ពលរដ្ឋ​និង​អាជីវករ​នៅ​រតនគិរី​ចង់​ឲ្យ​មាន​សេវាកម្ម​ដឹក​ជញ្ជូន​ផ្លូវ​អាកាស​ឡើង​វិញ

0:00 / 0:00

សេវាកម្ម​ដឹក​ជញ្ជូន​អ្នក​ដំណើរ និង​ទំនិញ​តាម​យន្តហោះ​ពី​ភ្នំពេញ​មក​ខេត្ត​រតនគិរី ឬ​ពី​ខេត្ត​រតនគិរី ទៅ​ភ្នំពេញ បាន​កាត់​ផ្តាច់​បន្ទាប់​ពី​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​ស្រុក បាន​បញ្ឈប់​សេវាកម្ម​របស់​ខ្លួន​កាល​ពី​ឆ្នាំ​២០០៦។

រហូត​បច្ចុប្បន្ន ក្រុម​អាជីវករ​ពាណិជ្ជករ​សេវាករ​នៅ​ក្នុង​ខេត្ត​នេះ នៅ​តែ​ចាត់​ទុក​ថា សេវាកម្ម​ដឹក​ជញ្ជូន​ផ្លូវ​អាកាស មាន​សារប្រយោជន៍​សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច​រវាង​ទីក្រុង​ភ្នំពេញ និង​ខេត្ត​ប៉ែក​ឦសាន​ប្រទេស​មួយ​នេះ។

ការ​បញ្ចប់​ជើង​ហោះហើរ​ផ្លូវ​អាកាស​ក្នុង​ខេត្ត​ភាគ​ឦសាន គឺ​នៅ​ក្រោយ​ការ​ធ្លាក់​យន្តហោះ​ផលិត​នៅ​ប្រទេស​សូវៀត របស់​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​ស្រុក រេស៊ីឌិន អ៊ែឡាញ (Residence Airline) ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ធ្វើ​ដំណើរ​តាម​យន្តហោះ​ធ្លាក់​ចុះ​យ៉ាង​គំហុក ដោយសារ​ការ​បារម្ភ​ពី​សុវត្ថិភាព​នា​ចុង​ឆ្នាំ​២០០៥។

យ៉ាង​នេះ​ក្តី ក្រុម​អាជីវករ​សេវាករ​ជាច្រើន​នៅ​ខេត្ត​រតនគិរី បាន​សម្លឹង​ឃើញ​សក្ដានុពល​នៃ​សេវាកម្ម​ដឹក​ជញ្ជូន​ជើង​អាកាស​ដ៏​មាន​សារសំខាន់ ថា​បាន​បង្ក​ភាព​ងាយ​ស្រួល ឆាប់​រហ័ស​បំពេញ​តម្រូវ​ការ​អតិថិជន​ក្នុង​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និង​ជាពិសេស គឺ​សេវាកម្ម​ដឹក​ជញ្ជូន​អ្នក​ជំងឺ​ទៅ​រក​សេវា​សុខភាព​ទាន់​ពេល​វេលា។

