ពលរដ្ឋនៅខេត្តរតនគិរី ព្រួយបារម្ភចំពោះពលករជនជាតិវៀតណាម ដែលនៅបន្តចូលមកធ្វើការនៅក្នុងខេត្តដោយខុសច្បាប់។ ពលរដ្ឋដាក់ការសង្ស័យថា ជនជាតិវៀតណាម ទាំងនោះ កំពុងធ្វើការឲ្យក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចរបស់វៀតណាម មួយចំនួន ជាពិសេសធ្វើការក្នុងចម្ការដូងប្រេង។
ក្តីកង្វល់របស់ពលរដ្ឋនេះ ស្របពេលដែលក្រុមការងារអន្តរក្រសួង និងសមត្ថកិច្ចប៉ូលិសអន្តោប្រវេសន៍ កំពុងបើកយុទ្ធនាការត្រួតពិនិត្យជនអន្តោប្រវេសន៍នៅទូទាំងប្រទេស។
មន្ត្រីការិយាល័យនគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋានខេត្តរតនគិរី ឲ្យដឹងនៅថ្ងៃទី៨ ខែតុលា ថា ពលករអន្តោប្រវេសន៍វៀតណាម ជាង ៣០នាក់ ត្រូវបានរកឃើញថា ចូលមកធ្វើការនៅក្នុងខេត្តនេះដោយមិនមានលិខិតស្នាមអនុញ្ញាតត្រឹមត្រូវ។
ការរកឃើញជនអន្តោប្រវេសន៍ខុសច្បាប់ទាំងនោះ ធ្វើឡើងនៅក្នុងយុទ្ធនាការត្រួតពិនិត្យដោយក្រុមការងារអន្តរក្រសួង រួមជាមួយប៉ូលិសខេត្តរតនគិរី ដែលបានចុះស្រង់ស្ថិតិ និងត្រួតពិនិត្យពលករបរទេសតាមរោងសិប្បកម្មអាជីវកម្ម និងតាមបណ្ដាក្រុមហ៊ុនសម្បទានមួយចំនួនក្នុងខេត្ត ចាប់ពីខែសីហា រហូតបច្ចុប្បន្ន។
ស្នងការរងប៉ូលិសខេត្ត ទទួលបន្ទុកការងារអន្តោប្រវេសន៍ លោក ជា ប៊ុនធឿន ឲ្យដឹងថា ពលករខុសច្បាប់ទាំង ៣២នាក់ ត្រូវទទួលការផាកពិន័យជំហានដំបូង និងផ្តល់ឱកាសឲ្យពួកគេទៅបំពេញបែបបទជាពលករអន្តោប្រវេសន៍ស្របច្បាប់។ លោកបន្តថា ក្រុមការងារកំពុងបន្តចុះត្រួតពិនិត្យនៅតាមបណ្ដាក្រុមហ៊ុនសម្បទានផ្សេងទៀត ដែលគេសង្ស័យថាមានលាក់ទុកកម្មករបរទេសខុសច្បាប់៖ «ការផាកពិន័យនេះ យើងទុករយៈពេលឲ្យគាត់ ដើម្បីឲ្យគាត់ទៅបំពេញវីសារ (Visa) ស្នាក់នៅ ហើយនិងធ្វើសៀវភៅការងារ ប័ណ្ណការងារ។ ក្នុងករណីគាត់មិនទៅអនុវត្តទេ យើងនឹងចាត់វិធានការផាកជាទ្វេ ឬបញ្ជូនសំណុំរឿងទៅតុលាការតែម្តង។ យើងសុំគោលការណ៍ចុះតទៀត ចុះទៅតាមក្រុមហ៊ុនទៀតណា!»។
កាលពីចុងខែកញ្ញា ប្រជាពលរដ្ឋភូមិស្រែឈូក ឃុំជ័យឧត្ដម ស្រុកលំផាត់ រស់នៅជិតការដ្ឋានក្រុមហ៊ុនសម្បទានវៀតណាម ឈ្មោះ ហ័ង អាញ់ លំផាត់ (Horng Ann Lum Phat) អះអាងថា កម្មករជនជាតិវៀតណាម និងខ្មែរកម្ពុជាក្រោមជាង ៦០នាក់ ត្រូវបានគេនាំចូលពីប្រទេសវៀតណាម ក្រោយបុណ្យភ្ជុំបិណ្ឌ ដើម្បីធ្វើជាកម្មករកាត់ស្មៅនៅការដ្ឋានទី៣។
