នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បដិសេធមិនបំភ្លឺចំពោះសកម្មភាពប្រព្រឹត្តអំពើពុករលួយរបស់ប្រធានសហគមន៍នេសាទ និងអាជ្ញាធរមានសមត្ថកិច្ចនៅឃុំកំពង់ព្រះគគីរ ស្រុកបរិបូរណ៍ ដែលពលរដ្ឋចោទថា ពុករលួយ និងបើកដៃឲ្យមានបទល្មើសនេសាទនោះទេ។ មន្ត្រីអង្គការក្រៅរដ្ឋាភិបាល ស្នើឲ្យមន្ត្រីជំនាញជលផល និងអាជ្ញាធរពាក់ព័ន្ធស៊ើបអង្កេតករណីនេះឲ្យបានច្បាស់លាស់។
អតីតនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់ព្រះគគីរ លោក ប៉ាង ពុំសែន និងប្រធានសហគមន៍នេសាទបច្ចុប្បន្នក្នុងឃុំនេះ គឺលោក ផាន់ ផល្លា ត្រូវប្រជាពលរដ្ឋនាំគ្នាផ្ដិតមេដៃសុំដកតួនាទី និងផ្លាស់ប្ដូរទីតាំងការងារជាបន្ដបន្ទាប់ក្រោមហេតុផលថា ពុករលួយ និងបើកដៃឲ្យមានបទល្មើសនេសាទក្នុងមូលដ្ឋាន។ ប៉ុន្តែប្រភពខ្លះបញ្ជាក់ថា ការផ្ដិតមេដៃសុំដក ឬផ្លាស់ប្ដូរកន្លែងការងាររបស់អ្នកទាំងពីរនេះ គឺអាចមកពីមានទំនាស់ផ្ទៃក្នុងរវាងសមត្ថកិច្ច ជាមួយអាជ្ញាធរ និងប្រធានសហគមន៍នេសាទក្នុងរឿងពុករលួយ នៃបទល្មើសនេសាទក្នុងមូលដ្ឋាន។
ប្រធានរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងលោក សេង ប៊ុនឈឿន មានប្រសាសន៍ថា អាជ្ញាធរ និងមន្ត្រីជំនាញជលផលបានចុះធ្វើការងារនេះរួចហើយកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ប៉ុន្តែលោកបដិសេធមិនអត្ថាធិប្បាយរឿងពុករលួយ ឬបើកដៃឲ្យមានបទល្មើសនេសាទនៅក្នុងឃុំកំពង់ព្រះគគីរនោះទេ តែទទួលស្គាល់ថាបទល្មើសនេសាទពិតជាកើតមានមែននៅតំបន់នោះ៖ «ខ្ញុំបានធ្វើរួចហើយថ្ងៃហ្នឹងបានធ្វើរួចហើយដូចបានជម្រាបជូនបងអីចឹងថា ប្រជាជនលើសលប់នៅគាំទ្រ ( លោក ផាន់ ផល្លា ) ឃើញនៅគាំទ្រសហគមន៍នេសាទ ប៉ុន្តែយើងមានទិសដៅយើងធ្វើតទៅទៀត។ ( ចុះរឿងពុករលួយ និងការបើកដៃឲ្យមានបទល្មើសនេសាទ ?) ទេអានេះខ្ញុំមិនបកស្រាយទេបាទ ! សូមប៉ុណ្ណឹងចុះណា»។
ចំណែកអភិបាលរងខេត្តកំពង់ឆ្នាំង និងជាអ្នកដែលបានចុះស៊ើបអង្កេតករណីនេះដែរលោក ចេញ ញ៉ាន់ ថ្លែងបញ្ជាក់យ៉ាងខ្លីថា អាជ្ញាធរមិនបានស៊ើបអង្កេតទៅលើភាពមិនប្រក្រតី ឬអំពើពុករលួយរបស់ប្រធានសហគមន៍នេសាទ និងសមត្ថកិច្ចតាមការចោទប្រកាន់របស់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែបានចុះពិនិត្យឃើញថា មានពលរដ្ឋនៅតំបន់នោះកំពុងដណ្ដើមទីគ្នាដាក់សម្រាស់យកត្រី ដោយកាប់មែកឈើ ឬសម្រាស់ទម្លាក់ក្នុងទឹកទន្លេជាច្រើនកន្លែង។
