តម្រូវ​ការ​អាទិភាព​របស់​ពលរដ្ឋ​ក្នុង​ឃុំ​មួយ​នៅ​ពោធិ៍សាត់

0:00 / 0:00

ក្នុង​គោល​បំណង​លើក​កម្ពស់​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ ក្នុង​ដំណើរ​ការ​អភិវឌ្ឍ​លទ្ធិប្រជាធិបតេយ្យ​ថ្នាក់​ក្រោម​ជាតិ អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ឈ្មោះ "អង្គការ​អនាគត​កុមារ" បាន​រៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​មួយ​នៅ​ឯ​ឃុំ​មួយ​ស្ថិត​ក្នុង​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់។

តើ​អ្វី​ទៅ​ជា​តម្រូវ​ការ​អាទិភាព និង​ជា​បញ្ហា​ដែល​កើត​មាន​ក្នុង​ឃុំ​នេះ?

បញ្ហា​ក្មេង​ទំនើង​ប្រើប្រាស់​គ្រឿងញៀន និង​បញ្ហា​បទ​ល្មើស​នេសាទ គឺ​ជា​ប្រធាន​បទ​សំខាន់​ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​អនាគត​កុមារ នៅ​ឯ​ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់។

ស្ត្រី​អ្នក​ភូមិ​ឈ្មោះ ព្រំ ញ៉ា ជា​ប្រជាពលរដ្ឋ​នៅ​ភូមិ​ប៉ប៉ិត។ គាត់​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី២៩ ខែ​មេសា ថា ក្ដី​កង្វល់​ចម្បង​របស់​អ្នក​ភូមិ គឺ​បញ្ហា​ក្មេង​ទំនើង និង​ក្រុម​អ្នក​ប្រើប្រាស់​គ្រឿងញៀន ដែល​បាន​បង្ក​បញ្ហា​ស្មុគស្មាញ​ជាច្រើន​ចំពោះ​អ្នក​ភូមិ។

ស្ត្រី​រូប​នេះ​បន្ត​ថា ក្រុម​ក្មេង​ទំនើង​បាន​ធ្វើ​សកម្មភាព​អុកឡុក​ពេល​មាន​ពិធី​មង្គលការ ឬ​ពិធី​បុណ្យ​ផ្សេងៗ​ជា​ញឹកញាប់ តែ​អាជ្ញាធរ​ហាក់​មិន​ចង់​ធ្វើ​ការ​បង្ក្រាប ឬ​ជួន​កាល​គ្រាន់​តែ​ឃាត់​មិន​ឲ្យ​មាន​ជម្លោះ តែ​មិន​បាន​ដាក់​ទណ្ឌកម្ម​តាម​ផ្លូវ​ច្បាប់​ឡើយ ដោយ​ក្រុម​ក្មេង​ទំនើង​នេះ​មាន​ខ្នង​បង្អែក​ជា​អាជ្ញាធរ​ភូមិ៖ «តើ​ក្រុម​ប្រឹក្សា​ឃុំ​យើង​មាន​វិធាន​ការ​យ៉ាង​ណា​ខ្លះ ដើម្បី​ទប់ស្កាត់​ក្មេង​ទំនើង​នេះ។ ទី២ បញ្ហា​ល្បែង​ស៊ី​សង​ដូចជា​កន្ទុយ​លេខ ល្បែង​ហ្គេម បោះបង់​ចោល​ការ​សិក្សា​ច្រើន។ តើ​ក្រុម​ប្រឹក្សា​ឃុំ​មាន​វិធាន​ការ​យ៉ាង​ណា ដើម្បី​បំបាត់​បញ្ហា​ទាំង​នេះ»

