យោងតាមរបាយការណ៍ក្រសួងផែនការ មូលដ្ឋានបង្អែកសម្រាប់ធ្វើការអភិវឌ្ឍប្រកបដោយចីរភាព គឺហេដ្ឋារចនាសម្ព័ន្ធរូបវន្ត មានដូចជា ផ្លូវថ្នល់ និងស្ពានជាដើម។ កន្លងមក ប្រជាជនមួយចំនួនបានរិះគន់ និងត្អូញត្អែរពីការសាងសង់ និងគុណភាពផ្លូវ។ ទន្ទឹមនឹងនេះ ពួកគេក៏ចង់បានផ្លូវថ្នល់ដែលមានលក្ខណៈល្អប្រសើរ ដើម្បីបម្រើដល់សកម្មភាពប្រចាំថ្ងៃរបស់ពួកគេ។
តើប្រជាពលរដ្ឋរំពឹង និងមានសំណូមពរដូចម្តេចចំពោះការសាងសង់ផ្លូវថ្នល់?
ជារៀងរាល់ឆ្នាំ កម្ពុជា បានទទួលជំនួយជាច្រើនលានដុល្លារពីសហគមន៍អន្តរជាតិ។ ជំនួយទាំងនេះ ត្រូវបានប្រើប្រាស់ទៅលើការអភិវឌ្ឍវិស័យផ្សេងៗ ហើយក្នុងនោះ មានមួយចំណែកត្រូវបានផ្ដោតសំខាន់លើការស្ថាបនា និងជួសជុលផ្លូវថ្នល់។
កាលពីថ្ងៃទី១០ ខែកក្កដា កន្លងទៅនេះ រដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្ដីពីការសន្យាផ្តល់ឥណទានសម្រាប់ឆ្នាំ២០១៣-២០១៦ ដែលមានទឹកប្រាក់ចំនួន ២០០លានដុល្លារអាមេរិក។ ទឹកប្រាក់នោះ នឹងត្រូវបានប្រើប្រាស់សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ទំនប់ពហុបំណងស្ទឹងដូនទ្រី និងគម្រោងធ្វើឱ្យប្រសើរឡើងនូវបណ្ដាផ្លូវជាតិ និងផ្លូវជនបទមួយចំនួន។
អ្នកស្រី គង់ ភាវីន គ្រូបង្រៀននៅវិទ្យាល័យរលួស ហើយដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខ២ បានឱ្យដឹងថា អ្នកស្រីមានអារម្មណ៍ត្រេកអរនៅពេលដែលដឹងថា ផ្លូវជាតិលេខ២ ស្ថិតក្នុងគម្រោងកែលំអឡើងវិញ។ អ្នកស្រីបន្តថា អ្វីដែលអ្នកស្រី និងអ្នកភូមិដទៃទៀតចង់បាននោះ គឺផ្លូវថ្នល់ដែលស្អាត រឹងមាំបានយូរ ដែលបង្កភាពងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាជន។
អ្នកស្រី គង់ ភាវីន៖ «រំពឹងថានឹងបានងាយស្រួលក្នុងការធ្វើដំណើរអីហ្នឹងណា! កន្លងមកអីចឹង ពេលដែលមានភ្លៀងមានអីចឹង វាមានទឹកដក់ទឹកអីតាមផ្លូវ ចៀសគ្នាមានបញ្ហាគ្រោះថ្នាក់អីចឹងណា។ ដល់ពេលបានផ្លូវល្អអីចឹង ដូចថារំពឹងទុកថា ការធ្វើដំណើររបស់យើងហ្នឹង វាស្រួលអីចឹងទៅណា»។
ចំណែកបុរសម្នាក់ទៀតឈ្មោះ តូណា ដែលផ្លូវនៅខាងមុខផ្ទះរបស់គាត់កំពុងត្រូវបានជួសជុលឡើងវិញ បានឱ្យដឹងដែរថា លោករំពឹងនឹងបានផ្លូវល្អស្អាត តាមរយៈគម្រោងផ្សេងៗរបស់រដ្ឋាភិបាល ក្រោមជំនួយឧបត្ថម្ភពីសហគមន៍អន្តរជាតិ។ លោកបានសំណូមពរដល់រដ្ឋាភិបាលដែលជាប់ឆ្នោតនៅអាណត្តិក្រោយៗទៀត ឱ្យបន្តការស្ថាបនា និងជួសជុលផ្លូវទាំងឡាយ ប៉ុន្តែលោកក៏សូមឱ្យមានការប្រើប្រាស់ថវិកាជំនួយឱ្យសមស្រប និងចំទិសដៅផងដែរ។
