ពលរដ្ឋ​រស់នៅ​ជិត​ព្រំដែន​កម្ពុជា-ឡាវ​សាទរ​ចំពោះ​ការ​ធ្វើ​ប័ណ្ណ​ឆ្លង​ព្រំដែន

0:00 / 0:00

ពលរដ្ឋ​រស់នៅ​ជិត​ព្រំដែន​កម្ពុជា-ឡាវ នៅ​ឃុំ​ព្រែកមាស ស្រុក​សៀមប៉ាង ខែត្រ​ស្ទឹងត្រែង សាទរ​វិធានការ​ប្រមុខ​រដ្ឋាភិបាល ដែល​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​ប័ណ្ណ​ព្រំដែន​សម្រាប់​ជា​ឯកសារ​ផ្លូវ​ការ​ឆ្លង​កាត់​ច្រក​ទ្វារ​ព្រំដែន ប្រយោជន៍​បង្ក​លក្ខណៈ​ងាយ​ស្រួល​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ពលរដ្ឋ​ប្រទេស​ទាំង​ពីរ។

អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង និង​អាជ្ញាធរ​ខែត្រ​ចម្ប៉ាសាក់ ប្រទេស​ឡាវ កំពុង​សិក្សា​រួម​គ្នា ដើម្បី​កំណត់​ប្រភេទ​ប័ណ្ណ​ព្រំដែន​រួម​គ្នា​មួយ​ផ្អែក​តាម​កិច្ចព្រមព្រៀង​អន្តរ​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ។

អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ មករា ថា សមត្ថកិច្ច​ពាក់ព័ន្ធ​កំពុង​ប្រជុំ​បន្ត​ពិភាក្សា​រវាង​ភាគី​កម្ពុជា និង​ឡាវ លើ​ការ​ប្រើប្រាស់​នីតិវិធី និង​ការ​ប្រើប្រាស់​ប្រភេទ​ប័ណ្ណ​រួម​គ្នា​មួយ។

អ្នក​នាំ​ពាក្យ​សាលា​ខែត្រ​ស្ទឹងត្រែង លោក ម៉ែន គុង មាន​ប្រសាសន៍​បញ្ជាក់​ថា មន្ត្រី​ជំនាញ​នឹង​ចុះ​អប់រំ​ផ្សព្វផ្សាយ​ពលរដ្ឋ​រស់នៅ​តំបន់​ព្រំដែន ឲ្យ​យល់​ពី​របៀប​ប្រើប្រាស់​ប័ណ្ណ​ព្រំដែន និង​ទទួល​យក​ប័ណ្ណ​ឆ្លង​ដែន។ លោក​ថា អាជ្ញាធរ​ខែត្រ​នៅ​មិន​ទាន់​កំណត់​ពេលវេលា​ជាក់លាក់ ក្នុង​ការ​ផ្តល់​ប័ណ្ណ​ជូន​ពលរដ្ឋ​នោះ​ទេ ហើយ​សមត្ថកិច្ច​ពាក់ព័ន្ធ​កំពុង​សិក្សា​ឲ្យ​គ្រប់​ជ្រុងជ្រោយ ព្រោះ​ពុំ​មែន​តែ​ពលរដ្ឋ​រស់នៅ​តំបន់​ព្រំដែន​ទេ ក៏ប៉ុន្តែ​ពលរដ្ឋ​រស់នៅ​ទី​រួម​ខែត្រ​មាន​បំណង​ឆ្លង​កាត់​ព្រំដែន តើ​គួរ​ប្រើប្រាស់​មធ្យោបាយ​របៀប​ណា?៖ « យើង​ មិន​ទាន់ កំណត់​ពេល ​ជាក់លាក់​ នៅ​ឡើយ ​ទេ តែ​សមត្ថកិច្ច​ ជំនាញ​ពាក់ព័ន្ធ កំពុង​តែ ​សិក្សា​ រួម​គ្នា ​ហើយ »

ពលរដ្ឋ​រស់នៅ​ក្បែរ​ព្រំដែន​ឡាវ នៃ​ឃុំ​ព្រែកមាស ស្រុក​សៀមប៉ាង ខែត្រ​ស្ទឹងត្រែង លោក ទា សន ចាត់​ទុក​ការ​ផ្តល់​ប័ណ្ណ​ព្រំដែន​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់ ថា​បង្ក​លក្ខណៈ​ងាយ​ស្រួល​គ្រប់គ្រង​ច្រក​ព្រំដែន ខណៈ​ពលរដ្ឋ​ឡាវ តែងតែ​លួច​ឆ្លង​ដែន​មក​ទឹកដី​កម្ពុជា នៅ​ឃុំ​ព្រែកមាស តាម​អំពើ​ចិត្ត​ទាំង​ថ្ងៃ និង​យប់ ដើម្បី​បរបាញ់​សត្វ​ព្រៃ​ដោយ​ខុស​ច្បាប់ និង​សត្វ​ពាហនៈ​អ្នក​ស្រុក។ លោក​ថា ប្រសិន​បើ​ពលរដ្ឋ​ខ្មែរ​ចង់​ឆ្លង​ដែន​ទៅ​ឡាវ មាន​ការ​លំបាក​ជាង​ពលរដ្ឋ​ឡាវ ឆ្លង​មក​កម្ពុជា ដោយសារ​តែ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ព្រំដែន​របស់​ខ្មែរ​នីមួយៗ​ធូររលុង។

