ក្នុងឱកាសឆ្នាំថ្មីនេះ ប្រជាពលរដ្ឋមួយចំនួនបានបង្ហាញពីបំណងប្រាថ្នាមួយចំនួនសម្រាប់ខ្លួនឯង ក្រុមគ្រួសារ ព្រមទាំងសង្គមជាតិ។ ពួកគាត់ក៏មានក្ដីរំពឹងមួយចំនួនពីសំណាក់ថ្នាក់ដឹកនាំប្រទេស និងអ្នកនយោបាយដែរ។
ឆ្លើយតបនឹងការសាកសួររបស់វិទ្យុអាស៊ីសេរី អ្នករត់ម៉ូតូកង់បីម្នាក់ក្នុងវ័យជាង ៦០ឆ្នាំ កំពុងរង់ចាំអតិថិជននៅខាងមុខព្រះបរមរាជវាំង មានប្រសាសន៍ថា បំណងប្រាថ្នាចម្បងរបស់លោកក្នុងឱកាសឆ្នាំថ្មីនេះ គឺចង់បានកម្រិតជីវភាពសមរម្យដែលអាចឲ្យគាត់រស់នៅក្នុងភាពថ្លៃថ្នូរ៖ «ចង់ឲ្យវាស្រួលដើម្បីរស់ស្រួល ដូចសព្វថ្ងៃនេះវាពិបាកណាស់! ឆ្នាំថ្មីនេះ ចង់បានសុខសប្បាយ ដើម្បីឲ្យវារុងរឿង វាថ្លៃថ្នូរ កុំឲ្យដូចសព្វថ្ងៃទៀត»។
ស្រដៀងគ្នានេះ មន្ត្រីរាជការម្នាក់ដែលឆ្លៀតពេលទំនេរពីការងារមករត់ម៉ូតូកង់បីនៅក្បែរព្រះបរមរាជវាំង ក៏ចង់បានប្រាក់ចំណូលគ្រប់គ្រាន់ដើម្បីទប់ទល់នឹងការចំណាយប្រចាំថ្ងៃដែរ៖ «ដូចខ្ញុំកងកម្លាំង ដូចថា កែតម្រូវតែប្រាក់ខែឲ្យឡើងឲ្យតែច្រើនមក កែតម្រូវនឹងអាសាច់តាមទីផ្សារមក ចាយគ្រប់គ្រាន់មកបានហើយ ចង់បានតែប៉ុណ្ណឹង»។
ការចង់បានកម្រិតជីវភាពល្អប្រសើរ គឺជាបំណងប្រាថ្នាដែលប្រជាពលរដ្ឋជាច្រើនបានលើកឡើង។ ទន្ទឹមគ្នានេះ ពលរដ្ឋមួយចំនួនលើកឡើងថា ពួកគាត់ចង់ឲ្យរដ្ឋាភិបាលស្វែងរកដំណោះស្រាយចំពោះបញ្ហាសង្គមធំៗដែលជាភាពស្មុគស្មាញប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងទីក្រុងភ្នំពេញ៖ «គ្រាន់តែចង់ឲ្យគាត់ពង្រឹងផ្នែកចរាចរណ៍ហ្នឹងឲ្យបានល្អប្រសើរជាងមុនតិចទៀតទៅណា ព្រោះថា ឥឡូវប្រទេសយើងកំពុងតែអភិវឌ្ឍ អ៊ីចឹងវាមានការស្ទះចរាចរណ៍ច្រើន ដោយសារមានកំណើនច្រើននៅភ្នំពេញ។ ខ្ញុំសុំធ្វើម៉េចសម្រួល ជាពិសេសវាមានទាក់ទងរឿងរដ្ឋាភិបាលទាំងអស់ទេ សំខាន់នៅលើខ្លួនប្រជាពលរដ្ឋទាំងអស់គ្នា ដែលគាត់យល់ដឹងពីចរាចរណ៍ខ្លួនឯង ចេះស្រឡាញ់គ្នា គោរពគ្នាទៅវិញទៅមក។ គ្រាន់តែចង់ឲ្យស្រុកទេស ពិសេសឥឡូវចោរប្លន់ច្រើនណាស់ គ្រាន់តែចង់ កុំឲ្យមានអំពើឆក់ប្លន់ ឬក៏លួចអីអ៊ីចឹង។ កាត់បន្ថយទាំងអស់ហ្នឹង គឺប្រជាពលរដ្ឋទាំងអស់មានសេចក្ដីសុខទាំងអស់គ្នា»។

