អតីត​ព្រះចៅ​អធិការ​វត្ត​និង​ពលរដ្ឋ​នៅ​បាត់ដំបង​តវ៉ា​ជា​ថ្មី​ចំពោះ​ការ​ដក​តំណែង​ព្រះចៅ​អធិការ

អតីត​ព្រះចៅ​អធិការ​វត្ត​ភ្នំខ្ពស់ ព្រម​ទាំង​ប្រជាពលរដ្ឋ​គាំទ្រ​ប្រមាណ ៥០០​នាក់ នៅ​ថ្ងៃ​ទី​២១ តុលា បន្ត​ប្រមូល​ផ្ដុំ​គ្នា​ជា​ថ្មី​នា​បរិវេណ​វត្ត​ក្នុង​ឃុំ​តាគ្រាម ស្រុក​បាណន់ ខេត្ត​បាត់ដំបង តវ៉ា​ចំពោះ​ការ​ដក​តំណែង​ព្រះចៅ​អធិការ​វត្ត។

អាជ្ញាធរ និង​គណៈ​សង្ឃ​ស្រុក បាន​ដក​តំណែង​ព្រះចៅ​អធិការ​វត្ត​ពីរ​ព្រះអង្គ កាល​ពី​ថ្ងៃ​ទី​១៩ តុលា។ ការ​ដក​តំណែង​នេះ ដោយសារ​កន្លង​មក ព្រះអង្គ​មាន​និន្នាការ​ប្រជាធិបតេយ្យ​លេចធ្លោ ដែល​ប្រឆាំង​គណបក្ស​កាន់​អំណាច​មូលដ្ឋាន។

អតីត​ព្រះចៅ​អធិការ​វត្ត​ភ្នំខ្ពស់ ព្រះតេជព្រះគុណ ឃឹម សំអឿន មាន​ថេរ​ដីកា​នៅ​រសៀល​ថ្ងៃ​ទី​២១ តុលា ថា ក្រុម​ប្រជាពលរដ្ឋ​ដែល​មក​គាំទ្រ​ព្រះអង្គ គឺ​មក​ពី​ខេត្ត​សៀមរាប បាត់ដំបង ក្រុង​ប៉ោយប៉ែត និង​មួយ​ចំនួន​ទៀត​មក​ពី​ស្រុក​បាណន់ និង​ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត។ ពួក​គាត់​បាន​នាំ​គ្នា​តវ៉ា ដោយ​មក​ប្រជុំ​គ្នា​ក្នុង​បរិវេណ​វត្ត គឺ​មិន​មាន​ដើរ​ក្បួន​ទៅ​ខាង​ក្រៅ​នោះ​ទេ៖ «ថ្ងៃ​ស្អែក​ហ្នឹង​មាន​ការ​តវ៉ា​បន្ត​ទៅ​ទៀត ដរាប​ណា​រក​ដំណោះស្រាយ​អត់​ឃើញ ព្រោះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​លោក​អញ្ជើញ​មក​តាំង​ពី​ទី​ជិត​ទី​ឆ្ងាយ​ហ្នឹង គាត់​ហាក់​បី​ដូច​ជា​មាន​ការ​ក្ដុកក្ដួល​ក្នុង​ចិត្ត។ អ្នក​ខ្លះ​សម្រាន្ត​អត់​លក់ អ្នក​ទៀត​យំ​រហេមរហាម។ គាត់​នឹង​ឃើញ​ថា ដែល​យក​កង​កម្លាំង​ប្រដាប់​អាវុធ​មក​នេះ​គាត់​ឆ្ងល់ គាត់​រន្ធត់​ក្នុង​ចិត្ត​ជា​ខ្លាំង ដោយ​គាត់​មក​ឃើញ​ទិដ្ឋភាព​ថ្ងៃ​ដំបូង ហាក់​បី​ដូច​ជា​ធ្វើ​នេះ គឺ​ការ​ប្លន់​វត្ត​ក៏​ថា​បាន ហើយ​ជា​ធ្វើ​រដ្ឋ​ប្រហារ​ចំពោះ​អាត្មា​ក៏​ថា​បាន»

អាជ្ញាធរ​ស្រុក​បាណន់ បាន​ដាក់​ពង្រាយ​កម្លាំង​កង​ប្រដាប់​អាវុធ​ប្រមាណ ៣០​នាក់ ការពារ​សណ្ដាប់ធ្នាប់​ជុំវិញ​បរិវេណ​វត្ត ប៉ុន្តែ​ពុំ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដែល​បង្ក​ឲ្យ​របួស​ស្នាម​នោះ​ទេ។

ចំណែក​ឯ​ក្រុម​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​ព្រះអង្គ​មក​ពី​ឆ្ងាយ ពួក​គាត់​មិន​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទេ​បន្ទាប់​ពី​តវ៉ា គឺ​ពួក​គាត់​ស្នាក់​នៅ​ក្នុង​វត្ត ដើម្បី​តវ៉ា​នៅ​ថ្ងៃ​ទី​២២ តុលា បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។