អាជីវករ​ជា​ម្ចាស់​សាលា​រៀន​ឯកជន លោក យិន សុភាព មើល​ឃើញ​ពី​តម្រូវ​ការ​សេវាកម្ម​ដឹក​ជញ្ជូន​តាម​យន្តហោះ​នា​ពេល​បច្ចុប្បន្ន​ថា ជា​តម្រូវ​ការ​ចាំបាច់​មិន​អាច​ខ្វះ​បាន ដើម្បី​រួម​ចំណែក​អភិវឌ្ឍ​វិស័យ​សេដ្ឋកិច្ច​សង្គម គ្រា​ដែល​ខេត្ត​ភាគ​ឦសាន​មួយ​នេះ កំពុង​រីក​ចម្រើន​ទាំង​វិស័យ​កសិកម្ម ទេសចរណ៍ ការ​វិនិយោគ និង​ការ​កើត​ឡើង​នៃ​ចំនួន​ពលរដ្ឋ​ដ៏​ច្រើន​សន្ធឹកសន្ធាប់។ លោក យិន សុភាព ចាប់​អារម្មណ៍​ថា ភាព​ខាត​បង់​ពេល​វេលា ប្រាក់​កាស និង​ជាពិសេស ពាក់ព័ន្ធ​អាយុ​ជីវិត​អ្នក​រង​គ្រោះ​ថ្នាក់ ឬ​អ្នក​ជំងឺ ដែល​ត្រូវ​ការ​សេវាកម្ម​ដឹក​ជញ្ជូន​ឆាប់​រហ័ស​ទៅ​មន្ទីរពេទ្យ​សង្គ្រោះ គឺ​ជា​បញ្ហា​សំខាន់ បើ​ប្រៀបធៀប​ការ​ធ្វើ​ដំណើរ​ជា​លក្ខណៈ​គ្រួសារ ឬ​តាម​រយៈ​សេវាកម្ម​ដឹក​ជញ្ជូន​ផ្លូវ​គោក៖ «រាល់​ថ្ងៃ មនុស្ស​ចង់​ជិះ​យន្តហោះ​វិញ គឺ​ច្រើន​ណាស់ ជាពិសេស គឺ​ក្រុម​ពួក​អាជីវករ។ ចរន្ត​សេដ្ឋកិច្ច​ក៏​ខុស​ពី​មុន​ដែរ។ ឥឡូវ ចរន្ត​សេដ្ឋកិច្ច​វា​ខ្ពស់​នៅ​ខេត្ត​រតនគិរី មាន​អាជីវករ​ច្រើន​ឡើង​ចុះ​អ៊ីចឹង មនុស្ស​ឡើង​ចុះ​ភ្នំពេញ​ញឹកញាប់​ណាស់ អ៊ីចឹង​សេដ្ឋកិច្ច​ដែល​ត្រូវ​ដំណើរ​ការ​អ្នក​ដំណើរ គឺ​ច្រើន»

អាកាសយានដ្ឋាន​ខេត្ត​រតនគិរី ចាប់​ផ្ដើម​បើក​សេវាកម្ម​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ចាប់​ពី​ឆ្នាំ​១៩៩៦ រហូត​មក​ទល់​នឹង​ឆ្នាំ​២០០៦ ក្នុង​នោះ​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​បី គឺ​ក្រុមហ៊ុន រ៉ូយ៉ាល់ អ៊ែខែមបូត ក្រុមហ៊ុន​ភ្នំពេញ​អ៊ែវេ និង​ក្រុមហ៊ុន រេស៊ីឌិន អ៊ែឡាញ បាន​ធ្វើ​សេវាកម្ម​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ក្នុង​មួយ​សប្ដាហ៍​ពី ៣ ទៅ ៤​ថ្ងៃ។ យ៉ាង​នេះ​ក្តី ក្នុង​រយៈពេល​បើក​ការ​ហោះហើរ​របស់​ក្រុមហ៊ុន​ទាំង​នោះ គេ​សង្កេត​ឃើញ​យន្តហោះ​ដឹក​ជញ្ជូន​អ្នក​ដំណើរ បាន​ជួប​គ្រោះ​ថ្នាក់​ពីរ​លើក ដោយសារ​ព្រលាន​យន្តហោះ​តូច​ខ្លី​ក្រាល​ក្រួស​ក្រហម និង​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​មិន​បាន​ប្រសើរ។ ចំណែក​យន្តហោះ​ដែល​ក្រុមហ៊ុន​ប្រើប្រាស់ ក៏​ជា​ប្រភេទ​យន្តហោះ​ចាស់ៗ​មិន​ធានា​សុវត្ថិភាព​ហោះហើរ។

អតីត​អាជីវករ​លក់​សំបុត្រ​យន្តហោះ​នៅ​ខេត្ត​រតនគិរី លោក ឡៅ ឃុនសេង ចាត់​ទុក​ថា សេវាកម្ម​ដឹក​ជញ្ជូន​តាម​យន្តហោះ​នៅ​ចន្លោះ​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០០៦ ថា​ជា​ទី​ពេញ​និយម​របស់​អ្នក​ដំណើរ​ជាតិ និង​បរទេស ដោយសារ​តែ​ពេល​នោះ​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោក​មិន​ទាន់​មាន​ផ្លូវ​ធ្វើ​ដំណើរ​ល្អ​ប្រសើរ ត្រូវ​ចំណាយ​ពេល​ច្រើន​ថ្ងៃ រួម​ទាំង​ប្រឈម​នឹង​បញ្ហា​អសន្តិសុខ​តាម​ផ្លូវ​ធ្វើ​ដំណើរ។ លោក​ព្យាករ​ថា សេវាកម្ម​ដឹក​ជញ្ជូន​ផ្លូវ​អាកាស​ប្រកប​ដោយ​គុណភាព និង​សុវត្ថិភាព នឹង​ទទួល​បាន​ជោគជ័យ​នា​ពេល​បច្ចុប្បន្ន ប្រសិន​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​ស្រុក​វិនិយោគ​វិស័យ​ហោះហើរ​នេះ​ឡើង​វិញ៖ «ជំនាន់​ហ្នឹង​វា​គ្រាន់ ភ្ញៀវ​ច្រើន កៅអី ៤៨​កៅអី ពេល​ជួន​កាល​សល់​ពីរ​បី​កៅអី​អ៊ីចឹង ភាគ​ច្រើន​ពេញ។ បើ​មាន​ល្អៗ​ប្រសើរ អ្នក​មាន​ការ​ចាំបាច់​ល្អ​តែ​ម្តង»

