ពលរដ្ឋ​និង​អាជ្ញាធរ​នៅ​ព្រៃវែង​ពិភាក្សា​រក​វិធី​ការពារ​ធនធាន​ជលផល

0:00 / 0:00

តំណាង​ប្រជាពលរដ្ឋ​ប្រមាណ ១០០​នាក់ មក​ពី​ពីរ​ឃុំ​នៅ​ក្នុង​ខេត្ត​ព្រៃវែង បាន​នាំ​គ្នា​បើក​កិច្ច​ពិភាក្សា​ជាមួយ​មន្ត្រី​ជលផល​ខេត្ត​ព្រៃវែង និង​ក្រុម​អាជ្ញាធរ​ក្នុង​មូលដ្ឋាន ពី​ការ​ការពារ​ធនធាន​ជលផល។

ការ​ជួប​ប្រជុំ​នេះ កើត​ឡើង​នៅ​ពេល​ដែល​ធនធាន​ជលផល​កំពុង​តែ​រង​ការ​បំផ្លាញ​ពី​ក្រុម​អ្នក​នេសាទ ប្រើ​ឧបករណ៍​នេសាទ​ត្រី​ខុស​ច្បាប់​នៅ​ក្នុង​សហគមន៍។

ឧបករណ៍​ខុស​ច្បាប់​សម្រាប់​ឆក់​ត្រី​ចំនួន​ជិត ១​ពាន់​គ្រឿង ត្រូវ​អាជ្ញាធរ​ក្នុង​ស្រុក​មេសាង ខេត្ត​ព្រៃវែង ចាប់​បាន​ពី​ជនល្មើស​យក​ទៅ​បំផ្លាញ​ចោល​នៅ​ក្នុង​រដូវ​នេសាទ​កន្លង​ទៅ​នេះ។ នេះ​ជា​ការ​បញ្ជាក់​របស់ លោក សេង សំអៀន នាយ​រង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ព្រៃវែង ដែល​ថ្លែង​ក្នុង​ពេល​ពិភាក្សា​ជាមួយ​ពលរដ្ឋ និង​អាជ្ញាធរ​ឃុំ​ស្វាយជ្រុំ ក្នុង​ស្រុក​មេសាង និង​ឃុំ​ពានរោង ក្នុង​ស្រុក​ស្វាយអន្ទរ។

លោក​បញ្ជាក់​ទៀត​ថា អាជ្ញាធរ​ជលផល និង​អាជ្ញាធរ​ដែនដី បាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ និង​អប់រំ​ណែនាំ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​នេសាទ ហើយ​កន្លេង​មក អាជ្ញាធរ​បាន​ចាប់​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ស្បៃ​មុង និង​ឧបករណ៍​កែច្នៃ​អាគុយ​សម្រាប់​ឆក់​ត្រី ជាដើម៖ «ខាង​ខ្ញុំ​តែង​តែ​មាន​វិធានការ​បង្ក្រាប​បទល្មើស​ជា​ប្រចាំ ប៉ុន្តែ​ដោយសារ​តែ​បឹង​នេះ​វា​ស្ថិត​នៅ​ឆ្ងាយ​ពី​ដែន​ទឹក ទី​នេះ​គេ​ហៅ​ថា ទឹក​អចិន្ត្រៃយ៍​ដែល​ជា​បឹង​មួយ​អចិន្ត្រៃយ៍ ប៉ុន្តែ​វា​នៅ​ឆ្ងាយ​ពី​ដែន​នេសាទ។ ក៏ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ខាង​ខ្ញុំ​នៅ​តែ​មាន​វិធានការ ជាពិសេស​មាន​មន្ត្រី​ម្នាក់​ដែល​ប្រចាំ​ការ​នៅ​ស្រុក​ហ្នឹង ហើយ​កន្លង​មក ក៏​ធ្លាប់​បាន​សហការ​គ្នា​ដែរ គឺ​បាន​ប្រមូល​អាគុយ​ឆក់​ត្រី។ បាទ! ហៅ​នៅ​ឆ្នាំ​នេះ គឺ​នឹង​នៅ​បន្ត​ធ្វើ​បន្ត​ទៅ​ទៀត នឹង​ធ្វើ​យ៉ាង​ណា​ឲ្យ​អស់​ការ​ឆក់​ត្រី​នៅ​ខេត្ត​ព្រៃវែង នេះ។ គឺ​ឲ្យ​ឃុំ​ហ្នឹង​ស្រង់​ឈ្មោះ (អ្នក​នេសាទ​ល្មើស​ច្បាប់) ឲ្យ​ខ្ញុំ​រួច​ហើយ ខ្ញុំ​ដាក់​ឈ្មោះ​ហ្នឹង​ទៅ​តុលាការ ដើម្បី​ឲ្យ​តុលាការ​មាន​វិធានការ»

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​តំបន់​ព្រែក​ឈើទាល​បឹង​ខ្ចី បាន​ឲ្យ​ដឹង​ថា កន្លង​មក​ជន​ឆ្លៀត​ឱកាស បាន​ប្រើប្រាស់​ឧបករណ៍​ខុស​ច្បាប់​លួច​ទៅ​ឆក់​ត្រី​នៅ​ពេល​យប់ ក្នុង​ពេលដែល​សមត្ថកិច្ច​ចូល​សម្រាក។ ពលរដ្ឋ​បាន​បន្ត​ថា សកម្មភាព​ទាំង​នេះ គឺ​បាន​ធ្វើ​ឲ្យ​ផល​ត្រី​ក្នុង​បឹង​ថយ​ចុះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