ប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះបញ្ជាក់ថា រហូតមកដល់ថ្ងៃទី៨ ខែតុលា កម្មករវៀតណាម ទាំងនោះនៅបម្រើការងារក្នុងក្រុមហ៊ុននៅឡើយ។ ដោយឡែកកម្មករខ្មែរ ដែលធ្លាប់បម្រើការក្នុងក្រុមហ៊ុន គឺក្រុមហ៊ុនមិនផ្តល់ការងារឲ្យធ្វើដូចមុនឡើយ។ ប្រជាពលរដ្ឋដដែល អំពាវនាវឲ្យអាជ្ញាធរត្រួតពិនិត្យករណីនេះ ដើម្បីការពារផលប្រយោជន៍ពលករខ្មែរ ក្នុងការរកការងារក្នុងស្រុក ហើយចៀសវាងចំណាកស្រុកទៅធ្វើការនៅបរទេស៖ «ចង់ឲ្យខ្មែរយើងបានធ្វើការ។ ខ្ញុំមានគំនិតអ៊ីចឹង។ ពួកវាៗមានការងារនៅប្រទេសវាៗសម្បូរបែបហើយ នៅតែប្រទេសយើងក្រនៅតែក្រទៅដល់អ៊ីចឹង បាទ! បើតាមយើងមើលទៅវានិយាយមកដូចជាពិបាក ស្តាប់ទៅទៀតពួកហ្នឹងដូចមកពីជើងម៉េច។ ខ្មែរក្រោមនិយាយខ្មែរ ប៉ុន្តែពួកវាភាគច្រើនមកហ្នឹងច្រើនធ្វើមេការមើលយើង។ បើគ្រប់ការដ្ឋានមានច្រើន បើវៀតណាម មានតែការដ្ឋានហ្នឹងច្រើនជាងគេ បើកម្ពុជាក្រោមមានគ្រប់ការដ្ឋាន»។
កាលពីដើមខែកញ្ញា កន្លងទៅ ក្រុមមន្ត្រីប៉ូលិសអន្តោប្រវេសន៍ខេត្តរតនគិរី បានចាប់បញ្ជូនជនអន្តោប្រវេសន៍វៀតណាម ខុសច្បាប់ ១០នាក់ រស់នៅក្រុងបានលុង បញ្ជូនទៅឲ្យអាជ្ញាធរខេត្តយ៉ាឡាយ ប្រទេសវៀតណាម វិញ។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សខេត្តរតនគិរី លោក ឆាយ ធី ចាត់ទុកការរកឃើញអន្តោប្រវេសន៍វៀតណាម ខុសច្បាប់នេះ ថាជាដំណើរវិជ្ជមានមួយរបស់សមត្ថកិច្ចក្នុងការចូលរួមការពារផលប្រយោជន៍ជាតិ។ ក៏ប៉ុន្តែ លោកកត់សម្គាល់ថា ដំណើរការត្រួតពិនិត្យការងារអន្តោប្រវេសន៍នេះនៅមានកម្រិត ដែលធ្វើឲ្យអន្តោប្រវេសន៍ខុសច្បាប់មួយចំនួនធំ នៅតែបន្តបន្លំខ្លួននៅក្នុងទឹកដីខ្មែរបាននៅឡើយ៖ «សូមគាំទ្រសរសើរដល់សមត្ថកិច្ចដែរ ដែលទទួលយកការពិត អ្វីដែលយើងសង្កេតឃើញកន្លងមក ហើយសមត្ថកិច្ចចុះធ្វើការដោយខិតខំយកចិត្តទុកដាក់នេះ ជារឿងមួយដែលអាចថាមានដំណើរការបណ្ដើរៗ ដើម្បីឲ្យមានការត្រួតពិនិត្យច្បាស់លាស់បន្ថែមទៀត»។
យ៉ាងនេះក្តី មន្ត្រីប៉ូលិសដដែលឲ្យដឹងថា ការិយាល័យប៉ូលិសអន្តោប្រវេសន៍ខេត្តរតនគិរី បានចាប់បញ្ជូនអន្តោប្រវេសន៍វៀតណាម ខុសច្បាប់ ៣០នាក់ បញ្ជូនទៅឲ្យអាជ្ញាធរវៀតណាម ចាប់តាំងពីខែសីហា រហូតបច្ចុប្បន្ន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
