ពលរដ្ឋ​ខេត្ត​បន្ទាយមានជ័យ​រិះគន់​ចៅ​សង្កាត់​ប៉ោយប៉ែត​ថា​មិន​បំពេញ​ការងារ​បម្រើ​រាស្ត្រ

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ រិះគន់​ចៅ​សង្កាត់​ប៉ោយប៉ែត ថា​មិន​យក​ចិត្ត​ទុក​ដាក់​បំពេញ​ការងារ​ជូន​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នោះ​ទេ។ ការ​រិះគន់​នេះ បន្ទាប់​ពី​អ្នក​ស្រុក​ចំណាយ​ពេលវេលា​ទៅ​រង់ចាំ​នៅ​សាលា​សង្កាត់ ដើម្បី​ធ្វើ​លិខិត​ស្នាម​ជាច្រើន​លើក​ច្រើន​សា ពុំ​ទទួល​បាន​លទ្ធផល។

ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត សម្ដែង​ការ​មិន​ពេញ​ចិត្ត​នឹង​ការ​គ្រប់គ្រង​របស់​ចៅ​សង្កាត់​នេះ ថា​មិន​គិតគូរ​បំពេញ​ការងារ​ដើម្បី​បម្រើ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​នោះ​ឡើយ។

ពលរដ្ឋ​មួយ​ចំនួន​រស់នៅ​សង្កាត់​ប៉ោយប៉ែត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ កុម្ភៈ ថា ពួក​គាត់​ជួប​ការ​លំបាក​ជា​ខ្លាំង​ក្នុង​ការ​ធ្វើ​លិខិត​ស្នាម មាន​ជាអាទិ៍ ធ្វើ​សំបុត្រ​កំណើត និង​ធ្វើ​លិខិត​បញ្ជាក់​មរណភាព ជាដើម គឺ​ត្រូវ​ចំណាយ​ពេល​ទៅ​សាលា​សង្កាត់​ច្រើន​លើក​ច្រើន​សា។ អ្នក​ភូមិ​អះអាង​ថា ការ​ធ្វើ​លិខិត​ស្នាម​យឺតយ៉ាវ​នេះ បាន​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ពួក​គាត់ ធ្វើ​ឲ្យ​ខាត​ពេលវេលា​រក​ស៊ី​ដោះស្រាយ​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ៖ « ខ្ញុំ​ទៅ​សាលា​សង្កាត់​បី​បួន​ដង​ហើយ នៅ​តែ​ធ្វើ​សំបុត្រ​កំណើត​មិន​ទាន់​បាន​ទៀត។ មន្ត្រី​បម្រើ​ការ​ក្នុង​សង្កាត់ គាត់​ច្រើន​តែ​និយាយ​ថា ម្ដង​ថ្ងៃ​នេះ ម្ដង​ថ្ងៃ​នោះ ហើយ​អត់​ធ្វើ​លិខិត​ឲ្យ​ខ្ញុំ​ទេ »

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​ចៅ​សង្កាត់​ប៉ោយប៉ែត មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា គឺ​លោក អាំង គីហេង ដើម្បី​សុំ​អត្ថាធិប្បាយ​ពី​ការ​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ​បាន​ទេ នៅ​ថ្ងៃ​ទី​១៥ កុម្ភៈ។

ស្មៀន​សង្កាត់​ប៉ោយប៉ែត លោក ពុំ សុភិន ទទួល​ស្គាល់​ថា ការ​ធ្វើ​លិខិត​ស្នាម​ជូន​ប្រជាពលរដ្ឋ ពិត​ជា​មាន​ការ​យឺតយ៉ាវ​ខ្លះ​មែន ប៉ុន្តែ​លោក​អះអាង​ថា បញ្ហា​នេះ​ពុំ​មែន​ចៅ​សង្កាត់ ឬ​មន្ត្រី​ពាក់ព័ន្ធ មិន​យក​ចិត្ត​ទុក​ដាក់​បម្រើ​ការងារ​ជូន​ពលរដ្ឋ​នោះ​ទេ គឺ​ដោយសារ​ប្រជាពលរដ្ឋ​មក​ធ្វើ​លិខិត​ស្នាម​នៅ​សាលា​សង្កាត់​មាន​ចំនួន​ច្រើន​ពេក៖ « ម្យ៉ាង​ទៀត បញ្ហា​នេះ​ដោយសារ​តែ​យើង​ជាប់​រវល់​ធ្វើ​សំបុត្រ​កំណើត​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ណា​ដែល​ត្រូវ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជា​មុន​សិន »

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ជំទប់​ទី​២ សង្កាត់​ប៉ោយប៉ែត មក​ពី​គណបក្ស សម រង្ស៊ី លោក ចៅ វាសនា អះអាង​ថា លោក​ចង់​ជួយ​សម្រួល​ការងារ​នេះ​ជូន​ប្រជាពលរដ្ឋ​ដែរ ប៉ុន្តែ​មិន​អាច​ធ្វើ​ទៅ​បាន ដោយសារ​ចៅ​សង្កាត់​ក្ដោប​អំណាច​ឲ្យ​តែ​បក្ខពួក​របស់​ខ្លួន ដោយ​មិន​បែង​ចែក​ឲ្យ​លោក​ធ្វើ​នោះ​ទេ៖ « ខ្ញុំ​បាន​ទាមទារ​តួនាទី​របស់​ខ្ញុំ ដើម្បី​បម្រើ​ការងារ​ជូន​ប្រជាពលរដ្ឋ តែ​គាត់​មិន​ឲ្យ​ធ្វើ​ទេ »

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា កត់​សម្គាល់​ថា កន្លង​ទៅ ប្រជាពលរដ្ឋ​តែង​ត្អូញត្អែរ​ជួប​ការ​លំបាក​រឿង​ការ​ធ្វើ​លិខិត​ស្នាម​នៅ​សាលា​សង្កាត់​ប៉ោយប៉ែត យឺតយ៉ាវ​នេះ​ជា​បន្តបន្ទាប់។ លោក​ពន្យល់​ថា បញ្ហា​នេះ​កើត​ឡើង​ដោយសារ​ចៅ​សង្កាត់​នេះ គិតគូរ​តែ​រឿង​ការងារ​បក្ស​របស់​ខ្លួន ជា​ជាង​ការ​យក​ចិត្ត​ទុក​ដាក់​បម្រើ​ផល​ប្រយោជន៍​ម្ចាស់​ឆ្នោត៖ « ចំណុច​ទាំងអស់​នេះ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​ប្រជាពលរដ្ឋ ពីព្រោះ​ធ្វើ​ឲ្យ​គាត់​រាំង​ស្ទះ​ដល់​ការងារ​រក​ស៊ី​ប្រចាំ​ថ្ងៃ »

របាយការណ៍​សង្កាត់​ប៉ោយប៉ែត ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សង្កាត់​នេះ​មាន ១៤.០០៥​គ្រួសារ​នៅ​ក្នុង ១៣​ភូមិ និង​មាន​ក្រុមប្រឹក្សា​សង្កាត់​ចំនួន ១១​នាក់ គឺ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ៩​នាក់ និង​គណបក្ស សម រង្ស៊ី ២​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។