ប្រជាកសិករនៅតាមតំបន់មួយចំនួន នៃខេត្តពោធិ៍សាត់ នាំគ្នាប្រមូលផលស្រូវជិតរួចហើយ ខណៈនៅកន្លែងខ្លះទៀតស្រូវទើបទុំមិនទាន់បានច្រូតកាត់នៅឡើយ។ ចំណែកកសិករនៅឃុំតាលោ និងឃុំរំលេច នៃស្រុកបាកាន ត្អូញត្អែរចំពោះតម្លៃស្រូវចុះថោកដែលពួកគាត់អះអាងថា បណ្ដាលមកពីអាជ្ញាធរហាមឃាត់ មិនឲ្យឡានឈ្មួញដើរទិញស្រូវបើកចូលមកក្នុងមូលដ្ឋាន។
ប្រជាពលរដ្ឋ និងអាជ្ញាធរស្រុកបាកាន ឲ្យដឹងនៅថ្ងៃទី២ ខែវិច្ឆិកាថា កំណាត់ផ្លូវក្រាលគ្រួសក្រហមចម្ងាយ២គីឡូម៉ែត្រចេញចំណុចឃុំបឹងខ្នារ ទៅដល់ភូមិព្រៃដំរី និងមួយខ្សែទៀតជាប្រភេទផ្លូវក្រាលកៅស៊ូចម្ងាយ៣២គីឡូម៉ែត្រចេញពីចំណុចឃុំបឹងខ្នារដែរ ទៅដល់ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ត្រូវបិទមិនឲ្យឡានទិញស្រូវ ឬដំឡូងធន់ធំបរកាត់ជិត២សប្ដាហ៍ហើយ។ បញ្ហានេះបានធ្វើកសិករជាច្រើនឃុំ នៃស្រុកបាកាន ដែលរស់នៅតាមបណ្ដោយផ្លូវទាំងពីរខ្សែនេះត្អូញត្អែរអំពីតម្លៃស្រូវ ឬដំឡូងចុះថោក។
ប្រជាកសិករ និងជាសមាជិកក្រុមប្រឹក្សាឃុំតាលោ លោក សុខ ភេ មានប្រសាសន៍ថា គ្រួសារលោក និងកសិករជាច្រើនគ្រួសារទៀតនៅក្នុងឃុំ អាចគ្មានប្រាក់គ្រប់សងបំណុលធនាគារ បន្ទាប់ខ្ចីយកទៅទិញថ្នាំសម្លាប់សត្វល្អិត ឬជីសម្រាប់បាចស្រូវ ដោយសារក្រោយពីប្រមូលផលស្រូវតម្លៃស្រូវបែរជាចុះថោក។ លោកថាឡានធំៗធ្លាប់ដើរទិញស្រូវផ្ទាល់ពីប្រជាកសិករ ត្រូវអាជ្ញាធរហាមឃាត់មិនឲ្យចូលទិញឡើយ ក្រោមហេតុផលខ្លាចខូចផ្លូវ ប៉ុន្តែឈ្មួញតូចតាចដើរទិញស្រូវ និងដាក់តម្លៃទៅតាមមាត់របស់ពួកគេថា។ លោកបង្ខំចិត្តលក់ស្រូវប្រភេទសុម៉ាលីចំនួន៤តោន តម្លៃ១ពាន់៥០រៀលក្នុង១គីឡូក្រាម ដែលខុសពីឆ្នាំទៅ លោកលក់បានតម្លៃ១ពាន់៣០០រៀល ក្នុង១គីឡូក្រាម៖ «វាអត់មានអ្នកទិញហ្មងមានតែឈ្មួញគ្នានៅខាងនេះតែម្ដងលោកគ្រូ ហើយម្យ៉ាងទៀតឡានធំអត់មករាល់ដងមានឡានធំមក មានវៀតណាមមានឈ្មួញមកពីលិចកើតអីរាល់ឆ្នាំ តែឆ្នាំនេះអត់។ គេអត់ឲ្យចូល ហើយឡានធំក៏គេអត់ឲ្យចូលទៀតចប់ហ្មង»។