ឆ្លើយ​តប​ចំពោះ​ក្ដី​កង្វល់​របស់​អ្នក​ភូមិ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​អន្លង់ត្នោត លោក ហ៊ុន ហៀង ទទួល​ស្គាល់​ថា ពិត​ជា​មាន​បញ្ហា​នេះ​កើត​មាន​មែន។ យ៉ាង​នេះ​ក្ដី លោក​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ។ លោក​ថា អាជ្ញាធរ​ប៉ូលិស​បាន​ធ្វើ​ការ​បង្ក្រាប​ដោយ​ចាប់​ឃាត់​ខ្លួន និង​អប់រំ​ក្រុម​ក្មេង​ទំនើង​ជាច្រើន​ករណី។ លោក​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​សហការ​ជាមួយ​ប៉ូលិស ដោយ​រាយការណ៍​ជា​បន្ទាន់​នៅ​ពេល​មាន​ហេតុការណ៍​អ្វី​មួយ​កើត​ឡើង៖ «សមត្ថកិច្ច​រាល់​ថ្ងៃ កំពុង​បង្ការ និង​បង្ក្រាប​ដោយ​បាន​ចាប់​ឲ្យ​ពួក​គេ​រួម​ទាំង​ម៉ែ​ឪ​ពួក​គេ ធ្វើ​កិច្ច​សន្យា។ ក្រុម​ក្មេង​ទំនើង​ទាំង​នេះ​កើត​ចេញ​ពី​ការ​ស៊ី​ផឹក យើង​កំពុង​ធ្វើ​ការ​អប់រំ​ផ្សព្វផ្សាយ និង​ចាត់​វិធាន​ការ​គ្រប់​យ៉ាង​ដើម្បី​បំបាត់»

មេ​ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ អ្នកស្រី ទូច ណូ ថ្លែង​ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ កាល​ពី​ថ្ងៃ​ទី២៩ ខែ​មេសា ឆ្នាំ​២០១៣។
មេ​ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ អ្នកស្រី ទូច ណូ ថ្លែង​ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ កាល​ពី​ថ្ងៃ​ទី២៩ ខែ​មេសា ឆ្នាំ​២០១៣។ (RFA/Mondul Keo)

ករណី​បទ​ល្មើស​នេសាទ ក៏​ជា​កង្វល់​សម្រាប់​អ្នក​ភូមិ​ផង​ដែរ។ អាជ្ញាធរ​ភូមិ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​សរសេរ​ជា​សំណួរ​តាម​លិខិត​សួរ​ថា ជន​ប្រព្រឹត្ត​ល្មើស​នេសាទ​ក្នុង​ភូមិ​លោក​មិន​ត្រឹម​តែ​មិន​ខ្លាច​ច្បាប់​នោះ​ទេ តែ​ថែម​ទាំង​ចំអក​ឲ្យ​អាជ្ញាធរ​ភូមិ​ទៀត។ តើ​ថ្នាក់​លើ​មាន​វិធាន​ការ​យ៉ាង​ណា​ចំពោះ​ជន​បែប​នេះ?៖ «សំណូមពរ​របស់​ភូមិ​ជ្រលង ពាក់ព័ន្ធ​នឹង​បទ​ល្មើស​នេសាទ​ដែល​កើត​មាន​តាំង​ពី​១៩៩៣ រហូត​ដល់​ឆ្នាំ​២០១៣ នេះ។ បទ​ល្មើស​នេសាទ​កាន់​តែ​កើន​ឡើង។ បុគ្គល​មួយ​ចំនួន​ប្រមាថ​មេ​ភូមិ ប្រមាថ​សមត្ថកិច្ច​ថែម​ទៀត»

ឆ្លើយ​តប​ចំពោះ​ក្ដី​កង្វល់​របស់​អាជ្ញាធរ​ភូមិ​រូប​នេះ មេ​ឃុំ​អន្លង់ត្នោត អ្នកស្រី ទូច ណូ សំណូមពរ​ឲ្យ​អាជ្ញាធរ​ភូមិ​ធ្វើ​បញ្ជី​ឈ្មោះ​ក្រុម​ជន​ល្មើស ផ្ញើ​មក​ឲ្យ​អាជ្ញាធរ​ប៉ូលិស​ជា​បន្ទាន់ ដើម្បី​មាន​វិធាន​ការ​បង្ក្រាប។

ឃុំ​អន្លង់ត្នោត មាន​ភូមិ​ចំនួន​១២ និង​មាន​ផ្ទៃដី​សរុប ៩.២០០​ហិកតារ ឬ​ស្មើ ៩២​គីឡូម៉ែត្រ​ការ៉េ។ ចែក​ចេញ​ជា​ផ្ទៃដី​បង្កបង្កើនផល ១.៨៤៤​ហិកតារ។ ផ្ទៃដី​លំនៅឋាន ៥៥៦​ហិកតារ។ ដី​ព្រៃ ៣.២៧០​ហិកតារ និង​មាន​ប្រជាពលរដ្ឋ​រស់នៅ ២.១៥១​គ្រួសារ ហើយ ៨៥% នៃ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ជា​កសិករ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។