ប្រជាពលរដ្ឋរស់នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលប្រើប្រាស់ទោចក្រយានយន្ត ឬម៉ូតូមិនមានឯកសារគ្រប់គ្រាន់ ឬម៉ូតូគ្មានពន្ធ កំពុងជួបបញ្ហាប្រឈមនានា។ បញ្ហាប្រឈម គឺពួកគាត់មិនអាចធ្វើដំណើរនៅតាមផ្លូវជាតិដូចសព្វដងបាន បន្ទាប់ពីមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក រឹតបន្តឹងច្បាប់។
ពលរដ្ឋខ្លះ ត្រូវផ្អាកសកម្មភាពប្រកបមុខរបររបស់ខ្លួន ដោយសារខ្លាចមន្ត្រីនគរបាលចាប់ ជាដើម។
ប្រជាពលរដ្ឋនៅស្រុកមេមត់ ស្នើឲ្យប្រមុខរាជរដ្ឋាភិបាល ជួយសម្រួលតម្លៃបំពេញឯកសារ ឬធ្វើពន្ធនាំចូលសម្រាប់ទោចក្រយានយន្ត ឬម៉ូតូទាំងឡាយណាដែលមិនមានឯកសារគ្រប់គ្រាន់ ដូចជា មិនមានពន្ធនាំចូល ឬស្លាកលេខ ជាដើម។ ពួកគាត់ថា ប្រសិនបើមិនមានការបើកដៃពីសំណាក់មន្ត្រីសមត្ថកិច្ចមួយចំនួនទេ ម៉ូតូគ្មានពន្ធក៏មិនអាចនាំចូលមកបានដែរ។
ពលរដ្ឋនៅឃុំមេមត់ លោក ព្រៅ ចាន់ធឿន មានប្រសាសន៍ថា ដោយសារថ្មីៗ សមត្ថកិច្ចនគរបាលចរាចរណ៍អនុវត្តច្បាប់ ធ្វើឲ្យពលរដ្ឋជាច្រើនមិនហ៊ានជិះម៉ូតូរបស់ខ្លួនទៅផ្សារ ឬដឹកទំនិញផ្សេងៗទៅលក់ដូរដូចពេលមុនឡើយ ពីព្រោះម៉ូតូពួកគាត់មិនបានបង់ពន្ធនាំចូល។ លោកបន្តថា តម្លៃធ្វើពន្ធនាំចូល ឬឯកសារពាក់ព័ន្ធមានតម្លៃខ្ពស់ ដែលនាំឲ្យពលរដ្ឋមិនមានលទ្ធភាពធ្វើ៖ «ខ្ញុំមិនដឹងថា រដ្ឋាភិបាលមិនដឹងគាត់គិតរបៀបម៉េចទេ ជាពិសេសមន្ត្រីនៅតាមព្រំដែន បាននាំយកម៉ូតូអត់ពន្ធសម្រាប់ប្រជាពលរដ្ឋ»។
តម្លៃធ្វើពន្ធនាំចូល គឺគេគិតទៅតាមស៊េរីម៉ូតូទាំងនោះ ដោយត្រូវចំណាយចន្លោះពីជាង ៤០ម៉ឺនរៀលទៅជាង ១លានរៀល។ លោក ព្រៅ ចាន់ធឿន ឲ្យដឹងបន្តថា ម៉ូតូភាគច្រើនរបស់ពលរដ្ឋនៅស្រុកមេមត់ ប្រើប្រាស់សម្រាប់ដឹកជ័រ ឬផលិតផលកសិកម្មរបស់ខ្លួន គឺមិនមានឯកសារគ្រប់គ្រាន់ទេ។ ម្យ៉ាងលោកថា ស្រុកមេមត់ នៅជាប់ព្រំដែនវៀតណាម ស្រាប់ផង ទើបមានម៉ូតូគ្មានពន្ធជាច្រើននាំចូលមកលក់នៅតាមទីផ្សារ។
ដោយឡែកអាជ្ញាធរភូមិក្នុងឃុំមេមត់ សុំមិនឲ្យបញ្ចេញឈ្មោះនិយាយថា គ្រាន់តែវិធានការរបស់សមត្ថកិច្ចចាប់ផ្ដើម ប្រជាពលរដ្ឋមានម៉ូតូខុសច្បាប់ទាំងនោះ មិនហ៊ានជិះចេញពីផ្ទះឡើយ។ រីឯកូនសិស្សវិញ ក៏មិនហ៊ានជិះទៅសាលាដែរ។ លោកមើលឃើញថា ផលប៉ះពាល់ គឺមានច្រើនចំពោះប្រជាពលរដ្ឋ ត្បិតអីពួកគាត់ជាជនរងគ្រោះ ពីព្រោះលោកថា