្ងៃ​៩ មក​ដល់​ថ្ងៃ​នេះ គឺ​ទិសដៅ​ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ គឺ​ពេញ​រហូត។ និយាយ​ទៅ​គឺ​កម្រិត​ដែល​យើង​ទទួល​បាន maximum (អតិបរមា) គឺ​ពេញ។ អត់​មាន​ធ្លាក់​ចុះ​ធ្លាក់​អី​ទេ គឺ​ថេរ។ ដូច​ឃើញ​ស្រាប់​គឺ​ពេញ​គ្រប់​ទូ»

រថភ្លើង​ដឹក​អ្នក​ដំណើរ​ដែល​ដាក់​ឲ្យ​ដំណើរការ​សាកល្បង​នេះ មាន ៥​ខ្សែ ក្នុង​មួយ​ខ្សែៗ​មាន​បី​ទូ អាច​ផ្ទុក​អ្នក​ដំណើរ​បាន​ជិត ២០០​នាក់ បើកបរ​ក្នុង​ល្បឿន​ជា​មធ្យម​ពី ៣០ ទៅ ៤០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

មុន​នឹង​ទៅ​ដល់​ខេត្ត​ព្រះសីហនុ រថភ្លើង​ឈប់​នៅ​ស្ថានីយ​ចំនួន​ពីរ​គឺ​ស្ថានីយ​ខេត្ត​តាកែវ និង​ខេត្ត​កំពត ឈប់​ម្ដង​ក្នុង​រយៈពេល​ប្រហែល ១៥​នាទី។ សំបុត្រ​សម្រាប់​អ្នក​ជិះ​រថភ្លើង​ពី​ភ្នំពេញ ទៅ​តាកែវ មាន​តម្លៃ ៣​ដុល្លារ ភ្នំពេញ-កំពត ៥​ដុល្លារ ហើយ​ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ មាន​តម្លៃ ៦​ដុល្លារ។

ម៉ោង ៩​ព្រឹក រថភ្លើង​ទៅ​ដល់​ស្ថានីយ​ក្រុង​ដូនកែវ ខេត្ត​តាកែវ ហើយ​នៅ​ម៉ោង ១២​ថ្ងៃត្រង់ រថភ្លើង​ទៅ​ដល់​ស្ថានីយ​ខេត្ត​កំពត។ ស្ថានីយ​ទាំង​ពីរ​នេះ​នៅ​មិន​ទាន់​មាន​លក់​ចំណី​អាហារ​ច្រើន​នៅ​ឡើយ​ទេ។

ស្ថានីយ​រថភ្លើង កំពត ៨៥៥ ២០១៦
ស្ថានីយ​អ្នក​ដំណើរ​នៅ​ក្រុង​កំពត។ រូបថត​ថ្ងៃ​ទី​១៣ មេសា ឆ្នាំ​២០១៦។ RFA/Cheng Mengchou RFA/Cheng Mengchou

នៅ​ពេល​រថភ្លើង​ឈប់​នៅ​ស្ថានីយ​ខេត្ត​កំពត ចំ​ពេល​បាយ​ថ្ងៃត្រង់ អ្នក​ដំណើរ​ខ្លះ​បាន​យក​បាយ​ម្ហូប​ដែល​ពួកគេ​វេច​ពី​ភ្នំពេញ មក​បរិភោគ​នៅ​លើ​រថភ្លើង រី​ឯ​អ្នកដំណើរ​ខ្លះ​ទៀត​ទិញ​នំចំណី​ដែល​គេ​លក់​នៅ​លើ​រថភ្លើង​នោះ​មក​ពិសា។

នៅ​ពេល​ព្រះអាទិត្យ​ចាប់​ផ្ដើម​ឡើង​កម្ដៅ​ខ្លាំង​នៅ​ពេល​ថ្ងៃត្រង់ អ្នក​ដំណើរ​ក្មេង​ចាស់​ប្រុស​ស្រី​ក៏​ចាប់​ផ្ដើម​រអ៊ូរទាំ ដៃ​ទាញ​ផ្លិត​យក​មក​បក់ អ្នក​ខ្លះ​ក៏​បើក​បង្អួច អ្នក​ខ្លះ​ក៏​ដើរ​ចេញ​មក​ទៅ​ខាង​ក្រៅ​ទូ​រថភ្លើង​ដើម្បី​ស្រូប​យក​ខ្យល់​ធម្មជាតិ ព្រោះ​ម៉ាស៊ីន​ត្រជាក់​បំពាក់​ក្នុង​ទូ​រថភ្លើង​មិន​អាច​ទប់ទល់​នឹង​កម្ដៅ​ថ្ងៃ​បាន​ទៀត​ឡើយ។

