ក្រុមប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ១ រិះគន់សមត្ថកិច្ចនគរបាលថា ប្រព្រឹត្តអំពើពុករលួយ ហើយថាបញ្ហានេះជាមូលហេតុចម្បង ដែលនាំឲ្យចរាចរណ៍កកស្ទះនៅកំពង់ចម្លងអ្នកលឿន នៅថ្ងៃទី៥ ខែតុលា ជាថ្ងៃបញ្ចប់បុណ្យភ្ជុំបិណ្ឌ។ អ្នកដំណើរត្រូវបង់លុយឲ្យសមត្ថកិច្ច ដើម្បីបានបើកឡានឆ្លងចូលរបាំងចំនួនបីជាន់ ដែលគេរៀបរួចជាស្រេច ដើម្បីកាក់ទារលុយ។
ប្រជាពលរដ្ឋដែលទើបត្រឡប់ពីស្រុកកំណើតនៅខេត្តព្រៃវែង ឈ្មោះ សំភាស់ ឲ្យដឹងថា រថយន្តរបស់គាត់ត្រូវជាប់គាំងនៅកំពង់ចម្លងអ្នកលឿងត្រើយខាងកើត អស់រយៈពេលជាង ៤ម៉ោង។ លោកស្រីបន្តថា នគរបាលបានប្រាប់គាត់ថា បើសិនជាគាត់មិនឲ្យប្រាក់ទេ ពួកគាត់នឹងមិនបានឆ្លងសាឡាងឡើយ បន្ទាប់ពីរង់ចាំអស់រយៈពេលយូរពេក រូបគាត់ក៏សម្រេចចិត្តសូកលុយប៉ូលិសតែម្តងទៅ។
ប្រជាពលរដ្ឋម្នាក់ទៀតប្រាប់ថា រូបគាត់ត្រូវបាននគរបាលបញ្ឆោតឲ្យសូកលុយចំនួន ២ម៉ឺនរៀល ដើម្បីចូលសាឡាងបានមុនគេតាមផ្លូវបញ្ច្រាសទិស។ ប៉ុន្តែ ពេលដែលគាត់បើកឡានចូលសាឡាង បែរជាជល់គ្នានឹងរថយន្តដែលបើកចេញពីសាឡាង បណ្ដាលឲ្យចរាចរណ៍កកស្ទះអស់រយៈពេលជាង ៣ម៉ោង នៅព្រឹកថ្ងៃទី៥ ខែតុលា។ ពលរដ្ឋម្នាក់នេះបញ្ជាក់ថា ប៉ូលិសនៅម្តុំអ្នកលឿង មិនមែនជាអ្នកសម្រួលចរាចរណ៍ឡើយ តែបង្កឲ្យមានការកកស្ទះដើម្បីទារលុយទៅវិញទេ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងម្ចាស់សាឡាងអ្នកលឿង និងសមត្ថកិច្ចប្រចាំនៅទីនោះបានទេ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៣។
ទាក់ទងនឹងបញ្ហានេះ ប្រធានបណ្ដាញរួបរួមគណនេយ្យភាពសង្គមអាស៊ីបូព៌ា និងអាស៊ីប៉ាស៊ីហ្វិក លោក សន ជ័យ មានប្រសាសន៍ថា រឿងរ៉ាវភាពមិនប្រក្រតីរបស់សមត្ថកិច្ចនៅម្តុំអ្នកលឿងនេះ កើតមានជារៀងរាល់រដូវបុណ្យទាន។ លោកបន្តថា សមត្ថកិច្ចថ្នាក់លើបានបណ្តោយឲ្យពលរដ្ឋរអ៊ូរទាំដដែលៗ និងមិនមានដំណោះស្រាយសោះឡើយ។ លោកបញ្ជាក់ថា ពលរដ្ឋត្រូវហ៊ានរាយការណ៍ហ៊ានរិះគន់ និងដាក់ពាក្យបណ្ដឹងចំពោះទង្វើទាំងនេះ ដើម្បីចូលរួមកែលំអសង្គម និងកុំឲ្យជនឱកាសនិយមឆ្លៀតប្រព្រឹត្តអំពើពុករលួយតទៅទៀត។
កាលពីរដូវចូលឆ្នាំថ្មី អ្នកដំណើរមួយចំនួនដែលមិនសុខចិត្តចំណាយលុយសូកប៉ាន់សមត្ថកិច្ច ក៏ត្រូវរង់ចាំសាឡាងអស់មួយថ្ងៃវាល់ល្ងាច និងអ្នកខ្លះក៏សម្រេចចិត្តដេកផ្លូវតែម្តង។
កុមារតូចៗដែលជិះឡានជាមួយម្តាយឪពុក ខ្លះស្រែកយំទ្រហឹងអឺងកង។ កូនអ្នកខ្លះ ក៏ធ្លាក់ខ្លួនឈឺថែមទៀត។ រឿងរ៉ាវទារលុយពីរថយន្តដឹកអ្នកដំណើរនៅសាឡាងអ្នកលឿងនេះ កើតមានស្ទើរតែរៀងរាល់ឆ្នាំ ដូចជាឡានឡើងថ្លៃជាដើម ដែលបង្កឲ្យមានការរិះគន់ពីសំណាក់អ្នកដំណើរជាច្រើនដងច្រើនសា តែមិនមានដំណោះស្រាយឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
