ពលរដ្ឋ​នៅ​ឫស្សីកែវ​ប្រតិកម្ម​ទៅ​នឹង​មន្ត្រី​ជលផល​រឿង​ដេញ​ថ្លៃ​ឡូត៍​នេសាទ

ប្រជា​នេសាទ​នៅ​ក្នុង​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ប្រតិកម្ម​ចំពោះ​មន្ត្រី​ជលផល​ដែល​បង្ក​ភាព​ស្មុគស្មាញ​ក្នុង​ការ​ដេញ​ថ្លៃ​ឡូត៍​នេសាទ​សម្រាប់​រដូវ​នេសាទ​ឆ្នាំ​២០១៣ នេះ។ បញ្ហា​នេះ​ធ្វើ​ឲ្យ​ពួក​គាត់​បារម្ភ​ខ្លាច​មិន​បាន​ចូល​រួម​ដេញ​ថ្លៃ​ដោយសារ​មាន​អំពើ​ពុករលួយ​ក្នុង​វិស័យ​ជលផល។

0:00 / 0:00

ប្រជា​នេសាទ​ចោទ​ប្រកាន់​មន្ត្រី​ជលផល​ខណ្ឌ​ឫស្សីកែវ ថា​បាន​បង្ក​ការ​លំបាក​ដល់​ដំណើរការ​ដាក់​ពាក្យ​សុំ​ដេញ​ថ្លៃ​ឡូត៍​នេសាទ​សម្រាប់​ឆ្នាំ​២០១៣ នេះ ជា​ចេតនា​មិន​ចង់​ឲ្យ​មាន​ការ​ដេញ​ថ្លៃ​ដោយ​តម្លាភាព។

ក្រុម​ប្រជា​នេសាទ​ដែល​ប្រតិកម្ម​ក្នុង​រឿង​នេះ​បាន​ពន្យល់​ថា បើ​ពុំ​មាន​ការ​ដេញ​ថ្លៃ​ទេ ឬ​ការ​ដេញ​ថ្លៃ​នោះ​មិន​មាន​តម្លាភាព ធ្វើ​ឲ្យ​ម្ចាស់​ឡូត៍​ចាស់​មាន​លទ្ធភាព​គ្រប់គ្រង​ផ្ដាច់​មុខ​បន្ត​ទៀត ដោយ​ពុំ​មាន​ការ​ប្រកួតប្រជែង ហើយ​បញ្ហា​នេះ​អាច​ធ្វើ​ឲ្យ​បាត់​ចំណូល​ក្នុង​ថវិកា​ជាតិ ឯ​ចំណែក​មន្ត្រី​ខិល​ខូច​អាច​ទទួល​លាភ​សការៈ​ច្រើន​ពី​ការ​ឃុបឃិត​គ្នា​ក្នុង​រឿង​នេះ។

អ្នក​ចូល​រួម​ដេញ​ថ្លៃ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា ការ​លំបាក​ទាំង​នោះ​មាន​ដូចជា ការ​លក់​ពាក្យ​ស្នើ​សុំ​មាន​តម្លៃ​ខ្ពស់​រហូត​ទៅ​ដល់ ១០០​ដុល្លារ ហើយ​ពាក្យ​ស្នើ​សុំ​នោះ ពេល​យក​ដាក់​មន្ត្រី​ជលផល​ថា​ខុស​ទៀត។ ក្រៅ​ពី​នេះ មន្ត្រី​ជលផល​បាន​ប្ដូរ​ថ្ងៃ​កំណត់​ឈប់​ទទួល​ពាក្យ​ចុះ​ឡើង និង​តម្រូវ​ឲ្យ​រក​ឯកសារ​ផ្សេងៗ​ទៀត​ភ្ជាប់​មក​ជាមួយ​ដែល​នាំ​ឲ្យ​មាន​ការ​លំបាក​ខុស​ពី​ឆ្នាំ​មុន។ លោក​បន្ត​ថា ក្រៅ​ពី​បញ្ហា​ដែល​បាន​លើក​ឡើង​មក​នេះ ក៏​នៅ​មាន​បញ្ហា​ស្មុគស្មាញ​ជា​ច្រើន​ទៀត​ដែល​ជា​ភាព​មិន​ប្រក្រតី​ក្នុង​រឿង​ដេញ​ថ្លៃ​ឡូត៍​នេសាទ​នៅ​ឆ្នាំ​នេះ។

តែ​ទោះ​យ៉ាង​ណា ប្រធាន​រដ្ឋបាល​ជលផល​ខណ្ឌ​ឫស្សីកែវ លោក ងិន ឌី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៦ កញ្ញា ដោយ​បដិសេធ​ថា ពាក្យ​ស្នើ​សុំ​ដេញ​ថ្លៃ​នោះ​ពុំ​មាន​លក់​ដូរ​ទេ។

ទាក់ទង​នឹង​ការ​ផ្លាស់ប្ដូរ​ថ្ងៃ​កំណត់​ទទួល​ពាក្យ និង​ថ្ងៃ​ឈប់​ទទួល​នោះ លោក​ទទួល​ស្គាល់​ថា មាន​ការ​កំណត់​ខុស​បច្ចេកទេស​មួយ​ចំនួន ហើយ​ឥឡូវ​នេះ មន្ត្រី​លោក​ក៏​រៀបចំ​ឯកសារ​មិន​ទាន់ ដូច្នេះ​លោក​នឹង​សុំ​គណៈកម្មការ​សុំ​ពន្យារ​ពេល​ក្នុង​ការ​ដេញ​ថ្លៃ​នេះ​សិន ដើម្បី​ឲ្យ​អ្នក​ចង់​ចូល​រួម​ដេញ​ថ្លៃ​នោះ​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ទាន់​ពេល​ទាំង​អស់​គ្នា និង​មាន​តម្លាភាព។ ប៉ុន្តែ​លោក​មិន​បញ្ជាក់​ថា នឹង​ពន្យារ​ពេល​ដល់​ត្រឹម​ថ្ងៃ​ណា​នោះ​ទេ។

ការ​ដេញ​ថ្លៃ​ឡូត៍​នេសាទ​នៅ​ខណ្ឌ​ឫស្សីកែវ ស្ថិត​នៅ​លើ​ដង​ទន្លេ​សាប​នៅ​ឆ្នាំ​នេះ​មាន​ទ្រង់ទ្រាយ​ធំ​ជាង​ឆ្នាំ​កន្លង​ទៅ។ ឆ្នាំ​២០១២ មាន​ការ​ដេញ​ថ្ងៃ​តែ ៤​ឡូត៍​ទេ តែ​នៅ​ឆ្នាំ​នេះ​មាន​ការ​ដេញ​ថ្លៃ​ដល់​ទៅ ១៤​ឡូត៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។