ចំណែកប្រជាកសិករម្នាក់ទៀតអ្នកស្រី ណុច លាវ ថ្លែងបញ្ជាក់ថាជារៀងរាល់ឆ្នាំ គ្រួសារអ្នកស្រីបានលក់ស្រូវពី៣០ ទៅ៤០តោន ក្រៅពីទុកដាក់សម្រាប់ហូបប្រចាំឆ្នាំ។ ប៉ុន្តែឆ្នាំនេះអ្នកស្រីនឹងមិនលក់ភ្លាមៗក្រោយប្រមូលផលរួចនោះទេ ពីព្រោះបានតម្លៃថោកពេក។ អ្នកស្រីចង់ឲ្យអាជ្ញាធរជួយអន្តរាគមន៍បើកផ្លូវឡានធំ បានដើរទិញស្រូវជាធម្មតាឡើងវិញ ហើយរដ្ឋាភិបាលគួររកទីផ្សារស្រូវឲ្យកសិករដែរ។
ឆ្លើយតបបញ្ហានេះអភិបាលស្រុកបាកានលោក សៅ ដារឿន ថ្លែងបញ្ជាក់ថា អាជ្ញាធរហាមឃាត់តែទៅលើរថយន្តចំណុះលើសពី១៥តោន ដែលអាចធ្វើឲ្យខូចខាតផ្លូវទើបសាងសង់ ប៉ុន្តែចំពោះរថយន្តចំណុះក្រោម១៥ គឺអាចចូលទិញស្រូវ ឬដំឡូងកសិករដោយសេរី។ លោកបន្តថា អាជ្ញាធរបានជួយស្វែងរកទីផ្សារស្រូវសម្រាប់កសិករទៀតផង តាមរយៈការគៀងគរម្ចាស់រោងម៉ាស៊ីនកិនស្រូវធំៗ ឲ្យចូលទៅទិញកសិផលរបស់ពួកគាត់៖ «១៥តោនជិត២០តោនអាខ្លះណា ! មានរឿងអីត្រូវស្ទះ ( ការលក់ស្រូវ ) សំខាន់គាត់ទាក់ទងការលក់ការទិញអីខ្លួនគាត់ ឲ្យវាស្រួលបួលទៅតម្លៃថ្លៃថ្នូរអីណា។ បើសិនជាផ្លូវហ្នឹងធ្វើហើយយើងនិយាយជាមួយប្រជាជនយើងឲ្យគាត់គិតខ្លួនយើងនឹងធ្វើការប្រជុំថាតើផ្លូវយើងហ្នឹងត្រូវអាធន់ណា ប៉ុន្តែបើសិនលើសទម្ងន់ពេកក៏អត់កើតដែរ យើងចូលទៅបំផ្លាញផ្លូវ»។
យ៉ាងណាប្រជាពលរដ្ឋ និងអាជ្ញាធរក្នុងស្រុកមួយចំនួន រិះគន់ចំពោះសកម្មភាពហាមឃាត់រថយន្ដធន់ធ្ងន់ចូលទិញស្រូវកសិករជិត២សប្ដាហ៍មកហើយនេះថា ឡានធំៗអាចបរកាត់ផ្លូវចូលទិញ អ្នកមានមុខមាត់ ឬអាជ្ញាធរបាន ប៉ុន្តែសម្រាប់ស្រូវរបស់កសិករធម្មតាមិនបានឡើយ។ ពួកគេចង់ឲ្យអាជ្ញាធរមានសមត្ថកិច្ចអនុវត្តឲ្យបានត្រឹមត្រូវ និងកំណត់ប្រភេទឡានឲ្យច្បាស់លាស់ ដើម្បីកុំឲ្យប៉ះពាល់ដល់ការលក់ដូរស្រូវ ឬដំឡូងរបស់ប្រជាពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
