ពលរដ្ឋ​ខេត្ត​បាត់ដំបង​រិះគន់​សកម្មភាព​សមត្ថកិច្ច​ពន្ធដារ​ត្រួត​ពិនិត្យ​ពន្ធ​យានយន្ត

0:00 / 0:00

ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​យានយន្ត និង​ទោចក្រយានយន្ត​មួយ​ចំនួន ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៥ នៅ​ខេត្ត​បាត់ដំបង រិះគន់​ចំពោះ​សកម្មភាព​ត្រួត​ពិនិត្យ​របស់​មន្ត្រី​ពន្ធដារ​ខេត្ត ថា​បាន​រឹត​បន្តឹង​ពន្ធ​យានយន្ត​ហួសហេតុ។ ការ​ថ្លែង​ដូច​នេះ កើត​មាន​បន្ទាប់​ពី​មន្ត្រី​ពន្ធដារ ចុះ​ផាក​ពិន័យ​តាម​ផ្លូវ​ថ្នល់​នៅ​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥។

ម្ចាស់​យានយន្ត​ដែល​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ជាតិ​លេខ​៥ នៅ​ខេត្ត​បាត់ដំបង នោះ សម្ដែង​ការ​មិន​ពេញ​ចិត្ត​ទៅ​នឹង​ទង្វើ​របស់​សមត្ថកិច្ច​ពន្ធដារ​នេះ ថា​ជា​សកម្មភាព​មួយ​ផាក​ពិន័យ​ប្រជាពលរដ្ឋ​តាម​អំពើ​ចិត្ត ដោយ​គ្មាន​ហេតុផល។

ក្រុម​ម្ចាស់​យានយន្ត​ថ្លែង​ប្រាប់​បន្ទាប់​ពី​ឈប់​រថយន្ត​នៅ​ចំណុច​ភូមិ​ពពាលខែ ឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី​៥ កុម្ភៈ ថា មន្ត្រី​ពន្ធដារ​ផាក​ពិន័យ​នេះ​ធ្វើ​ឡើង​ហួសហេតុ គឺ​សមត្ថកិច្ច​ទារ​ប្រាក់​ពី​ម្ចាស់​យានយន្ត​ពី ១​ម៉ឺន ទៅ​ជាង មួយ​លាន​រៀល (១.២០០.០០០​រៀល) ក្នុង​រថយន្ត​មួយ​គ្រឿង បើ​ទោះ​ជា​រថយន្ត​មាន​ច្បាប់​គ្រប់គ្រាន់​ហើយ​ក៏ដោយ៖ «ខ្ញុំ​អត់​មាន​ខុស​ទេ ហើយ​ខ្ញុំ​បើក​ឡាន​តាម​ផ្លូវ​មក​ដូច​ធម្មតា តែ​គេ​យក​ពី​ខ្ញុំ​អស់​មួយ​ម៉ឺន​រៀល​ហើយ ដោយ​ចោទ​ថា ខ្ញុំ​បើកបរ​មិន​ពាក់​ខ្សែ​ក្រវាត់។ ប័ណ្ណ​បើកបរ​ក៏​មាន ប័ណ្ណ​បង់​ពន្ធ​ក៏​មាន ដល់​ពេល​ខ្ញុំ​សុំ​គេ​ទៅ តែ​សមត្ថកិច្ច​អត់​ឲ្យ​ឡាន​ខ្ញុំ​ទៅ ហើយ​គេ​ឲ្យ​ខ្ញុំ​ទៅ​បង់​ជាង ១​លាន​រៀល»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អនុប្រធាន​ការិយាល័យ​រដ្ឋបាល​ពន្ធដារ​ខេត្ត​បាត់ដំបង លោក មួន មូវ មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​ចុះ​ត្រួត​ពិនិត្យ​រថយន្ត​តាម​ដង​ផ្លូវ​នេះ ដើម្បី​រឹត​បន្តឹង​ដល់​ម្ចាស់​យានយន្ត និង​ទោចក្រយានយន្ត​ដែល​ពុំ​ទាន់​បង់​ពន្ធ​ប្រចាំ​ឆ្នាំ​២០១៤ បំពេញ​កាតព្វកិច្ច​បង់​ពន្ធ​ជូន​រដ្ឋ​តាម​ច្បាប់​ឲ្យ​បាន​គ្រប់​គ្នា គឺ​ពុំ​បាន​ផាក​ពិន័យ​ប្រជាពលរដ្ឋ​តាម​អំពើ​ចិត្ត​ឡើយ៖ «ឡាន​ដែល​មាន​ឯកសារ គឺ​ពួក​គាត់​មិន​កាក់​គាត់​ទេ ដោយ​ឡែក​រថយន្ត​ដែល​ចត​ខាង​មុន​នេះ គឺ​គាត់​អត់​មាន​ឯកសារ​អ្វី​ទាំងអស់​ក្នុង​ការ​បង់​ពន្ធ​ឆ្នាំ​២០១៤ នេះ។ អ៊ីចឹង​ការ​ឆែក​នេះ យើង​អត់​មាន​យក​លុយ​យក​កាក់​អី​ពី​បង​ប្អូន​ទេ គឺ​អ្វី​ដែល​សំខាន់ ខ្ញុំ​ត្រួត​ពិនិត្យ​លើ​មធ្យោបាយ​ពន្ធ​របស់​ប៉ុណ្ណោះ»

