ពលរដ្ឋ​រិះគន់​អភិបាល​ខេត្ត​ព្រះសីហនុ​រឿង​យក​ទីតាំង​សួនច្បារ​មហោស្រព​ធ្វើ​ចំណត​ឡាន

0:00 / 0:00

ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ រិះគន់​អាជ្ញាធរ​ខេត្ត​នេះ​ថា​បាន​ប្រគល់​ទីតាំង​សួនច្បារ​មហោស្រព​សម្រាប់​លំហែ​កាយ ស្ថិត​នៅ​ចំ​កណ្ដាល​ទីក្រុង​ទេសចរណ៍​មួយ​នេះ ឲ្យ​ទៅ​ឈ្មួញ​ឯកជន​ធ្វើ​ចំណត​រថយន្ត​ដឹក​អ្នក​ដំណើរ ឬ​រថយន្ត​ដឹក​ទំនិញ​បម្រើ​ប្រយោជន៍​បុគ្គល ហើយ​នាំ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ និង​អារម្មណ៍​ភ្ញៀវ​ទេសចរ។

ឆ្លើយ​តប​ការ​រិះគន់​នេះ អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​បញ្ជាក់​ថា ទីតាំង​ចត​រថយន្ត​នេះ គឺ​ជា​ចំណត​បណ្ដោះអាសន្ន​ទេ ហើយ​រដ្ឋបាល​ខេត្ត​នេះ​កំពុង​ស្វែងរក​ទីតាំង​ផ្សេង​មក​ជំនួស។

ការ​រិះគន់​របស់​ក្រុម​អាជីវករ ឬ​ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ខេត្ត​ព្រះសីហនុ ធ្វើ​ឡើង​នៅ​គ្រា​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​អនុញ្ញាត​ឲ្យ​ឈ្មួញ ឬ​អ្នក​ដេញ​ថ្លៃ​ចំណត​រថយន្ត​ដឹក​អ្នក​ដំណើរ​នា​មូលដ្ឋាន​នេះ អាច​យក​ទីតាំង​មហោស្រព​នៅ​ចំ​កណ្ដាល​ក្រុង​ទេសចរណ៍​នៃ​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ សម្រាប់​ធ្វើ​ចំណត​រថយន្ត​ដឹក​អ្នក​ដំណើរ ឬ​រថយន្ត​ដឹក​ទំនិញ។

ជាង​នេះ​ទៀត ប្រជាពលរដ្ឋ​ដែល​ធ្លាប់​យក​ទីតាំង​មហោស្រព​សម្រាប់​ជួប​ជុំ​ហាត់​ប្រាណ ឬ​ដើរ​លំហែ​កាយ​នៅ​ពេល​ល្ងាច​ជាដើម ត្រូវ​គេ​ជីក​កកាយ​ធ្វើ​បង្គន់​អនាម័យ​នៅ​លើ​សួន​សាធារណៈ និង​ចត​រថយន្ត​ណែនណាន់​តាន់តាប់ នាំ​ឲ្យ​ប៉ះពាល់​ដល់​សោភណភាព​ក្រុង និង​កក​ស្ទះ​រាល់​ថ្ងៃ។

ត្រង់​ចំណុច​នេះ ប្រជាពលរដ្ឋ​មួយ​ក្រុម​មាន​គ្នា​ប្រមាណ ២០​នាក់ បាន​សំណូមពរ​ដល់ លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ និង​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​នេះ ត្រូវ​រក​ទីតាំង​ផ្សេង​សម្រាប់​ធ្វើ​ចំណត​រថយន្ត​ដឹក​អ្នក​ដំណើរ ឬ​ដឹក​ទំនិញ ជំនួស​ទីតាំង​សួនច្បារ​មហោស្រព​ចាស់៖ « សំណូមពរ​កុំ​ឲ្យ​អាជ្ញាធរ​យក​ទីតាំង​សួនច្បារ​មហោស្រព​សម្រាប់​ចំណត​រថយន្ត និង​ជីក​កកាយ​សួនច្បារ​ធ្វើ​បង្គន់ នាំ​ឲ្យ​បាត់បង់​សោភណភាព និង​មាន​ក្លិន​ស្អុយ ប៉ះពាល់​ដល់​កិត្តិយស​ក្រុង​ទេសចរណ៍ និង​ប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវ​ទេសចរ ជាដើម »

