ប្រជាពលរដ្ឋរស់នៅភូមិក្រឡាញ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ប្រតិកម្មចំពោះក្រុមហ៊ុនអគ្គិសនីសង្កែ ដែលបានកាត់ផ្ដាច់បណ្ដាញអគ្គិសនី មិនឲ្យពួកគាត់ប្រើប្រាស់ ហើយបង្ខំឲ្យពួកគាត់ទិញសម្ភារៈអគ្គិសនីរបស់ក្រុមហ៊ុន ទើបខាងក្រុមហ៊ុនអនុញ្ញាតឲ្យអ្នកភូមិទាំងនោះតភ្ជាប់បណ្ដាញអគ្គិសនីឡើងវិញ។
ថ្លែងប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៣ ខែតុលា អ្នកភូមិទាំងនោះលើកឡើងថា កាលពីថ្ងៃទី១ ខែតុលា កន្លងទៅថ្មីៗនេះ បុគ្គលិករបស់ក្រុមហ៊ុនអគ្គិសនីស្រុកសង្កែ បានចុះទៅតបណ្ដាញអគ្គិសនីនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ឲ្យអ្នកភូមិប្រើប្រាស់នៅតាមលំនៅឋាន។
អ្នកភូមិឈ្មោះ ផល បូរ៉ា រស់នៅភូមិក្រឡាញ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ថ្លែងថា ក្រុមអ្នកភូមិបានបង់សេវាភ្លើងអគ្គិសនី ទិញខ្សែភ្លើង កុងទ័រ និងឌីសង់ទ័រ ដើម្បីភ្ជាប់អគ្គិសនីប្រើប្រាស់បានមួយចំនួនហើយ ស្រាប់តែនៅថ្ងៃទី២ និងថ្ងៃទី៣ ខែតុលា បុគ្គលិកក្រុមហ៊ុនអគ្គិសនីបានចុះទៅកាត់ផ្ដាច់បណ្ដាញអគ្គិសនីពីលំនៅឋានអ្នកភូមិទៅវិញ ដោយសារតែអ្នកភូមិមិនព្រមទិញឌីសង់ទ័ររបស់ក្រុមហ៊ុន។
លោក ផល បូរ៉ា៖ «យើងមានឌីសង់ទ័រដែលគេមិនឲ្យប្រើប្រហែលជា ១០គ្រួសារ ប្រើផ្ទះខ្ញុំភ្ជាប់ហើយ ប្រើបានប្រហែលជា ១គីឡូហើយ ស្រាប់តែគេមកមើល គេផ្ដាច់វិញ គេតម្រូវឲ្យទិញរបស់គេ តែយើងអត់ទិញរបស់គេ អ៊ីចឹងគេសុំផ្ដាច់។ ចំណែកឯផ្ទះនៅជិតខ្ញុំ ៤គ្រួសារ គេអត់ភ្ជាប់ឲ្យ គេថាអត់ប្រើឌីសង់ទ័រគេ អ៊ីចឹងគេអត់ទាន់ភ្ជាប់ទេផ្ទះខ្ញុំនៅជាប់បង្គោលអស់ប្រហែល ៥០ម៉ឺនរៀល។ ចំណែកផ្ទះនៅឆ្ងាយប្រហែល ១លានរៀល»។
អ្នកភូមិអះអាងថា ឌីសង់ទ័រមួយគ្រឿងលក់នៅតាមទីផ្សារមានតម្លៃត្រឹមតែ ២ម៉ឺនរៀល ខុសពីក្រុមហ៊ុនអគ្គិសនីដែលយកទៅលក់អោយអ្នកភូមិក្នុងតម្លៃ ៤ម៉ឺនរៀល។ ពួកគាត់បន្តថា ក្រុមអ្នកភូមិបាននាំគ្នាទិញឌីសង់ទ័រពីផ្សារយកទៅដាក់ ប៉ុន្តែបុគ្គលិកអគ្គិសនីរបស់ក្រុមហ៊ុនមិនព្រមតភ្ជាប់បណ្ដាញអគ្គិសនីឲ្យទេ ហើយបង្ខំឲ្យពួកគាត់ទិញឌីសង់ទ័ររបស់ក្រុមហ៊ុនទើបគេតភ្ជាប់ឲ្យ។
