គ្រូបង្រៀននៅស្រុកពារាំង ខេត្តព្រៃវែង ចោទប្រកាន់នាយកសាលាបឋមសិក្សា មេសប្រចាន់លើ ថាប្រព្រឹត្តអំពើពុករលួយយកថវិកា ភីប៊ី (PB) ឬហៅថាប្រាក់ឧបត្ថម្ភប្រើប្រាស់ក្នុងសាលារៀន ទៅចាយវាយជាប្រយោជន៍ផ្ទាល់ខ្លួន ដោយពុំបានគិតគូរពីការខ្វះខាតរបស់សាលាឡើយ។ ប៉ុន្តែ នាយកសាលាបញ្ជាក់ថា ការចាយវាយថវិកាដោយឆ្លងកាត់គណៈកម្មការរបស់សាលា ត្រួតពិនិត្យត្រឹមត្រូវ។
គ្រូបង្រៀនអំពាវនាវសុំឲ្យមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រៃវែង និងមន្ត្រីពាក់ព័ន្ធប្រាក់គម្រោងថវិកា ភីប៊ី របស់សាលា ចុះស្រាវជ្រាវរកការពិត និងរារាំងកុំឲ្យថវិកានោះធ្លាក់ទៅលើដៃបុគ្គលម្នាក់ឯង។
គ្រូបង្រៀនបឋមសិក្សានៅឃុំមេសប្រចាន់ ស្រុកពារាំង ថ្លែងក្នុងលក្ខខណ្ឌមិនឲ្យបញ្ចេញសាលា និងឈ្មោះនៅថ្ងៃទី៣០ មិថុនា ថា ប្រាក់ថវិកា ភីប៊ី ដែលក្រសួងអប់រំ ផ្ដល់សម្រាប់ចាយវាយទិញសម្ភារៈប្រើប្រាស់ក្នុងសាលាបឋមសិក្សា មេសប្រចាន់លើ ត្រូវនាយកសាលាយកប្រាក់នោះទៅចាយវាយផ្ដេសផ្ដាសតែម្នាក់ឯង ដោយពុំបានទិញសម្ភារៈសិក្សាជាផលប្រយោជន៍រួម ប្រើប្រាស់ក្នុងសាលាឡើយ។ លោកបន្តថា សព្វថ្ងៃសាលាកំពុងខ្វះខាតឧបករណ៍ប្រើប្រាស់ ដូចជា អំបោស ដីស ប៊ិច សៀវភៅ និងឧបករណ៍ សម្រាប់បង្រៀនសិស្ស ជាដើម។
លោកថា ការប្រើប្រាស់ថវិការបស់សាលាគ្មានតម្លាភាពនេះ ធ្វើឲ្យគ្រូបង្រៀនគ្មានទឹកចិត្តបង្រៀនសិស្ស ដែលជាហេតុជំរុញឲ្យបែកបាក់សាមគ្គីគ្នារវាងគ្រូ និងគ្រូនៅថ្ងៃអនាគត៖ «ភីប៊ី សួរដែរ គេថាចាយអស់ៗក្នុងការធ្វើដំណើរហ្នឹងណាស់! មិនបានទិញអី ឮថាអស់ៗអ៊ីចឹង កាលមុនមានសល់បួនដប់ម្ភៃម៉ឺនសម្រាប់ទិញសម្ភារៈ។ ដល់ពេលមកសាហ្នឹង វាអត់មានសល់អីសោះ វាអត់មានអីសម្រាប់កសាងសម្ភារៈឧបទេស វាគ្មានសោះ ក្នុងសាលាគ្មាន។ ធ្វើម៉េចឲ្យមានសម្ភារៈបង្រៀន ឬក៏សម្ភារៈប្រើប្រាស់មានសព្វគ្រប់ ហើយម្យ៉ាងទៀត លើកនេះបានមកកុំចាយតែឯងអ៊ីចឹង ម្យ៉ាងទៀតចាយតែឯងអ៊ីចឹង វានាំឲ្យមានគ្រូបែកបាក់សាមគ្គីគ្នា»។
