ពលរដ្ឋ​នៅ​ចាក់អង្រែលើ​ស្នើ​សាលា​ក្រុង​ស្ថាបនា​ផ្លូវ​លំ​ក្នុង​ភូមិ​ដែល​លិច​ទឹក

ប្រជាពលរដ្ឋ​មាន​វ័យ​ចាស់ និង​កុមារ​តូចៗ ដែល​មាន​លំនៅឋាន​នៅ​ភូមិ​ព្រែកតាគង់១ សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ ជិត ១០០​នាក់ បាន​ជួប​ជុំ​គ្នា​លើក​បដា​តវ៉ា​នៅ​ពី​មុខ​សាលា​រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃ​ពុធ ទី​១៦ ខែ​កក្កដា ដើម្បី​ស្នើសុំ​ឲ្យ​មន្ត្រី​សាលា​រាជធានី ជួយ​ស្ថាបនា​ផ្លូវ​លិច​ទឹក​ក្នុង​មូលដ្ឋាន​មាន​ប្រវែង​ជាង ៨០០​ម៉ែត្រ។

លោក យ៉ុន យ៉ុម តំណាង​ពលរដ្ឋ​ជាង ៣៥០​គ្រួសារ រស់នៅ​ភូមិ​ព្រែកតាគង់១ ឲ្យ​ដឹង​ថា គោល​បំណង​នៃ​ការ​ប្រមូល​ផ្តុំ​គ្នា​នៅ​ពី​មុខ​សាលា​ក្រុង គឺ​ដើម្បី​ស្នើ​ឲ្យ​អាជ្ញាធរ​ក្រុង​ពិចារណា ស្ថាបនា​ផ្លូវ​លំ​ក្នុង​ភូមិ ដែល​លិច​ទឹក​តាំង​ពី​ដើម​ឆ្នាំ​២០១៣ មក។ ប៉ុន្តែ​លោក​ថា ការ​ប្រមូល​ផ្តុំ​គ្នា​នេះ មន្ត្រី​សាលា​រាជធានី​មិន​បាន​ចេញ​មក​ជួប​ពលរដ្ឋ​ទេ។

លោក យ៉ុន យ៉ុម៖ «ព្រឹក​មិញ​មិន​មាន​ដំណោះស្រាយ​អ្វី​ពី​សាលា​ក្រុង​ទេ​បាទ ព្រោះ​អី​ខាង​ក្រុម​សន្តិសុខ​ប្រាប់​យើង​ថា ឲ្យ​រង់ចាំៗ គេ​ជាប់​ប្រជុំៗ​អ៊ីចឹង។ ហើយ​ដល់​គេ​ប្រជុំ​ចប់​នៅ​ម៉ោង​ជា ១១​ព្រឹក​ទៅ​ហើយ ក៏​មាន​ក្រុម​មន្ត្រី​ណា​ចេញ​ទៅ​ផ្ទះ​ជា​បណ្ដើរៗ ហើយ​ពួក​យើង​បាន​ធ្វើ​សកម្មភាព​ស្រែក​ទាមទារ​ស្នើសុំ​ពី​ខាង​សាលា​ក្រុង​ដែរ ក៏​មិន​មាន​មន្ត្រី​រូប​ណា​ចេញ​មក​ជួប ឬ​ក៏​ថា​យ៉ាង​ណាៗ​នោះ គឺ​អត់​មាន​ទេ»

ទោះ​ជា​បែប​ណា តំណាង​ប្រជាពលរដ្ឋ លោក យ៉ុន យ៉ុម ឲ្យ​ដឹង​ថា ពលរដ្ឋ​សហគមន៍​ភូមិ​ព្រែកតាគង់១ មាន​គម្រោង​ហែ​យក​រូបថត​ផ្លូវ​លិច​ទឹក ធ្វើ​ជា​ប្រអប់​កាដូ​មួយ​ឈុត យក​ទៅ​ផ្តល់​ជូន​ដល់​ផ្ទះ លោក ប៉ា សុជាតិវង្ស នៅ​ថ្ងៃ​អាទិត្យ ទី​២០ ខែ​កក្កដា ខាង​មុខ​នេះ។ ពលរដ្ឋ​ឲ្យ​ដឹង​ថា ដើម​ហេតុ​នាំ​ឲ្យ​ផ្លូវ​លំ​១​ខ្សែ​ក្នុង​ភូមិ​ព្រែកតាគង់១ លិច​ទឹក​ធ្ងន់ធ្ងរ គឺ​បណ្ដាល​មក​ពី​ក្រុមហ៊ុន​បុរី ប៉េង ហ៊ួត បូម​ខ្សាច់ ដើម្បី​អភិវឌ្ឍ​សំណង់​ផ្ទះ​ល្បែង​នៅ​តំបន់​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។