ពលរដ្ឋជាច្រើននាក់នៅខេត្តកំពង់ចាម ត្អូញត្អែរចំពោះសកម្មភាពចាប់ម៉ូតូដែលគ្មានពន្ធនាំចូលពីសំណាក់អាជ្ញាធរខេត្ត។ ពួកគាត់លើកឡើងថា មិនមែនជាការទទួលខុសត្រូវរបស់ពួកគាត់នោះទេ ដោយសារតែម៉ូតូអត់ពន្ធមានចំនួនច្រើន ហើយមានតម្លៃថោក ទើបពួកគាត់ទិញ។
ចំណែកអ្នកទទួលខុសត្រូវ គឺមន្ត្រីគយ និងអាជ្ញាធរពាក់ព័ន្ធតែម្តង ដែលអនុញ្ញាតឱ្យម៉ូតូទាំងនោះនាំចូល។ ចំណែកមន្ត្រីគយបញ្ជាក់ថា មិនមែនមានតែមន្ត្រីគយទេដែលត្រូវចូលរួមដោះស្រាយលើបញ្ហានេះ ប៉ុន្តែអាជ្ញាធរពាក់ព័ន្ធផ្សេងទៀតក៏មានចំណែកចូលរួមដែរ។
ក្រោយពីមានសកម្មភាពចុះចាប់ម៉ូតូគ្មានស្លាកលេខ និងម៉ូតូគ្មានពន្ធពីសំណាក់អាជ្ញាធរខេត្តកំពង់ចាម នាប៉ុន្មានថ្ងៃមកនេះ ដើម្បីយកទៅរក្សាទុករង់ចាំការដោះស្រាយបញ្ហាពន្ធឱ្យបានប្រសើរនោះ ធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនបានលើកឡើងវិញថា វាជារឿងមិនត្រឹមត្រូវនោះទេ ពីព្រោះអ្នកទទួលខុសត្រូវធំលើបញ្ហានេះ គឺមន្ត្រីគយ និងអាជ្ញាធរពាក់ព័ន្ធ។
ពលរដ្ឋម្នាក់រស់នៅក្រុងកំពង់ចាម អ្នកស្រី សៅ ស្រីម៉ី រៀបរាប់ទាំងទឹកភ្នែកថា អ្នកស្រីទើបតែទិញម៉ូតូមួយគ្រឿងម៉ាកវ៉េវអាហ្វា (Wav) បានមួយខែពីអ្នករកស៊ីម្នាក់នៅខេត្តក្រចេះ ក្នុងតម្លៃប្រមាណជាង ២លានរៀល ដោយមិនមានពន្ធមិនមានស្លាកលេខ ដើម្បីយកមកឱ្យប្ដីរត់ឌុប និងសម្រាប់ឌុបអ្នកស្រីទៅយាមម៉ូតូគេនៅតាមរោងការ។ ប៉ុន្តែ នៅថ្ងៃទី២២ សីហា ក្រុមសមត្ថកិច្ចចម្រុះខេត្តកំពង់ចាម បានចាប់ម៉ូតូនោះ។ ក្រោយមក អាជ្ញាធរហៅអ្នកស្រីទៅប្រាប់ពីការផាកពិន័យក្នុងតម្លៃមួយប្រហាក់ប្រហែលនឹងតម្លៃម៉ូតូដែរ ហើយប្រសិនបើចូលដោះស្រាយនៅខែកញ្ញា នឹងត្រូវថ្លៃជាងតម្លៃម៉ូតូទៅទៀត៖ «គេសួររឿងពន្ធរឿងអី! ហើយនៅពេលខ្ញុំទៅជួបគយ គយគេយកលុយគេឱ្យខ្ញុំបង់ក្នុងខែប្រាំបីហ្នឹង ៤៧០ ហើយដល់ខែប្រាំបួន បើអត់បង់ក្នុងខែហ្នឹងទេ គេទារ ៧០៥ដុល្លារ»។
អ្នកស្រីបញ្ជាក់ថា ការចាប់ម៉ូតូអ្នកស្រីប្រៀបដូចជាការចាប់ឆ្នាំងបាយរបស់គាត់អ៊ីចឹង ហើយការទាមទារឱ្យអ្នកស្រីបង់ផាកពិន័យនោះ ក៏អ្នកស្រីមិនអាចបង់ជូនដែរ គឺមានតែទុកម៉ូតូឱ្យសមត្ថកិច្ចទេ ព្រោះអ្នកស្រីគ្មានប្រាក់ និងម្យ៉ាងកំពុងជំពាក់ប្រាក់គេកាលពីពេលទិញម៉ូតូនោះផង ប៉ុន្តែមន្ត្រីគយទៅវិញទេដែលអ្នកគិតគូរបង់ពន្ធនេះ។
រីឯពលរដ្ឋម្នាក់ទៀតរស់នៅស្រុកសន្ទុក ខេត្តកំពង់ធំ ដែលបានមកទិញម៉ូតូនៅក្រុងកំពង់ចាម ជិះមិនបានប៉ុន្មានម៉ែត្រផង ក៏ត្រូវសមត្ថកិច្ចចាប់ដែរ។ និយាយក្នុងលក្ខខណ្ឌសុំមិនឱ្យបញ្ចេញឈ្មោះ ឱ្យដឹងថា បើគ្មានការបើកដៃពីមន្ត្រីគយ និងមន្ត្រីនៅតាមព្រំដែនទេ ក៏គ្មានម៉ូតូខុសច្បាប់ចូលមកដែរ ហើយការចាប់ពលរដ្ឋ គឺជារឿងមិនត្រឹមត្រូវទេ។
ក្រៅពីពលរដ្ឋទាំងនេះ ក៏មានពលរដ្ឋផ្សេងទៀតត្អូញត្អែរចំពោះចំណាត់ការរបស់សមត្ថកិច្ចពេលនេះ ពីព្រោះបណ្តោយឱ្យម៉ូតូគ្មានពន្ធនាំចូលមក និងដាក់លក់ព្រោងព្រាត ប៉ុន្តែពេលពលរដ្ឋនាំគ្នាប្រើប្រាស់ បែរជាត្រូវមានបញ្ហាវិញ។
ទាក់ទងនឹងបញ្ហានេះ អនុប្រធានការិយាល័យគយ និងរដ្ឋាករនៅខេត្តកំពង់ចាម លោក លឹម វណ្ណី មានប្រសាសន៍ថា បញ្ហានេះ គឺកើតមានយូរណាស់មកហើយ ហើយការដោះស្រាយនោះក៏មិនមែនជាការទទួលខុសត្រូវរបស់មន្ត្រីផ្នែកគយទាំងស្រុងនោះដែរ គឺមានអាជ្ញាធរដែលពាក់ព័ន្ធផ្សេងទៀត ពីព្រោះម៉ូតូគេចពន្ធទាំងនោះ អាចនាំចូលតាមច្រកព្រំដែនតូចៗដោយលួចលាក់ និងមានការឃុបឃិតពីអាជ្ញាធរតាមព្រំដែនទៀតផង៖ «វាលួចចូលតាមច្រករបៀងអី ឆ្លៀតឱកាសអ៊ីចឹងទៅ និងមានការឃុបឃិតពីស្ថាប័នផ្សេងៗ ពិសេសវាសំខាន់ហ្នឹងប៉ូលិសនៅតាមច្រករបៀងអីហ្នឹងបាទ»។
លោកបន្ថែមថា កាលពីខែធ្នូ ឆ្នាំ២០១៣ អាជ្ញាធរក៏បានប្រកាសដល់ប្រជាពលរដ្ឋដែលជាប់កាតព្វកិច្ចបង់ពន្ធទោចក្រយានទាំងនោះ ឱ្យចូលបង់ពន្ធ ប៉ុន្តែមានតិចណាស់ដែលបានធ្វើតាមការប្រកាស។ ចំណែកតម្លៃវិញ លោកបញ្ជាក់ថា ជាការកំណត់ដោយច្បាប់។ ដូចនេះ ទាំងមន្ត្រី ទាំងរាស្ត្រ បំពេញដូចគ្នា មិនអាចកែប្រែបានឡើយ។
ផ្ទុយពីការលើកឡើងនេះ មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តកំពង់ចាម លោក នាង សុវ៉ាត យល់ថា វាមិនមែនជាកំហុសពលរដ្ឋនោះឡើយ ប៉ុន្តែអាជ្ញាធរពាក់ព័ន្ធទៅវិញទេ ពិសេសមន្ត្រីគយតែម្តងដែលជាអ្នកទទួលខុសត្រូវលើបញ្ហានេះ ពីព្រោះម៉ូតូដែលគ្មានពន្ធអាចដាក់លក់យ៉ាងច្រើននៅលើទីផ្សារ និងប្រើប្រាស់នៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។ ហើយម៉ូតូខុសច្បាប់ទាំងនោះ ចូលមកបាន គឺអាចមានអំពើពុករលួយតែម្តង៖ «ហើយរាប់រយគ្រឿង គយនៅតាមព្រំដែនប៉ុន្មាននាក់ រឿងអីដែលយើងមិនប្រយ័ត្ន ហើយយើងការពារមិនបាន ហេតុអីបានជាមិនរាយការណ៍ទៅរដ្ឋ ថាឥឡូវហ្នឹងវាប្រសេចប្រសាចណាស់ ខ្ញុំការពារមិនបានទេ មិនមែនតែច្រកហ្នឹងទេ រដ្ឋាភិបាលវិនិយោគរាប់ពាន់គីឡូតាមព្រំដែន។ អ៊ីចឹងមិនដឹងចូលតាមណាទេ! ដាក់ទៅរដ្ឋទៅ ឱ្យរដ្ឋគេចាត់វិធានការ។ ហើយបើយើងអត់រាយការណ៍ម៉ូតូដែលអត់ពន្ធហ្នឹងទេ គឺយើងជាអ្នកទទួលទោស យើងជាអ្នកទទួលខុសត្រូវ ព្រោះយើងមានសមត្ថកិច្ច»។
លោកបន្ថែមថា ម៉ូតូដែលមិនមានពន្ធនាំចូល បានធ្វើចរាចរនៅលើទឹកដីខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ គឺភាគច្រើននាំចូលពីប្រទេសវៀតណាម ហើយការនាំចូលម៉ូតូគេចពន្ធទាំងនោះ គឺវាធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុននាំចូលដែលបានបង់ពន្ធត្រឹមត្រូវយ៉ាងខ្លាំង។ បន្ថែមពីនេះទៀត គឺវាធ្វើឱ្យខាតបង់ប្រាក់ចូលរដ្ឋរាប់លានដុល្លារក្នុងមួយឆ្នាំៗ ចំណែកពលរដ្ឋដែលប្រើប្រាស់ កាន់តែជួបបញ្ហា និងកាន់តែក្រីក្រទៅវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