កាល​ពី​ឆ្នាំ​២០០៩ គម្រោង​ស្ដារ និង​ជួស​ជុល​ព្រលាន​យន្តហោះ​ខេត្ត​រតនគិរី តាម​រយៈ​ប្រាក់​កម្ចី​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ត្រូវ​បាន​លប់​ចោល។ បន្ទាប់​មក គេ​ឃើញ​មាន​គម្រោង​របស់​ក្រុមហ៊ុន​កាណាឌីយ៉ា (Canadia) រៀបចំ​សិក្សា​បែង​ចែក​ដី​ព្រលាន​យន្តហោះ​នេះ​ធ្វើ​ជា​ផ្សារ​ទំនើប និង​ផ្ទះ​ល្វែង​លក់ ជាដើម។ ក៏ប៉ុន្តែ ផ្ទុយ​ពី​ផែនការ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ជា​សាធារណៈ ខណៈ​លោក​អញ្ជើញ​សម្ពោធ​បើក​ឲ្យ​ប្រើប្រាស់​ផ្លូវ​ជាតិ​លេខ​៧៨ នៅ​ខេត្ត​រតនគិរី ថា​ដី​ព្រលាន​យន្តហោះ​ក្នុង​ខេត្ត​នេះ សម្រាប់​បង្កើត​ជា​សួន​ច្បារ​បម្រើ​ពលរដ្ឋ​លំហែ​កាយ។

យ៉ាង​នេះ​ក៏ដោយ ប្រធាន​អាកាសយានដ្ឋាន​ខេត្ត​រតនគិរី លោក គឹម ស្រ៊ុន កត់​សម្គាល់​ថា មន្ត្រី​អាកាសចរណ៍​ថ្នាក់​ជាតិ កំពុង​តែ​សិក្សា​ពី​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​ក្នុង​ស្រុក​ថ្មី​មួយ​ទៀត​នៅ​ក្រៅ​ក្រុង​វិញ ដើម្បី​បញ្ចៀស​គ្រោះ​ថ្នាក់​ជា​យថាហេតុ​ក្នុង​ការ​ហោះហើរ​ផ្នែក​សេវា​ដឹក​ជញ្ជូន​ផ្លូវ​អាកាស​នេះ។ លោក​បន្ត​ថា អតីត​ព្រលាន​យន្តហោះ​ចាស់​អាច​ប្រើប្រាស់​បាន​សម្រាប់​យន្តហោះ​ធុន​តូច​ចុះ​ចត ប៉ុន្តែ​អាច​ប្រឈម​មុខ​ទៅ​នឹង​គ្រោះ​ថ្នាក់ ដោយសារ​តំបន់​ជុំវិញ​ព្រលាន​ត្រូវ​បាន​សាងសង់​បង្គោល​អង់តែន​ទូរស័ព្ទ ឬ​វិទ្យុ​ដែល​ប៉ះពាល់​សុវត្ថិភាព​ហោះហើរ ឬ​ចុះ​ចត​របស់​យន្តហោះ៖ «តាម​ប្រសាសន៍​សម្ដេច យើង​បាន​សិក្សា​នៅ​លំផាត់​ហើយ។ កន្លែង​នេះ​មើល​ទៅ​មិន​កើត​ទេ ព្រោះ​អង់តែន​ឥឡូវ​ច្រើន​ណាស់ បើ​យើង​ហោះ ស្លាប​ហ្នឹង​ពេល​មេឃ​ងងឹត​កន្លែង​ឆ្វែល​កន្លែង​សុវត្ថិភាព​វា​អស់​ហើយ បិទ​ជិត​ហើយ»

