ពលរដ្ឋនៅស្រុករំដួល ខេត្តស្វាយរៀង ឲ្យដឹងថា សត្វព្រៃប្រភេទសត្វប្រវឹក រាប់រយក្បាល ត្រូវឈ្មួញលួចដឹកចេញតាមម៉ូតូទៅលក់នៅប្រទេសវៀតណាម ដោយសេរីពុំមានអាជ្ញាធរណាទប់ស្កាត់នោះទេ។
អ្នកភូមិព្រួយបារម្ភថា ប្រភេទសត្វនេះវាអាចនឹងដាច់ពូជហិនហោចអស់ពីកម្ពុជា ប្រសិនបើពុំមានការទប់ស្កាត់ទាន់ពេលនោះ។ ប៉ុន្តែ ប៉ូលិសមូលដ្ឋានវិញលើកឡើងថា ក្នុងរដូវវស្សាពុំមានការនាំសត្វព្រៃទៅលក់នៅក្រៅប្រទេសទេ។
អ្នកភូមិដែលឃើញហេតុការណ៍នោះ អំពាវនាវសុំឲ្យអាជ្ញាធរប៉ូលិស និងមន្ត្រីពាក់ព័ន្ធ ទប់ស្កាត់ និងបញ្ឈប់សកម្មភាពនេះជាបន្ទាន់ ជៀសវាងកុំឲ្យឈ្មួញខិលខូចលួចនាំសត្វព្រៃទៅលក់អស់ពីស្រុកខ្មែរ។
អ្នកភូមិម្នាក់ថ្លែងក្នុងលក្ខខណ្ឌមិនឲ្យបញ្ចេញឈ្មោះ រស់នៅភូមិចំណតត្រាច ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង ឲ្យដឹងនៅថ្ងៃទី១៤ កក្កដា ថា ប្រភេទសត្វព្រៃភាគច្រើនជាសត្វប្រវឹករាប់រយក្បាល ត្រូវឈ្មួញដឹកមករក្សាទុកនៅផ្ទះរបស់ខ្លួន នៅខាងកើតភូមិចំណតត្រាច រួចនាំចេញទៅលក់នៅប្រទេសវៀតណាម ដោយឆ្លងកាត់តាមច្រកព្រែកពក នៃឃុំថ្នាធ្នង់។
អ្នកភូមិរូបនេះបន្តថា ឈ្មួញច្រើនធ្វើសកម្មភាពនាំសត្វទៅលក់នៅចន្លោះពីម៉ោង ៧ ទៅម៉ោង ៩យប់ ប្រមាណជា២លើកក្នុងមួយសប្ដាហ៍៖ «ដល់ចូលដល់ស្រុករមាសហែក ហ្នឹង វាដោះលេខឡានទៅទាំងអស់តែហ្មង វាលែងដោះស្លាកលេខឡាន ហើយបើត្រង់ណាមានស្លាកលេខទៅរហូតមកទុកនឹងផ្ទះហ្នឹង ដល់ផ្ទះបងប្អូនវារៀបចំយកសត្វចេញទៅតែហ្មង។ តែមកដល់ គេអត់ទុកយូរទេ តែមកដល់គេដាក់ម៉ូតូគេទៅវឹងៗ។ ទៅមុខទៀតហ្នឹង វាហិនហោចអស់ហើយសត្វស្រុកខ្មែរ អាលាយហ្មង យកទៅលក់ស្រុកយួន អស់ហើយ ធម្មតាខ្ញុំនៅព្រំដែនរបៀបឲ្យមានសត្វគ្រលីងគ្រលោង សារិកាកែវក្របីមួយអត់មានទទេ ដើរយកទៅលក់ស្រុកយួន អស់ហើយ»។