អ្នកលក់ពោតលីងនៅតាមសួនច្បារខាងមុខព្រះបរមរាជវាំងម្នាក់ មានបំណងប្រាថ្នាផ្សេងពីនេះ។ គាត់ចាប់អារម្មណ៍លើគុណភាពអប់រំនៅតាមសាលារៀនរបស់រដ្ឋ៖ «ចង់ឲ្យរាជរដ្ឋាភិបាលជួយរឹតបន្តឹងគ្រូឲ្យជួយយកចិត្តទុកដាក់ជាមួយសិស្ស។ ដូចសិស្សខ្លះអ៊ីចឹងទៅគ្រូមិនសូវយកចិត្តទុកដាក់ សិស្សខ្លះទៅក៏គ្រូយកចិត្តទុកដាក់ អ៊ីចឹងចង់ឲ្យគ្រូជួយតែអ៊ីចឹងទៅ»។
ចំណែកអ្នកលក់ឈូកម្នាក់នៅក្បែរនោះវិញ គាត់ប្រាថ្នាចង់បានទីតាំងលក់ដូរសមរម្យដើម្បីចៀសវាងរងការបណ្ដេញជាញឹកញាប់ពីអាជ្ញាធរ៖ «ចង់ឲ្យគាត់ជួយពួកអ្នករកស៊ីអ៊ីចឹង ឲ្យមានកន្លែងមានអីលក់អ៊ីចឹងទៅ កុំឲ្យពិបាក ព្រោះអីឥឡូវលក់រាល់ថ្ងៃហ្នឹង គេដេញច្រើន»។
ទន្ទឹមនឹងនេះ ក៏មានដែរក្ដីរំពឹងចង់បានយុត្តិធម៌សង្គម ភាពទទួលខុសត្រូវរបស់អ្នកនយោបាយ និងមន្ត្រីអនុវត្តច្បាប់ ព្រមទាំងស្ថិរភាពនយោបាយ។ ចង់ឲ្យថា ធ្វើអីមួយដើម្បីជាប្រយោជន៍៖ «ព្រះសង្ឃ៖ ក្នុងនាមអាត្មាជាព្រះសង្ឃ អាត្មាគ្រាន់តែចង់ឲ្យអ្នកនយោបាយហ្នឹង មានការសម្រួលគ្នា ចង់បានថា ធ្វើអីមួយដើម្បីជាប្រយោជន៍ដើម្បីជាតិ ហើយកុំឲ្យជាប្រយោជន៍ដល់គណបក្សនយោបាយ ធ្វើដើម្បីប្រយោជន៍ជាតិចង់ថា គឺមានការចរចា មានន័យថា ការសម្រុះសម្រួលគ្នាដោយសន្តិវិធី ដំណោះស្រាយដើម្បីជាតិតែមួយ។ ពលរដ្ឋ១៖ ច្បាប់អី បើថាយើងនិយាយទៅ យើងយកម៉ាត់ណាម៉ាត់ហ្នឹងទៅ កុំច្បាប់ចេញហើយ ការអនុវត្តខ្សុយទៅវិញទៅ យើងចង់បានថា ធ្វើអីក៏ដោយ និយាយឲ្យច្បាស់ៗ បើសិនថាធ្វើ កុំបន្តិចទៅ ធ្វើទៅ និយាយបានបន្តិចទៅឈប់វិញទៅ អ៊ីចឹងប្រជាជនគេអត់សូវយកចិត្តទុកដាក់ទេ និយាយស្អីនោះ។ ពលរដ្ឋ២៖ កុំឲ្យរាជរដ្ឋាភិបាលយើងគាបសង្កត់ប្រជាពលរដ្ឋអ៊ីចឹងទៅណា ដូចជាគំរាមកំហែងប្រជាជនថា បើសិនគណបក្សនេះអត់ជាប់ឆ្នោត អាចមានសង្គ្រាមអ៊ីចឹងឡើងវិញ អ៊ីចឹងប្រជាជនយើងចេះតែខ្លាចភ័យ ដល់តែអ៊ីចឹងនៅតែបោះឆ្នោតឲ្យ ឬក៏ប្រជាជនខ្លះគ្នាល្ងង់ ដល់ពេលបានប៊ីចេងមួយថង់ សារុងមួយអ៊ីចឹង ចេះតែទៅហើយ»។
ក្រៅពីសង្ឃឹមថា ថ្នាក់ដឹកនាំប្រទេសអាចរកដំណោះស្រាយចំពោះបញ្ហាចម្បងៗក្នុងសង្គម សុភមង្គលក្នុងគ្រួសារ ភាពជោគជ័យក្នុងការសិក្សា និងការងារ ក៏ជាបំណងប្រាថ្នាដែលពលរដ្ឋភាគច្រើនប្ដេជ្ញាសម្រេចឲ្យបាននៅក្នុងឆ្នាំថ្មីនេះ។ យ៉ាងណាក៏ដោយ ពលរដ្ឋមួយចំនួនហាក់មានការជឿជាក់ថា បំណងរបស់ខ្លួននឹងបានសម្រេច ខណៈពលរដ្ឋមួយចំនួនទៀតហាក់ជឿជាក់លើព្រេងវាសនាទៅវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