ម៉ូតូគ្មានពន្ធអាចចូលមកស្រុកមេមត់ បាន គឺអាជ្ញាធរតាមព្រំដែនបើកដៃតែម្តង ហើយមានមន្ត្រីសមត្ថកិច្ចខ្លះទៀត ជិះយកម៉ូតូគ្មានពន្ធទាំងនោះមកលក់ឲ្យពលរដ្ឋទៀតផង៖ «អ៊ីចឹងខ្ញុំសុំឲ្យប្រមុខរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតី ហ៊ុន សែន ជួយសម្រួលការងារពន្ធហ្នឹងបន្តិច កុំឲ្យដល់ថ្នាក់ហ្នឹង»។
ទាក់ទងបញ្ហានេះ នាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្តត្បូងឃ្មុំ លោកវរសេនីយ៍ត្រី សូ សារ៉ាត់ មានប្រសាសន៍ថា ការអនុវត្តច្បាប់របស់មន្ត្រីនគរបាលចរាចរណ៍ គឺដំណើរការជាធម្មតា ហើយមានពលរដ្ឋជាច្រើនចូលរួមអនុវត្តច្បាប់ ប៉ុន្តែក៏មានប្រជាពលរដ្ឋខ្លះត្អូញត្អែរចំពោះករណីឃាត់ម៉ូតូគ្មានពន្ធ និងស្លាកលេខរបស់ពួកគាត់។ លោកថា រហូតមកដល់ពេលនេះ សមត្ថកិច្ចឃាត់ម៉ូតូដែលគ្មានពន្ធ ព្រមទាំងគ្មានស្លាកលេខចំនួន ១១៥គ្រឿង និងម៉ូតូមានពន្ធប៉ុន្តែគ្មានស្លាកលេខចំនួន ៥៦គ្រឿង។ លោកបន្តថា ការនាំយកម៉ូតូគ្មានពន្ធចូលមក គឺមិនពាក់ព័ន្ធមន្ត្រីសមត្ថកិច្ចចរាចរណ៍ទេ ប៉ុន្តែលោកបានបញ្ជូនសំណូមពរប្រជាពលរដ្ឋ ដោយសុំឲ្យមានការសម្រួលតម្លៃបំពេញឯកសារទៅមន្ត្រីពន្ធដារគយរួចរាល់ហើយ។ ទន្ទឹមគ្នានេះ លោកអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមអនុវត្តច្បាប់ទាំងអស់គ្នា៖ «ទិញយានយន្តទាំងឡាយ ត្រូវតែមានពន្ធត្រឹមត្រូវ។ បើសិនទិញម៉ូតូ ឬរថយន្តដែលមានស្លាកលេខ ត្រូវទៅកាត់ឈ្មោះដើម្បីជាកម្មសិទ្ធិរបស់គាត់ផ្ទាល់»។
ដោយឡែកនាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថា ដោយសារតែប្រទេសកម្ពុជា មានអំពើពុករលួយ ទើបបានជាយានជំនិះមួយចំនួនអាចនាំចូលមកស្រុកខ្មែរដោយគ្មានការបង់ពន្ធបាន។ ករណីនេះលោកថា មិនមែនជាកំហុសរបស់ពលរដ្ឋឡើយ ប៉ុន្តែវាជាកំហុសរបស់មន្ត្រីពន្ធដារ ឬមន្ត្រីគយតាមព្រំដែន ដែលមានភាពធូររលុង ឬធ្វេសប្រហែស។ លោកបន្ថែមថា រឿងនេះ គឺជាការទទួលខុសត្រូវរួមគ្នារវាងប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាល។ ស្របគ្នានេះ ដើម្បីឲ្យយានជំនិះទាំងនោះអាចចរាចរដោយស្របច្បាប់នៅលើផ្លូវសាធារណៈបាន រាជរដ្ឋាភិបាលត្រូវសម្រួលតម្លៃធ្វើឯកសារពាក់ព័ន្ធ ក្នុងកម្រិតមួយដែលប្រជាពលរដ្ឋអាចទទួលយកបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
