ក្តី​រំពឹង​របស់​ពលរដ្ឋ​ចំពោះ​អភិបាល​ខេត្ត​សៀមរាប​ថ្មី

ខេត្ត​សៀមរាប ជា​តំបន់​សម្បូរ​ដោយ​ប្រាសាទ​បុរាណ​ដែល​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​បរទេស​រាប់​លាន​នាក់​ក្នុង​១​ឆ្នាំៗ​ឱ្យ​ចូល​មក​ទស្សនា ត្រូវ​បាន​គេ​ពិពណ៌នា​ថា ទើប​តែ​មាន​អភិបាល​ខេត្ត​ជា​លើក​ដំបូង​ដែល​ជា​អ្នក​ស្រុក​ខ្លួន​ឯង ក្នុង​រយៈពេល​ជាង ២០​ឆ្នាំ​ចុង​ក្រោយ​នេះ។

0:00 / 0:00

ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន បាន​រំពឹង​ថា អភិបាល​ខេត្ត​ថ្មី​ដែល​ជា​កូន​ចៅ​អ្នក​សៀមរាប នឹង​ប្រឹងប្រែង​ធ្វើ​ការងារ​សេសសល់​ជាច្រើន​ពី​អភិបាល​ខេត្ត​ជំនាន់​មុនៗ​ឱ្យ​បាន​ប្រសើរ ដើម្បី​ឱ្យ​សក្ដិសម​នឹង​កេរ្តិ៍​ជា​ម្ចាស់​ស្រុក។

លោក ស៊ូ ភិរិន្ទ បាន​បញ្ចប់​តួនាទី​ពី​អភិបាល​ខេត្ត​សៀមរាប ហើយ​កាល​ពី​ថ្ងៃ​ទី២៩ ខែ​មេសា កន្លង​ទៅ ដោយសារ​តែ​រូប​លោក​ដល់​វ័យ​ចូល​និវត្តន៍ បន្ទាប់​ពី​រូប​លោក​បាន​គ្រប់គ្រង​តំណែង​ជា​អភិបាល​នៃ​ខេត្ត​នេះ​ប្រហែល ៧​ឆ្នាំ​មក។

ពិធី​ផ្ទេរ​តំណែង​អភិបាល​ខេត្ត​ថ្មី បាន​ប្រគល់​ឱ្យ​ឧត្តមសេនីយ៍​យោធា​ម្នាក់ គឺ​លោក ឃឹម ប៊ុនសុង ជា​មេ​បញ្ជាការ​កងយោធពល​ខេមរភូមិន្ទ​នៃ​តំបន់​ប្រតិបត្តិការ​សឹក​ប្រចាំ​ខេត្ត​នេះ។

«ចម្រៀង​ជូន​ពរ»

លោក ស៊ូ ភិរិន្ទ ជា​អតីត​អភិបាល​ខេត្ត​សៀមរាប ដែល​ផុត​អាណត្តិ​ទៅ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​ជំនួស​តំណែង​ថា មាន​ការងារ​សង្គម​ជាច្រើន​ដែល​អភិបាល​ខេត្ត​ថ្មី​ត្រូវ​ធ្វើ​បន្ត​ពី​រូប​លោក ដើម្បី​អភិវឌ្ឍ​ទីក្រុង និង​ធ្វើ​ឱ្យ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កាន់​តែ​ប្រសើរ។

ការងារ​ទាំង​នោះ ដូចជា​ការ​បង្កើន​បរិមាណ​ទឹក​ស្អាត និង​ការ​បង្កើន​ថាមពល​អគ្គិសនី​ឱ្យ​កាន់​តែ​ច្រើន​ឡើង ដោយសារ​តែ​បច្ចុប្បន្ន បញ្ហា​ទាំង​នេះ​មិន​ទាន់​អាច​ឆ្លើយ​តប​តាម​តម្រូវ​ការ​ប្រើប្រាស់ និង​កសិករ​មិន​ទាន់​មាន​ផលិត​កសិផល​បាន​គ្រប់គ្រាន់​តាម​តម្រូវ​ការ​ទីផ្សារ​ជាដើម៖ «ចំណាក​ស្រុក​របស់​ប្រជាជន​ខុស​ច្បាប់ បង្ក​ឱ្យ​ខ្វះ​កម្លាំង​ពលកម្ម​ក្នុង​ខេត្ត និង​សុវត្ថិភាព​ផ្ទាល់​ខ្លួន​របស់​យើង​នៅ​ទូទាំង​ខេត្ត។ ស្រុក​អង្គរជុំ មួយ គ្រាន់​តែ​យើង​សង្កេត​មើល គឺ ១​ម៉ឺន​នាក់ ស្រុក​ថៃ ដល់​ម៉ោង​ហ្នឹង ៧​ពាន់​នាក់ នៅ​ស្រុក​ផ្សេងៗ​ក៏​មាន​ខ្លះ​ដែរ។ នេះ​ជា​កង្វល់​របស់​យើង។ ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ ជា​ក្ដី​កង្វល់​របស់​អាជ្ញាធរ​មូលដ្ឋាន ដូច្នេះ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំងក្លា​ថែម​ទៀត។ ដី​សម្បទាន​សង្គម​កិច្ច ត្រូវ​ផ្ដល់​ឱ្យ​យោធិន​ពិការ គ្រួសារ​យោធិន និង​ប្រជាពលរដ្ឋ។ យើង​នៅ​ធ្វើ​បន្ត​ទៅ​ទៀត ដូច​៣១៧ និង​ការ​ប្រគល់​ដី​របស់​យើង​នៅ​ឃុំ​កំពង់ភ្លុក និង​បញ្ហា​ផ្សេងៗ​ទៀត​នៅ​ស្រុក​វ៉ារិន ជាដើម»

ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ឱ្យ​ដឹង​ថា ខេត្ត​សៀមរាប បច្ចុប្បន្ន ក្រៅ​តែ​ពី​ដូច​ការ​រៀបរាប់​របស់​អតីត​អភិបាល​ខេត្ត​នេះ គឺ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត ដូចជា​ផ្លូវ​ថ្នល់​ដែល​ខូចខាត​ក្នុង​ទីក្រុង ត្រូវ​ធ្វើ​ឱ្យ​ល្អ​ស្អាត​ឡើង​វិញ ការ​ធ្វើ​ប្រព័ន្ធ​បង្ហូរ​ទឹក​ក្រខ្វក់ និង​ការពារ​ទឹក​ជំនន់ ព្រម​ទាំង​សណ្ដាប់​ធ្នាប់​ចរាចរណ៍​នៅ​ក្នុង​ទីក្រុង​ជាដើម គឺ​អភិបាល​ខេត្ត​ថ្មី​ត្រូវ​ធ្វើ​បន្ត។

ក្រុម​ប្រជាពលរដ្ឋ​ខ្លះ​បាន​សម្ដែង​ការ​ស្វាគមន៍​ចំពោះ​វត្តមាន​អភិបាល​ខេត្ត​ថ្មី ហើយ​ទន្ទឹម​នឹង​ការ​ស្វាគមន៍​នេះ គេ​ចង់​ឱ្យ​អភិបាល​ខេត្ត​ថ្មី​ជួយ​ដោះស្រាយ​បញ្ហា​ដែល​អភិបាល​ខេត្ត​ចាស់​នៅ​មិន​ទាន់​បាន​ដោះស្រាយ​នៅ​ឡើយ​ដែរ។

ស្ត្រី​អ្នក​ភូមិ​បន្ទាយស្រី ស្រុក​បន្ទាយស្រី ម្នាក់​ឈ្មោះ នាង ឃុននី បាន​មាន​ប្រសាសន៍​ថា គ្រួសារ​របស់​គាត់​ត្រូវ​ក្រុម​អាជ្ញាធរ​អប្សរា​រុះរើ​ទីលំនៅ​កាល​ពី ២​ឆ្នាំ​មុន។ បញ្ហា​នេះ​នៅ​មិន​ទាន់​បាន​ដោះស្រាយ​យ៉ាង​ណា​នៅ​ឡើយ​ទេ ហើយ​អ្នកស្រី​ចង់​ឱ្យ​អភិបាល​ខេត្ត​ថ្មី​ជួយ​ដោះស្រាយ​រឿង​នោះ៖ «ខ្ញុំ​សង្ឃឹម​ថា អភិបាល​ខេត្ត​ដែល​ឡើង​មក​កាន់​ខេត្ត​សៀមរាប ថ្មី មាន​ដំណោះស្រាយ​ប្រជាពលរដ្ឋ​ឱ្យ​សមរម្យ ដែល​អាច​ទទួល​យក​បាន ឬ​មួយ​ដំណោះស្រាយ​ជាមួយ​ក្រុម​អាជ្ញាធរ​អប្សរា»

ជាមួយ​គ្នា​នេះ ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ដែល​កំពុង​ធ្វើ​ការ​ក្នុង​ខេត្ត​សៀមរាប ក៏​រំពឹង​ថា អភិបាល​ខេត្ត​ថ្មី​នឹង​បន្ត​កិច្ច​សហការ​ការងារ​ជាមួយ​គ្នា​បាន​ល្អ​ថែម​ទៀត។

អ្នក​ស៊ើប​អង្កេត​របស់​ សមាគម​អាដហុក (Adhoc) ការពារ​សិទ្ធិ​មនុស្ស ខេត្ត​សៀមរាប លោក សួស ណារិន បាន​មាន​ប្រសាសន៍​ថា ក្រុម​បណ្ដាញ​ការងារ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល នឹង​រៀបចំ​ពេល​ណា​មួយ​ដើម្បី​ចូល​ជួប​សម្ដែង​ការ​គួរសម​ជាមួយ​អភិបាល​ខេត្ត​ដែល​ទើប​តែ​ឡើង​កាន់​តំណែង​ថ្មី។ មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា បន្ទាប់​ពី​អភិបាល​ខេត្ត​ថ្មី​ឡើង​កាន់​តំណែង​នេះ សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក មាន​គម្រោង​នឹង​ដាក់​បញ្ហា​ទំនាស់​ដីធ្លី​ខ្លះៗ​ដែល​មិន​ទាន់​បាន​ដោះស្រាយ​នៅ​ឡើយ ឱ្យ​អភិបាល​ខេត្ត​ថ្មី​ជួយ​ដោះស្រាយ​បន្ត៖ «រឿង​ធំៗ​ប្រហែល​ជា ៥​ករណី ដែល​យើង​ត្រូវ​ដាក់ ដូចជា​នៅ​ឃុំ​ស្គន់ នៅ​ភូមិ​តាពេន នៅ​ភូមិ​វត្ត​ដំណាក់ នៅ​ចុង​កៅស៊ូ និង​នៅ​ឃុំ​ស្រែណូយ ជាដើម»