អ្នកភូមិបង្ហើបថា សត្វប្រវឹកទាំងនោះត្រូវឈ្មួញប្រមែប្រមូលទិញពីខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ដោយក្នុងសត្វមួយក្បាលតម្លៃប្រមាណ ១០ដុល្លារអាមេរិក ទាំងប្រាំងវស្សា ដោយនៅរដូវប្រាំងក៏មានប្រភេទសត្វកម្រផ្សេងទៀត ដូចជាសត្វក្ងោក និងស្វា ជាដើម។ អ្នកភូមិរូបនេះលើកឡើងថា សកម្មភាពដឹកសត្វទាំងនោះ អ្នកភូមិក្បែរខាងប្រទះឃើញស្ទើរតែគ្រប់គ្នា បានត្រឹមតែសោកស្ដាយថាគ្មានអំណាចទៅចាត់ការឲ្យបញ្ឈប់លើការងារនោះ។
ទាក់ទងនឹងបញ្ហានេះ ប្រធាននគរបាលរដ្ឋបាលប៉ុស្តិ៍ឃុំថ្នាធ្នង់ លោក ម៉ី សំអូន មានប្រសាសន៍ថា ពុំទទួលព័ត៌មានអំពីឈ្មួញនាំសត្វព្រៃមកស្តុកទុកនៅឃុំថ្នាធ្នង់ នៅឡើយទេ។ ទោះជាយ៉ាងនេះក្ដី លោក ម៉ី សំអូន ទទួលស្គាល់ថា កន្លងមកធ្លាប់មានឈ្មួញលួចធ្វើសកម្មភាពខ្លះមែននៅរដូវប្រាំង តែសកម្មភាពទាំងនោះបែបលួចលាក់ជាទ្រង់ទ្រាយតូច៖ «មានម្ដងម្កាលតិចតួចដែរ តែឥឡូវវាអត់មានបង ផ្លូវវាពិបាក! វាទឹកលិចអីអ៊ីចឹង ឥឡូវបងប្អូនរកស៊ីដកដំឡូងដឹកដំឡូងអីទៅ ផ្លូវវាបែកល្បាប់អីអ៊ីចឹងច្រើន មានម៉ូតូរត់អត់រួចទេឥឡូវហ្នឹង»។
ប្រធានអង្គការ បឺត ឡាយ (Bird life) លោក ប៊ូ វ៉ូសាក់ មានប្រសាសន៍ថា សត្វប្រវឹកជាប្រភេទសត្វព្រៃមួយប្រភេទ ដែលច្រើនរស់នៅតំបន់ដែលសម្បូរទឹកទូទាំងប្រទេស ហើយសត្វប្រភេទនេះក្នុងប្រទេសកម្ពុជា នៅមានចំនួនច្រើននៅឡើយ ប៉ុន្តែវាអាចកាត់បន្ថយនៅពេលខាងមុខ ប្រសិនបើពុំមានការទប់ស្កាត់ឲ្យបានទូលំទូលាយនោះ។ លោកថា ការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យបានយល់ដឹងអំពីសារប្រយោជន៍សត្វព្រៃ និងសត្វកម្រជារឿងសំខាន់៖ «ប៉ុន្តែគម្រោងដែលគួរតែធ្វើ គឺការអប់រំផ្សព្វផ្សាយជាបឋម យើងគួរធ្វើឲ្យសាធារណជនយល់ថា ការបរិភោគហ្នឹង អឺ! វាមិនជាឆ្ងាញ់អីទេ ហើយការចាប់របស់សោតហ្នឹង ប្រហែលជាប្រឈមមុខនឹងសុខភាពទៀត ការចាប់របស់ពួកគាត់ភាគច្រើនអាចប្រើថ្នាំពុលអីអ៊ីចឹង»។
អ្នកភូមិចោទប្រកាន់ថា សត្វប្រវឹក និងសត្វកម្រមួយចំនួនទៀត ដែលឈ្មួញនាំទៅលក់នៅប្រទេសវៀតណាម នៅឃុំថ្នាធ្នង់ នោះ អាជ្ញាធរមូលដ្ឋានសុទ្ធតែដឹងច្បាស់អំពីរឿងនេះ ប៉ុន្តែមិនចាត់ការនោះទេ គឺបើកដៃឲ្យពួកគេធ្វើសកម្មភាពបានដោយសេរី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