ទោះ​យ៉ាង​នេះ​ក្ដី មន្ត្រី​ស៊ើប​អង្កេត​អង្គការ​លីកាដូ (Licadho) ខេត្ត​បាត់ដំបង លោក ហេង សាយហុង មាន​ប្រសាសន៍​ថា សមត្ថកិច្ច​រឹត​បន្តឹង​លើ​ពន្ធ​យានយន្ត​តាម​ផ្លូវ​ច្បាប់ គឺ​រឿង​ត្រឹមត្រូវ។ តែ​យ៉ាង​ណា លោក​ថា សកម្មភាព​ត្រួត​ពិនិត្យ​យានយន្ត​តាម​ដង​ផ្លូវ​នៅ​ក្នុង​ខេត្ត​បាត់ដំបង កន្លង​ទៅ មន្ត្រី​ពាក់ព័ន្ធ​ច្រើន​អនុវត្ត​សួរ​ដេញដោល​ហួសហេតុ ដើម្បី​រក​ចំណុច​ដាក់​បន្ទុក​ដល់​ម្ចាស់​យានយន្ត៖ «អា​រឿង​សមត្ថកិច្ច​ចុះ​ពិនិត្យ​រថយន្ត គឺ​មិន​ដែល​ពិនិត្យ​តែ​មួយ​មុខ​ទេ គឺ​តែង​តែ​សួរ​រក​គ្រប់​យ៉ាង​អស់​ពី​រឿង​មួយ​ទៅ​មួយ មិន​ចេះ​ចប់​មិន​ចេះ​ហើយ ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​កំហុស​ឲ្យ​ទាល់​តែ​បាន»

មន្ត្រី​ពន្ធដារ​ខេត្ត​បាត់ដំបង សហការ​ជាមួយ​មន្ត្រី​កង​ប្រដាប់​អាវុធ រួម​មាន​ប៉ូលិស​ចរាចរណ៍ និង​មន្ត្រី​កង​រាជ​អាវុធហត្ថ​ប្រមាណ​ជិត ២០​នាក់ ចុះ​ត្រួត​ពិនិត្យ​យានយន្ត និង​ទោចក្រយានយន្ត​តាម​ដង​ផ្លូវ​ជាតិ​លេខ​៥ នៅ​ចំណុច​ភូមិ​ពពាលខែ ឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង។ ការ​ត្រួត​ពិនិត្យ​នេះ​យើង​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ រអ៊ូរទាំ​ចំពោះ​សកម្មភាព​របស់​អាជ្ញាធរ​នេះ​ស្ទើរ​គ្រប់​គ្នា ហើយ​សមត្ថកិច្ច​មិន​អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ណា​ថត​យក​រូបភាព​នោះ​ឡើយ។ ចំពោះ​អ្នក​ថត​ក៏​ត្រូវ​សមត្ថកិច្ច​ទាមទារ​ឲ្យ​លុប​ចេញ​វិញ​ភ្លាមៗ​ដែរ។ ចំណែក​ឯ​អ្នក​សារព័ត៌មាន ក៏​ត្រូវ​សមត្ថកិច្ច​នៅ​កន្លែង​នោះ​បក់​ដៃ​ហៅ​ទៅ​សួរ​នាំ​អំពី​ការ​ចុះ​យក​ព័ត៌មាន​នៅ​កន្លែង​ពួក​គាត់​ធ្វើ​សកម្មភាព ដែល​ធ្វើ​ឲ្យ​ស្ទះ​ចរាចរណ៍​ប្រមាណ​ជាង ៣​ម៉ោង​នោះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។