អាណាព្យាបាលគាំទ្រការបង្ក្រាបគ្រឿងញៀនលើកទី២ឆ្នាំ២០១៧នៅខេត្តព្រះសីហនុ
2017.10.21
អ្នកឃ្លាំមើលសង្គម និងអាណាព្យាបាល គាំទ្រសកម្មភាព របស់កម្លាំងនគរបាល និងកងរាជអាវុធហត្ថខេត្តខេត្តព្រះសីហនុ ដែលសកម្មការងារចុះបង្ក្រាបបទល្មើសគ្រឿងញៀន ដោយចាប់ជនសង្ស័យបានជាង ៧០នាក់ បញ្ជូនទៅកាន់តុលាការផ្ដន្ទាទោស ប៉ុន្តែក៏បានស្នើឲ្យសមត្ថកិច្ចបង្ក្រាបអ្នករត់ពន្ធគ្រឿងញៀនធំៗផងដែរ។
អ្នកស្រី ជៀប សុធារី អ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តព្រះសីហនុ ស្ថិតក្នុងចំណោម មន្ត្រីអង្គការក្រៅរដ្ឋាភិបាលជាច្រើនទៀត សរសើរ ខិតខំប្រឹងប្រែងរបស់កងកម្លាំងនគរបាល និងកងរាជអាវុធហត្ថខេត្តនេះ ដែលសកម្មចុះកំណត់មុខសញ្ញាបង្ក្រាបបទល្មើសគ្រឿងញៀនទាំងយប់ថ្ងៃ រហូតទទួលបានលទ្ធផលវិជ្ជមានជាបន្តបន្ទាប់។
អ្នកស្រីទទួលស្គាល់ថា បទល្មើសគ្រឿងញៀន ដែលធ្លាប់ធ្វើសកម្មភាព នាមូលដ្ឋាន ខេត្តព្រះសីហនុកន្លងមក គឺបានថយចុះក្នុងរយៈពេលប្រមាណ ២ឆ្នាំចុងក្រោយនេះ។ អ្នកស្រីបានកត់សម្គាល់ថា កម្លាំងសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធ បានចាប់បញ្ជូនជនសង្ស័យចែកចាយគ្រឿងញៀន រក្សាទុក និងប្រើប្រាស់គ្រឿងញៀនជាដើម ទៅកាន់តុលាការផ្ដន្ទាទោសជាច្រើនករណី។ ក្នុងនោះអ្នកស្រី ក៏ឃើញថា កម្លាំងនគរបាល និងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចាប់បញ្ជូនជនសង្ស័យលើបទល្មើសចែកចាយ និងប្រើប្រាស់គ្រឿងញៀនជាច្រើនករណី ទៅកាន់សាលាដំបូងចាត់ការតាមនីតិវិធីច្បាប់។
ទន្ទឹមគ្នានេះ អ្នកស្រី សុធារី មានចម្ងល់ថា ហេតុអ្វីភាគច្រើនកម្លាំងសមត្ថកិច្ច ចាប់បានតែអ្នកចែកចាយ រក្សាទុក និងអ្នកប្រើប្រាស់គ្រឿងញៀនតូចតាច ប៉ុន្តែមេខ្លោងធំ លើសំណុំរឿងបទល្មើសគ្រឿងញៀននេះ សមត្ថកិច្ចពាក់ព័ន្ធ មិនសូវចាប់បញ្ជូនទៅកាន់តុលាការផ្ដន្ទាទោសឲ្យបានច្រើនទេកន្លងមក។
ចំណែកអាណាព្យាបាលមួយចំនួន រស់នៅខេត្តព្រះសីហនុ ក៏ទទួលស្គាល់ថា សកម្មភាពចុះបង្ក្រាបបទល្មើសគ្រឿងញៀន របស់កម្លាំងនគរបាល និងកងរាជអាវុធហត្ថខេត្តនេះ មានសកម្មភាពជាប្រចាំទាំងយប់ថ្ងៃ។ អាណាព្យាបាល រស់នៅភូមិ១ សង្កាត់៤ ក្រុងខេត្តព្រះសីហនុ ថ្លែងគាំទ្រកម្លាំងសមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថខេត្តនេះ ដែលបានលះបង់កម្លាំងកាយចិត្ត ធនធាន និងពេលវេលា ក្នុងការងារចុះបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន ដ៏មានគ្រោះថ្នាក់ ឈានទៅចាប់បានជនសង្ស័យបញ្ជូនទៅកាន់តុលាការ ផ្ដន្ទាទោសជាបន្តបន្ទាប់មកនេះ។
តាមការកត់សម្គាល់ លទ្ធផលវិជ្ជមាននៃយុទ្ធនាការចុះបង្ក្រាបគ្រឿងញៀន របស់កម្លាំងនគរបាល និងកងរាជអាវុធហត្ថ ដែលទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលខេត្តព្រះសីហនុពេលនេះ គឺបានកើតមាន បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់បទបញ្ជាក្ដៅ ដល់ថ្នាក់ដឹកនាំនៅតាមរាជធានីខេត្តទូទាំងប្រទេសកម្ពុជា ក្នុងការងារចុះបង្ក្រាបបទល្មើសគ្រឿងញៀន ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។
របាយការណ៍ របស់លេខាធិការដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុ បង្ហាញថា លទ្ធផលប្រតិបត្តិការអនុវត្ត ផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់លើកទី២ ប្រចាំត្រីមាសទី២ ចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០១៧ កងកម្លាំងចម្រុះបានសហការចុះបង្ក្រាបបទល្មើសគ្រឿងញៀនសរុបមានចំនួន ៤២ករណី ឃាត់ខ្លួនជនសង្ស័យ ៧៤នាក់ ស្រី ១០នាក់។ ក្នុងនោះករណីចុះចាប់គ្រឿងញៀនមាន ៣១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៥៥នាក់ ស្រី ៧នាក់។ ករណីជួញដូរគ្រឿងញៀនមាន ២ករណី ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ។ ករណីប្រើប្រាស់ និងរក្សាទុកសារធាតុញៀនមាន ៦ករណី ឃាត់ខ្លួន ១៣នាក់ ស្រី ៣នាក់ និងករណីឃាត់ខ្លួនតាមដីកាបង្គាប់ របស់សាលាដំបូងខេត្តព្រះសីហនុ មាន ២ករណី ឃាត់ខ្លួនជនសង្ស័យ ២នាក់។
របាយការណ៍ដដែល បង្ហាញថា ជនសង្ស័យជាប់ពាក់ព័ន្ធបទល្មើសគ្រឿងញៀនចំនួន ៧៤នាក់ ត្រូវកម្លាំងនគរបាលខេត្តព្រះសីហនុ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង មានចំនួន ៣១ករណី និងកម្លាំងកងរាជអាវុធហត្ថខេត្តនេះ បញ្ជូនទៅកាន់តុលាការមាន ១១ករណី៕