ចំណែក​អ្នក​សម្រប​សម្រួល​ អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក នូ ពុទ្ធិ បាន​យល់​ឃើញ​ថា អភិបាល​ខេត្ត​ថ្មី​នឹង​យក​ចិត្ត​ទុក​ដាក់​បន្ត​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​ដែល​នៅ​សេសសល់​ពី​មុន៖ «សង្គម​ស៊ីវិល​សង្ឃឹម​ថា ឯកឧត្តម​ថ្មី​នឹង​មាន​សម្មាន​ចិត្ត​ទូលំទូលាយ​ធ្វើ​ការ​ដើម្បី​សង្គម​នៅ​ក្នុង​សហគមន៍​ទូទាំង​ខេត្ត​សៀមរាប នេះ»

អភិបាល​ខេត្ត​ថ្មី លោក ឃឹម ប៊ុនសុង បាន​មាន​ប្រសាសន៍​ថា លោក​មាន​សេចក្តី​រីករាយ និង​មាន​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​បំផុត​ដែល​ព្រះមហាក្សត្រ និង​ប្រមុខ​រាជ​រដ្ឋាភិបាល​បាន​ទុក​ចិត្ត និង​ប្រគល់​តួនាទី​ឱ្យ​រូប​លោក​ធ្វើ​ជា​អភិបាល​ខេត្ត​សៀមរាប។ លោក​សង្ឃឹម​ថា តាម​រយៈ​កិច្ច​សហការ​ជាមួយ​អភិបាល​រង​ខេត្ត អភិបាល​ស្រុក និង​មន្ទីរ​ពាក់ព័ន្ធ​នានា ដើម្បី​បំពេញ​ការងារ​រដ្ឋាភិបាល គឺ​ប្រាកដ​ជា​នឹង​មាន​ការ​គាំទ្រ​ចំពោះ​ការ​ដឹកនាំ​របស់​លោក​កាន់​តែ​ខ្លាំង​ឡើង​នៅ​ពេល​ខាង​មុខ៖ «ខិតខំ​ឱ្យ​អស់​កម្លាំង​កាយ​ចិត្ត ប្រាជ្ញា​ស្មារតី និង​បំពេញ​ការងារ​ឱ្យ​បាន​ទទួល​ជោគជ័យ​ជូន​ជាតិ​មាតុភូមិ និង​ប្រជាជន​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់។ ខិតខំ​រក្សា​ឱ្យ​បាន​នូវ​អព្យាក្រឹតភាព​ការងារ​រដ្ឋបាល សំដៅ​លើក​កម្ពស់​គុណភាព​សេវា​ជូន​ប្រជាជន​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ»

ប្រជាពលរដ្ឋ​ខ្លះ​បាន​ស្គាល់​ថា លោក​ឧត្តមសេនីយ៍ទោ ឃឹម ប៊ុនសុង គឺ​មាន​ស្រុក​កំណើត​នៅ​ឃុំ​កំពង់ក្ដី ស្រុក​ជីក្រែង ចម្ងាយ​ប្រមាណ​ជាង ៦០​គីឡូម៉ែត្រ​ភាគ​ខាង​កើត​ពី​ទីក្រុង​សៀមរាប។ លក្ខណៈ​សម្បត្តិ​របស់​អភិបាល​ខេត្ត​សៀមរាប ថ្មី​នេះ​គឺ​ដោយសារ​តែ​លោក​ជា​នាយ​ទាហាន​ជាង ២០​ឆ្នាំ​ក្នុង​ខេត្ត​នេះ អាច​ស្គាល់​ភូមិសាស្ត្រ​ជាច្រើន​កន្លែង​ដែល​នឹង​ត្រូវ​ធ្វើ​គម្រោង​អភិវឌ្ឍន៍ និង​ម្យ៉ាង​ទៀត រូប​លោក​គឺ​ជា​អ្នក​មាន​ស្រុក​កំណើត​នៅ​ទីនេះ ជា​លើក​ដំបូង​ដែល​បាន​ឡើង​ធ្វើ​ចៅហ្វាយ​ខេត្ត។ ដូច្នេះ លោក​អាច​នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការ​ជាច្រើន​ដើម្បី​បន្សល់​ទុក​ស្នាដៃ និង​កេរ្តិ៍​ឈ្មោះ​ល្អ​ជា​ប្រវត្តិសាស្ត្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។