ប្រជាពលរដ្ឋនៅខេត្តកំពង់ធំ កំពុងបារម្ភទៅនឹងករណីល្បែងស៊ីសងនៅក្នុងភូមិស្រុក ដែលចេះតែបន្តកើតឡើងដោយលួចលាក់ ប៉ុន្តែមិនទាន់មានការបង្ក្រាបឱ្យបាត់ទាំងស្រុងនោះឡើយ។ ប្រជាពលរដ្ឋលើកឡើងថា ល្បែងស៊ីសងនៅតែមាន ធ្វើឱ្យប្រាសចាកពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។ ចំណែកអាជ្ញាធរវិញ អះអាងថា ពួកគាត់បានចុះបង្ក្រាបជាហូរហែ ដោយអនុវត្តទៅតាមផ្លូវច្បាប់ជានិច្ច។
ប្រជាពលរដ្ឋនៅឃុំច្រនាង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានអះអាងថា សកម្មភាពល្បែងស៊ីសង ពិសេសអាប៉ោងដែលមានអ្នកលេងចាញ់អស់លុយរាប់លានរៀល និងល្បែងឆ្នោតកន្ទុយលេខ កំពុងកើតមានយ៉ាងអនាធិបតេយ្យ។ ប្រជាពលរដ្ឋបារម្ភថា ល្បែងមានច្រើននឹងអាចធ្វើឱ្យសកម្មភាពលួចឆក់ប្លន់កាន់តែកើតមានឡើងដែរ។
ប្រជាពលរដ្ឋម្នាក់រស់នៅភូមិស្រះបន្ទាយ ឃុំច្រនាង ថ្លែងក្នុងលក្ខខណ្ឌមិនឱ្យបញ្ចេញឈ្មោះបញ្ជាក់ថា សកម្មភាពលេងល្បែងអាប៉ោងដោយលួចលាក់ ដែលធ្វើឱ្យអ្នកលេងទាំងនោះ ពេលខ្លះចាញ់លុយរហូតដល់ដាក់បញ្ចាំទ្រព្យសម្បត្តិទៀតផង។ ចំណែកឯល្បែងឆ្នោតកន្ទុយលេខវិញ ប្រជាពលរដ្ឋនាំគ្នាលេងស្ទើរតែពេញភូមិទៅហើយ អាជ្ញាធរហាក់មិនអើពើចំពោះបញ្ហានេះឡើយ៖ «មានគេលេងអាប៉ោងជាងមួយខែហើយបង តាំងពីខែប្រាំ ហើយលេងហ្នឹងលេងធំៗ ឥឡូវហ្នឹងលេងរហូតដល់ប្រចាំម៉ូតូប្រចាំអី។ លេងធំៗហ្មង ហើយមេឆ្នោតលេងមុនហ្នឹងហើយមេឆ្នោតនៅក្នុងភូមិមានជិតដប់មេ ភូមិស្រះបន្ទាយ ហ្នឹងបង»។
ប្រភពដដែលបន្តទៀតថា ការកើនឡើងនៃល្បែងស៊ីសងបែបនេះ អាចធ្វើឱ្យគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ត្រូវសាបរលាប ប៉ុន្តែអាចធ្វើឱ្យភាពអសន្តិសុខនៅក្នុងភូមិស្រុក កាន់តែកើតមានឡើងទៅវិញ។
ទាក់ទងនឹងបញ្ហានេះ អធិការនគរបាលស្រុកបារាយណ៍ លោក សួង ថេន មានប្រសាសន៍ថា បទល្មើសល្បែងស៊ីសងនៅក្នុងស្រុកបារាយណ៍ ដោយលួចលាក់ ពិតជាមានមែន ហើយកន្លងមក អាជ្ញាធរតែងចុះធ្វើការណែនាំ និងផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រព្រឹត្តល្បែងស៊ីសង រហូតឈានដល់មានការបង្ក្រាបដោយអនុវត្តតាមផ្លូវច្បាប់ជារឿយៗទៀតផង៖ «ប៉ុន្តែវិធានការត្រូវតែបង្ក្រាបអប់រំណែនាំគ្រប់សព្វអស់ហើយ គ្រប់រូបភាពគ្រប់វិធីអស់ហើយ មិនមានការរាងចាល នៅតែផ្គើននៅតែមាន គឺបង្ក្រាប គឺចាប់អនុវត្តច្បាប់បាទ»។
លោកបន្ថែមទៀតថា មិនមានសមត្ថកិច្ចពាក់ព័ន្ធនឹងរឿងនៅពីក្រោយកន្លែងបើកល្បែងស៊ីសង ឬយកលុយយកកាក់នោះឡើយ ប៉ុន្តែប្រសិនបើជាប្រជាពលរដ្ឋដឹងច្បាស់ថាមានមន្ត្រីនគរបាលណា បានទទួលលាភសក្ការៈនោះ អាចផ្តល់ព័ត៌មានដោយសម្ងាត់មកអាជ្ញាធរស្រុក ទើបជាការប្រសើរ។ លោកបញ្ជាក់ថា អាជ្ញាធរស្រុករួមទាំងខេត្ត នៅបន្តអនុវត្តច្បាប់ចំពោះអ្នកប្រព្រឹត្តិបទល្មើសល្បែងស៊ីសងទាំងនោះបន្តទៀត ដើម្បីឱ្យស្របទៅតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។
មន្ត្រីផ្នែកអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) ប្រចាំខេត្តកំពង់ធំ លោក ឈួម រុណ មានប្រសាសន៍ថា ចំពោះករណីល្បែងស៊ីសងដែលនៅតែមានជាហូរហែនេះ គឺជាក្តីបារម្ភមួយរបស់សង្គមស៊ីវិល ពីព្រោះល្បែងស៊ីសងកើតមានឡើង នឹងធ្វើឱ្យបញ្ហាប្រឈមក្នុងសង្គមច្បាស់ជាកើតមានឡើងដែរ៖ «ហើយប្រសិនបើលេងទៅចាញ់ វាអាចមានបញ្ហាដល់ក្រុមគ្រួសារ វាអាចទាក់ទងនឹងរឿងរកស៊ីហ្នឹង វាខាតបង់ទ្រព្យសម្បត្តិ ហើយវាខាតបង់ជាពេលវេលាទៀត។ ឧទាហរណ៍ ប្រសិនបើយើងលេងទៅចាញ់ត្រូវតែទៅរកលុយរកកាក់ហ្នឹងទៅតាមការចាញ់ហ្នឹង ហើយអាចនឹងមានអំពើហិង្សានៅក្នុងគ្រួសារទៀតផង»។
លោកបញ្ជាក់ថា ដើម្បីឱ្យការបង្ក្រាបបទល្មើសល្បែងស៊ីសងនៅតាមមូលដ្ឋានមានប្រសិទ្ធភាព គប្បីត្រូវមានការផ្សព្វផ្សាយណែនាំពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយ និងបង្កើតច្បាប់ដាក់ពិន័យចំពោះមន្ត្រីរដ្ឋបាលនៅតាមតំបន់នីមួយៗ ដែលបណ្តោយឱ្យតំបន់ខ្លួនមានបញ្ហាទាំងនេះកើតមានឡើង។ រឹតតែមានប្រសិទ្ធភាពជាងនេះទៅទៀតនោះ គប្បីអាជ្ញាធរមានសមត្ថកិច្ច បង្ក្រាបនូវកន្លែងបនល្បែងធំៗរបស់មន្ត្រី ឧកញ៉ា អ្នកមានអំណាចជាមុន ទើបអាចធានាថាការបង្ក្រាបល្បែងស៊ីសងនៅតាមមូលដ្ឋានមានប្រសិទ្ធភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