លោក តូណា៖ «សប្បាយចិត្ត! ធ្វើយ៉ាងម៉េចក៏ដោយឱ្យតែជាប់បានយូរ កុំឱ្យតែធ្វើអាមុខ ខូចអាក្រោយ ធ្វើអាក្រោយ ខូចអាមុខ! ជ្រុលតែធ្វើឲ្យហុយ ហុយម្តងឱ្យចប់ហ្មងទៅ កុំឱ្យ ៤-៥ឆ្នាំហុយៗអីចឹងណា! ខ្ញុំចង់សំណូមពរធ្វើម៉េចកុំឱ្យធ្វើជាប់ ធ្វើផ្លូវធ្វើម៉េចកុំចាក់ស្តើងស៊ីក្រាស់ ចាក់ក្រាស់ស៊ីស្តើង! អាហ្នឹង ខ្ញុំស្តាប់ព័ត៌មាន ខ្ញុំឮគេនិយាយអីចឹងដែរហ្នឹងបាទ»។
អនុរដ្ឋលេខាធិការទទួលបន្ទុកកិច្ចការសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន លោក យិត បូណា បានឱ្យដឹងថា ក្រសួងកំពុងតែរៀបចំផែនការជាជំហាន ដើម្បីដោះស្រាយបញ្ហាស្ថាបនាផ្លូវថ្នល់។ ទាក់ទិននឹងការខូចខាតវិញ លោក យិត បូណា បានលើកឡើងថា វាមានលក្ខណៈបច្ចេកទេសដែលពិបាកនឹងធ្វើការបកស្រាយ ប៉ុន្តែបញ្ហាចោទដែលអាចមើលឃើញជាសាមញ្ញ មានដូចជា ធាតុអាកាស ទម្ងន់ផ្ទុករបស់យានយន្ត ការលុបប្រព័ន្ធលូជាដើម។
ទាក់ទងនឹងថវិកា និងការចំណាយផ្សេងៗ លោកសុំមិនធ្វើអត្ថាធិប្បាយឡើយ ដោយលោកបញ្ជាក់ថា ជាការគ្រប់គ្រងរបស់អង្គភាពមួយផ្សេងទៀត។ ប៉ុន្តែ លោកបានឱ្យដឹងថា ការចំណាយលើការអភិវឌ្ឍផ្លូវថ្នល់មានចំនួនច្រើន ដែលមិនសូវមានការវិនិយោគ ហើយជាទូទៅ ក្រសួងចាត់ចែងទៅតាមថវិកាដែលមាន។ លោកបានបញ្ជាក់បន្ថែមថា ការចំណាយលើការសាងសង់ជារឿងមួយ ហើយក្រោយពីនោះ គឺនឹងត្រូវចំណាយលើការថែទាំ និងជួសជុល ហើយលោកក៏បានអំពាវនាវឱ្យអ្នកប្រើប្រាស់ផ្លូវ ចូលរួមថែរក្សាទាំងអស់គ្នា។
លោក យិត បូណា៖ «សំខាន់បំផុត អ្នកប្រើប្រាស់ ហើយអ្នកដែលប្រជាជនដែលនៅជុំវិញផ្លូវថ្នល់ហ្នឹង ជួយគ្នាទាំងអស់ ព្រោះអាហ្នឹងវាជាផលប្រយោជន៍របស់សង្គមជាតិយើងទាំងមូល មិនមែនរបស់រដ្ឋាភិបាលសុទ្ធតែម្នាក់ឯងនោះទេ។ រដ្ឋាភិបាលមានកាតព្វកិច្ចបម្រើប្រជាជន ហើយបើប្រជាជនយើងអ្នកប្រើប្រាស់មិនបានយកចិត្តទុកដាក់ និងជួយថែទាំ ក៏ពិបាកដែរ»។
ទាក់ទិននឹងបញ្ហានេះដែរ អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម លោក កែម ឡី បានឱ្យដឹងថា ការស្ថាបនាផ្លូវថ្នល់នៅកម្ពុជា មិនមានតម្លាភាពទាំងថវិកា ទាំងការដេញថ្លៃ និងទាំងការចូលរួមវាយតម្លៃគុណភាព។ លោកបានលើកឡើងថា បើទោះជាកម្ពុជា ទទួលបានជំនួយពីប្រទេសចិន ឬកូរ៉េ ប៉ុន្តែហាក់ដូចជាមិនមានគណៈកម្មការឱ្យច្បាស់លាស់ ដើម្បីឱ្យក្រុមហ៊ុនល្អៗអាចដេញថ្លៃបានឡើយ។