កញ្ញា ភី ផល្លា ជា​យុវជន​ស្ម័គ្រចិត្ត​របស់​សមាគម​យុវជន​ខ្មែរ ប្រចាំ​ស្រុក​មេសាង បាន​រៀបចំ​កម្មវិធី​ការពារ​ធនធាន​ជលផល ដោយ​បាន​លែង​កូន​ត្រី​ផង​នោះ បាន​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ គឺ​ពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​បឹង ស្ទើរ​តែ​មិន​អាច​រក​ត្រី​ដើម្បី​ចិញ្ចឹម​គ្រួសារ​បាន​ឡើយ៖ «ធ្លាប់​តែ​ពី​មុន​មក​នេះ គឺ​សម្បូរ​ត្រី​ណាស់ ធ្លាប់​តែ​អ្នក​ស្រុក​អ្នក​ភូមិ​អ៊ីចឹង គាត់​គ្រាន់​តែ​ដាក់​មង​តែ​បន្តិច បាន​ត្រី​ស្ល​ហូប ប៉ុន្តែ​ឥឡូវ​ហ្នឹង ទៅ​ដាក់​មង​អី​ហ្នឹង​រក​តែ​ត្រី​បង់​ឆ្នាំង​ស្ល​មិន​បាន​ផង។ ចា៎! ហើយ​ដោយ​ឃើញ​ថា ទឹក​ព្រែក​ហ្នឹង​វា​រង​ផល​ប៉ះពាល់ ដូចជា ការ​នេសាទ​ត្រី​របស់​ប្រជាពលរដ្ឋ​ហ្នឹង​វា​ខុស​នឹង​ច្បាប់​អ៊ីចឹង ប្រើ​ដែក​ឆក់ (អាគុយ) ដល់​ពេល​ជួប​ជាមួយ​ពួក​គាត់​អ៊ីចឹង គាត់​ថា បើ​គាត់​មិន​ឆក់​មិន​ដឹង​បាន​អី​ផ្គត់ផ្គង់​ជីវភាព​ក្រុម​គ្រួសារ​របស់​គាត់ អ៊ីចឹង​ជា​ផល​វិបាក​មួយ​ដែរ»

ទោះ​យ៉ាង​ណា មេ​ឃុំ​ស្វាយជ្រុំ លោក ឡាយ សារ៉េត បាន​បញ្ជាក់​ថា អាជ្ញាធរ​ឃុំ​របស់​លោក​បាន​ចាប់ និង​ដក​ហូត​ឧបករណ៍​ឆក់​ត្រី​ចំនួន ៥០០​គ្រឿង​យក​ទៅ​បំផ្លាញ​ចោល​ក្នុង​ឆ្នាំ​កន្លង​ទៅ ដើម្បី​ទប់ស្កាត់​បទល្មើស​នេសាទ​ដែល​បាន​កើត​ឡើង៖ «ពីព្រោះ​ថា មុខ​របរ​នេះ​បើ​មិន​ឈប់​ទេ! ជន​ដែល​ប្រព្រឹត្ត​បទល្មើស​ត្រូវ​តែ​ទទួល​ទោស​ទៅ​តាម​ផ្លូវ​ច្បាប់។ ជន​ខ្លះ​ក៏​គេ​មិន​ប្រព្រឹត្ត​ទៅ ខ្លះ​ទៅ​ក៏​នៅ​ប្រព្រឹត្ត​ទៅ។ អ៊ីចឹង​ដល់​យើង​បាន​ឃាត់​បាន​ហាម ចាប់​បាន​អ៊ីចឹង​ទៅ គ្រាន់​តែ​បាន​អប់រំ​គាត់​ហ្នឹង​ឲ្យ​គាត់​ឈប់​ទៅ។ អ៊ីចឹង​យើង​បាន​សុំ​របស់​របរ​ពី​គាត់​ហ្នឹង​យក​ទៅ​កម្ទេច​ចោល​នៅ​សាលា​ស្រុក​អ៊ីចឹង​ទៅ​ទាំងអស់​គ្នា ហើយ​អញ្ជើញ​ប្រជាពលរដ្ឋ​ហ្នឹង​ចូលរួម​ឲ្យ​ឃើញ​ការ​កម្ទេច​របស់​យើង កុំ​ឲ្យ​គាត់​ថា​ប្រមូល​របស់​គាត់​ហើយ យក​ទៅ​លក់​ទៅ​ដូរ​ជួញ​អី​ហ្នឹង»

ព្រែក​ឈើទាល​បឹង​ខ្ញី នេះ គឺ​ពលរដ្ឋ និង​អាជ្ញាធរ​បាន​រក្សា​អភិរក្ស​ជា​បឹង​ធម្មជាតិ​សហគមន៍ និង​ជា​ជម្រក​ត្រី សម្រាប់​បម្រើ​ផល​ប្រយោជន៍​រួម​របស់​ពលរដ្ឋ​ទាំង​ពីរ​ឃុំ​ដែល​នៅ​ជុំវិញ​នោះ។

លោក សេង សំអៀន នាយ​រង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ព្រៃវែង បាន​ឲ្យ​ដឹង​ថា នៅ​ទូទាំង​ខេត្ត​ព្រៃវែង មាន​បឹង ស្រះ ឬ​ទំនប់​ចំនួន ៧១​កន្លែង សម្រាប់​សហគមន៍​អភិរក្ស និង​កន្លែង​ជម្រក​ពូជ​ត្រី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។