វិទ្យុអាស៊ីសេរី បានព្យាយាមទូរស័ព្ទទាក់ទងទៅភាគីក្រុមហ៊ុនអគ្គិសនីស្រុកសង្កែ ប៉ុន្តែលេខទូរស័ព្ទរបស់ក្រុមហ៊ុនបិទ មិនអាចសុំការបញ្ជាក់បាន។
អ្នកភូមិម្នាក់ទៀតឈ្មោះ ឃឿម រ៉េន ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធចុះជួយអន្តរាគមន៍ជាមួយក្រុមហ៊ុនអគ្គិសនីសង្កែ ដើម្បីឲ្យអ្នកភូមិទទួលបានភ្លើងអគ្គិសនីប្រើប្រាស់។ លោកបន្តថា បុគ្គលិកអគ្គិសនីរបស់ក្រុមហ៊ុនកំពុងគាបសង្កត់អ្នកភូមិ៖ «ឌីសង់ទ័រដែលតម្រូវឲ្យយើងទិញរបស់គាត់ហ្នឹង មួយគេលក់ ៤ម៉ឺន តែយើងទៅសួរកន្លែងលក់តែ ២ម៉ឺនរៀលទេ ហើយខ្សែក៏អ៊ីចឹងដែរ ប៉ុន្តែយើងអត់មានតវ៉ាអី យើងសុខចិត្តទិញរបស់គាត់ ទោះបីថ្លៃយ៉ាងម៉េចក៏ដោយ តែឌីសង់ទ័រដែលយើងបានរៀបចំអស់ហើយ គេមិនសុខចិត្ត ទាល់តែយើងទិញឌីសង់ទ័រគេ បានដាក់ភ្លើងអោយយើង»។
ទន្ទឹមគ្នានេះ ក្រុមអ្នកភូមិបានបង់សេវាទៅឲ្យក្រុមហ៊ុនចំនួន ២២ម៉ឺនរៀល បង់ថ្លៃអូសខ្សែចូលទៅកាន់លំនៅឋានចំនួន ៤ម៉ឺនរៀល ហើយនៅពេលតបណ្ដាញអគ្គិសនីនោះ បុគ្គលិករបស់ក្រុមហ៊ុនអគ្គិសនីបានសុំលុយមួយចំនួនពីអ្នកភូមិថែមទៀត ហើយក្រុមអ្នកភូមិបានសុខចិត្តចំណាយថវិកាទាំងនោះ ដោយសង្ឃឹមថា នឹងទទួលបានភ្លើងអគ្គិសនីប្រើប្រាស់ប្រចាំថ្ងៃ៖ «ផ្ទះខ្លះដូចជានៅផ្ទះខ្ញុំ តមកអូសមកដាក់ដល់ផ្ទះ ដាក់តែម្ដង ហើយយកលុយអស់ហើយ ដូចថា អ្នកដែលទិញមកហើយត្រូវគេបង្ខំឲ្យទិញ គេមិនឲ្យប្រើហ្នឹងប្រហែល ១០គ្រួសារ»។
ទោះយ៉ាងណា គេសង្កេតឃើញថា ប្រជាពលរដ្ឋនៅស្រុកសង្កែ ដែលមានបណ្ដាញអគ្គិសនីប្រើប្រាស់នៅតាមលំនៅឋាន នៅមានចំនួនតិចតួច ហើយបញ្ហានេះកំពុងបង្កការលំបាកក្នុងការប្រកបអាជីវកម្មផ្សេងៗ ជាពិសេសនៅពេលយប់ អ្នកភូមិខ្លះប្រើអាគុយ ភ្លើងទៀន ភ្លើងចង្កៀង ជាដើម។ អ្នកភូមិបានបញ្ជាក់ថា កន្លងទៅនេះ មានប្រជាពលរដ្ឋជាច្រើនគ្រួសារបាននាំគ្នាដាក់ពាក្យជាវភ្លើងអគ្គិសនីប្រើប្រាស់ប្រចាំថ្ងៃ តាមរយៈអាជ្ញាធរមូលដ្ឋាន ប៉ុន្តែដំណើរការនេះមានភាពយឺតយ៉ាវ៖ «ការប្រើប្រាស់នេះ ប្រជាពលរដ្ឋគាត់តចូលច្រកចូលតាមភូមិ ប៉ុន្តែទាក់ទងទៅអគ្គិសនីហ្នឹង ចេះតែដាក់ពាក្យទៅគ្រប់តែភូមិដែរ ប៉ុន្តែអគ្គិសនីចេះតែថា ថ្ងៃនេះថ្ងៃនុះ»។
មេឃុំកំពង់ព្រះ លោកស្រី ទួន សាវន ថ្លែងថា ប្រជាពលរដ្ឋនៅក្នុងឃុំកំពង់ព្រះ មានចំនួនជាង ២ពាន់គ្រួសារ។ ក្នុងចំនួននេះ អ្នកភូមិដែលមានភ្លើងអគ្គិសនីប្រើប្រាស់នៅមានចំនួនតិចតួចនៅឡើយ។ លោកស្រីបន្តថា នៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ឆ្នាំ២០១៣ នេះ អាជ្ញាធរឃុំបានបញ្ជូនពាក្យស្នើភ្ជាប់បណ្ដាញអគ្គិសនីប្រើប្រាស់ចំនួន ៣ភូមិហើយ។ នៅក្រោយការបោះឆ្នោត អាជ្ញាធរបានបញ្ជូនពាក្យស្នើសុំជាវភ្លើងអគ្គិសនីប្រើប្រាស់ចំនួន ៤ភូមិ ទៅបន្ថែមទៀត។ ប៉ុន្តែ ការតភ្ជាប់ភ្លើងអគ្គិសនីរបស់ក្រុមហ៊ុនឲ្យអ្នកភូមិប្រើប្រាស់នេះមានភាពយឺតយ៉ាវ៖ «ពាក្យខ្ញុំដាក់ទៅដាក់តាំងពីមុនបោះឆ្នោត ប៉ុន្តែអត់ឃើញមានអ្នកណាគេតទេ ហើយខ្ញុំប្រជុំថ្ងៃមុនហ្នឹង ក៏គាត់សួរពីរឿងហ្នឹងដែរ ហើយខ្ញុំប្រាប់គាត់ថា ខាងអគ្គិសនីគេថានៅរួចពីការបោះឆ្នោត»។
ក្រុមហ៊ុនអគ្គិសនីឯកជនដែលទទួលបានសិទ្ធិធ្វើអាជីវកម្មបន្តពីអគ្គិសនីកម្ពុជា ជាទូទៅត្រូវបានគេមើលឃើញថា បានធ្វើអាជីវកម្មទារសេវាភ្ជាប់បណ្ដាញអគ្គិសនីឲ្យអ្នកភូមិប្រើប្រាស់មានចំនួនច្រើនលើសលប់ ហើយអ្នកភូមិខ្លះមានជីវភាពខ្វះខាត ពុំអាចមានលទ្ធភាពជាវអគ្គិសនីនេះប្រើប្រាស់បាន។ ចំណែកឯអ្នកភូមិខ្លះទៀត ដោយសារចង់បានភ្លើងអគ្គិសនីប្រើប្រាស់ បាននាំគ្នាទៅខ្ចីបុលលុយគេ ដើម្បីយកទៅបង់ឲ្យក្រុមហ៊ុន ដោយសង្ឃឹមថា នឹងទទួលបានភ្លើងអគ្គិសនីប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងក្រុមគ្រួសារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