ទន្ទឹម​គ្នា​នេះ ក៏​មាន​ប្រជាពលរដ្ឋ ឬ​អ្នក​ប្រកប​របរ​អាជីវករ​ខ្លះ បាន​គាំទ្រ​ឲ្យ​មាន​ចំណត​រថយន្ត​ដឹក​អ្នក​ដំណើរ​នៅ​ចំ​កណ្ដាល​ក្រុង​ព្រះសីហនុ ឬ​ត្រង់​ចំណុច​មហោស្រព​នេះ​ដែរ ព្រោះ​ងាយ​ឲ្យ​ពួក​គេ​យក​ប្រាក់​ចំណូល​ប្រចាំ​គ្រួសារ​ពី​សេវា​ដឹក​ជញ្ជូន និង​លក់​ម្ហូប​អាហារ ជាដើម។

ប្រធាន​សមាគម​ម៉ូតូ​ឌុប និង​ម៉ូតូ​រ៉ឺម៉ក​ប្រចាំ​ខេត្ត​ព្រះសីហនុ លោក ឆេង ពៅ ស្ថិត​ក្នុង​ចំណោម​ពលរដ្ឋ​ផ្សេង​ទៀត បាន​សាទរ​ការ​យក​ទីតាំង​មហោស្រព​សម្រាប់​ចំណត​រថយន្ត​ដឹក​អ្នក​ដំណើរ ព្រោះ​នាំ​ឲ្យ​ពួក​គាត់​ងាយ​ដឹក​ភ្ញៀវ បង្កើន​ចំណូល​ចិញ្ចឹម​គ្រួសារ និង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​អ្នក​ធ្វើ​ដំណើរ៖ « ងាយ​ស្រួល​ដល់​សេវា​ដឹក​ជញ្ជូន​របស់​អ្នក​ប្រកប​របរ​រត់​ម៉ូតូ និង​រ៉ឺម៉ក​កង់​បី ក្នុង​ការ​រក​ចំណូល​ចិញ្ចឹម​គ្រួសារ។ ហើយ​ម្យ៉ាង ភ្ញៀវ​ទេសចរ​ក៏​បាន​ចំណាយ​អស់​ថវិកា​តិច​ទៅ​លើ​សេវា​ដឹក​ជញ្ជូន ក្រោយ​ពី​ចុះ​ពី​រថយន្ត​ក្រុង ឬ​រថយន្ត​ដឹក​អ្នក​ដំណើរ ដើម្បី​បន្ត​ដំណើរ​ទៅ​កាន់​ទីតាំង​ផ្សេងៗ »

ស្នងការ​រង​នគរបាល​ខេត្ត​ព្រះសីហនុ លោក​វរសេនីយ៍ឯក អ៊ី សុខា និង​ជា​ប្រធាន​ការិយាល័យ​កណ្ដាល​នគរបាល​សណ្ដាប់ធ្នាប់​សាធារណៈ ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី ថា អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ កំពុង​ពិភាក្សា​រក​ទីតាំង​ចំណត​រថយន្ត​ដឹក​អ្នក​ដំណើរ ឬ​រថយន្ត​ដឹក​ទំនិញ ជាដើម នៅ​ទីតាំង​ផ្សេង ដើម្បី​បញ្ចៀស​រាល់​បាតុភាព​នានា៖ « ខ្ញុំ​កំពុង​រក​វិធី​ជូន​យោបល់​ទៅ​លោក​អភិបាល​ខេត្ត និង​លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ អំពី​តាំង​ចំណត​រថយន្ត​ដឹក​អ្នក​ដំណើរ និង​រថយន្ត​ដឹក​ទំនិញ ថា​តើ​គួរ​ទុក​យក​ទីតាំង​សួនច្បារ​មហោស្រព​សម្រាប់​ធ្វើ​ចំណត ឬ​ត្រូវ​រក​ទីតាំង​ផ្សេង​មក​ជំនួស​ទីតាំង​នេះ »

