ពលរដ្ឋ​នៅ​កំពង់ឆ្នាំង​រិះគន់​អាជ្ញាធរ​ចំពោះ​ការ​យក​ផែ​ទៅ​ជួល​ឲ្យ​ដេប៉ូ​លក់​ឈើ

0:00 / 0:00

អាជ្ញាធរ និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ឃុំ​ឆ្នុកទ្រូ ខេត្ត​កំពង់ឆ្នាំង រិះគន់​ជំទប់​ទី​១​របស់​គណបក្ស​ប្រជាជន​កម្ពុជា ចំពោះ​ការ​យក​ផែ​ដែល​ជា​ជំនួយ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ទៅ​ជួល​ផ្ដាច់​មុខ​ឲ្យ​ដេប៉ូ​លក់​ឈើ។ ពួក​គាត់​អះអាង​ថា ការ​ជួល​បែប​នេះ​អាច​ធ្វើ​ឲ្យ​ផែ​ឆាប់​ខូច និង​ប៉ះពាល់​ដល់​ការ​ជួល​ឲ្យ​ពលរដ្ឋ​នៅ​ទូទាំង​ឃុំ នៅ​ពេល​មាន​ពិធី​មង្គលការ ឬ​បុណ្យ​ទាន​ផ្សេងៗ។

ផែ​ចំនួន​ពីរ​គ្រឿង​សម្រាប់​ប្រើប្រាស់​ក្នុង​ឃុំ ឬ​ជួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​តម្លៃ​ទាប នៅ​ពេល​ដែល​មាន​ពិធី​បុណ្យ​ទាន​ផ្សេងៗ ប៉ុន្តែ​ផែ​មួយ​គ្រឿង​ត្រូវ​បាន​ជំទប់​ទី​១ ឃុំ​ឆ្នុកទ្រូ ឈ្មោះ សុក សៀម យក​ទៅ​ជួល​ឲ្យ​ដេប៉ូ​លក់​ឈើ​មួយ​កន្លែង​អស់​រយៈពេល​ជិត​មួយ​ខែ​មក​ហើយ។ បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខក​ចិត្ដ និង​បារម្ភ​ខ្លាច​គេ​ជួល​ឲ្យ​ទៅ​ឈ្មួញ​រក​ស៊ី​ក្នុង​រយៈពេល​យូរ​អង្វែង។

ប្រជាពលរដ្ឋ​ម្នាក់​ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ ខែ​កក្កដា ថា ក្រោយ​ពី​ការ​ជួល​នេះ មាន​ពលរដ្ឋ​ក្នុង​ឃុំ​ជាច្រើន​នាក់​សម្ដែង​ការ​មិន​ពេញ​ចិត្ត ដោយ​ពួក​គាត់​ចង់​ឲ្យ​អាជ្ញាធរ យក​ផែ​នោះ​មក​ទុក​សម្រាប់​ជួល​ដល់​ប្រជាពលរដ្ឋ​វិញ បើ​ទោះ​បី​ជា​រដូវ​នេះ​មិន​សូវ​មាន​ពិធី​មង្គលការ ឬ​ពិធី​បុណ្យ​ទាន​ច្រើន​ដូច​នៅ​ក្នុង​រដូវ​ប្រាំង។

លោក​រំលឹក​ថា កាល​ពី​រដូវ​ប្រាំង ផែ​ទាំង​ពីរ​ត្រូវ​បាន​អ្នក​ភូមិ ដែល​មាន​រវល់​ការ​កូន​ចៅ ឬ​កម្មវិធី​ផ្សេងៗ​ក្នុង​មូលដ្ឋាន បាន​មក​ជួល​ជា​ញឹកញាប់ ដោយ​ក្នុង​១​ខែ​មាន​រហូត​ទៅ​ដល់​ជាង ២០​ដង​ក៏​មាន៖ «ខ្ញុំ​វិញ​អត់​ពេញ​ចិត្ត​តែ​ម្ដង ព្រោះ​ផែ​ហ្នឹង​វា​សម្រាប់​ជួល​ឲ្យ​ប្រជាពលរដ្ឋ​មាន​លក្ខណៈ​ទូទៅ ហើយ​យើង​យក​ទៅ​ដាក់​ផ្ដាច់​មុខ​ក្រុមហ៊ុន​ឯកជន​អ៊ីចឹង​វា​អត់​សម។ ផែ​ហ្នឹង​បើ​និយាយ​ទៅ​គេ​ជួល​ធ្វើ​បុណ្យ ឬ​ការ​រហូត។ បាទ! បើ​មួយ​វា​តូច បើ​ប្រាំង​មិញ ការ​បុណ្យ​អ៊ីចឹង​ទៅ​គេ​ជួល​ម្ដង​ពីរ​អ៊ីចឹង ជួល​កាល​ថែម​ទាំង​ផែ​វៀតណាម មួយ​ទៀត​ផង»

ឆ្លើយ​តប​បញ្ហា​នេះ លោក សុក សៀម ថ្លែង​បញ្ជាក់​ថា លោក​ពិត​ជា​បាន​ជួល​ផែ​មួយ​គ្រឿង​ទៅ​ឲ្យ​ដេប៉ូ​លក់​ឈើ​ក្នុង​តម្លៃ ៣០​ម៉ឺន​រៀល​ក្នុង​១​ខែ​មែន ប៉ុន្តែ​មិន​មែន​ជា​ការ​ជួល​ផ្ដាច់​មុខ​នោះ​ទេ ហើយ​ក្នុង​រយៈពេល​ជាង ១០​ថ្ងៃ​ទៀត លោក​នឹង​ទៅ​យក​ផែ​នោះ​មក​ទុក​សម្រាប់​ជួល​ឲ្យ​ប្រជាពលរដ្ឋ​តាម​ធម្មតា​វិញ៖ «គេ​សន្យា​ជាមួយ​ខ្ញុំ​ប្រហែល​ជា ១០​ថ្ងៃ​ទៀត អ៊ីចឹង​ទៅ​ប្អូន​ណា គេ​ប្រគល់​ផែ​មក​ឲ្យ​យើង​វិញ​ហើយ។ អ៊ីចឹង​បាន​របស់​នេះ​ដូច​ខ្ញុំ​ជម្រាប​ក្មួយ​ខាង​ដើម​មិញ​ហើយ របស់​ហ្នឹង​មិន​មែន​យើង​ជួល​អី​ទៅ​រាប់​ឆ្នាំ​ដាច់​មុខ ហើយ​ចេះ​តែ​អង្គុយ​ចាំ​យក​លុយ​ដូច​អ្នក​ចោទ​ប្រកាន់​នោះ វា​មិន​មែន​អ៊ីចឹង​ទេ»

លោក​បញ្ជាក់​ថា ផែ​នៅ​ក្នុង​ឃុំ​មាន​ពីរ គឺ​មួយ​គ្រឿង​នៅ​មេ​ឃុំ​ជា​អ្នក​កាន់​កាប់ និង​មួយ​គ្រឿង​ទៀត​នៅ​លោក​ជា​អ្នក​កាន់​កាប់ ហើយ​ផែ​ទាំង​នេះ​ទុក​សម្រាប់​ជួល​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​មួយ​ដង​តម្លៃ ១០​ម៉ឺន​រៀល​សម្រាប់​ផែ​១​គ្រឿង។ ចំណែក​ថវិកា​ដែល​បាន​មក​ពី​ការ​ជួល ត្រូវ​បែង​ចែក​ជា​បី​ផ្នែក គឺ​ទី​១ បង់​ចូល​សាលា​ឃុំ។ ទី​២ ទុក​សម្រាប់​ជួសជុល​ផែ​នោះ​វិញ និង​មួយ​ផ្នែក​បាន​ទៅ​លើ​អ្នក​ថែរក្សា ឬ​កាន់​កាប់​ផែ​នោះ​ផ្ទាល់។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី កាល​ពី​ឆ្នាំ​២០០៩ និង​ឆ្នាំ​២០១២ បាន​ផ្ដល់​ទឹក​ប្រាក់​សរុប​ជាង ៦​ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​បង្កើត​ផែ​ចំនួន​ពីរ ដែល​មាន​ទំហំ​ទទឹង​ប្រហែល​ជា ៨​ម៉ែត្រ និង​បណ្ដោយ ១៨​ម៉ែត្រ។ ផែ​នេះ​បាន​ជួយ​សម្រួល​ដល់​ការ​រៀបចំ​ពិធី​មង្គលការ ឬ​ពិធី​បុណ្យ​ទាន​ផ្សេងៗ​ជាច្រើន សម្រាប់​ប្រជាពលរដ្ឋ​រស់​នៅ​លើ​ផ្ទៃ​បឹង​ទន្លេសាប នៃ​ឃុំ​ឆ្នុកទ្រូ ទាំង​មូល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។