ប្រជា​សហគមន៍​ត្រពាំង​សង្កែ​ខេត្ត​កំពត​បារម្ភ​ខ្លាច​ក្រុមហ៊ុន​ឯកជន​គ្រប់គ្រង​ទៅ​ថ្ងៃ​មុខ

0:00 / 0:00

ជីវភាព​ប្រជា​សហគមន៍​ត្រពាំង​សង្កែ ស្ថិត​ក្នុង​ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ ខេត្ត​កំពត មាន​ភាព​ប្រសើរ​ជាង​មុន បន្ទាប់ពី​បាន​បង្កើត​សហគមន៍​នេសាទ​ កាល​ពី​ឆ្នាំ ២០០៩ មក។ ក៏ប៉ុន្តែ​ពួកគាត់​ព្រួយ​បារម្ភ​ខ្លាច​ក្រុមហ៊ុន ឯកជន​រំលោភ​យក​តំបន់​សហគមន៍​គ្រប់គ្រង​នោះ​ទៅ​អភិវឌ្ឍន៍​អ្វី​ផ្សេង ធ្វើឲ្យ​បាត់បង់​ឱកាស​ដែល​ពួក​គាត់​​កសាង​បាន​ដ៏​ល្អ​នេះ​វិញ​ទៅ​អនាគត។

រាល់​ពេល​រសៀល ប្រជា​សហគមន៍​ត្រពាំង​សង្កែ រួម​ទាំង​អ្នក​នេសាទ​នានា ក្រៅ​សហគមន៍ ប្រមាណ ៣ រយ​នាក់ ជួបជុំគ្នា​នៅ​សហគមន៍ រៀបចំ​ឧបករណ៍​នេសាទ​រៀង​ខ្លួន មុន​ចុះទូក​ចេញ​ទៅ​នេសាទ​នៅ​ពេល​យប់។

ពួកគាត់​ម្នាក់ៗ សុទ្ធ​តែ​ប្រើ​ឧបករណ៍​នេសាទ​បូរាណ ឬ​ឧបករណ៍​នេសាទ​ជា​លក្ខណៈ​គ្រួសារ ដូច​ជា​ឈិប សំណាញ់ សន្ទូច​ជា​ដើម។ ពួក​គាត់​ថា មូលហេតុ​ដែល​ប្រើ​ឧបករណ៍​ទាំងនេះ គឺ​ដើម្បី​រក្សា​ធនធាន​ជលផល​សមុទ្រ​ក្នុង​ដែន​សហគមន៍​គាត់​ឲ្យ​នៅ​គង់វង្ស សម្រាប់​ចិញ្ចឹម​កូន​ចៅ​ទៅ​អនាគត។

នៅ​ទីធ្លា​ដី​មួយ​ឡូត៍​មួយ​កន្លែង របស់​​សហគមន៍​ មាន​អ្នក​នេសាទ​ប្រមាណ​ជាង ១០០ នាក់ ខ្លះ​រៀបចំ វេច​ខ្ចប់​បាយទឹក ខ្លះ​រៀបចំ​បទ​ឈិប​សម្រាប់​លី​ចុះ​ទូក​ទៅ​នេសាទ។

ពួកគាត់​ម្នាក់ៗ និយាយ​ថា​ផល​នេសាទ​សហគមន៍​ឆ្នាំ​នេះ​កើន​ឡើង​ទ្វេដង ប្រៀបធៀប​ទៅ​ប៉ុន្មាន​ឆ្នាំ​មុន​ដែល​មិន​ទាន់​បង្កើត​សហគមន៍។

អ្នក​នេសាទ ជី វូហេង នៅ​សហគមន៍​ភូមិ​ត្រពាំង​សង្កែ កំពុង​រៀបចំ​បទ​ឈិប​ជាមួយ​អ្នកនេសាទ​ជា​ច្រើន​នាក់​ទៀត បញ្ជាក់​អំពី​ប្រាក់ចំណូល​ដែល​គាត់​រក​បាន​គេ​ពី​ការ​នេសាទ ដោយ​ប្រើ​ឧបករណ៍ អូស​ឈិប ក្នុង​មួយ​យប់ៗ ថា​បាន​ច្រើន​ជាង​កាល​ពី​មិនទាន់​បង្កើត​សហគមន៍ កាល​ពី​៥ ឆ្នាំ​មុន៖សំឡេង។

រីឯ​លោក ឈិន ធី និង​អ្នក​នេសាទ​ដែល​កំពុង​រៀបចំ​ឧបករណ៍​ឈិប នៅ​ក្បែរ​គ្នា​នោះ ក៏​អះអាង​ប្រហាក់​ប្រហែល​គ្នា​ដែរ៖ សំឡេង

