ប្រជាពុទ្ធបរិស័ទខ្មែរបានឆ្លៀតឱកាសពីការងារ និងខ្លះសម្រាកពីការងារមួយរយៈ ដើម្បីចូលរួមពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅតាមស្រុកកំណើតរៀងៗខ្លួន។ ចំណែកនៅខេត្តកំពង់ឆ្នាំង មនុស្សក្មេងចាស់ដែលមានធនធាន សម្រុកទៅវត្តអារាមណាដែលមានផ្លូវងាយស្រួលធ្វើដំណើរ និងមានចង្ហាន់ពោរពាស ច្រើនជាងទៅវត្តដែលលំបាកធ្វើដំណើរ និងខ្វះខាត ឬអត្តខាត់ចង្ហាន់។
ទួលអំពិល គឺជាវត្តមួយទើបកសាងឡើងវិញក្រោយរបបកម្ពុជាប្រជាធិបតេយ្យ ឬ ប៉ុល ពត ឆ្នាំ១៩៧៩ នៅលើទួលវត្តបុរាណមួយទំហំប្រមាណ ១ហិកតារ ព័ទ្ធជុំវិញដោយទឹកទន្លេ ឋិតនៅក្រុងកំពង់ឆ្នាំង។ ក្នុងចំណោមវត្តអារាមចំនួន ២២៣ និងអាស្រមចំនួន ៥ នៅទូទាំងខេត្តកំពង់ឆ្នាំង វត្តទួលអំពិល មិនសូវមានពុទ្ធបរិស័ទទៅធ្វើបុណ្យដាក់បាត្រ និងមិនសម្បូរចង្ហាន់ដូចនៅតាមវត្តដទៃក្នុងក្រុងនោះទេ។
ពុទ្ធបរិស័ទម្នាក់ លោក ជួន សោភ័ណ្ឌ ឲ្យដឹងថា គ្រួសារលោក និងពលរដ្ឋចំនួន ១៧គ្រួសារផ្សេងទៀតដែលមានផ្ទះរស់នៅលើទួលក្បែរវត្ត តែងតែខ្នះខ្នែងជួយកសាង និងទំនុកបម្រុងចង្ហាន់សម្រាប់ព្រះសង្ឃនៅពេលខ្វះខាត ឬអត្តខាត់។ លោកថា វត្តនេះមិនសូវមានមនុស្សចូលធ្វើបុណ្យកុះករទេ ព្រោះតែផ្លូវលិចទឹកលំបាកធ្វើដំណើរនៅរដូវវស្សា ប៉ុន្តែឆ្នាំនេះទឹកអត់លិចផ្លូវទើបមានអ្នកមកធ្វើបុណ្យគ្រាន់ច្រើនជាងរាល់ឆ្នាំបន្តិច៖ «ដូចព្រះពុទ្ធបានផ្ដាំអ៊ីចឹង! យើងធ្វើបុណ្យបានបុណ្យ ធ្វើបាបបានបាប។ ខ្ញុំចង់គាំទ្រ (វត្ត) ព្រោះវានៅជិតភូមិអ៊ីចឹងណាបង។ រឿងបុណ្យភ្ជុំ ឬបុណ្យចូលឆ្នាំអត់សូវខ្វះទេ អត្តខាត់តែពេលយើងអត់មានបុណ្យធំៗអ៊ីចឹងទៅណា»។
ដោយសារវត្តទួលអំពិល ពុំមានពុទ្ធបរិស័ទចំណុះជើងវត្តសម្រាប់ចែកវេនដាក់បិណ្ឌ ហើយឋិតនៅលើកោះឆ្ងាយពីទីប្រជុំជននៃក្រុងកំពង់ឆ្នាំង ប្រមាណ ៥គីឡូម៉ែត្រទៀតនោះ ប្រជាពុទ្ធបរិស័ទរស់នៅតំបន់ផ្សេងៗគ្នាក្នុងក្រុង តែងបបួលគ្នាជាក្រុមចន្លោះ ៣០នាក់ ទៅ ៥០នាក់ ដើម្បីរៀបចង្ហាន់ទៅប្រគេនព្រះសង្ឃ។ ប៉ុន្តែថ្ងៃបុណ្យភ្ជុំ ឬភ្ជុំធំនៅឆ្នាំខ្លះ វត្តនេះមានពុទ្ធបរិស័ទរហូត ៥០០ ទៅ ១ពាន់នាក់។
ប្រធានគណៈកម្មការវត្តទួលអំពិល លោក ទែន យីម ដែលពេលនេះលោកមានវ័យ ៨៤ឆ្នាំហើយនោះ មានប្រសាសន៍ថា រូបលោកជាពុទ្ធបរិស័ទម្នាក់ផ្ដើមកសាងវត្តនេះតាំងពីនៅអាស្រមគ្មានវិហារ និងសាលាឆាន់ ប៉ុន្តែពីមួយឆ្នាំទៅមួយឆ្នាំមានពុទ្ធបរិស័ទពីតំបន់ផ្សេងៗ ចូលធ្វើបុណ្យកាន់តែច្រើនឡើង។
លោកថា រាល់ឆ្នាំនៃថ្ងៃបុណ្យភ្ជុំធំបច្ច័យកសាង និងបច្ច័យបង្សុកូល ទទួលបានជិត ១លានរៀល៖ «ឆ្នាំនេះទឹកតូចអត់លិចទេ ប៉ុន្តែថ្នល់នេះមានអស់លោកបានមកជួយ ឆ្នាំក្រោយគឺផុតទឹកហើយ។ រាល់ឆ្នាំខ្ញុំប្រើកាណូតដឹកប្រជាពុទ្ធបរិស័ទ ហើយបច្ច័យរកបាន តែរកបានមកហ្នឹងចំណាយទៅទិញប្រេងវិញច្រើនណាស់។ វត្តនេះនៅក្នុងក្រុង ក៏ប៉ុន្តែវត្តនេះទើបកសាងក្រោយខ្លះបានដឹង និងខ្លះក៏មិនបានដឹង»។
លោកបញ្ជាក់ថា បច្ចុប្បន្នមានព្រះសង្ឃគង់នៅក្នុងវត្តចំនួន ៧អង្គ ប៉ុន្តែលោកជឿថា វត្តនេះអាចនឹងមានព្រះសង្ឃ ឬមានពុទ្ធបរិស័ទកាន់តែច្រើនចូលមកធ្វើបុណ្យ ក្រោយពីស្ថាបនាផ្លូវក្រាលក្រួសក្រហមមួយខ្សែចេញពីទីប្រជុំជននៃក្រុងកំពង់ឆ្នាំង ឆ្ពោះចូលវត្តនៅដើមឆ្នាំ២០១៦។ គណៈកម្មការវត្តទួលអំពិល ក៏មានគម្រោងចាក់ដីពង្រីកបរិវេណវត្តបន្ថែមទៀតដែរ ប្រសិនបើមានជំនួយពីសប្បុរសជន។
ទាក់ទងបញ្ហានេះ អនុប្រធានមន្ទីរធម្មការ និងកិច្ចការសាសនាខេត្តកំពង់ឆ្នាំង លោក វ៉ាន់ សុទ្ធី ថ្លែងថា វត្តទួលអំពិល មិនជួបនឹងបញ្ហាខ្វះខាត ឬអត្តខាត់ចង្ហាន់នោះទេ គឺគ្រាន់តែមិនសូវសម្បូរដូចបណ្ដាវត្តដទៃ។ លោកថា វត្តទួលអំពិល បើធៀបទៅនឹងវត្តគិរីធម្មវ័ន្ដ នៅឃុំពោធិ៍ ស្រុកកំពង់លែង និងវត្តទួលវិហារ នៅឃុំកោះថ្កូវ ស្រុកជលគីរី គឺមានភាពប្រសើរជាងវត្តទាំងពីរនេះទៅទៀត៖ «ពីដើមវត្តដែលអត្តខាត់មានច្រើននៅតាមជនបទ ហើយនៅក្រុងកំពង់ឆ្នាំង យើងក៏មានមួយវត្ត ឬពីរវត្តដែរ ប៉ុន្តែឆ្នាំនេះយើងឃើញថា ការចូលរបស់ប្រជាពលរដ្ឋ ធ្វើឲ្យប្រជាពលរដ្ឋលែងសូវស្ងាត់ដូចមុន។ ទាំងជំនូនជូនទៅគណៈកម្មការ បច្ច័យបង្សុកូល និងបច្ច័យកសាងអីហ្នឹងឃើញថា បានច្រើនមែនទែននៅតាមវត្តនីមួយៗហ្នឹង»។
លោក វ៉ាន់ សុទ្ធី បញ្ជាក់ថា ស្ទើរគ្រប់វត្តអារាមនៅទូទាំងខេត្តកំពង់ឆ្នាំង រដ្ឋាភិបាលបានចាត់ក្រុមការងារចាប់ពីថ្នាក់ជាតិ រហូតដល់ថ្នាក់តំបន់ ចុះប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ ដូច្នេះនៅតាមវត្តនីមួយៗមានចង្ហាន់គ្រប់គ្រាន់ ហើយមានការចែករំលែកទេយ្យទានពីវត្តអារាមដែលសម្បូរហូរហៀរដោយទានរបស់ប្រជាពុទ្ធបរិស័ទ ប្រគល់ទៅវត្តណាដែលជួបប្រទះនឹងបញ្ហាខ្វះខាតទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
