ព្រះសង្ឃ​និង​ពលរដ្ឋ​វត្ត​ពោធិលង្កា​ខេត្ត​សៀមរាប​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះលែង​សង្ឃ​ពីរ​អង្គ

ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​ប្រមាណ ២០០​នាក់ ​និង​អង្គ​ជួប​ជុំ​គ្នា នៅ​វត្ត​ពោធិលង្កា ក្នុង​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប នៅ​រសៀល​ថ្ងៃ​ទី ២៤ កញ្ញា ​ទាមទារ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ដោះលែង ព្រះសង្ឃ​ពីរ​អង្គ​ គឺ​ព្រះតេជព្រះគុណ ចាន់ សំបូរ ហៅ​ពេជ្រ ដេវីដ និង ព្រះតេជព្រះគុណ ទិត វណ្ណី ដែល​ត្រូវ​អាជ្ញាធរ​ឃាត់​ខ្លួន។

លោក ចៅ ល័ក្ខវណ្ណា អ្នក​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ(Licadho) ប្រចាំ​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា​បន្ទាប់​ពី​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ដាក់​ញត្តិ​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​សៀមរាប ជួយ​អន្តរាគមន៍​​អភិបាល​រង​ខេត្ត​សៀមរាប លោក ម៉ៅ វុទ្ធី រួម​ជាមួយ​ស្នងការ និង​មន្ត្រី​សង្ឃ ​ពន្យល់​ពី​មូលហេតុ ដែល​សមត្ថកិច្ច​ចាប់​ផ្សឹក​សង្ឃ​ទាំង​ពីរ​នោះ។ សមត្ថកិច្ចសំអាង​ថា ព្រះតេជគុណ​ ចាន់ សំបូរ ពាក់ព័ន្ធនឹង​ផឹក​ស្រា និង​នាំ​ស្រីញី​ចូល​ក្នុង​វត្ត ចំណែក​​​​ភិក្ខុ ទិត វណ្ណី ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ញៀន។

ចំណែក​លោក ឌី ថេហូយ៉ា មន្ត្រី​ព័ត៌មាន​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ ដែល​ឃ្លាំ​មើល​ការ​ពន្យល់​របស់​សមត្ថកិច្ច​នោះ បាន​ឲ្យ​ដឹង​ថា​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ មិន​ទទួល​តាម​ការ​បក​ស្រាយ​នោះ​ទេ ហើយ​នៅ​តែ​ទទូច​ឲ្យ​អាជ្ញាធរ ដោះលែង​សង្ឃ​ទាំងពីរ​អង្គ​មក​វិញ។ អ្នកតវ៉ាលើក​ហេតុផល​ថា អំពើ​របស់​ភិក្ខុ ពេជ្រ ដេវីដ​ខុស​ពី​វិន័យ​ពុទ្ធសាសនា​មែន តែ​មិន​ដល់ថ្នាក់​ចាប់​ផ្សឹក និង​ដាក់​គុក​ទេ ហើយ​រឿង​ភិក្ខុ ទិត វណ្ណី ដែល​គេ​ចោទ​ប្រកាន់​ថា​ប្រើប្រាស់​ញៀន​នោះ ជា​ការ​ប្រឌិត​ឡើង​តែ​ប៉ុណ្ណោះ ។

លើស​ពី​នេះ​អភិបាល​រង​ខេត្ត​សៀមរាប លោក ម៉ៅ វុទ្ធី ណែនាំ​អោយ​តំណាង​សង្ឃ ធ្វើ​លិខិត​ទៅ​តុលាការ ដើម្បី​ឲ្យ​បាន​នៅ​ក្រៅឃុំ និង​រក​មេធាវី ដើម្បី​ការពារ​ក្ដី​ទៅ​តាម​នីតិវិធី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។