សហគមន៍​ត្រពាំងសង្កែ ​មាន​ដែន​នេសាទ ៣៣៧ ហិកតា ក្នុង​នោះ​មាន​ដី​ព្រៃ​លិច​ទឹក ឬ​ដី​ព្រៃ​កោង​កាង​ទំហំ​ប្រហែល​៥០ ហិកតារ ​ជា​ជម្រក​ជីវចម្រុះ​ដែល​មាន​ព្រែក​ឬ​ដៃ​សមុទ្រ​ហូរកាត់។

ប្រធាន​សហគមន៍​ត្រពាំងសង្កែ លោក ស៊ឹម ហ៊ីម ឲ្យ​ដឹង​ថា ទម្រាំ​បាន​បង្កើត​ជា​សហគមន៍ រក្សា​ជលផល​បាន​ដូច្នេះ គាត់​ជួប​បញ្ហា​ច្រើន​ណាស់ ដូច​ជា​ប្រឈម​នឹង​ការ​បង្ក្រាប ទប់ស្កាត់​បទ​ល្មើស​នេសាទ កិច្ច​ប្រឹងប្រែង​អប់រំ​ប្រជា​ពលរដ្ឋ​ឲ្យ​យល់ដឹង​អំពី​គ្រោះថ្នាក់​បទល្មើស​នេសាទ និង​ផល​ប្រយោជន៍​នៃ​ការ​ដាំ​ព្រៃ​កោងកាង​ឡើង​វិញ​ រួម​ទាំង​ផល​ប្រយោជន៍​នៃ​ការ​នេសាទ​ប្រើ​ឧបករណ៍​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ជាដើម៖ សំឡេង។

លោក​បន្ត​ថា​សហគមន៍​របស់​លោក​មាន​សមាជិក ៣ ភូមិ​មាន​ចំនួន ១, ០៩៥ គ្រួសារ ក្នុង​៩០ ភាគរយ​ប្រកប​របរ​នេសាទ ក៏ប៉ុន្តែ មាន​អ្នកនេសាទ​មក​ពី​ឃុំ​ចំនួន ៤ ទៀត ក៏​អាស្រ័យផល​នៅ​តំបន់​សហគមន៍​នេះ​ដែរ។ ឃុំ​ទាំងនោះ​មាន ឃុំ​ត្រពាំងសង្កែ ឃុំ​កូនសត្វ ឃុំ​ត្រពាំងព្រីង ឃុំ​កំពង់សំរោង៖ សំឡេង

លោក​ថា​សហគមន៍​នេះ ផ្ដល់​ផលប្រយោជន៍​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​បាន​ច្រើន​ក្រៅពី​ផ្ដល់​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ ដូចជា​ជួយ​ទប់​ស្កាត់​ការ​ចំណាក​ស្រុក ការពារ​និង​ដាំ​ព្រៃ​លិច​ទឹក​ឡើងវិញ បង្កើត​បរិស្ថាន​ល្អ​នៅ​ក្នុង​សហគមន៍​ទៀត​ផង។

ទោះ​បី​ជា​មាន​មោទនភាព​យ៉ាង​នេះ លោក ស៊ឹម ហ៊ីម បាន​បង្ហើប​ឲ្យ​ដឹង​ថា ប្រជា​សហគមន៍​មាន​ការ​ព្រួយបារម្ភ​ខ្លាច ​ក្រែង​រដ្ឋាភិបាល​យក​តំបន់​សហគមន៍​របស់​លោក​ ដែល​កំពុង​ទទួល​ផល​បាន​សុខសាន្ត​សព្វថ្ងៃ​នេះ ទៅ​អភិវឌ្ឍន៍​ធ្វើ​អ្វី​ផ្សេងទៀត នាំ​ឲ្យ​ពួកគាត់​បាត់បង់​ឱកាស​ទៅ​អនាគត៖ សំឡេង

ការ​ព្រួយ​បារម្ភ​នេះ បន្ទាប់​ពី​សហគមន៍​ត្រពាំង​សង្កែ​ឮ​ដំណឹង​ថា មាន​ក្រុមហ៊ុន​ឯកជន​មួយ ដែល​មិន​មាន​ឈ្មោះ​ពិតប្រាកដ ​បាន​កាប់​បំផ្លាញ​ព្រៃ​កោងកាង និង​កាយ​ដី​បាទ​សមុទ្រ​ធ្វើ​ជា​ព្រែក នៅ​តំបន់​ក្បែរ​នោះ ដើម្បី​អភិវឌ្ឍន៍​កំពង់ផែ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។