ប្រជាពលរដ្ឋមួយចំនួន និងមន្ត្រីបក្សប្រឆាំង បានរិះគន់អាជ្ញាធរខេត្តកំពត ថាមិនបានគិតគូរសង់វិមានឯករាជ្យ ដើម្បីទុកជាទីគោរពបូជាក្នុងការរំឭកខួបអនុស្សាវរីយ៍បុណ្យឯករាជ្យជាតិ ដូចខេត្តដទៃទៀត។ ប៉ុន្តែមន្ត្រីខេត្តបានឆ្លើយថា អាជ្ញាធរខេត្តបានរៀបគម្រោងថានឹងសង់នៅខាងក្រោយសាលាខេត្ត ដែលនឹងចាប់ផ្ដើមសាងសង់នៅឆ្នាំ២០១៥ ខាងមុខ។
ប្រជាពលរដ្ឋខេត្តកំពត មួយចំនួន បានចាត់ទុកថា សំណង់វិមានឯករាជ្យនៅក្នុងខេត្តមានសារសំខាន់ណាស់សម្រាប់ប្រារព្ធទិវាអនុស្សាវរីយ៍បុណ្យឯករាជ្យជាតិ ដែលអាជ្ញាធរខេត្តគួរសាងសង់ឲ្យបាន។
ប្រជាពលរដ្ឋមួយចំនួនបានលើកឡើងដូច្នេះ បន្ទាប់ពីអាជ្ញាធរខេត្តកំពត ប្រារព្ធទិវាអនុស្សាវរីយ៍បុណ្យឯករាជ្យជាតិថ្ងៃទី៩ វិច្ឆិកា នៅសួនច្បារមុខសាលាខេត្តដោយមិនមានសំណង់វិមានឯករាជ្យជានិមិត្តរូប៖ «ខេត្តកំពត យើងអត់មានសោះ បើទៅកែប ក៏គេមាន កំពង់សោម ក៏គេមាន ចង់ឲ្យមានដែរ ខេត្តមួយអត់មានអ៊ីចឹងដូចជាពិបាកដែរ សម្រាប់គោរពវិញ្ញាណក្ខន្ឋខ្មែរយើង សម្រាប់ឯករាជ្យរបស់ខ្មែរ»។
ចំណែក លោក នី សារី អាយុ ៥០ឆ្នាំ រស់នៅស្រុកទឹកឈូ ក៏បានបញ្ជាក់ប្រហាក់ប្រហែលគ្នាដែរ តែលោកថា អាជ្ញាធរគួរគិតគូរសង់សំណង់និមិត្តរូបវិមានឯករាជ្យនៅរង្វង់មូលទីប្រជុំជនក្នុងក្រុង ដែលសាធារណជនអាចងាយមើលឃើញ៖ «ប៉ុន្តែឥឡូវនេះ គេគោរពវិមានឯករាជ្យគេប្រារព្ធនៅមាត់ព្រែកឯណោះ វាមិនសមថារឿងថា កន្លែងនេះជាកន្លែងបេះដូងរបស់យើង ដល់ពេលនេះ គេយកទៅគោរពនៅកៀនៗខាងអស់រលីង កន្លែងប្រជុំជនគេមិនគោរព»។
ខេត្តកំពត សព្វថ្ងៃមានរង្វង់មូលបី គឺរង្វង់មូលមានរូបសំណាកផ្លែធូរេន ដែលជារង្វង់មូលធំជាងគេនៅក្នុងក្រុង រង្វង់មូលស្រែអំបិល ដែលមានរូបសំណាកបុរស និងស្ត្រីម្នាក់ផលិតអំបិល តំណាងឲ្យនិមិត្តរូបភោគទ្រព្យនៃកសិកម្មខេត្ត និងរង្វង់មូល ៨មីនា ដែលនៅក្បែរខាងរង្វង់មូលនេះមានរូបសំណាកអនុស្សាវរីយ៍មិត្តភាពវៀតណាមកម្ពុជា រាងធំខ្ពស់អមដោយសួនច្បារ។ តែខេត្តកំពត មិនមានរង្វង់មូលវិមានឯករាជ្យដូចខេត្តដទៃទេ។
ទាក់ទងការលើកឡើងនេះ លោក ស៊ីម វុទ្ធា នាយករដ្ឋបាលសាលាខេត្តកំពត បញ្ជាក់ថា ខេត្តកំពត មិនដែលមានសំណង់និមិត្តរូបវិមានឯករាជ្យទេតាំងពីសម័យសង្គមរាស្ត្រនិយមមក មិនមែនមិនមានត្រឹមតែពេលបច្ចុប្បន្ននេះទេ។ លោកបន្តថា អាជ្ញាធរខេត្តបានលើកគម្រោងសង់វិមានឯករាជ្យរួចហើយ ដែលគម្រោងនេះនឹងចាប់ផ្ដើមសាងសង់នៅដើមឆ្នាំក្រោយ៖ «ឥឡូវនេះ ខេត្តបានមានគម្រោងរួចហើយ នៅខាងក្រោយសាលាខេត្តនៅមុខស្នងការ យើងបានគូររួចហើយ យើងបានឌីសាញ (design) រួចហើយ នៅចាំតែថវិកាកសាងទេ ហើយប្រហែលជា ២០១៥ ហ្នឹងបានកសាងហើយ នៅជាប់ស្រះឈូក។ អ៊ីចឹងយើងធ្វើជាវិមានមួយ ដើម្បីរំឭកគុណបុព្វបុរសរបស់យើង ហើយយើងនឹងប្រារព្ធពិធីឯករាជ្យអីៗនៅកន្លែងហ្នឹង»។
ដំណឹងនេះ ត្រូវបានប្រជាពលរដ្ឋមួយចំនួនអបអរ តែខ្លះបានជំទាស់ចំពោះទីតាំងសាងសង់ថា នៅកៀនកោះពេក។
ប្រជាពលរដ្ឋខ្លះ រួមទាំងមន្ត្រីក្រុមប្រឹក្សាខេត្តកំពត ខាងគណបក្សសង្គ្រោះជាតិ អ្នកស្រី សំ ចរិយា បញ្ជាក់ថា ទីតាំងសង់វិមានឯករាជ្យគួរសង់នៅទីប្រជុំជនធំ គឺនៅរង្វង់មូលរូបសំណាកផ្លែធូរេនសព្វថ្ងៃទើបសម ព្រោះថា វិមានឯករាជ្យជាសំណង់យ៉ាងសំខាន់ជាងសំណង់អ្វីផ្សេង៖ «វាអាចកន្លែងណាចំបេះដូងខេត្តកំពត វាអាចចំកណ្ដាលរង្វង់មូលផ្លែធូរេន។ ចា៎! ហើយបើយកទៅលាក់ទុកនៅកៀនណាអ៊ីចឹង យើងធ្វើស្អី យើងគួរធ្វើកន្លែងធូរេនហ្នឹង កន្លែងវេទិកាគេធ្វើរាល់ដងហ្នឹង»។
ចំពោះមតិប្រជាពលរដ្ឋខ្លះទៀតក៏បានយល់ស្របទៅនឹងគំនិត អ្នកស្រី សំ ចរិយា ដែរ ហើយបានសំណូមពរឲ្យអាជ្ញាធរខេត្តរើរូបសំណាកធូរេនទៅដាក់រង្វង់មូលផ្សេង ឬក៏រើទៅដាក់នៅចុងស្ពានថ្មថ្មីត្រើយខាងលិចព្រែក ត្រង់ចំណុចផ្លូវបំបែកទៅរមណីយដ្ឋានទឹកឈូ និងផ្លូវបំបែកទៅខេត្តព្រះសីហនុ។ ធ្វើដូច្នេះ ដើម្បីជួយសម្រួលទិសដៅចរាចរណ៍នៅទីនោះ បង្ការកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ត្រង់ផ្លូវបំបែកនេះផង ហើយអាចបង្កើតបានជារង្វង់មូលថ្មីមួយទៀតផង។
ក៏ប៉ុន្តែ លោក ស៊ីម វុទ្ធា បញ្ជាក់ថា អាជ្ញាធរមិនអាចរើរូបសំណាកផ្លែធូរេនចេញ ហើយសង់វិមានឯករាជ្យជំនួសបានទេ ដោយលើកហេតុផលថា ធ្វើដូច្នេះអាចនាំឲ្យកកស្ទះចរាចរណ៍នៅពេលប្រារព្ធពិធីៗបុណ្យជាតិម្ដងៗ៖ «កាលមុនគេមានរង្វង់មូលយើងហ្នឹង អារូបព្រាបរូបសញ្ញាអីដូចរបស់សូវៀត របស់កុម្មុយនិស្ត ហើយគេវ៉ៃនឹងចោល គេធ្វើអារូបធូរេនផ្លែឈើអីហ្នឹងមក។ ដល់គោរពផ្លែធូរេនផ្លែអ៊ីចឹងដូចពិបាកដែរ។ គឺរូបធូរេនបច្ចុប្បន្ននេះ គឺឯកឧត្ដម ខូយ ឃុនហ៊ួរ លោកបានបង្កើតឡើងដើម្បីជានិមិត្តរូប ហើយគេហៅថា ដូចជារំលាយ ឬមួយមិនយកទេនូវក្បួន ឬមួយនូវរបៀបដែលចម្លងស្ដាយដែលជាកន្លែងតម្កល់សពរបស់ប្រទេសអឺរ៉ុបខាងកើត។ លើកមុន កន្លែងហ្នឹង គឺដូចជាកន្លែងរំឭកគុណរបស់អឺរ៉ុបខាងកើតមួយអ៊ីចឹង យើងចម្លងពីរុស្ស៊ីមកទេ អ៊ីចឹងក្នុងនោះយើងធ្វើឲ្យទៅជារចនាបថខ្មែរ»។
លោកបានរំឭកថា ទីតាំងរង្វង់មូលនេះបានរើរុះរូបសំណាកច្រើនដងមកហើយ គឺកាលជំនាន់កុម្មុយនិស្តក្នុងទសវត្ស១៩៧៩ និង៨០ អភិបាលខេត្តមុនៗបានសង់ស្តូបនៅទីនោះមានរចនាបថជានិមិត្តរូបកុម្មុយនិស្តនៃប្រទេសអឺរ៉ុបប៉ែកខាងកើត តែត្រូវបានវាយកម្ទេចចោលទៅវិញ ហើយសាងសង់រូបសំណាកផ្លែធូរេនយ៉ាងធំមួយអមទៅដោយផ្លែឈើផ្សេងៗទៀត ដូចជា ដូង សាវម៉ាវ ជាដើម ដើម្បីជានិមិត្តរូបនៃភោគទ្រព្យផលិតផលកសិកម្មរបស់ប្រជាពលរដ្ឋខេត្តកំពត ដែលអាជ្ញាធរខេត្តបានចាត់ទុកថា រូបសំណាកធូរេននេះសំខាន់ជាង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