ក្រៅ​ពី​រឿង​កម្ដៅ បញ្ហា​មួយ​ទៀត​ដែល​អ្នក​ដំណើរ​មួយ​ចំនួន​ខក​ចិត្ត គឺ​ពាក់ព័ន្ធ​នឹង​ទីតាំង​អង្គុយ។ អ្នក​ដំណើរ​មួយ​ចំនួន​ក្នុង​ដៃ​មាន​លេខ​កៅអី​ដូច​គ្នា។ អ្នក​ខ្លះ​មិន​មាន​ទីតាំង​អង្គុយ អ្នក​ខ្លះ​ទៀត​ត្រូវ​ផ្ទេរ​ពី​កៅអី​មួយ​ទៅ​កៅអី​មួយ តាម​ការ​ចាត់ចែង​របស់​បុគ្គលិក​ក្រុមហ៊ុន។

​លោក ឡុង ស៊ីដានី ជា​អ្នកដំណើរ​ម្នាក់​ដែល​មិន​មាន​កៅអី​អង្គុយ។ លោក​បាន​ទិញ​សំបុត្រ​តាំង​ពី​ថ្ងៃ​ទី​១១ ខែ​មេសា មក។ ទោះ​យ៉ាងណា លោក​សប្បាយ​ចិត្ត​ដែល​បាន​សាកល្បង​សេវាកម្ម​រថភ្លើង​នេះ៖ «ខ្ញុំ​មក​ដល់​កន្លែង​ភ្លាម រក​កន្លែង​អង្គុយ​អត់​មាន។ មើល​ទៅ​ពេញ​ណែន​តែម្ដង។ ខ្ញុំ​កក់​សំបុត្រ​ខ្ញុំ​នៅ​កន្លែង C2 បែរ​ជា​មក​អង្គុយ​នៅ​កន្លែង​គេ​ផ្សេង។ មើល​ទៅ​ដូច​របៀប​ថា សំបុត្រ​ជាន់​គ្នា​យ៉ាង​ម៉េច។ អ្នក​រៀបចំ​នៅ​កន្លែង​ហ្នឹង​ដូចជា​ពិបាក»

អ្នក​ដំណើរ​មួយ​រូប​ទៀត ដែល​ជួប​ប្រទះ​បញ្ហា​ដូច​នឹង​លោក ឡុង ស៊ីដានី ដែរ គឺ​លោក ណុប សឿន។ លោក ណុប សឿន ធ្លាប់​ធ្វើ​ដំណើរ​តាម​រថភ្លើង​កាល​ពី​អំឡុង​ទសវត្ស​ឆ្នាំ​៨០ ហើយ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​នេះ លោក​មក​ប្រើប្រាស់​ផ្លូវ​រថភ្លើង​នេះ​ម្ដង​ទៀត​ដើម្បី​សាកល្បង៖ «ចង់​សាកល្បង​មើល​ថា តើ​វា​ដំណើរ​ការ​ល្អ​ជាង​ឡាន ឬ​ក៏​អត់។ កាល​ណា​ល្អ​មាន​សុវត្ថិភាព​ជាង យើង​ជិះ​អា​នេះ​ហើយ។ ឡាន​លឿន​មែន​តែ​គ្រោះថ្នាក់​ច្រើន។ អា​នេះ​សុវត្ថិភាព​ជាង។ សប្បាយ​ដែរ ស្រួល​ជាង​ជិះ​ឡាន ជិះ​ឡាន​លឿន​មែន​តែ​ពិបាក​បន្តិច វា​គ្មាន​ពេល​ដេក បត់ជើង​អី ដើរ​លេង​តាម​ចិត្ត។ អា​នេះ​វា​មិន​យឺត​ពេក​ទេ វា​ល្មម។ តម្លៃ​ប៉ុណ្ណឹង​ក៏​សមរម្យ​ដែរ។ ប៉ុន្តែ​គ្រាន់​តែ​ថា ដាក់​កៅអី ដូច​ថា លេខ យើង​ទិញ​កន្លែង​ណា​ឲ្យ​បាន​កន្លែង​ហ្នឹង​ទៅ»

​ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រធាន​ផ្នែក​ពាណិជ្ជកម្ម​នៃ​ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ លោក ទិត្យ សំអឿន បកស្រាយ​ថា នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ដែល​ជា​ថ្ងៃ​ដំបូង​នៃ​ពិធីបុណ្យ​ចូល​ឆ្នាំ ចំនួន​ជាក់ស្ដែង​នៃ​អ្នក​ដំណើរ​ច្រើន​ជាង​ថ្ងៃ​មុនៗ ហើយ​ច្រើន​ជាង​ចំនួន​សំបុត្រ​ដែល​លក់​បាន៖ «និយាយ​ទៅ​កៅអី គឺ​ពិបាក​ទី​មួយ មាន​ន័យ​ថា ភ្ញៀវ​ទាំង​អស់​ពួកគាត់​បុក (សម្រុក) ពួកគាត់​អត់​ប្រាប់​ថា ពួកគាត់​មាន​ក្មេង ឬ​មាន​កូន​គាត់​ធំ​ល្មម​មក​ទេ គឺ​គាត់​បុក​ទិញ​តែ​សំបុត្រ​ខ្លួន​គាត់​ទេ ហើយ​ដល់​ពេល​មក គាត់​មាន​ក្មេង​មាន​អី​មក ដល់​ពេល​អ៊ីចឹង ក្រុម​គ្រួសារ​ខ្លះ​សុំ​ថា ឲ្យ​កូន​គាត់​អង្គុយ​ជាមួយ​គាត់​អ៊ីចឹង​ទៅ។ ខ្លះ​គាត់​សុខ​ចិត្ត​ឈរ​ដើម្បី​ឲ្យ​ក្មេង ឬ​អ្នក​មាន​ទម្ងន់​អី គាត់​បាន​អង្គុយ​ស្រួល»

​ក្រៅ​ពី​បញ្ហា​ទីតាំង​អង្គុយ អ្នក​ដំណើរ​ខ្លះ​ស្នើ​ឲ្យ​ក្រុមហ៊ុន​បង្កើន​អនាម័យ​ក្នុង​បង្គន់ និង​ផ្ដល់​ទីតាំង​ដាក់​អីវ៉ាន់​ឲ្យ​មាន​សណ្ដាប់ធ្នាប់​ជាដើម។

អ្នក​ដំណើរ​មួយ​រូប​ដែល​នាំ​គ្រួសារ​លោក​មក​សាកល្បង​រស​ជាតិ​ធ្វើ​ដំណើរ​តាម​រថភ្លើង​នេះ គឺ​លោក ផា នី។ លោក ផា នី លើក​ឡើង​ថា លោក​នឹង​កាន់តែ​ពេញចិត្ត ប្រសិនបើ​រថភ្លើង​អាច​បរ​លឿន​ជាង​នេះ៖ «ពាក់ព័ន្ធ​នឹង​ល្បឿន បើសិនជា​អាច លឿន​ជាង​ហ្នឹង​តិច​ទៀត​ក៏​ល្អ​ដែរ ព្រោះ​អី​រយៈ​ពេល​ដែល​យើង​ជិះ​ហ្នឹង ចម្ងាយ​ហ្នឹង ផ្លូវ ២០០​គីឡូ​ជាង ជិះ​យូរ​មក​មែន​ទែន​តែម្ដង។ អ៊ីចឹង​អ្នក​ខ្លះ​អាច​នឹង​ប្ដូរ​ចិត្ត​លែង​ជិះ​វិញ​ដោយសារ​វា​យូរ»

រថភ្លើង ៨៥៥ ២០១៦
អ្នក​ដំណើរ​អើត​តាម​បង្អួច​រថភ្លើង​មើល​ទេសភាព​តាម​ផ្លូវ ពេល​​ធ្វើ​ដំណើរ​ទៅ​ក្រុង​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth RFA/Chuop Sereyroth

ក្រោយ​ពី​ធ្វើដំណើរ​អស់​រយៈពេល ៨​ម៉ោង​កាត់​ព្រៃ ភ្នំ វាលស្រែ​ចម្ការ ផ្ទះ​អ្នកភូមិ​នៅ​តាម​សងខាង​ផ្លូវ រថភ្លើង​ក៏​បាន​មក​ដល់​ស្ថានីយ​ខេត្ត​ព្រះសីហនុ នៅ​ម៉ោង ៣​រសៀល​ដូច​ការ​គ្រោង​ទុក។

