ពលរដ្ឋ​ឃុំ​សំរោង​ខេត្ត​តាកែវ​រិះគន់​ក្រុមហ៊ុន​កសាង​ផ្លូវ​លំ​ថា​មិន​ធានា​ការ​ដឹក​ជញ្ជូន​ធ្ងន់

0:00 / 0:00

ពលរដ្ឋ​នៅ​ក្នុង​ឃុំ​សំរោង ស្រុក​សំរោង ខេត្ត​តាកែវ រិះគន់​ការ​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ​នៅ​ក្នុង​ឃុំ ថា​មិន​មាន​គុណភាព​ដែល​អាច​ធានា​ការ​ដឹក​ជញ្ជូន​ធ្ងន់​បាន​ទេ ប៉ុន្តែ​ប្រធាន​ក្រុមហ៊ុន​ដែល​កសាង​ផ្លូវ បំភ្លឺ​ថា បាន​កសាង​ផ្លូវ​តាម​តែ​គម្រោង​បាន​ដាក់​ឲ្យ​ដេញ​ថ្លៃ​ប៉ុណ្ណោះ។

ផ្លូវ​កសាង​រួច​ប្រវែង​ជាង ២​គីឡូម៉ែត្រ ចំណាយ​ថវិកា​កសាង​ជាង ៦២​លាន​រៀល របស់​មូលនិធិ​ឃុំ​សំរោង ស្រុក​សំរោង ក្នុង​ខេត្ត​តាកែវ ត្រូវ​បាន​ប្រជាពលរដ្ឋ​តាម​ភូមិ​ខ្លះ​រិះគន់​ថា កសាង​មិន​ធានា​ដល់​ការ​ដឹក​ជញ្ជូន​បាន​យូរ​អង្វែង​ទេ។ ការ​រិះគន់​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី​អ្នក​ភូមិ និង​អាជ្ញាធរ​ខ្លះ ពិនិត្យ​ឃើញ​ថា ផ្លូវ​នោះ​មិន​បាន​ចាក់​ដី​បំពេញ​តាម​កិច្ចសន្យា បែរ​ជា​កាយ​ដី​ស្រែ​យក​ទៅ​ទប់​ជើង​ទេរ។

ពលរដ្ឋ​ភូមិ​តាពោន​ខាង​កើត មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា ដី​ស្រែ​គាត់​ត្រូវ​ក្រុមហ៊ុន​កសាង​ផ្លូវ​កាយ​យក​ទៅ​ទប់​ជើង​ទេរ​មិន​មាន​សំណង។ លោក​បន្ត​ថា តាម​កិច្ចសន្យា​កសាង គឺ​ក្រុមហ៊ុន​ត្រូវ​រក​ដី​យក​មក​ចាក់​បំពេញ​ផ្លូវ មិន​ត្រូវ​កាយ​ដី​ស្រែ​អ្នក​ស្រុក​យក​ទៅ​កសាង​ទេ៖ «គុណភាព​ផ្លូវ​ហ្នឹង​វា​មិន​ទាន់​បាន​គ្រប់​ពេញលេញ​តាម​ស្តង់ដារ​របស់​វា​ទេ។ បើ​អ៊ីចឹង ប្រជាពលរដ្ឋ​ទាំងអស់​គេ​ប្រតិកម្ម​ដែរ​ហ្នឹង គេ​មិន​ទាន់​ទទួល​យក​ជា​ផ្លូវ​ការ»

មេ​ភូមិ​តាពោន​ខាង​លិច​វិញ លោក នូ ផន ឲ្យ​ដឹង​ថា ផ្លូវ​កាត់​ភូមិ​នោះ​មាន​តែ ១០០​ម៉ែត្រ​ទេ សំណង់​ផ្លូវ​អាច​ប្រើប្រាស់​បាន ៥​ឆ្នាំ។ លោក​ថា ពិត​ជា​មាន​កាយ​ដី​ស្រែ​អ្នក​ស្រុក​ខ្លះ​បំពេញ​ជើង​ទេរ​ផ្លូវ​មែន៖ «ព្រោះ​អី​កន្លែង​ដែល​គេ​កាយ​ដី​របស់​ប្រជាជន​ហ្នឹង ក្រុមហ៊ុន​ហ្នឹង​ក៏​គេ​កំពុង​តែ​លុប​ឲ្យ​វិញ​ហើយ វា​មិន​បាន​ស្មើ​ដើម​ទេ ក៏ប៉ុន្តែ​វា​ប្រហាក់ប្រហែល និង​អាច​ធ្វើ​ស្រែ​កើត»

បំភ្លឺ​ចំពោះ​ការ​ចោទ​នោះ ប្រធាន​ក្រុមហ៊ុន ហ៊ន ភាន់​ត្រៃ ឲ្យ​ដឹង​ថា អាជ្ញាធរ​ឃុំ និង​គណៈកម្មការ​វត្ត​អង្គលង្គញ់ បាន​សុំ​ឲ្យ​ក្រុមហ៊ុន​ពង្រីក​ផ្លូវ​ពី​ថ្នល់​ជាតិ​លេខ​២ ទៅ​កាន់​ផ្លូវ​វត្ត​នោះ​ឲ្យ​បាន​បាត​ក្រោម​ផ្លូវ​ដល់​ទៅ ៧​ម៉ែត្រ ដែល​ក្នុង​គម្រោង​ឲ្យ​កសាង​តែ ៦​ម៉ែត្រ ទើប​ក្រុមហ៊ុន​កាយ​ដី​ស្រែ​ដែល​មាន​ស្មៅ​បំពេញ​ជើង​ទេ។ លោក​ថា បើ​អាជ្ញាធរ​មូលដ្ឋាន​មិន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​កាយ​ដី​ស្រែ​ក្បែរ​នោះ​បំពេញ​ជើង​ទេរ​ទេ ក៏​ក្រុមហ៊ុន​មិន​ហ៊ាន​ធ្វើ​ដែរ៖ «យើង​ខ្ញុំ​ធ្វើ​តែ​តាម​ប្លង់ តាម​ខ្នាត​របស់​ខ្ញុំ​ទេ ព្រោះ​អា​ហ្នឹង​យើង​កាយ​នេះ កាយ​មិន​មែន​ជា​កាយ​យក​មក​ចាក់​លើ​ខ្នង​ទេ កាយ​តម្រឹម​ជើង​ទេរ​ហ្នឹង ឲ្យ​វា​ស្មើ ព្រោះ​អា​ជើង​ទេរ​ចាស់​ហ្នឹង​វា​មាន​តូច​មាន​ធំ»

