ប្រជាពលរដ្ឋនៅក្រុងបាវិត ខេត្តស្វាយរៀង រិះគន់កម្មវិធីវេទិកាសាធារណៈរបស់អាជ្ញាធរក្រុង ថាមិនបានដោះស្រាយពីទុក្ខកង្វល់របស់អ្នកចូលរួម។ ប្រជាពលរដ្ឋថ្លែងដូចនេះ បន្ទាប់ពីសម្ដែងមតិក្នុងវេទិកាលើកទី៣ នៅព្រឹកថ្ងៃទី២ សីហា ដោយសំអាងថា បញ្ហារឿងទំនាស់ដីធ្លីដែលបានលើកឡើងចំនួន ៣លើកមកហើយ តែពុំមានដំណោះស្រាយ។
អភិបាលក្រុងបញ្ជាក់ថា បញ្ហាមួយចំនួនហួសពីសមត្ថភាព មិនអាចដោះស្រាយបានភ្លាមៗនោះទេ ដោយនាំបញ្ហាទាំងនោះទៅមន្ត្រីជំនាញថ្នាក់លើបន្តទៀត។
អ្នកភូមិដែលចូលរួមក្នុងវេទិកាសាធារណៈ រៀបរាប់ថា បញ្ហាសំខាន់ដែលប្រជាពលរដ្ឋលើកឡើងក្នុងវេទិកាទាំង ៣លើកកន្លងទៅមានចំនួន ៣ចំណុច រួមមាន តម្លៃធ្វើលិខិតឆ្លងដែនរបស់ពលករចំណាកស្រុកខ្ពស់ ប្រាក់ខែមន្ត្រីរាជការតិចតួចមិនគ្រប់សម្រាប់ដោះស្រាយជីវភាព និងបញ្ហាទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋនៅក្រុងបាវិត ជាមួយមន្ត្រីយោធា។
អ្នកភូមិម្នាក់ គឺលោក ឯក សារឿន រស់នៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ថ្លែងនៅថ្ងៃទី២ សីហា ថា បញ្ហាទំនាស់ដីធ្លីដែលលោកលើកឡើងក្នុងវេទិកាសាធារណៈចំនួន ៣លើកកន្លងរួចមកហើយនោះ គឺអាជ្ញាធរពុំមានចំណាត់ការអ្វី ដើម្បីដំណោះស្រាយទំនាស់ឲ្យប្រជាពលរដ្ឋទាល់តែសោះ។
លោក ឯក សារឿន បន្តថា ប្រជាពលរដ្ឋដែលចូលរួមក្នុងអង្គពិធី ម្នាក់ៗតែងត្អូញត្អែរស្រដៀងគ្នាថា វេទិកាសាធារណៈរបស់អាជ្ញាធរនោះ ហាក់រៀបចំឡើងដើម្បីពង្រឹងគណបក្សនយោបាយប៉ុណ្ណោះ គឺពុំមានឆន្ទៈដោះស្រាយទុក្ខលំបាកដល់ប្រជាពលរដ្ឋឡើយ៖ «បើសិនជាធ្វើមែនទែន មានទូរទស្សន៍អីថតដាក់នាយអាយ ដើម្បីយកទៅផ្សព្វផ្សាយឲ្យដឹងថា រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋដែលមានបញ្ហាពាក់ព័ន្ធអីលើកឡើង រាជរដ្ឋាភិបាលលោកបានដឹងហើយ។ នេះគាត់ធ្វើដូចរបៀបថាសើៗលំៗ ធ្វើឲ្យអស់សេចក្ដី ឲ្យប្រជាពលរដ្ឋថាមើលឃើញថា មានវេទិកាបញ្ចេញអីអ៊ីចឹង។ ប៉ុន្តែបើតាមសេចក្ដីសង្ឃឹមរឿងថា ដោះស្រាយអីខ្ញុំវាអត់មានសង្ឃឹម!»។
លោកបន្តថា រឿងទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋជាមួយមន្ត្រីយោធានោះ បានស្វែងរកអន្តរាគមន៍ទៅអាជ្ញាធរឲ្យជួយពន្លឿនរកដំណោះស្រាយជិត ១០ឆ្នាំទៅហើយ ប៉ុន្តែរហូតមកទល់សព្វថ្ងៃ រឿងទំនាស់នោះពុំអាចដោះស្រាយបាននៅឡើយទេ។
ឆ្លើយតបនឹងបញ្ហានេះ អភិបាលក្រុងបាវិត លោក សេង សីលា មានប្រសាសន៍ថា ទុក្ខកង្វល់របស់ប្រជាពលរដ្ឋដែលបានលើកឡើងក្នុងវេទិកាសាធារណៈនោះ ភាគច្រើនហួសពីដែនសមត្ថកិច្ចរបស់អាជ្ញាធរមូលដ្ឋាន ដែលមិនអាចដោះស្រាយភ្លាមៗបាននោះទេ។ បើទោះជាយ៉ាងនេះក្ដី លោកថា បញ្ហារបស់ប្រជាពលរដ្ឋនោះ លោកបានជូនដំណឹងទៅមន្ត្រីជំនាញថ្នាក់ជាតិ ដើម្បីដោះស្រាយបន្ត ហើយសម្រេចថាយ៉ាងណានោះ ពុំទាន់ទទួលបាននៅឡើយ៖ «វារឿងហ្នឹងមិនមែនដោះស្រាយម៉ាថ្ងៃតាមរយៈវេទិកាហ្នឹងបានទេ។ ដូច្នេះហើយ គ្រាន់ជាកន្លែងណាទាក់ទងនឹងច្បាប់ទម្លាប់ យើងបំភ្លឺជូន។ កន្លែងណាទាក់ទងដំណោះស្រាយ ត្រូវបញ្ជូនទៅសមត្ថកិច្ចដោះស្រាយ យើងពាំនាំអឺ! សំណូមពររបស់គាត់ហ្នឹងបញ្ជូនទៅក្រសួងជំនាញ ដើម្បីឲ្យគាត់ពិនិត្យសិក្សាស្រាវជ្រាវដោះស្រាយបន្ត»។
មន្ត្រីអង្គការសង្គមស៊ីវិល កត់សម្គាល់ថា កម្មវិធីវេទិកាសាធារណៈរបស់អាជ្ញាធរនៅខេត្តស្វាយរៀង កន្លងមក ភាគច្រើនអ្នកចូលរួមជាមនុស្សដែលពុំមានបញ្ហាទេ រីឯអ្នកដែលមានទុក្ខលំបាកពិតប្រាកដនោះមានតិចតួច ហើយពិបាកក្នុងការសម្ដែងមតិ។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (Licadho) ប្រចាំខេត្តស្វាយរៀង លោក នុត ប៊ូពិនណារ័ត្ន មានប្រសាសន៍ថា អាជ្ញាធរចូលរួមក្នុងវេទិកាសាធារណៈ ភាគច្រើនជាថ្នាក់មូលដ្ឋាន ហើយពុំមានអំណាចដោះស្រាយទុក្ខកង្វល់តាមការលើកឡើងរបស់អ្នកភូមិឡើយ៖ «អ៊ីចឹង ខ្ញុំថាវាមិនមានការដំណោះស្រាយណាឲ្យទៅពលរដ្ឋហ្នឹងទេ។ ហើយបើសិនការនិយាយៗឲ្យតែរួចក្នុងពេលវេទិកាហ្នឹងទេ គឺថាមិនមានដំណោះស្រាយអីឲ្យពលរដ្ឋទេ ព្រោះគាត់អ្នករងគ្រោះ នៅតែរងគ្រោះដដែល វាមិនមានផលណាមួយ គាត់ស្នើសុំទៅក្នុងវេទិកាអ៊ីចឹងឲ្យមានការដោះស្រាយ ឬក៏អន្តរាគមន៍ជួយគាត់យ៉ាងម៉េច គឺអត់ទាន់មានឃើញលទ្ធផលអីទាំងអស់កាលកន្លងមក ដែលគេធ្វើវេទិកាមក គឺអត់មានទេ»។
ទោះជាយ៉ាងណា អ្នកភូមិក៏នៅតែស្នើឲ្យអាជ្ញាធរនាំបញ្ហា ដែលលើកឡើងក្នុងអង្គវេទិកា ដែលជាទុក្ខលំបាករបស់ប្រជាពលរដ្ឋយកទៅដោះស្រាយ ហើយថាយ៉ាងណានោះ សុំឲ្យឆ្លើយតបមកវិញក្នុងវេទិកាសាធារណៈនាពេលខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