លោក កែម ឡី៖ «បាទ! យើងមិនឃើញអ្វីដែលមានតម្លាភាពសោះ ពីព្រោះអី ទីមួយ យើងយកជំនួយចិន យកជំនួយពីកូរ៉េ យកជំនួយអីថ្មីៗហ្នឹង គឺហាក់បីដូចជាមិនមានដេញថ្លៃឱ្យបានច្បាស់លាស់ មើលឃើញហើយមិនមានគណៈកម្មការឱ្យបានច្បាស់លាស់ ដើម្បីឱ្យក្រុមហ៊ុនល្អៗចូលដេញថ្លៃបាន»។
ដើម្បីអនុវត្តថវិកាឱ្យមានប្រសិទ្ធភាពចំពោះការអភិវឌ្ឍផ្លូវថ្នល់ លោក កែម ឡី បានមានប្រសាសន៍បន្ថែមថា វាជាការចាំបាច់ដើម្បីបង្កើតផែនការរយៈពេលវែង ដែលផែនការទាំងអស់នោះ គឺផ្អែកទៅលើក្រសួងផែនការ មិនមែនផ្អែកទៅលើការចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំនោះឡើយ។ លើសពីនេះទៅទៀត ក្រសួងពាក់ព័ន្ធ ត្រូវកំណត់អាទិភាពចំពោះថវិកាដែលនឹងត្រូវចំណាយទៅលើការស្ថាបនា។
លោក កែម ឡី៖ «យើងគួរតែមានរៀបចំផែនការរយៈពេលវែង ២០ឆ្នាំ ៣០ឆ្នាំ ហើយយើងបានលុយមក យើងធ្វើអាណាមុន យើងគួរកំណត់អាទិភាព ហើយផែនការទាំងអស់ហ្នឹង គួរតែផ្អែកលើផែនការរបស់ក្រសួងផែនការ មិនមែនផ្អែកទៅលើការចង្អុលបង្ហាញថ្នាក់ដឹកនាំ ចង់ធ្វើកន្លែងនេះបាន បាននេះ ចង់អ្នកណាស្នើបានអីចឹងទេ។ អាហ្នឹង គឺបំណងប្រាថ្នាអ្នកនយោបាយ ដើម្បីស្វែងរកប្រជាប្រិយភាពហើយ។ គេមិនដែលផ្តល់សាលារៀន ផ្តល់មន្ទីរពេទ្យ ផ្អែកទៅលើសំបុត្រមួយដែលសរសេរដោយលោកអាចារ្យ ឬប្រជាពលរដ្ឋទេអីចឹងទេ។ គេផ្អែកទៅលើផែនការអភិវឌ្ឍន៍រយៈពេលវែង ដែលមានកំណត់អាទិភាពត្រឹមត្រូវបាទ»។
ការបន្តស្ដារ និងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត មានដូចជា ផ្លូវថ្នល់ជាដើម គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់ក្រសួងផែនការឆ្នាំ២០០៦-២០១០ បានបង្ហាញថា ការស្ដារផ្លូវគ្រប់ប្រភេទ គឺដើម្បីធ្វើឱ្យប្រសើរឡើងនូវផ្លូវថ្នល់ ដែលជាផ្នែកមួយនៃបណ្ដាញផ្លូវថ្នល់អាស៊ាន។
អាទិភាពសម្រាប់ដំណាក់កាលនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គឺការបញ្ចប់ការរៀបចំ និងអនុម័តច្បាប់ប្រើប្រាស់ផ្លូវថ្នល់ ការកំណត់អាទិភាពស្ដារ និងជួសជុលឡើងវិញនូវផ្លូវសំខាន់ៗ ការពង្រីកបណ្ដាញផ្លូវជនបទ ការដោះស្រាយបញ្ហាជូនប្រជាជនដែលត្រូវរុះរើទីលំនៅដោយសារការសង់ផ្លូវ ការធានាឱ្យមានការថែទាំផ្លូវគ្រប់ប្រភេទ ការប្រើប្រាស់ឱ្យអស់លទ្ធភាពនូវវិធានការដែលប្រើប្រាស់កម្លាំងពលកម្មច្រើន ពិសេសការសង់ និងថែទាំផ្លូវ និងការធ្វើឱ្យមានការចូលរួមពីវិស័យឯកជនក្នុងការថែទាំផ្លូវ និងស្ពាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