ជំទប់​ទី​១ ឃុំ​សំរោង លោក សិន វិបុល អះអាង​ថា ការ​កសាង​ផ្លូវ​លំ​នោះ​អស់​ប្រាក់​ជាង ៦២​លាន​រៀល ជា​ថវិកា​មូលនិធិ​ឃុំ​ឆ្នាំ​២០១៤។ លោក​ថា ​ក្រុមហ៊ុន ហ៊ន ភាន់​ត្រៃ បាន​កសាង​ផ្លូវ​មិន​អាច​ធានា​ដល់​ការ​ដឹក​ជញ្ជូន​ធ្ងន់​បាន​យូរ​ឆ្នាំ​ទេ។ បញ្ហា​នេះ មាន​ពលរដ្ឋ​ខ្លះ​បាន​ចោទ​ថា អាជ្ញាធរ​ឃុំ​បាន​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន​កសាង​ផ្លូវ ទើប​ផ្លូវ​គ្មាន​គុណភាព៖ «នីតិវិធី​ក្រុមហ៊ុន​ធ្វើ គឺ​អត់​បាន​ដឹក​ដី​ចាក់​ទេ តែ​ក្រុមហ៊ុន​កកាយ​ដី​ស្រែ​ប្រជាពលរដ្ឋ​យក​មក​ទប់ ដំឡើង​ធ្វើ​ជា​តួ​ផ្លូវ និង​ចាក់​ដី​ខ្សាច់​ឈូស​ឆាយ​យក​តែ​ម្តង។ ការ​ដែល​ធ្វើ​អ៊ីចឹង គឺ​ក្រុមហ៊ុន​មាន​ភាព​ចំណេញ​ច្រើន»

ដូច​គ្នា​ដែរ មេ​ឃុំ​សំរោង លោក សុខ សេង ពន្យល់​ថា ផ្លូវ​លំ​នោះ​ដាក់​ឲ្យ​ដេញ​ថ្លៃ​កសាង គឺ​ដំបូង ៩៣០​ម៉ែត្រ គឺ​ចំណាយ​ទឹក​ប្រាក់​អស់​ជាង ២៩​លាន​រៀល។ នៅ​ពេល​សល់​ទឹក​ប្រាក់ អាជ្ញាធរ​ឃុំ​ដាក់​ដេញ​ថ្លៃ​ជាង ១​ពាន់​ម៉ែត្រ​បន្ត​ទៀត សរុប​ចម្ងាយ​ផ្លូវ​កសាង ២.០១៧​ម៉ែត្រ។ លោក​ថា ធម្មតា​ផ្លូវ​លំ​រដ្ឋ​កំណត់​ធានា​ការ​ប្រើប្រាស់ ៥​ឆ្នាំ​ទេ វា​មិន​អាច​ត្រូវ​តាម​ស្តង់ដារ​ដែល​ចំណាយ​ថវិកា​ច្រើន​ទេ៖ «គំនូស​ប្លង់​ហ្នឹង​មិន​បាន​ត្រូវ​កាយ​ទប់​ជើង​ទេរ​ទេ ព្រោះ​ផ្លូវ​យើង​ចាស់​ធ្លាប់​ធ្វើ​ម្តង​ហើយ ដាក់​ក្រួស​ស​ហ្នឹង ឬ​ខ្សាច់​ស​ហ្នឹង​ពី​លើ​តែ​ម្តង ប៉ុន្តែ​ដោយ​ថា​យើង​ចង់​បាន​ផ្លូវ​ហ្នឹង​ឲ្យ​វា​ធំ​បន្តិច សុំ​ឲ្យ​គេ​ជួយ​ត្រាស​សេ​អា​ខាងៗ​បន្តិចៗ​ជួយ​ទប់​ជើង​ទេរ​ផង ឲ្យ​បាន​ផ្លូវ​ហ្នឹង​មើល​ទៅ​ធំ»

ផ្លូវ​លំ​ដែល​ពលរដ្ឋ​ឃុំ​សំរោង រិះគន់​ថា​គ្មាន​គុណភាព​នេះ កសាង​ដោយ​ក្រុមហ៊ុន ហ៊ន ភាន់​ត្រៃ មាន​បណ្តោយ ២០១៧​ម៉ែត្រ បាត​ក្រោម ៦​ម៉ែត្រ ខ្នង​លើ ៤​ម៉ែត្រ កសាង​ពី​វត្ត​អង្គលង្គញ់ ទៅ​ដល់​ភូមិ​តាពោន​ខាង​លិច កាត់​តាម​ភូមិ​ស្វាយ ភូមិ​តាពោន​ខាង​កើត និង​ភូមិ​តាពោន​ខាង​លិច។ ផ្លូវ​នោះ​បាន​បើក​ឲ្យ​ដំណើរ​ការ​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៥ កន្លង​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។