ឆ្លើយ​តប​កង្វល់​ពលរដ្ឋ អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន មាន​ប្រសាសន៍​ខ្លី​ថា ទីតាំង​មហោស្រព​នោះ គឺ​ជា​ទីតាំង​បេន​ឡាន ឬ​ចំណត​រថយន្ត​តាំង​ពី​អតីតកាល ប៉ុន្តែ​យ៉ាង​ណា​ក៏ដោយ​ចុះ ចំណត​រថយន្ត​ដឹក​អ្នក​ដំណើរ​ដែល​រដ្ឋបាល​ខេត្ត​អនុញ្ញាត​នៅ​ទីធ្លា​មហោស្រព​នេះ ជា​ចំណត​បណ្ដោះអាសន្ន​ទេ។ លោក យន្ត មីន អះអាង​ថា រដ្ឋបាល​ខេត្ត​ព្រះសីហនុ កំពុង​រក​ទីតាំង​ផ្សេង​មក​ជំនួស​ទីតាំង​ចំណត​រថយន្ត​នៅ​មហោស្រព​នេះ​ហើយ ហើយ​ស្នើ​ឲ្យ​ពលរដ្ឋ​ស្ងប់​អារម្មណ៍៖ « កន្លែង​មហោស្រព​នេះ កន្លង​មក​ក៏​ជា​ទីតាំង​បេន​ឡាន ឬ​ចំណត​រថយន្ត​ដឹក​អ្នក​ដំណើរ​ចាស់​ដែរ ក៏ប៉ុន្តែ​ត្រូវ​គេ​អភិវឌ្ឍ​ធ្វើ​ជា​ផ្ទះ​ល្វែង​អស់​ទៅ។ ឥឡូវ​នេះ ខ្ញុំ​ស្នើសុំ​យក​ទីតាំង​មហោស្រព​នេះ​សម្រាប់​ធ្វើ​ចំណត​រថយន្ត​ដឹក​អ្នក​ដំណើរ ឬ​រថយន្ត​ដឹក​ទំនិញ​ជា​បណ្ដោះអាសន្ន ទម្រាំ​អាជ្ញាធរ​រក​ទីតាំង​ថ្មី​មក​ជំនួស​ទីតាំង​នេះ​បាន »

មន្ត្រី​រាជការ​ចូល​និវត្តន៍ និយាយ​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ទីតាំង​មហោស្រព​ដែល​មាន​ទីតាំង​នៅ​ចំ​កណ្ដាល​ទីក្រុង​ព្រះសីហនុ កាល​ពី​ក្នុង​អាណត្តិ លោក ស្បោង សារ៉ាត ដឹក​នាំ​ជា​អភិបាល​ខេត្ត គឺ​ត្រូវ​អតីត​អភិបាល​ខេត្ត​រូប​នេះ​ពុះ​ច្រៀក​លក់​ឲ្យ​ឯកជន​មួយ​ចំហៀង ហើយ​រហូត​មក​ដល់​ពេល​នេះ ត្រូវ​គេ​សង់​ផ្ទះ​ល្វែង​រាប់​រយ​ល្វែង​នៅ​លើ​ទីតាំង​នោះ ដែល​នាំ​ឲ្យ​ទីធ្លា​មហោស្រព​នេះ​មាន​ផ្ទៃ​តូច​ចង្អៀត ឬ​គ្មាន​ទីតាំង​សម្រាប់​ចំណត​រថយន្ត ជាដើម។

មនុស្ស​វ័យ​ចាស់​ចូល​និវត្តន៍​ដែល​ស្នើ​មិន​បង្ហាញ​ឈ្មោះ​រូប​នេះ ក៏​ស្នើ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គួរ​ល្មម​ដល់​ពេល​បញ្ចេញ​កណ្ដាប់​ដៃ​ដែក ជួយ​ទប់ស្កាត់​សកម្មភាព​របស់​ថ្នាក់​ដឹក​នាំ​នៅ​តាម​ស្ថាប័ន​មួយ​ចំនួន​នៃ​រាជ​រដ្ឋាភិបាល ឲ្យ​បញ្ឈប់​ទង្វើ​អាក្រក់ ឃុបឃិត​លក់​ទ្រព្យ​សម្បត្តិ​រដ្ឋ ឬ​ទ្រព្យ​សម្បត្តិ​ជាតិ​ជា​បន្ត​ទៀត ព្រោះ​អាច​ជះ​ឥទ្ធិពល​ស្អុយ​អសោច​ដល់​ថ្នាក់​ដឹក​នាំ​ដទៃ​ទៀត ដែល​ពួក​គេ​មាន​ឆន្ទៈ និង​ខំ​បំពេញ​ការងារ​បម្រើ​ប្រទេស​ជាតិ​មាន​ភាព​ស្អាតស្អំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។