តំណាងប្រជាពលរដ្ឋចំនួន ៣៦នាក់ នៅសង្កាត់ព្រែកប្រា ជាយរាជធានីភ្នំពេញ ជំទាស់មិនអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនមួយ ធ្វើស្ថានីយប្រេងឥន្ធនៈ ដោយចាត់ទុកថា អាចនឹងធ្វើឲ្យមានផលប៉ះពាល់ចំពោះអ្នករស់នៅជុំវិញ នៅពេលមានអគ្គិភ័យកើតឡើង។ ចំណែកមន្ត្រីអភិបាលខណ្ឌមានជ័យ វិញ សន្យាថានឹងចុះពិនិត្យបញ្ហានេះ។
ប្រជាពលរដ្ឋបានយកស្នាមផ្ដិតមេដៃដែលមានតំណាងចំនួន ៣៦នាក់ ប្រឆាំងនឹងការប៉ុនប៉ងធ្វើស្ថានីយប្រេងឥន្ធនៈ នៅក្នុងសហគមន៍របស់ពួកគេ ដោយបារម្ភនៅពេលមានអគ្គិភ័យកើតឡើងដោយចៃដន្យណាមួយ នឹងបង្កផលពិបាកជុំវិញផ្ទះដែលរស់នៅក្បែរទីតាំងកើតហេតុនោះ។
រស់នៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ លោកស្រី ច័ន្ទ ចាន់ថា ឲ្យដឹងនៅថ្ងៃទី១៣ ឧសភា ថា ពួកគាត់មិនឯកភាពចំពោះការប៉ុនប៉ងម្ដងហើយម្ដងទៀតរបស់ លោក ហាស សាមី និងភរិយា អ្នកស្រី ចាន់ ឆវី ដែលព្យាយាមសាងសង់ស្ថានីយប្រេងឥន្ធនៈនៅក្នុងសហគមន៍ព្រះពន្លា ទេ។ លោកស្រីបន្តថា មានផ្ទះប្រជាពលរដ្ឋជាច្រើនរយគ្រួសារ ដែលរស់នៅក្បែរទីតាំងនោះ។ ហេតុនេះ ប្រសិនបើស្ថានីយប្រេងឥន្ធនៈនេះលេចជារូបរាងឡើងពិតមែននោះ វានឹងបង្កផលប៉ះពាល់ទៅថ្ងៃក្រោយ ហើយប្រឈមហានិភ័យខ្ពស់គ្រប់បែបយ៉ាង ជាពិសេស អគ្គិភ័យកើតឡើងដោយចៃដន្យណាមួយ៖ «បំណងសំខាន់ដូចផ្ទះជិតខាងទាំងអស់ហ្នឹង ចង់បានថាឲ្យផ្អាកឈប់ឲ្យមានហ្គាស៍សាំងនៅកន្លែងហ្នឹងហ្មង។ បើថាមានចេះតែបារម្ភ ភ័យខ្លាចផ្ទុះសាំង ដូចនៅក្នុងហ្វេសប៊ុក (Facebook)»។
ភ្ជាប់នឹងបញ្ហានេះ កាលពីថ្ងៃទី៨ ឧសភា តំណាងប្រជាពលរដ្ឋចំនួន ៣៦នាក់ បានសុំកិច្ចអន្តរាគមន៍រួចមកហើយពីអភិបាលខណ្ឌមានជ័យ។ នៅក្នុងញត្តិដែលមានស្នាមមេដៃ ឲ្យដឹងថា ពួកគាត់ជំទាស់ដាច់ខាតចំពោះការប៉ុនប៉ងបង្កើតស្ថានីយប្រេងឥន្ធនៈនេះ។ ញត្តិបន្តថា ការទប់ស្កាត់នេះ គឺដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងការបញ្ចៀសបញ្ហាកើតឡើងដោយចៃដន្យ។
បន្ថែមពីលើនេះ លោកស្រី កង លីណា អះអាងដែរថា ក្រុមអ្នកភូមិពិតជាព្រួយបារម្ភ ដោយសារតែស្ថានីយប្រេងឥន្ធនៈដែលនឹងបង្កើតនេះ គឺហ៊ុមព័ទ្ធដោយផ្ទះរបស់ប្រជាពលរដ្ឋ។ ហេតុនេះ ប្រសិនបើស្ថានីយប្រេងឥន្ធនៈនេះ ពិតជាកើតឡើងដូចការគ្រោងទុកមែន វាជាផ្នែកមួយដែលផ្ដល់ផលអាក្រក់សម្រាប់អ្នកភូមិ។ លោកស្រីអះអាងថា