ក្រោយ​ចុះ​ពី​លើ​រថភ្លើង យុវតី​មួយ​រូប​ឈ្មោះ ចាន់ ស្រីពៅ បាន​សម្ដែង​ក្ដី​រីករាយ ដោយ​បាន​ធ្វើដំណើរ​តាម​រថភ្លើង​ជា​លើក​ដំបូង ទោះបី​មិន​ពេញ​ចិត្ត​នឹង​សេវាកម្ម​មួយ​ចំនួន​ក្ដី៖ «មាន​អារម្មណ៍​ថា សប្បាយ ប៉ុន្តែ​វា​ហត់​បន្ដិច ព្រោះ​អី​រថភ្លើង​គេ​ទើបតែ​អភិវឌ្ឍ​ថ្មី អ៊ីចឹង​ម៉ាស៊ីន​ត្រជាក់​គេ​ក៏​មិន​សូវ​បាន​ល្អ»

យុវតី ស្រីពៅ ចង់​ឲ្យ​ក្រុមហ៊ុន​កែ​លម្អ​នូវ​ចំណុច​ខ្វះខាត​មួយ​ចំនួន៖ «ខ្ញុំ​ចង់​ឲ្យ​គាត់​កែ​លម្អ ដូចជា បន្ទប់​ទឹក ហើយ​ម៉ាស៊ីនត្រជាក់ គេ​ប្រើ​ពាក្យ​ថា វី.អាយ.ភី (VIP) ប៉ុន្តែ​វា​អត់​ដូច​ពាក្យ វី.អាយ.ភី។ ជិះ​ទៅ​ក្ដៅ​ខ្លាំង​មែន​ទែន ខ្ញុំ​ទ្រាំ​អត់​ចង់​បាន ៨​ម៉ោង ក្ដៅ​ខ្លាំង​តែម្ដង! ហើយ​ជាមួយ​នឹង​អនាម័យ ហើយ​និង​ការ​យើង​ដាក់​រនាប​នៅ​ខាង​លើ​សម្រាប់​ឲ្យ​យើង​ដាក់​អីវ៉ាន់ ឬ​មួយ​អី​ក៏​បាន​ដែរ ឲ្យ​តែ​គេ​ច្នៃ​មក ឲ្យ​យើង​យក​អីវ៉ាន់​មក ដល់​ដូច​មាន​វ៉ាលីស៍​អី​អ៊ីចឹង​ទៅ យើង​មាន​កន្លែង​ញាត់ កុំ​ឲ្យ​យើង​ញាត់​កន្លែង​យើង​អង្គុយ។ អង្គុយ​មក​ដល់​ត្រូវ​គង​យើង អ៊ីចឹង​ពិបាក​អង្គុយ​ណាស់»

​ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ របស់​អ្នកឧកញ៉ា គិត ម៉េង ទទួល​បាន​សិទ្ធិ​វិនិយោគ​រយៈពេល ៣០​ឆ្នាំ​ពី​រាជរដ្ឋាភិបាល​កាល​ពី​ឆ្នាំ​២០០៩ ដើម្បី​ស្ថាបនា​ផ្លូវ​រថភ្លើង​ឡើង​វិញ ខណៈ​ផ្លូវ​រថភ្លើង​ទាំងពីរ​ខ្សែ​ដែល​បន្សល់​ទុក​ពី​សម័យ​អាណានិគម​បារាំង មក មាន​ភាព​ទ្រុឌទ្រោម​ដោយសារ​សង្គ្រាម និង​កង្វះ​ការ​ថែទាំ។ ក្រោយ​ការ​វិនិយោគ​នោះ​មក ខ្សែ​រថភ្លើង​ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ ក៏​បាន​ចាប់​ផ្ដើម​ដំណើរការ​ឡើង​វិញ ប៉ុន្តែ​ប្រតិបត្តិការ​តែ​ក្នុង​ការ​ដឹក​ជញ្ជូន​ទំនិញ​ប៉ុណ្ណោះ។

កាល​ពី​ថ្ងៃ​ទី​៩ ខែ​មេសា ជា​ថ្ងៃ​ដំបូង​នៃ​ការ​សាកល្បង​រថភ្លើង​ដឹក​អ្នក​ដំណើរ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ លោក ចន ហ្គារី (John Guiry) លើក​ឡើង​ថា ក្រុមហ៊ុន​នឹង​ពិចារណា​ពង្រីក​ប្រតិបត្តិការ​បន្ថែម​ទៀត​នៅ​ពេល​ខាង​មុខ ដរាបណា​មាន​ការ​គាំទ្រ​ច្រើន​ពី​អតិថិជន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល