ប្រជាពលរដ្ឋនៅផ្សារដើមអំពិល ភូមិបាយ៉ាប ខណ្ឌសែនសុខ ក្រុងភ្នំពេញ លើកឡើងថា ការរៀបចំចិញ្ចើមផ្លូវសាធារណៈរបស់សាលារាជធានីភ្នំពេញ គ្មានតម្លាភាព និងធ្វើតាមចិត្តនឹកដោយគ្មានផែនការជាក់លាក់ និងទស្សនៈវិស័យវែងឆ្ងាយ ដើម្បីរៀបចំក្រុងឱ្យមានរបៀបល្អនោះទេ។
អ្នកស្រាវជ្រាវ និងមន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា ការរៀបចំចិញ្ចើមផ្លូវសាធារណៈ គឺអាចកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្រុងភ្នំពេញ និងទីក្រុងស្អាត។ ចំណែកមន្ត្រីរដ្ឋាភិបាលឆ្លើយថា អាជ្ញាធរមិនអាចលុបបំបាត់បញ្ហាយកចំណីផ្លូវធ្វើអាជីវកម្មនោះបានទេ ព្រោះអាចមានផលប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ។
ពលរដ្ឋដែលប៉ះពាល់ដោយសារការរៀបសណ្ដាប់ធ្នាប់សាធារណៈ នៅផ្សារដើមអំពិល លើកឡើងថា ចំណាត់ការរបស់កម្លាំងសណ្ដាប់ធ្នាប់សង្កាត់ភ្នំពេញថ្មី លើកំណាត់ផ្លូវលេខ១៩២៨ (វិថីឧកញ៉ា ម៉ុង ឫទ្ធី) ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ គ្មានតម្លាភាព និងរៀបចំដោយគ្មានយន្តការត្រឹមត្រូវ។
អាជីវករម្នាក់លោកស្រី សុភា លាស់ និយាយថា ការដាក់លក់ដូរនៅផ្សារដើមអំពិលនេះ គឺព្រោះតែអាជ្ញាធរមិនរៀបចំឱ្យមានផ្សារ និងតូបត្រឹមត្រូវសម្រាប់គាត់ជួលដាក់លក់បន្លែត្រីសាច់ ម្ល៉ោះហើយលោកស្រី និងអាជីវករផ្សេងទៀតក៏នាំគ្នាដាក់លក់តាមគ្នា។
លោកស្រីបន្ថែមថា ជីវភាពរបស់គាត់គឺអាស្រ័យទាំងស្រុងលើការលក់ដូរតិចតួចនេះឯង បើសិនអាជ្ញាធរមិនអនុញ្ញាតឱ្យលក់ទៀត ថាតើឱ្យពួកគាត់ទៅលក់កន្លែងណាវិញ៖ «ខ្ញុំពិបាកចិត្តណាស់ កូនខ្ញុំបួនប្រាំនាក់នៅរៀន និងខ្លាចអត់មានអីឱ្យកូនហូប។ បងម្នាក់នោះ របស់គាត់ ២០គីឡូ គេលើកយកអស់រលីង»។
ការបញ្ចេញមតិមិនខុសពីអាជីវករខាងដើមស្ត្រីអ្នកលក់ត្រីម្នាក់ផ្សេងទៀត លើកឡើងថា អាជ្ញាធរមានចំណាត់ការចំពោះតែប្រជាពលរដ្ឋក្រីក្រ ដែលលក់ដូរកំប៉ិកកំប៉ុកដើម្បីក្រពះកូនរៀនសូត្រ និងដោះបំណុលដែលជំពាក់គេ។ លោកស្រីបន្តថា អាជ្ញាធរគិតតែពីដេញ ប៉ុន្តែមិនរៀបចំឱ្យមានកន្លែងលក់ត្រឹមត្រូវនោះទេ។ ផ្លូវជាច្រើននៅក្រុងភ្នំពេញ មានភាពរញ៉េរញ៉ៃ កកស្ទះចរាចរណ៍រាល់ថ្ងៃដោយសារហាងធំៗ យកចិញ្ចើមផ្លូវសម្រាប់ចត់ឡាន មិនឃើញមានអាជ្ញាធរណាចាត់វិធានការសោះ៖ «សម្រាប់អ្នកច្បាប់គេធ្វើតាមច្បាប់ល្អ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋដែលអត់ ក្រីក្រ គឺជួបការលំបាក ព្រោះលក់មួយកញ្ច្រែងសម្រាប់ផ្គត់ផ្គង់កូនរៀន ដល់ពេលខាងគេតឹងរ៉ឹងអ៊ីចឹង យើងអត់មានអីឱ្យកូនរៀន និងផ្គត់ផ្គង់គ្រួសារ»។
លោក លី សាវ៉េត អភិបាល គណៈអភិបាលខណ្ឌសែនសុខ កាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ដឹកនាំកម្លាំងសណ្ដាប់ធ្នាប់សង្កាត់ភ្នំពេញថ្មី ចុះរៀបចំសណ្ដាប់ធ្នាប់លើកំណាត់ផ្លូវលេខ១៩២៨ (វិថីឧកញ៉ា ម៉ុង ឫទ្ធី) ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
អាជ្ញាធរខណ្ឌអះអាងថា ការចាត់វិធានការរដ្ឋបាលនេះ បន្ទាប់ពីអាជ្ញាធរខណ្ឌបានជូនដំណឹងឱ្យបញ្ឈប់ការដាក់តាំងលក់ដូរទំនិញរំលោភលើចិញ្ចើមផ្លូវសាធារណៈជាច្រើនដងហើយ ប៉ុន្តែអាជីវករនៅតែមិនអនុវត្តទៅតាមការណែនាំរបស់អាជ្ញាធរ។
អ្នកស្រាវជ្រាវ និងមន្ត្រីអង្គការសង្គមស៊ីវិលអះអាងថា ការយកចិញ្ចើមផ្លូវសម្រាប់ចតឡានម៉ូត និងប្រកបរបរអាជីវកម្មផ្សេងៗនោះ គឺជាមូលហេតុសំខាន់មួយដែលនាំឲ្យមានការកកស្ទះចរាចរណ៍នៅទីក្រុងភ្នំពេញ។ មន្ត្រីអង្គការសង្គមស៊ីវិលបានរិះគន់ថា អាជ្ញាធរសមត្ថកិច្ចក្រុងភ្នំពេញ ហាក់មិនបានចាត់វិធានការឱ្យតឹងរ៉ឹងឡើយចំពោះបញ្ហានេះ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា កត្តាដែលបណ្ដាលឱ្យមានការកកស្ទះចរាចរណ៍នៅភ្នំពេញ គឺបណ្ដាលមកពីការយកចិញ្ចើមផ្លូវសម្រាប់ធ្វើអាជីវកម្ម មិនរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យមានប្រសិទ្ធភាព និងការអនុវត្តច្បាប់ស្ថិតនៅក្រោមឥទ្ធិពលរបស់អ្នកមានលុយ និងមានអំណាច។ ការកកស្ទះចរាចរណ៍នៅភ្នំពេញ បានបណ្ដាលឱ្យប្រជាពលរដ្ឋមានបញ្ហាផ្លូវចិត្ត ខាតបង់ថវិកា និងខាតបង់ពេលវេលា។
លោក យង់ គិមអេង៖ «ទីក្រុងក្លាយជាទីក្រុងគ្មានសណ្ដាប់ធ្នាប់ទេ ហើយជាទីក្រុងដែលសឹងតែស្ទះចរាចរណ៍ ២៤ម៉ោង។ ឥឡូវយើងឃើញថា ពេលថ្ងៃក៏ស្ទះ ពេលព្រឹកក៏ស្ទះ ពេលល្ងាចក៏ស្ទះ មិនដឹងថា ពេលណាអត់ស្ទះ?»។
ចំណែកមន្ត្រីស្រាវជ្រាវផ្នែកភូមិវិទ្យា និងនគរូបនីយកម្ម នៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម រាជបណ្ឌិត្យសភាកម្ពុជា លោក ហៃ សុគន្ធា បង្ហាញពីការស្រាវជ្រាវថា ការកើនឡើងចំនួនយានយន្តនៅក្រុងភ្នំពេញ ការបើកបរគ្មានក្រមសីលធម៌ និងការធ្វើផ្លូវ ធ្វើលូនានា និងយកចិញ្ចើមផ្លូវសាធារណៈធ្វើអាជីវកម្មក្នុងក្រុងភ្នំពេញ មិនចេះចប់មិនចេះហើយនោះ បណ្ដាលឱ្យអ្នកបើកបរពិបាកប្រើប្រាស់ផ្លូវថ្នល់ណាស់ ដែលជាហេតុបណ្ដាលឱ្យមានការកកស្ទះចរាចរណ៍។
លោកបន្តថា ភ្លើងចរាចរណ៍មិនច្បាស់លាស់ ក៏ជាហេតុបង្កឱ្យចរាចរណ៍មានភាពវឹកវរនៅចំណុចផ្លូវប្រសព្វនានា ការឈប់ និងការចតយានយន្តមិនត្រឹមត្រូវ ទៅតាមច្បាប់កំណត់ក៏ជាកត្តាដែលបណ្ដាលឱ្យមានការស្ទះចរាចរណ៍ដែរ៖ «ជាការពិតច្បាប់យើងមាន អ៊ីចឹងការអនុវត្តច្បាប់ហឹ្នង គឺចាំបាច់ហ្មង»។
ឆ្លើយតបនឹងការលើកឡើងនូវបញ្ហាទាំងនេះ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ លោក អៀង អូនី មានប្រសាសន៍ថា ការលុបបំបាត់ការប្រកបរបររកស៊ីនៅតាមចិញ្ចើមផ្លូវមិនអាចធ្វើបានទេ ព្រោះអាចប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ យ៉ាងណាក៏ដោយ សាលាក្រុងភ្នំពេញ កំពុងសិក្សាស្វែងរកដំណោះស្រាយដើម្បីអាចរៀបចំសណ្ដាប់ធ្នាប់ចិញ្ចើមផ្លូវសាធារណៈឱ្យបានល្អប្រសើរនៅពេលអនាគត។
លោក អៀង អូនី៖ «យើងយកគាត់ចេញពីចិញ្ចើមផ្លូវ ពិតណាស់សាលាក្រុងភ្នំពេញ ចង់បានបំផុត ប៉ុន្តែធ្វើម៉េចប្រជាពលរដ្ឋ មាននរណាដែលចង់បានដូចយើងទាំងអស់គ្នា។ ប្រជាពលរដ្ឋទូទៅគាត់ប្រើប្រាស់ផ្លូវគាត់ចង់បាន ប៉ុន្តែចុះអ្នកលក់? សំខាន់បំផុតការគិតគូររបស់សាលាក្រុងភ្នំពេញ គឺប្រជាពលរដ្ឋតូចតាច»។
នៅក្រុងភ្នំពេញ ចិញ្ចើមផ្លូវសាធារណៈមួយចំនួនត្រូវបានម្ចាស់ហាងធំៗ យកធ្វើជាកន្លែងចតរថយន្ត និងម៉ូតូសម្រាប់ភ្ញៀវរបស់ខ្លួនរាល់ថ្ងៃ។ ផ្លូវទាំងនោះរួមមាន តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ផ្លូវកម្ពុជាក្រោម ផ្លូវព្រះមុនីវង្ស ផ្លូវវ៉េងស្រេង ម្ដុំលូប្រាំ និងមុខសួនឧស្សាហកម្មកាណាឌីយ៉ា ព្រមទាំងតាមបណ្ដាលផ្លូវផ្សេងៗនៅភ្នំពេញ ប៉ុន្តែអាជ្ញាធរក្រុងមិនមានវិធានការណាមួយជាក់លាក់ក្នុងការដោះស្រាយ និងរៀបចំនោះឡើយ។
ក្រោមហេតុផលជាក់ស្ដែងនេះហើយ មន្ត្រីសង្គមស៊ីវិលរិះគន់ថា អ្នកដែលប្រើប្រាស់ចំណីផ្លូវបានតាមអំពើចិត្តនោះ ភាគច្រើនជាអ្នកដែលមានអំណាច និងលុយ។ សម្រាប់ប្រជាពលរដ្ឋក្រីក្រវិញ អាជ្ញាធរនឹងដេញប៉ផាប់ចាប់ពភីង មិនអនុគ្រោះ និងស្វែងដំណោះស្រាយណាមួយដែលអាចជួយសម្រួលដល់ពលរដ្ឋទាំងនោះទេ។
អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ លោក សុខ ណុប មានប្រសាសន៍ថា សមត្ថកិច្ចប៉ូលិសមិនប្រកាន់ថា អ្នកមាន អ្នកណាក្រនោះទេ ឱ្យតែអ្នកនោះប្រព្រឹត្តខុសនឹងច្បាប់ អាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់។
អ្នកស្រាវជ្រាវ និងមន្ត្រីសង្គមស៊ីវិលលើកឡើងថា ដើម្បីអាចដោះស្រាយការយកចិញ្ចើមផ្លូវសាធារណៈ មកធ្វើជាកន្លែងធ្វើអាជីវកម្មលក់ដូរនៅកម្ពុជា បាន រដ្ឋាភិបាលកម្ពុជា ត្រូវអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង មានតម្លាភាព ដោយមិនគិតពីអ្នកមានលុយ មានអំណាច និងអ្នកក្រនោះឡើយ។
បន្ថែមពីលើការដោះស្រាយបញ្ហារំលោភចិញ្ចើមផ្លូវ រដ្ឋាភិបាលត្រូវលើកទឹកចិត្តឱ្យប្រជាពលរដ្ឋប្រើប្រាស់រថយន្តក្រុងសាធារណៈ ពង្រីកផ្លូវឱ្យបានធំទូលាយ កសាងផ្លូវឱ្យមានគុណភាពល្អ និងផ្លូវត្រូវមានចិញ្ចើមសម្រាប់ការធ្វើចរាចរណ៍។
អ្នកស្រាវជ្រាវបញ្ជាក់ថា ការបែងចែករវាងផ្លូវកង់ ម៉ូតូ និងផ្លូវឡាន ការអនុវត្តចរាចរណ៍ផ្លូវគោកឱ្យមានប្រសិទ្ធភាព ការរក្សាចំណីផ្លូវសម្រាប់អ្នកថ្មើរជើង និងអ្នកបើកបរត្រូវតែឆ្លងកាត់ការរៀនបើកបរ មានប័ណ្ណបើកបរ មានអាយុគ្រប់ក្នុងការបើកបរ និងមិនត្រូវបើកបរស្ថិតក្នុងភាពស្រវឹង នោះភាពរញ៉េរញ៉ៃក្នុងប្រើចិញ្ចើមនៅកម្ពុជា នឹងត្រូវបានកាត់បន្ថយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