ទាក់ទងបញ្ហានេះមន្ត្រីសម្របសម្រួលសហគមន៍ នៃអង្គការសម្ពន្ធភាពដើម្បីអភិរក្សធនធានជលផល(Fact) ប្រចាំខេត្តកំពង់ឆ្នាំងលោក អ៊ុក សុផាត ថ្លែងថា អាជ្ញាធរ និងមន្ត្រីជំនាញជលផលគប្បីស៊ើបអង្កេតករណីពុករលួយ ឬបើកដៃឲ្យមានបទល្មើសនេសាទរបស់អាជ្ញាធរមានសមត្ថកិច្ច និងប្រធានសហគមន៍ក្នុងមូលដ្ឋាននេះ ដើម្បីកុំឲ្យមានមន្ទិលតទៅទៀត។ លោកបន្ថែមថា អំពើពុករលួយ ឬការបណ្ដែតបណ្ដោយឲ្យមានបទល្មើសនេសាទក្នុងមូលដ្ឋាន គឺជាផ្នែកមួយធ្វើឲ្យធនធានមច្ឆាជាតិហិនហោច ដែលបញ្ហានេះអង្គការរបស់លោកកំពុងព្រួយបារម្ភយ៉ាងខ្លាំង៖ «ចំពោះបញ្ហានេះជាយោបល់របស់ខ្ញុំគឺគួរតែឲ្យមានការស៊ើបអង្កេតឲ្យបានជាក់លាក់ឡើងវិញ អំពីថាឈ្មោះ ផាន់ ផល្លា ដែលជាសហគមន៍ថាយកលុយពីប្រជាពលរដ្ឋយើង ហើយនឹងកែសម្រួលបញ្ហាហ្នឹងបាទៗ»។
កាលពីដើមខែតុលា ឆ្នាំ២០១៤ មេឃុំកំពង់ព្រះគគីរ លោក គង់ គឹមហាក់ និងប្រធានសហគមន៍នេសាទលោក ផាន់ ផល្លា បានគាំទ្រសកម្មភាពផ្ដិតមេដៃរបស់ពលរដ្ឋភូមិកោះតាម៉ូវ និងភូមិព្រែកស្ពាន នៃឃុំកំពង់ព្រះគគីរជិត១០០ស្នាមមេដៃ ដាក់ជូនអភិបាលស្រុកបរិបូរណ៍ ដើម្បីសុំផ្លាស់នាយប៉ុស្តិ៍នគរបាលលោក ប៉ាង ពុំសែន ចេញពីឃុំដោយចោទថា លោកគាបសង្កត់ប្រជាពលរដ្ឋ និងរឹបអូសយកឧបករណ៍នេសាទ នៅពេលជំរិតទារប្រាក់ពីពលរដ្ឋមិនបានសម្រេច។ ក្រោយមកលោក ប៉ាង ពុំសែន ត្រូវគេដកមកឲ្យធ្វើការងារនៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងវិញ។
យោងតាមលិខិតសុំអន្តរាគមន៍ដែលវិទ្យុអាស៊ីសេរី ទទួលបានកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ មានពលរដ្ឋភូមិព្រែកស្ពាន និងភូមិកោះតាម៉ូវដដែលនេះ បាននាំគ្នាផ្ដិតមេដៃដាក់ជូនគណៈអភិបាលខេត្តកំពង់ឆ្នាំងវិញម្ដង ដើម្បីសុំឲ្យដកតួនាទីរបស់លោក ផាន់ ផល្លា ចេញពីប្រធានសហគមន៍នេសាទឃុំកំពង់ព្រះគគីរដោយចោទថា លោក ផាន់ ផល្លា បានជំរិតទារប្រាក់ពីប្រជានេសាទជាបន្តបន្ទាប់ចាប់ពី២លានរៀល ដល់២លាន៥សែនរៀល ចំពោះអ្នកដាក់របាំងលប១របាំង ហើយថែមទាំងឃុបឃិតបក្សពួក និងបណ្ដោយជនល្មើសឲ្យប្រព្រឹត្តបទល្មើសដាក់សម្រាស់ជាច្រើនកន្លែងនៅក្នុងដែនអភិរក្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
