មន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋ រិះគន់សកម្មភាពការងាររបស់មន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធច្រកទ្វារព្រំដែនចាំយាម ខេត្តកោះកុង ដែលអនុញ្ញាតឲ្យពាណិជ្ជករថៃ នាំទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ចូលមកលក់ដូរក្នុងពិព័រណ៍ពាណិជ្ជកម្មកម្ពុជា-ថៃ ក្នុងទឹកដីខេត្តព្រះសីហនុ នាំឲ្យប៉ះពាល់សុខភាពពលរដ្ឋខ្មែរ។
បញ្ហានេះ មន្ត្រីតាមស្ថាប័នជំនាញខេត្តជាប់មាត់សមុទ្រទាំងពីរ បានបដិសេធថា មិនបានដឹងលើករណីមានទំនិញហួសកំណត់ប្រើប្រាស់ ត្រូវគេដាក់លក់ក្នុងស្តង់តាំងពិព័រណ៍មិត្តភាពកម្ពុជា-ថៃ នាខេត្តព្រះសីហនុ ដើមខែសីហា នេះទេ។
ប្រតិកម្មនេះកើតឡើងបន្ទាប់ពីមន្ត្រីសង្គមស៊ីវិល និងពលរដ្ឋខេត្តព្រះសីហនុ បានរកឃើញថា មានមុខទំនិញមួយចំនួន ពិសេសគ្រឿងសម្អាតកាយ និងនំចំណីជាដើម ដែលឈ្មួញ ឬពាណិជ្ជករខ្មែរ-ថៃ បាននាំចូលពីប្រទេសថៃ តាមច្រកព្រំដែនចាំយាម ខេត្តកោះកុង មកលក់ក្នុងស្តង់ពិព័រណ៍មិត្តភាពកម្ពុជា-ថៃ ក្នុងរយៈពេល ១សប្ដាហ៍នៅមហោស្រពចាស់ ខេត្តព្រះសីហនុ ដែលទើបបិទបញ្ចប់កាលពីថ្ងៃទី៤ ខែសីហា មានមុខទំនិញខ្លះផុតកាលបរិច្ឆេទប្រើប្រាស់។
មន្ត្រីអង្កេតនៃអង្គការលីកាដូ (Licadho) ប្រចាំខេត្តព្រះសីហនុ លោក ឃុន សាវឿន ដែលបានចូលទៅទិញទំនិញក្នុងស្តង់លក់មុខទំនិញនាំចូលពីប្រទេសថៃ ទៅតាមបណ្ដឹងផ្ទាល់មាត់របស់ប្រជាពលរដ្ឋ បានអះអាងថា ពិតជាមានគ្រឿងសម្អាតកាយ មានសាប៊ូ ឬគ្រឿងក្រអូបផ្សេងៗ និងនំចំណីប្រភេទខ្លះជិតផុតកាលបរិច្ឆេទប្រើប្រាស់ និងខ្លះទៀតបានផុតកំណត់ប្រើប្រាស់៖ «អ្វីដែលឈឺចាប់ជាងនេះទៅទៀត បែរជាយកទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ទាំងនោះមកដាក់តាំងពិព័រណ៍លក់ជូនប្រជាពលរដ្ឋខ្លួនឯង ហើយបានឆ្លើយថា អត់បានដឹងរឿងអីទាល់តែសោះទៅវិញ។ មុខទំនិញដូចជាសាប៊ូ និងនំកញ្ចប់ជាដើម គឺមួយចំនួនហួសពេលវេលាប្រើប្រាស់ និងខ្លះទៀតជិតផុតកំណត់ប្រើប្រាស់ ហើយនាំឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ»។
មន្ត្រីសិទ្ធិមនុស្សរូបនេះ បានរិះគន់មន្ត្រីជំនាញពាក់ព័ន្ធច្រកទ្វារព្រំដែនកម្ពុជា-ថៃ ច្រកចាំយាម ឬប្រធានសាខាកាំកុងត្រូល និងថ្នាក់ដឹកនាំមន្ទីរពាណិជ្ជកម្មខេត្តកោះកុង និងខេត្តព្រះសីហនុ ជាដើម ថាជាអ្នកបើកដៃឲ្យឈ្មួញនាំទំនិញគ្មានគុណភាព ឬផុតកំណត់ប្រើប្រាស់ចូលមកទីផ្សារកម្ពុជា នាំឲ្យប៉ះពាល់ដល់សុខភាពពលរដ្ឋធ្ងន់ធ្ងរ។
លោក ឃុន សាវឿន បានចោទប្រធានច្រកទ្វារព្រំដែនចាំយាម ខេត្តកោះកុង និងថ្នាក់ដឹកនាំស្ថាប័នកាំកុងត្រូលខេត្តកោះកុង និងខេត្តព្រះសីហនុ ថាជាអ្នកទទួលខុសត្រូវក្នុងការអនុញ្ញាតឲ្យទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ចូលមកកាន់ទីផ្សារកម្ពុជា។
បញ្ហានេះដែរ លោក អ៊ិន គង់ជិត មន្ត្រីសម្របសម្រួលនៃអង្គការលីកាដូ ប្រចាំខេត្តកោះកុង ក៏បានស្នើដល់មន្ត្រីស្ថាប័នពាក់ព័ន្ធក្នុងការនាំទំនិញពីប្រទេសថៃ ចូលមកទីផ្សារកម្ពុជា ត្រូវពិនិត្យកាលបរិច្ឆេទប្រើប្រាស់ឲ្យបានត្រឹមត្រូវ ដើម្បីឲ្យប្រាកដថា ទំនិញទាំងនោះមានគុណភាព។ មន្ត្រីសិទ្ធិមនុស្សរូបនេះ បានទទូចឲ្យប្រធានច្រកទ្វារព្រំដែនចាំយាម មន្ត្រីកាំកុងត្រូល ពិសេសអភិបាលខេត្តកោះកុង លោក ប៊ុន លឺត ត្រូវយកចិត្តទុកដាក់ និងឲ្យប្រាកដថា រាល់មុខទំនិញដែលនាំពីថៃ ចូលមកកម្ពុជា ត្រូវមានគុណភាព ហើយមិនប៉ះពាល់សុខភាពពលរដ្ឋកម្ពុជា។ ជាងនេះ លោក អ៊ិន គង់ជិត បានព្រលយថា មន្ត្រីជំនាញប្រចាំការនៅច្រកព្រំដែនចាំយាម ខេត្តកោះកុង ត្រូវជៀសឲ្យផុតពីអំពើពុករលួយ ទាក់ទងបទល្មើសនាំទំនិញផុតកំណត់ប្រើប្រាស់ ឬគេចពន្ធពីប្រទេសថៃ ចូលមកកម្ពុជា៖ «ផលិតផលដែលជិតហួសគុណភាពប្រើប្រាស់ គួរសមត្ថកិច្ចរឹបអូស និងពិន័យឲ្យបានធ្ងន់ធ្ងរ ដើម្បីទប់ស្កាត់កុំឲ្យនាំចូលមកកម្ពុជា ហើយកេងចំណេញពីប្រជាពលរដ្ឋ និងប៉ះពាល់ដល់សុខភាពពលរដ្ឋ»។
ទាក់ទិនបញ្ហានេះ លោក ប៊ុន លឺត អភិបាលខេត្តកោះកុង មានប្រសាសន៍ថា មិនបានដឹងករណីមានទំនិញនាំចូលមកតាំងពិព័រណ៍មិត្តភាពកម្ពុជា-ថៃ ចូលមកកម្ពុជា ហើយមានមុខទំនិញខ្លះជិតផុត ឬផុតកំណត់ប្រើប្រាស់នោះទេ ប៉ុន្តែលោកថា នឹងលើកយកករណីនេះដាក់ជូនមន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធ មានកាំកុងត្រូល ឬមន្ត្រីទទួលខុសត្រូវច្រកទ្វារព្រំដែនចាំយាម ជាដើម ដើម្បីពិនិត្យរឿងនេះឡើងវិញ៖ «ទំនិញតាំងពិព័រណ៍នៅខេត្តព្រះសីហនុ គឺអាជ្ញាធរខេត្តនេះបានសហការជាមួយភាគីថៃ។ ខាងខ្ញុំ គឺបានត្រឹមសម្របសម្រួលទៅតាមការណែនាំរបស់ក្រសួងទេ»។
