ពលរដ្ឋ​នៅ​កំពត​បារម្ភ​ពី​ការ​កើន​ឡើង​នៃ​ការ​ប្រើប្រាស់​អាវុធ​កែច្នៃ​បាញ់​សត្វ

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​ឃុំ​អង្គរជ័យ ក្នុង​ខេត្ត​កំពត កំពុង​ព្រួយ​បារម្ភ​ពី​ការ​កើន​ឡើង​ការ​ប្រើប្រាស់​អាវុធ​កែច្នៃ សម្រាប់​បរបាញ់​សត្វ​ក្នុង​តំបន់។ អ្នក​ភូមិ សុំ​ឲ្យ​សមត្ថកិច្ច​ចុះ​ត្រួត​ពិនិត្យ​ការ​ប្រើប្រាស់​អាវុធ​ទាំង​នោះ បង្ការ​ក្រែង​មាន​បញ្ហា​ទៅ​ថ្ងៃ​ក្រោយ ព្រោះ​អាវុធ​កែច្នៃ​នោះ​ពេល​បាញ់​មិន​ឮ​សំឡេង​ផ្ទុះ​ខ្លាំង​ទេ ប៉ុន្តែ​គ្រាប់​ច្នៃ​ដែល​ផលិត​ពី​ដែក​គ្រាប់​កង់​នោះ ក៏​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់ ឬ​របួស នៅ​ពេល​បាញ់​ត្រូវ​កន្លែង​គ្រោះ​ថ្នាក់។

ប្រជាពលរដ្ឋ​ឃុំ​អង្គរជ័យ ស្រុក​អង្គរជ័យ ខេត្ត​កំពត បារម្ភ​ពី​គ្រោះ​ថ្នាក់​នៃ​ការ​ប្រើ​កាំភ្លើង​កែច្នៃ កំពុង​មាន​អ្នក​ប្រើ​កាន់​តែ​ច្រើន​នៅ​ក្នុង​ឃុំ ខណៈ​សមត្ថកិច្ច​មូលដ្ឋាន​មិន​ទាន់​មាន​វិធានការ​ច្បាស់​លាស់​ទៅ​លើ​អ្នក​ប្រើប្រាស់​នោះ​នៅ​ឡើយ។

អ្នក​ភូមិ​ត្រពាំងស្រែ ឃុំ​អង្គរជ័យ សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា មនុស្ស ៧​នាក់ ទៅ ១០​នាក់ បាន​កែច្នៃ​ឈើ​ធ្វើ​កាំភ្លើង​ប្រើ​បាញ់​សត្វ ដោយ​ច្នៃ​ដែក​គ្រាប់​កង់​ធ្វើ​ជា​គ្រាប់​កាំភ្លើង។ កញ្ញា​បន្ត​ថា ល្បឿន​រត់​នៃ​គ្រាប់​បាញ់​ចេញ​ពី​កាំភ្លើង​កែច្នៃ អាច​បាញ់​សម្លាប់​សត្វ​ក្នុង​ចម្ងាយ​ប្រមាណ ៣០ ទៅ ៥០​ម៉ែត្រ។ អ្នក​ប្រើ​កាំភ្លើង​កែច្នៃ​នៅ​ឃុំ​នេះ បច្ចុប្បន្ន​ទើប​តែ​អាច​បាញ់​សត្វ​ទេ មិន​ទាន់​បង្ក​គ្រោះ​ថ្នាក់​ដល់​មនុស្ស​នៅ​ឡើយ។ ប៉ុន្តែ​បារម្ភ​ដែរ​នៅ​ពេល​មនុស្ស​ដើរ​យាម​ដំណាំ​ពេល​យប់ ខ្លាច​អ្នក​មាន​កាំភ្លើង បាញ់​មក​ប៉ះ​លើ​មនុស្ស ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​អាច​ស្លាប់ ឬ​របួស​បាន៖ «ព្រោះ​អី​កម្លាំង​បាញ់​វា​ខ្លាំង​លើ​ក្ដារ​លើ​អី​ធ្លុះ​ណា៎ ចេះ​តែ​ខ្លាច​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង ព្រោះ​អី​បាញ់​ទៅ​វា​ដូច​ជា​កាំភ្លើង​មួយ​អ៊ីចឹង តែ​បាញ់​ទៅ​ត្រូវ ត្រូវ​កន្លែង​ស្លាប់ គឺ​ស្លាប់​ហើយ»

យុវ​សិស្ស​ម្នាក់​ទៀត​ពន្យល់​ថា កាំភ្លើង​កែច្នៃ​នោះ​ជា​ប្រភេទ​កាំភ្លើង​វែង ដង​ឈើ ប៉ុន្តែ​ប្រើ​ខ្យល់​សប់​ដូច​សប់​កង់ ដើម្បី​បាញ់​គ្រាប់​ដែក​មូល​ឲ្យ​បាន​ឆ្ងាយ ឬ​ជិត​ទៅ​តាម​ខ្យល់​ដែល​សប់​បាន​នោះ៖ «ព្រោះ​គ្រាប់​ហ្នឹង​យើង​មើល​អត់​ឃើញ ហើយ​ណា​មួយ​យើង​ដើរ​ទៅ​ក្បែរ​ហ្នឹង​អ៊ីចឹង ដូច​ថា​គេ​បាញ់ បើ​ត្រូវ​សត្វ​មិន​អី​ទេ កុំ​ឲ្យ​តែ​ភ្លាត់​មក​ត្រូវ​យើង ព្រោះ​គ្រាប់​ប្រើ​កាំភ្លើង​ហ្នឹង ត្រូវ​មនុស្ស​អាច​ស្លាប់​បាន ចំ​កន្លែង​ស្លាប់ ភ្លាម​តែ​ម្តង។ កាំភ្លើង​ហ្នឹង​ឮ​សូរ​ដូច​យើង​គាស់​ស្រា​អ៊ីចឹង គេ​ប្រើ​ខ្យល់»

ស្ត្រី​នៅ​ភូមិ​ត្រពាំងស្រែ ឈ្មោះ អ៊ី អយ ឲ្យ​ដឹង​ថា ប្ដី​គាត់​ធ្លាប់​ប្រើ​កាំភ្លើង​នោះ​ដែរ​សម្រាប់​បាញ់​សត្វ​ចាប សត្វ​លលក ជាដើម ប៉ុន្តែ​សមត្ថកិច្ច​បាន​ដក​យក​កាំភ្លើង​កែច្នៃ​នោះ​បាត់​ហើយ៖ «មាន​តែ​ប៉ិន ឥឡូវ​គេ​បិទ​អស់​ហើយ គេ​បាញ់​សត្វ បាញ់​អី​ហ្នឹង ចាប​អ៊ីចឹង​តូចៗ លលក​អី គេ​បាញ់​បាន​ខ្លះ​អ៊ីចឹង​ទៅ អត់​ចឹង​ទៅ»

អនុ​ប្រធាន​ភូមិ​ត្រពាំងស្រែ ឃុំ​អង្គរជ័យ លោក ហេង នី ឲ្យ​ដឹង​ថា កាំភ្លើង​កែច្នៃ​នោះ​ក៏​អាច​បាញ់​មនុស្ស​ឲ្យ​មាន​របួស​ដែរ ហើយ​អ្វី​ដែល​គួរ​ឲ្យ​បារម្ភ គឺ​កាំភ្លើង​នោះ ពេល​កេះកៃ​មិន​ឮ​សំឡេង​ផ្ទុះ​ខ្លាំង​ដូច​កាំភ្លើង​មាន​គ្រាប់​ពិត​នោះ​ទេ ប្រសិន​បើ​មាន​ជន​ខិលខូច​ឈ្លោះ​គ្នា អាច​ប្រើ​កាំភ្លើង​កែច្នៃ​បាញ់​សម្លាប់​គ្នា​ក៏​អាច​ថា​បាន។ លោក​បន្ត​ថា ក្នុង​ភូមិ​មិន​ទាន់​មាន​អ្នក​រងគ្រោះ​ដោយសារ​គ្រាប់​កង់​បាញ់​ពី​កាំភ្លើង​កែច្នៃ​នេះ​នៅ​ឡើយ​ទេ។

ទោះ​យ៉ាង​ណា អាជ្ញាធរ​បាន​កត់​ឈ្មោះ​អ្នក​មាន​កាំភ្លើង​កែច្នៃ និង​អ្នក​ប្រើប្រាស់​ទាំងអស់​ហើយ ប្រសិន​បើ​មាន​ហេតុការណ៍​គ្រោះ​ថ្នាក់​នៃ​គ្រាប់​កាំភ្លើង​កែច្នៃ​នោះ សមត្ថកិច្ច​អាច​ចាប់​ជន​ទាំង​នោះ​បាន​ងាយ​ស្រួល៖ «អា​នេះ​មិន​ជា​ចម្ពាម​កៅស៊ូ​ទេ អា​នេះ​វា​ទៅ​ជា​កាំភ្លើង​ទៅ​ហើយ។ អា​ហ្នឹង​បើ​សិន​ជា​បាញ់ អាច​មាន​គ្រោះ​ថ្នាក់ ព្រោះ​អា​នេះ​វា​កាច់​កៃ​កាច់​អី​ធម្មតា ដូច​កាំភ្លើង​យើង​អ៊ីចឹង គ្រាន់​តែ​វា​អត់​ឮ​សូរ។ ខ្ញុំ​គិត​ថា វា​ដូច​ជា​មិន​អី​ទេ តែ​ក្មេងៗ​វា​ធ្វើ​អា​បាញ់​សត្វ បាញ់​អី​ហ្នឹង ប៉ុន្តែ​ប៉ូលិស​អី​គេ​អាច​ដឹង​ដែរ ដើម្បី​ឲ្យ​ក្នុង​ភូមិ​ហ្នឹង​អាច​កត់​សម្គាល់​មើល​ឈ្មោះ​ណា​ដែល​វា​មាន​ហ្នឹង បើ​មាន​ការ​អី គេ​នឹង​មក​ប្រាប់​អ៊ីចឹង»

មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អង្គរជ័យ លោក ញ៉ូ ចាន់ណារិទ្ធ អះអាង​ថា កាំភ្លើង​នោះ​មិន​មែន​ជា​អាវុធ​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​ខ្លាំង​នោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​អាវុធ​សម្រាប់​បាញ់​សត្វ។ អាជ្ញាធរ​កំពុង​ស្រង់​ឈ្មោះ​អ្នក​ប្រើប្រាស់ និង​គ្រោង​ប្រមូល​អាវុធ​នោះ យក​ទៅ​ទុក​កន្លែង​មាន​សុវត្ថិភាព៖ «អា​នេះ​កាំភ្លើង​ច្នៃ​ពី​ឈើ​យើង​ហ្នឹង កាំភ្លើង​អត់​មាន​ប្រើ​ខ្ទង់​អី​ទេ វា​ប្រើ​ខ្យល់​ហ្នឹង។ ខ្ញុំ​កំពុង​សហការ​ជាមួយ​មេ​ឃុំ ហើយ​ចុះ​ស្រង់​ឈ្មោះ​ហ្នឹង ដើម្បី​ប្រមូល​ទុក​វិញ»

អ្នក​ភូមិ​ឲ្យ​ដឹង​ថា កែច្នៃ​អាវុធ​ខ្យល់​ដែល​ប្រើ​គ្រាប់​កង់​មូល​នេះ បាន​កើត​ឡើង​នៅ​តំបន់​សម្បូរ​សត្វ​ព្រៃ​រស់នៅ​ច្រើន ដូច​ជា​ព្រៃ​នៅ​ខេត្ត​ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ព្រះវិហារ កំពង់ធំ ពោធិ៍សាត់ ជាដើម គេ​ប្រើ​សម្រាប់​បាញ់​សម្លាប់​សត្វ​ព្រៃ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។