លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសបញ្ឈប់ឲ្យក្រុមហ៊ុនយកប្រាក់ពីពលរដ្ឋទូទៅជិះរថយន្តឆ្លងកាត់ផ្លូវវ៉េងស្រេង ចាប់ពីថ្ងៃទី២៨ ធ្នូ នេះតទៅ។
លោក ហ៊ុន សែន ប្រកាសបែបនេះ ក្នុងពិធីប្រគល់សញ្ញាប័ត្រដល់និស្សិតនៅថ្ងៃទី២៨ ធ្នូ ដោយរដ្ឋាភិបាលសម្រេចដកហូតទាំងស្រុងពីក្រុមហ៊ុនដែលគ្រប់គ្រង និងជួសជុលផ្លូវវ៉េងស្រេងនេះ មកគ្រប់គ្រងខ្លួនឯងវិញ៖ «ចាប់ពីពេលនេះតទៅ ទាំងពលរដ្ឋរស់នៅតាមផ្លូវវ៉េងស្រេង និងពលរដ្ឋទូទាំងប្រទេសដែលធ្វើដំណើរឆ្លងកាត់ផ្លូវនេះឈប់បង់ប្រាក់ទៀតហើយ អ្វីដែលខ្ញុំសុំមកវិញ គឺសូមគោរពច្បាប់ចរាចរទាំងអស់ កុំឲ្យមានគ្រោះថ្នាក់»។
បន្ទាប់ពីលោក ហ៊ុន សែន ប្រកាសបញ្ឈប់ការយកប្រាក់ពីរថយន្តលើផ្លូវនេះ សាលារាជធានីភ្នំពេញ ក៏ចេញសេចក្ដីជូនដំណឹង និងអំពាវនាវដល់ពលរដ្ឋដែលរស់នៅសងខាងផ្លូវវ៉េងស្រេង ដែលទិញស្ទិកឃ័រចេញចូលផ្លូវនេះ មកទទួលប្រាក់របស់ខ្លួនវិញពីស្នាក់ការក្រុមហ៊ុន ក្នុងបុរីពិភពថ្មី ផ្លូវវ៉េងស្រេង។
ផ្លូវវ៉េងស្រេងត្រូវបានសាងសង់ពង្រីកផ្លូវ ដោយក្រុមហ៊ុនថូលវេ (Tollway) ពីសួនច្បារចោមចៅ ដល់ច្រមុះជ្រូកស្ទឹងមានជ័យ មានប្រវែង៦,៥០០ម៉ែត្រ បេតុងកម្រាស់២០សង់ទីម៉ែត្រ ប្រព័ន្ធលូសងខាង មានសួនខណ្ឌចែកផ្លូវ និងភ្លើងបំភ្លឺសាធារណៈ។
រហូតមកដល់ពេលនេះ ផ្លូវចំនួន៣ខ្សែ ដែលត្រូវបង់ប្រាក់សម្រាប់ធ្វើដំណើរឆ្លងកាត់ ក្នុងរាជធានីភ្នំពេញមានផ្លូវ២០០៤ឬ ផ្លូវសូឡា និងផ្លូវវ៉េងស្រេង ត្រូវបានរដ្ឋាភិបាលបញ្ឈប់មិនឲ្យយកប្រាក់បន្តទៀតទេ ក៏ប៉ុន្តែប្រជាពលរដ្ឋក៏រិះគន់ការយកលុយអ្នកដំណើរ តាមផ្លូវជាតិលេខ៤ជាច្រើនឆ្នាំមកហើយតែរដ្ឋាភិបាលមិនទាន់មានវិធានការបញ្ឈប់ក្រុមហ៊ុនវិនិយោគលើផ្លូវនេះនៅឡើយទេ ដោយលោក ហ៊ុន សែន ត្រឹមតែស្នើដល់ភាគីពាក់ព័ន្ធ ត្រូវរកភាពត្រឹមត្រូវមួយដល់ពលរដ្ឋរស់នៅតាមខាងផ្លូវនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