លោក​បន្ត​ថា កន្លង​ទៅ​បើ​អ្នក​ភូមិ​ចង់​ឆ្លង​ព្រំដែន​ទៅ​ប្រទេស​ឡាវ ទាល់​តែ​ស្នើសុំ​លិខិត​បញ្ជាក់​ពី​អាជ្ញាធរ​ភូមិ-ឃុំ ហើយ​ការ​ធ្វើ​សំបុត្រ​ពី​ភូមិ-ឃុំ​មាន​លក្ខណៈ​ស្មុគស្មាញ​ច្រើន ចំណាយ​ពេលវេលា និង​ថវិកា៖ « ចេញ​ចូល ​តាម​ព្រំដែន​ធ្វើ​ឲ្យ​យើង​ស្រួល​គ្រប់គ្រង​ ច្រក​ព្រំដែន ​នីមួយៗ កុំ​ឲ្យ​ យើង​ចេញ​ចូល ​តាម​អំពើ​ចិត្ត​បរបាញ់​សត្វ។ បើ​ឡាវ ចូល​មក​ស្រួល តែ​បើ ​ខ្មែរ​យើង​ ចូល​ទៅ ​ពិបាក »

កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ មករា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​ក្រៀល ខែត្រ​ស្ទឹងត្រែង និង​ខែត្រ​ចម្ប៉ាសាក់ ប្រទេស​ឡាវ បញ្ជាក់​ថា ចាប់​ពី​ខែ​មករា ឆ្នាំ​២០១៧ ត​ទៅ រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​រស់នៅ​តំបន់​ព្រំដែន​ប្រើប្រាស់​ប័ណ្ណ​ឆ្លង​កាត់​ព្រំដែន ដើម្បី​សម្រួល​ទំនាក់ទំនង​សេដ្ឋកិច្ច​ពលរដ្ឋ​ប្រទេស​ទាំង​ពីរ៖ « ខ្ញុំ​សូម​អាជ្ញាធរ​ខែត្រ និង​អាជ្ញាធរ​មូលដ្ឋាន ព្រម​ទាំង ​កម្លាំង​សមត្ថកិច្ច​ធ្វើ​ ការ​អប់រំ ​ផ្សព្វផ្សាយ​ ជូន​ ប្រជាជន​អំពី​ ការ​ប្រើប្រាស់ ​ប័ណ្ណ​ព្រំដែន »

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា (ANSA)លោក សន ជ័យ មើល​ឃើញ​ថា កម្ពុជា ហាក់​ដូចជា​ដើរ​យឺត​ក្នុង​ការ​សម្របសម្រួល​ព្រំដែន​ប្រទេស​ទាំង​ពីរ។ លោក​ចង់​ឃើញ​សមត្ថកិច្ច​ពាក់ព័ន្ធ ប្រតិបត្តិ​ការងារ​សកម្ម អនុវត្ត​គោល​នយោបាយ​របស់​ថ្នាក់​ជាតិ​ឲ្យ​បាន​ល្អ ជាពិសេស​រក​មធ្យោបាយ​ផ្តល់​ប្រយោជន៍​ឲ្យ​ពលរដ្ឋ​កម្ពុជា ដែល​ធានា​ថា ពលរដ្ឋ​នឹង​ទទួល​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច និង​ការ​ទំនាក់ទំនង​ទាញ​ប្រយោជន៍​ពី​ឡាវ៖ « យើង​ចង់​ឲ្យ​ មាន​ការ ​អនុវត្ត​ស្អាតស្អំ​ត្រឹមត្រូវ មិន​មាន ​បញ្ហា​ យក​លុយ ​កាក់​អី ដែល​ផ្ទុយ​ពី​គោលការណ៍ ឬ​គេ​ ហៅ​ថា ​កិច្ចព្រមព្រៀង​រួម​រវាង​កម្ពុជា និង​ឡាវ។ នេះ​ជា​បទពិសោធន៍​ ពុំ​មែន លើក​ទី​មួយ ​ទេ ដែល​បរទេស ពិសេស​ខាង​ខ្មែរ​យើង គេ​ថា​កន្ទេល​ធំ​ច្រឡំ​ដេក ហើយ​អ្នក​ខាត​ប្រយោជន៍​នោះ គឺ​ពលរដ្ឋ​ខ្មែរ »

លោក សន ជ័យ ចង់​ឃើញ​សមត្ថកិច្ច​របស់​កម្ពុជា មិន​ធ្វើ​ទុក្ខបុកម្នេញ​ដល់​ពលរដ្ឋ​ខ្លួន​ឯង ដូចជា​តម្រូវ​ឲ្យ​បង់​ប្រាក់ និង​បំពេញ​ឯកសារ​ស្មុគស្មាញ។ លោក​រិះគន់​ថា ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​ព្រំដែន​របស់​ប្រទេស​កម្ពុជា ហាក់​ខ្សោយ​នៅ​ឡើយ ធ្វើ​ឲ្យ​ប្រទេស​ជាប់​ព្រំដែន​របស់​កម្ពុជា តែងតែ​មាន​ប្រៀប​ជាង​ទាក់ទិន​ការ​ទំនាក់ទំនង​សេដ្ឋកិច្ច និង​កិច្ច​សហប្រតិបត្តិការ​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។