បញ្ហានេះដែរ លោក ព្រហ្ម វណ្ណដា ប្រធានមន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុ ក៏បដិសេធថា មិនបានដឹងថាមានទំនិញដាក់លក់ក្នុងស្តង់ពិព័រណ៍មិត្តភាពកម្ពុជា-ថៃ មានលក់មុខទំនិញហួសកំណត់ប្រើប្រាស់ទេ។ លោកថា ករណីនេះអាចមានអាជីវករខិលខូចមួយចំនួនលួចបន្លំ ឬចង់ចំណេញច្រើន ទើបលួចប្រព្រឹត្តសកម្មភាពនេះ។ លោក ព្រហ្ម វណ្ណដា សង្កត់ធ្ងន់ថា នឹងពិនិត្យរាល់ការនាំចូលទំនិញពីប្រទេសជិតខាងមានថៃ ជាដើម ចូលមកលក់ក្នុងពិព័រណ៍មិត្តភាពកម្ពុជា-ថៃ នាខេត្តព្រះសីហនុ ឲ្យបានច្រើនថែមទៀតនាថ្ងៃអនាគត៖ «អាចមានជនខិលខូចលួចបន្លំដឹកក្នុងចម្ងាយផ្លូវឆ្ងាយ ហើយមុខទំនិញទាំងនោះ គឺប្រហាក់ប្រហែលគ្នាទំនិញថៃ ដែរ»។
ចំណែក លោក ម៉ាង ស៊ីណេត ប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ ថ្លែងថា មិនបានដឹងការតាំងពិព័រណ៍លក់ទំនិញមិត្តភាពកម្ពុជា-ថៃ នាមហោស្រពចាស់ ដើមខែសីហា មានមុខទំនិញខ្លះផុតកំណត់ប្រើប្រាស់ទេ។ បញ្ហានេះ លោកស្នើដល់ប្រជាពលរដ្ឋ ឬអ្នកពាក់ព័ន្ធ ឲ្យជួយផ្តល់ព័ត៌មានមកមន្ត្រីជំនាញកាំកុងត្រូលរបស់លោកឲ្យបានទាន់ពេលវេលា បើដឹងថា មានទីតាំង ឬកន្លែងលក់ដូរណាមួយលក់មុខទំនិញ ឬសម្ភារៈប្រើប្រាស់ហួសកាលបរិច្ឆេទ ដើម្បីឈានមានវិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាព។
ទាក់ទិនបញ្ហានេះ ប្រជាពលរដ្ឋមួយចំនួនដែលបានចូលទៅទិញសាប៊ូ ឬនំចំណីក្រៀមៗដាក់លក់តាមស្តង់ក្នុងពិព័រណ៍មិត្តភាពកម្ពុជា-ថៃ ដើមខែសីហា នេះ បានទូរស័ព្ទប្រាប់វិទ្យុអាស៊ីសេរី ថា មានមុខទំនិញខ្លះបានហួសកាលបរិច្ឆេទប្រើប្រាស់ និងខ្លះទៀតសល់ចន្លោះពី ១ខែទៅ ៣ខែទៀត នឹងផុតកំណត់ប្រើប្រាស់ ហើយតាមការចុះពិនិត្យដល់ស្តង់លក់ដូរជាក់ស្តែង ក៏បានឃើញមុខទំនិញខ្លះហួសកាលបរិច្ឆេទប្រើប្រាស់ដូចពលរដ្ឋអះអាងពិតមែន។
ទោះជាបែបនេះក្តី មន្ត្រីសង្គមស៊ីវិលបានដាក់ការស្ដីបន្ទោស ក្នុងការអនុញ្ញាតឲ្យឈ្មួញ ឬពាណិជ្ជករខ្មែរ-ថៃ អាចនាំចូលទំនិញតាមច្រកព្រំដែនចាំយាម ដោយមានមុខទំនិញខ្លះហួសកាលបរិច្ឆេទប្រើប្រាស់ ថាជាអ្នកទទួលខុសត្រូវ ឬត្រូវផ្ដន្ទាទោស។ ជាងនេះ មន្ត្រីក្រសួងពាណិជ្ជកម្ម ឬមន្ទីរពាណិជ្ជកម្ម និងមន្ត្រីកាំកុងត្រូលសាខាខេត្តកោះកុង និងខេត្តព្រះសីហនុ ក៏ជាអ្នកជាប់ពាក់ព័ន្ធចំពោះកំហុសឆ្គងនាំចូលទំនិញហួសគុណភាពពីថៃ ចូលមកកាន់ទីផ្សារកម្ពុជា ហើយដាក់លក់ចេញមុខក្នុងស្តង់តាំងពិព័រណ៍ពាណិជ្ជកម្មកម្ពុជា-ថៃ នាខេត្តព្រះសីហនុ នេះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