ហេតុនេះរដ្ឋាភិបាល និងជំនាញពាក់ព័ន្ធ គប្បីចាត់វិធានការនេះ ដើម្បីភាពសុខសាន្តរបស់ពលរដ្ឋ៖ «គាត់បើករកស៊ីអីហ្នឹង ជាសិទ្ធិរបស់គាត់មែន ប៉ុន្តែគាត់មានបានសួរយោបល់ខាងខ្ញុំទេ។ គាត់មានបានសួរថា នែក! ខ្ញុំបើកហ្គារាស់សាំង។ ប៉ុន្តែក្រោយមានភិតភ័យអីទៅចុះអ្នកណាទទួលខុសត្រូវ។ ផ្ទះយើងធ្វើ បងឯងមើល ប៉ាខ្ញុំចាស់អស់ហើយ ហើយខ្ញុំមានឱកាសណាទៅរកលុយដូចសម័យឥឡូវ។ យើងមានរកលុយណាបានច្រើនអី ដើម្បីធ្វើផ្ទះហ្នឹង។ ពួកយើងអត់មានទេ»។
ម្ចាស់គម្រោងស្ថានីយប្រេងឥន្ធនៈ អ្នកស្រី ចាន់ ឆវី និងគ្រួសារ ពុំអាចស្នើសុំការបំភ្លឺបានទេ ជុំវិញបញ្ហានេះនៅថ្ងៃទី១៣ ឧសភា។
ឆ្លើយតបករណីនេះ អភិបាលខណ្ឌមានជ័យ លោក គួច ចំរើន បដិសេធថា រហូតមកដល់ពេលនេះ លោកនៅមិនទាន់បានឃើញលិខិតរបស់ប្រជាពលរដ្ឋ ដែលស្នើសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរនៅឡើយទេ ក៏ប៉ុន្តែលោកសន្យាថានឹងឲ្យមន្ត្រីជំនាញពាក់ព័ន្ធ ចុះសិក្សាពីបញ្ហានេះ៖ «ត្រឹមត្រូវហើយការបារម្ភរបស់គាត់ហ្នឹង ពិតជាត្រឹមត្រូវហើយ។ បើសិនជាមាន ចាំមើលខ្ញុំឲ្យមន្ត្រីចុះទៅពិនិត្យ»។
លោក កែម ឡី អ្នកសិក្សាស្រាវជ្រាវផ្នែកអភិវឌ្ឍន៍សង្គម ចាត់ទុកថា កម្ពុជា ពិតជាមិនទាន់មានរបៀបនៃការគ្រប់គ្រងវិស័យប្រេងឥន្ធនៈនេះឲ្យបានត្រឹមត្រូវនៅឡើយទេ។ លោកបញ្ជាក់ថា ខ្វះការត្រួតពិនិត្យបច្ចេកទេស និងនៅតែមានអាជីវកម្មផ្ដាច់មុខ ជាមូលហេតុចម្បងដែលនាំឲ្យមានបញ្ហាកាន់តែខ្ពស់បន្ថែមទៀតសម្រាប់ប្រទេសក្រីក្រមួយនេះ៖ «យើងឃើញនៅប្រទេសមួយចំនួន ដូចជា នៅប្រទេសអង់គ្លេស នៅប្រទេសម៉ាឡេ (ម៉ាឡេស៊ី) ភាគច្រើនកាលណាមានហ្គាស៍រាស់សាំងអ៊ីចឹង គេអត់ឲ្យផ្ទះនៅជិតហ្នឹងទេ ឲ្យនៅឆ្ងាយ។ ភាគច្រើនគេឲ្យមានហាងលក់ទំនិញ ប៉ុន្តែអត់អាចអនុញ្ញាតឲ្យមានចង្ក្រានទេ គ្រាន់តែមានភ្លើងអគ្គិសនី»។
បញ្ហានៅចំពោះមុខជាច្រើនក្នុងពេលបច្ចុប្បន្ន ក្រៅពីតម្លៃសាំងហក់ឡើងខ្ពស់ អំពើពុករលួយលើវិស័យប្រេងឥន្ធនៈខ្វះស្តង់ដារ សាំងគេចពន្ធ និងពុំមានប្រព័ន្ធគ្រប់គ្រងត្រឹមត្រូវពីបច្ចេកទេសសាងសង់ស្ថានីយប្រេងឥន្ធនៈហើយនោះ ក៏មានស្ថានីយប្រេងឥន្ធនៈខ្លះលក់ទាំងហ្គាស៍ ធ្យូង និងមានផ្ទះស្ថិតនៅក្រោយទៀតផង ដែលជាហេតុងាយរងគ្រោះបំផុតពេលមានបញ្ហាកើតឡើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
