ក្រសួងការបរទេសកម្ពុជាប្រកាសជ្រើសរើសពលរដ្ឋខ្មែរ ដើម្បីចូលរួមប្រកួតប្រជែងយករង្វាន់ប្រជាជនអាស៊ាន ដែលមានទឹកប្រាក់១ម៉ឺនដុល្លារ នៅប្រទេសម៉ាឡេស៊ី នៅខែវិច្ឆិកា ឆ្នាំ២០១៥។
លិខិតរបស់ក្រសួងការបរទេសចុះថ្ងៃទី១២ សីហា បញ្ជាក់ថា ការប្រកួតប្រជែងនេះនឹងត្រូវផ្សព្វផ្សាយឲ្យទូលំទូលាយដោយក្រសួងការបរទេស ក្រសួងពាណិជ្ជកម្ម និងក្រសួងអប់រំ នឹងជ្រើសរើសបេក្ខជនចំនួន៦នាក់ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីប្រកួតប្រជែងឈ្នះរង្វាន់នេះ។
លក្ខណៈសម្បត្តិដែលបេក្ខជនត្រូវមានគឺ ជាអ្នកដែលសម្រេចបាននូវការងារសង្គមមួយចំនួនទាក់ទងនឹងការងារនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គមវប្បធម៌អាស៊ាន ហើយត្រូវសរសេរអត្ថបទសង្ខេបពី៣ ទៅ៥ទំព័រ រៀបរាប់ពីប្រវត្តិរូបផ្ទាល់ខ្លួន ស្នាដៃ ឬវិភាគទានរបស់ខ្លួនដែលសម្រេចបានក្នុងការកសាងសហគមន៍អាស៊ាននោះ ព្រមទាំងកម្មវិធីសហគមន៍របស់ខ្លួននាពេលអនាគត ចុងក្រោយជ័យលាភីត្រូវយល់ព្រមបង្ហាញពីការងារ និងសមិទ្ធផលរបស់ខ្លួន អំឡុងពិធីប្រកាសទទួលរង្វាន់។
បេក្ខជនត្រូវបញ្ជូនអត្ថបទសង្ខេបរបស់ខ្លួន ឲ្យបានមុនបំណាច់ខែសីហា ឆ្នាំ២០១៥ ដើម្បីវាយតម្លៃជ្រើសរើសជ័យលាភី១រូប ក្នុងចំណោមបេក្ខជន៦រូប ទទួលរង្វាន់ក្នុងកម្មវិធីនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។