កាល​ពី​ឆ្នាំ​២០១៣ ក្រុម​មន្ត្រី​ជំនាញ​លេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល និង​អង្គការ​ចៃកា (JICA) បាន​ចុះ​សិក្សា​អតីត​ព្រលាន​យន្តហោះ​បន្សល់​ពី​សម័យ​សង្គម​រាស្ត្រ​និយម ឋិត​ក្នុង​ស្រុក​លំផាត់ ដើម្បី​សាងសង់​ព្រលាន​យន្តហោះ​ខ្នាត​តូច សម្រាប់​សេវាកម្ម​ដឹក​ជញ្ជូន​ផ្លូវ​អាកាស​ក្នុង​ស្រុក។ ថវិកា​សម្រាប់​ទុក​វិនិយោគ​ព្រលាន​យន្តហោះ​នេះ​ប្រមាណ ២០​លាន​ដុល្លារ​អាមេរិក។

ប្រធាន​នាយកដ្ឋាន​ផែនការ និង​យុទ្ធសាស្ត្រ នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល លោក មឿង សាធីយ៉ា ទទួល​ស្គាល់​ថា ការ​ដឹក​ជញ្ជូន​ផ្លូវ​អាកាស គឺ​ជា​សក្ដានុពល​សំខាន់​សម្រាប់​ការ​ត​ភ្ជាប់​តំបន់​សេដ្ឋកិច្ច​ក្រុង​ភ្នំពេញ និង​ប៉ូល​សេដ្ឋកិច្ច​តំបន់​ឦសាន។ លោក​ថា គម្រោង​សាងសង់​ព្រលាន​យន្តហោះ​នៅ​ខេត្ត​រតនគិរី គឺ​ជា​ផែនការ​យុទ្ធសាស្ត្រ​ថ្នាក់​ជាតិ ប៉ុន្តែ​រហូត​បច្ចុប្បន្ន មិន​ទាន់​មាន​អ្នក​វិនិយោគ​ចាប់​អារម្មណ៍​លើ​សេវាកម្ម​នេះ​នៅ​ឡើយ៖ «ខាង​អាកាសចរណ៍​ស៊ីវិល គឺ​ដឹង​ច្បាស់​ពី​តម្រូវ​ការ​នៃ​ការ​ហោះហើរ​ទៅ​ភូមិ​ភាគ​ឦសាន​ហ្នឹង ជា​តំបន់​អេកូ​ទេសចរណ៍​បរិស្ថាន ជា​ប៉ូល​សេដ្ឋកិច្ច​ទី​៤​របស់​រាជ​រដ្ឋាភិបាល​ដែរ ហើយ​ខាង​យើង​នឹង​ខិតខំ​ស្វះ​ស្វែងរក​ដៃគូ​អភិវឌ្ឍន៍។ យើង​មិន​អាច​សាងសង់​ព្រលាន​យន្តហោះ​ក្នុង​ពេល​ដ៏​ឆាប់​បាន​ទេ ប៉ុន្តែ​ក្នុង​ផែនការ យើង​មាន​ការ​អភិវឌ្ឍ​ព្រលាន​ក្នុង​ស្រុក​តំបន់​ឦសាន ដើម្បី​ស្រប​ទៅ​តាម​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កម្ពុជា យើង និង​តម្រូវ​ការ​សេវាកម្ម​ហោះហើរ​របស់​ភ្ញៀវ​ដែល​គាត់​ចង់​បាន»

អតីត​ព្រលាន​យន្តហោះ​ខេត្ត​រតនគិរី មាន​ទំហំ​ជាង ៤៥​ហិកតារ ឋិត​ក្នុង​ក្រុង​បានលុង បាន​ក្លាយ​ជា​ចម្ការ​ដំឡូង ជា​ទីលាន​ហាត់​កីឡា និង​ជា​វាល​ស្មៅ​សម្រាប់​សត្វ​ពាហនៈ​នា​ពេល​បច្ចុប្បន្ន។ យ៉ាង​នេះ​ក៏ដោយ មន្ត្រី​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​ដដែល អះអាង​ថា ដី​ព្រលាន​យន្តហោះ​ខេត្ត​រតនគិរី ឋិត​ក្នុង​បញ្ជីសារពើភ័ណ្ឌ​របស់​រដ្ឋ​មិន​ទាន់​ចាត់​ចែង ឬ​ផ្ទេរ​ទៅ​ធ្វើ​អ្វី​ផ្សេង​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។