ប្រជាពលរដ្ឋនិងសង្គមស៊ីវិលព្រួយបារម្ភថា ការសាងសង់ចំណតយានយន្ត និងផ្សារក្រោមដីនៅទីធ្លាព្រះសក្យមុនីចេតិយ ប៉ះពាល់ដល់ព្រះសក្យមុនីចេតិយ។ ការលើកឡើងបែបនេះ បន្ទាប់ពីទីធ្លាព្រះសក្យមុនីចេតិយ កំពុងព័ទ្ធជុំជិតដោយរបង។ ប៉ុន្តែអ្នកនាំពាក្យសាលារាជធានីភ្នំពេញ អះអាងថា ការសាងសង់មិនប៉ះពាល់ទីតាំងគោរពបូជានេះទេ។
គិតមកទល់ពេលនេះ នៅទីធ្លាព្រះសក្យមុនីចេតិយចាស់ មានទីតាំងនៅមុខស្ថានីយរទេះភ្លើង នារាជធានីភ្នំពេញ អាជ្ញាធរផ្ដើមការដ្ឋានសាងសង់ជាបណ្តើរៗហើយ។ របងស័ង្កសីខ្ពស់ព័ទ្ធជុំជិតទីធ្លាព្រះសក្យមុនីចេតិយ ចំណែកទីតាំងដែលព័ទ្ធរបងនោះ ឃើញមានគំនរខ្សាច់ បន្ទះដែក និងខ្សែភ្លើងរត់ឆ្វាត់ឆ្វែងនៅក្នុងបរិវេណនោះ។
អ្នករត់ម៉ូតូឌុបម្នាក់នៅម្ដុំព្រះសក្យមុនីចេតិយ លោក កូយ សារ័ត្ន យល់ថា ការអភិវឌ្ឍក្រោមព្រះសក្យមុនីចេតិយនេះគឺល្អ ដែលអាចកាត់បន្ថយការកកស្ទះចរាចរណ៍។ ទន្ទឹមគ្នានេះដែរ ពលរដ្ឋរូបនេះព្រួយបារម្ភថា នៅពេលដំណើរការសាងសង់ការដ្ឋានអាចប៉ះពាល់ដល់ព្រះសក្យមុនីចេតិយ៖ «មានការព្រួយបារម្ភខ្លាចប៉ះពាល់ព្រះសក្យមុនីចេតិយ ក៏ដូចពលរដ្ឋដែលធ្វើដំណើរនៅតាមផ្លូវ ខ្ញុំសុំឲ្យប៉ូលិស ឬសន្តិសុខប្រុងប្រយ័ត្ននៅពេលសាងសង់»។
កាលពីដើមខែមករា សាលារាជធានីភ្នំពេញ យល់ព្រមឲ្យក្រុមហ៊ុនឯកជនចំនួនពីរគឺក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) និងក្រុមហ៊ុនវឌ្ឍនៈ (Vattanak) កសាងផ្សារ និងចំណតយានយន្តក្រោមដី នៅចំណុចសក្យមុនីចេតិយចាស់។ ការអនុញ្ញាតនេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បើកភ្លើងខៀវឲ្យការសាងសង់ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កើនការវិនិយោគបង្កើតការងារដល់ពលរដ្ឋ។
បើទោះជាការវិនិយោគនេះ ចាប់ផ្ដើមដំណើរការទៅហើយ ប៉ុន្តែគេមិនទាន់ឃើញក្រុមហ៊ុនសាងសង់ ឬសាលារាជធានីភ្នំពេញ បង្ហាញផែនការវិនិយោគ ឬប្លង់នៃការវិនិយោគនេះទេ។ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ពុំអាចបញ្ជាក់ពីគម្រោងនេះបានទេ ដោយលើកឡើងថា ក្រុមហ៊ុនឯកជនជាអ្នកសាងសង់។ ប៉ុន្តែលោកអះអាងថា ការសាងសង់នេះមិនប៉ះពាល់ដល់ព្រះសក្យមុនីចេតិយទេ។
សម្ដេចព្រះសង្ឃរាជ ទេព វង្ស មានថេរដីកាថា ព្រះអង្គមិនទាស់ការសាងសង់នេះទេ។ ព្រះអង្គយល់ថា ការវិនិយោគនេះក៏មិនប៉ះពាល់ដល់ព្រះសក្យមុនីចេតិយដែរ៖ «គ្មានបញ្ហាអីទេ គឺជាពុទ្ធបូជារបស់យើងទាំងអស់គ្នា អត់មានបញ្ហាគួរឲ្យកត់សម្គាល់ អត់មានប៉ះពាល់នឹងព្រះសក្យមុនីចេតិយទេ»។
ដោយឡែក នាយកប្រតិបត្តិសមាគមធាងត្នោត លោក អ៊ី សារ៉ុម ស្នើទៅរដ្ឋាភិបាល ឬក្រុមហ៊ុនសាងសង់បង្ហាញប្លង់នៃការសាងសង់ និងគម្រោងថវិកានេះឲ្យសាធារណជនបានដឹង។ លោកយល់ថា ស្ថានការណ៍នៅប្រទេសកម្ពុជា នៅពេលនេះ មិនទាន់សមស្របនឹងការសាងសង់ចំណត ឬផ្សារនៅក្រោមដីដូចនេះទេ ហើយពលរដ្ឋភាគច្រើនហាក់មិនទទួលបានប្រយោជន៍ពីការវិនិយោគនេះទេ «នៅក្នុងបរិបទស្រុកខ្មែរឃើញថា ពលរដ្ឋខ្មែរអត់សូវចូលចិត្តដើរច្រើនទេ យ៉ាងហោចណាស់មានការសិក្សាមួយដើម្បីឲ្យពលរដ្ឋនៅភ្នំពេញ គាត់ឲ្យយោបល់មកថា ការសាងសង់ផ្សារ និងចំណតក្រោមដីនេះជាតម្រូវការចាំបាច់ទេ?»។
វិទ្យុអាស៊ីសេរី មិនអាចសុំការបំភ្លឺណាមួយពីតំណាងក្រុមក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) និងក្រុមហ៊ុនវឌ្ឍនៈ បានទេ នៅថ្ងៃទី២០ ខែមករា។
អ្នករត់ម៉ូតូឌុបម្នាក់ លោក ប៊ុត ភ័ក្រ យល់ថា ការវិនិយោគនៅក្រោមដីនេះ មិនបានផ្ដល់ប្រយោជន៍ដល់ពលរដ្ឋក្រីក្រដូចរូបលោកទេ៖ «ខ្ញុំយល់ឃើញថា សម្រាប់អ្នកក្រ សម្រាប់អ្នកម៉ូតូឌុប គឺបញ្ចប់មុខរបរបាត់ហើយ លែងបានចតហើយ គេមិនទាន់ដេញទេ តែអស់កន្លែងចត»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