ឆ្លើយតបនឹងការចោទប្រកាន់នេះ នាយកស្ដីទីបឋមសិក្សាមេសប្រចាន់លើ លោក ឈឺន ឈៀង មានប្រសាសន៍បញ្ជាក់ថា ការចាយវាយថវិកា ភីប៊ី ក្នុងសាលារបស់លោកពុំដែលមានបញ្ហាអ្វីឡើយ គឺការប្រើប្រាស់ថវិកានេះកន្លងមក បើទោះជាតិច ឬច្រើនក្ដី ការចាយវាយធ្វើឡើងដោយមានគណៈកម្មការត្រួតពិនិត្យត្រឹមត្រូវ ហើយក៏ពុំមែនយកប្រាក់ទៅចាយវាយផ្ដេសផ្ដាសតាមអំពើចិត្ត ដូចការលើកឡើងឡើយ៖ «បាទ! ប្រជុំគណៈកម្មការខ្ញុំហ្នឹងប្រាប់ពីថវិកាហ្នឹង យើងត្រូវចាយទៅលើស្អីលើស្អីហ្នឹង សម្ភារៈឧបទេសគ្រប់បែបគ្រប់យ៉ាងហ្នឹងណាស់។ បាទ! វាអត់មានបញ្ហាអីផង ខាងគណៈកម្មការខ្ញុំហ្នឹង សាលារៀនខ្ញុំអត់មានអីទេ អ៊ីចឹងការអាឮពីខាងក្រៅមកហ្នឹង ជាមជ្ឈដ្ឋានតែផ្ដេសតែផ្ដាសអ៊ីចឹង ខ្ញុំបដិសេធហ្មង»។
ទាក់ទងនឹងបញ្ហានេះ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន គូសបញ្ជាក់ថា ករណីពុករលួយថវិកា ភីប៊ី របស់នាយកសាលានេះ ថាជារឿងដដែលរបស់មន្ត្រីថ្នាក់ដឹកនាំនៃក្រសួងអប់រំ ក្នុងសង្គមខ្មែរទៅហើយ។ លោក រ៉ុង ឈុន បន្តថា អ្វីដែលលោកគ្រូបង្រៀនលើកឡើងនោះ គឺជារឿងត្រឹមត្រូវ ប៉ុន្តែនាយកសាលាតែងប្រកែកដោះដៃមិនទទួលកំហុសរបស់ខ្លួន ដែលបានប្រព្រឹត្តនោះទេ។
លោកថា បញ្ហាពុករលួយនេះ ជាជំងឺរ៉ាំរ៉ៃមួយក្នុងសង្គមខ្មែរមើលមិនចេះជាឡើយ ប្រសិនបើវិធានការរបស់លោករដ្ឋមន្ត្រីក្រសួងអប់រំ នៅតែទន់ខ្សោយដូចសព្វថ្ងៃនោះ៖ «លោករដ្ឋមន្ត្រីថ្មីឡើងមក យើងសង្ឃឹមថា មានចំណាត់ការជុំវិញបញ្ហាកិបកេងលុយ ភីប៊ី លុយមានកាលណាមានអំពើពុករលួយទៅលើលុយ ភីប៊ី អីសព្វបែបយ៉ាងហ្នឹង។ តែផ្ទុយ យើងឃើញថា បញ្ហាហ្នឹងកក្រើកឡើងខ្លាំងនៅស្ទើរតែគ្រប់ខេត្តដែលកើតមានទាក់ទងទៅនឹងការកិបកេង អឺ! ពុករលួយទៅលើអាលុយគម្រោងលុយអីសព្វបែបយ៉ាងហ្នឹងបាទ!»។
សាលាបឋមសិក្សាមេសប្រចាន់លើ ស្ថិតនៅទីជនបទនៅឃុំមេសប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង។ សាលានេះសព្វថ្ងៃមានគ្រូបង្រៀនចំនួន ៣នាក់ និងមានសិស្សប្រមាណ ១៧០នាក់ ភាគច្រើនជាសិស្សក្រីក្រ ហើយប្រាក់ ភីប៊ី ជាផ្នែកមួយសម្រាប់ដោះស្រាយក្នុងសាលា។ ប្រាក់ ភីប៊ី គឺជាថវិការបស់ក្រសួងអប់រំ ឧបត្ថម្ភសាលាទូទាំងប្រទេស សម្រាប់ទិញសម្ភារៈសិក្សា និងប្រើប្រាស់ជាប្រយោជន៍រួមក្នុងសាលា។ ប្រាក់ ភីប៊ី នេះនៅសាលាបឋមសិក្សាមេសប្រចាន់លើ ក្រសួងអប់រំ ផ្ដល់ឲ្យក្នុងមួយឆ្នាំ ៤លើក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
