ពលរដ្ឋ​ចោទ​ក្រុមហ៊ុន​លីយ៉ុងផាត់​ប្រើ​បង្គោល​ភ្លើង​ខ្វះ​បច្ចេកទេស

មុខ​របរ​រក​ស៊ី​ត​ភ្លើង​បម្រើ​ផល​ប្រយោជន៍​ឯកជន ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រស់នៅ​អចិន្ត្រៃយ៍​របស់​ពលរដ្ឋ ត្រូវ​អាជ្ញាធរ​មូលដ្ឋាន​នោះ​ជួយ​តវ៉ា​ថា ការ​ដាក់​បង្គោល​អគ្គិសនី​ខ្វះ​បច្ចេកទេស នាំ​ឲ្យ​រលំ​បាក់​មក​លើ​ផ្ទះ​ប្រជាពលរដ្ឋ និង​ខូចខាត​សម្ភារៈ។

0:00 / 0:00

អាជ្ញាធរ និង​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ស្រុក​ពញាឮ ខេត្ត​កណ្ដាល ដែល​បច្ចុប្បន្ន​កាត់​បញ្ចូល​មក​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ បាន​ចោទ​ថា ក្រុមហ៊ុន​លី យ៉ុងផាត់ រាយ​បង្គោល​ភ្លើង​ពី​ភ្នំ​គិរីរម្យ កាត់​ភូមិ​ឃុំ​ពួក​គាត់ ទៅ​ក្រុមហ៊ុន​នោះ ខ្វះ​បច្ចេកទេស បង្ក​ការ​ភ័យ​ខ្លាច​រលំ​បាក់​លើ។

ពលរដ្ឋ​ភូមិ​សំរោងត្បូង ឃុំ​សំរោង ស្រុក​ពញាឮ លោក សៀន សាង ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី៣០ ខែ​មេសា ថា ប្រជាពលរដ្ឋ ៣​នាក់​បាន​ស្លាប់​កាល​ពី​រសៀល​ថ្ងៃ​ទី២៨ ខែ​មេសា ដោយ​មិន​ដឹង​ថា​មក​ពី​ឆក់​ខ្សែ​ភ្លើង ឬ​មក​ពី​រន្ទះ​បាញ់​ត្រូវ ខណៈ​កំពុង​អុំ​ទូក​ចាប់​ត្រី​ក្នុង​បឹង​សំរោង។ លោក​ថា នៅ​ថ្ងៃ​ទី២៨ ខែ​មេសា នោះ មាន​ខ្យល់​បោក​ខ្លាំង​រលំ​បង្គោល​ភ្លើង​ចូល​ទឹក​ស្រះ​សំរោង ក្រោយ​មក​ក្រុម​បុរស​វ័យ​ក្មេង ៣​នាក់ បាន​ស្លាប់។ ភ្លាមៗ​នោះ សមត្ថកិច្ច​សន្និដ្ឋាន​ខុស​គ្នា ខ្លះ​ថា​អ្នក​ទាំង​នោះ​ស្លាប់​ដោយ​ខ្សែ​ភ្លើង​ឆក់ ខ្លះ​ថា​រន្ទះ​បាញ់៖ «បាក់​ធ្លាក់​មក​លើ​ទឹក អា​ខ្លះ​វា​ទ្រេត ៥​ដើម បាក់​ទៅ​ក្នុង​ទឹក លើ​គោក​ហ្នឹង ១៨​ដើម»

មេ​ភូមិ​សំរោងត្បូង លោក អួង អន ថ្លែង​ថា ការ​សន្និដ្ឋាន​ពិត​ប្រាកដ គឺ​បុរស​ទាំង ៣​នាក់​ស្លាប់​ដោយ​រន្ទះ​បាញ់។ ប៉ុន្តែ អ្វី​ដែល​អាជ្ញាធរ​នៅ​មូលដ្ឋាន​បារម្ភ​ខ្លាំង​នោះ គឺ​បង្គោល​ភ្លើង​ដាំ​នៅ​ក្នុង​មូលដ្ឋាន​នេះ​តាម​ដង​ផ្លូវ​លេខ​៥១ គឺ​បាន​រលំ​បាក់​ចំនួន ២៣​ដើម។ លោក​ថា ក្នុង​ចំណោម​បង្គោល​ភ្លើង​រលំ​បាក់​នោះ មាន​រលំ​ចូល​ស្រះ​ទឹក ដែល​មាន​បុរស ៣​នាក់​ស្លាប់ និង ២​នាក់​រង​របួស ហើយ​បង្គោល​នោះ​ក៏​រលំ​លើ​ផ្ទះ​ប្រជាពលរដ្ឋ​ច្រើន​ខ្នង បណ្ដាល​ឲ្យ​ប៉ះពាល់​សម្ភារៈ និង​ខូចខាត​ផ្ទះ។ ក្រុមហ៊ុន​លី យ៉ុងផាត់ មិន​ទាន់​សង​សំណង​មក​ប្រជាពលរដ្ឋ​វិញ​សោះ។

លោក​បន្ត​ថា បង្គោល​ភ្លើង​នោះ​មាន​តែ​ស៊ីម៉ងត៍​ដែល​មាន​បង្កប់​ដែក​សរសៃ​តូចៗ​ធ្វើ​ជា​ឆ្អឹង​សសរ ទើប​ពេល​មាន​ខ្យល់​កន្ត្រាក់​បក់​មក បាន​ធ្វើ​ឲ្យ​បង្គោល​នោះ​រលំ​បាក់​ពាសពេញ​ភូមិ ខ្លះ​បាក់​ជិត​ដល់​គល់ ខ្លះ​បាក់​កម្ពស់ ១​ម៉ែត្រ​ពី​ដី​ដែល​ដាំ៖ «ផ្ទះ​មួយ​នោះ វា​ខូច​ផ្ទះ​មួយ​ជ្រុង ហើយ​និង​បែក​សម្ភារៈ​នៅ​ក្នុង​ផ្ទះ ដូចជា ទូរទស្សន៍ តុ ទូ​អី​គាត់​អីចឹង ខូចខាត​របស់​ទ្រព្យ​ទេ ហើយ​ផ្ទះ ៣​ទៀត បាន​ខ្សែ​សង្កត់​ពី​លើ ហើយ​បាក់​មេ​ដំបូល​ផ្ទះ​ពី​លើ​ចំនួន ៣​ផ្ទះ។ បើ​តាម​ការ​សន្និដ្ឋាន​របស់​ខ្ញុំ បើ​តាម​ពិនិត្យ​បង្គោល​ភ្លើង​ដែល​រលំ​ហ្នឹង គឺ​ថា​បង្គោល​ភ្លើង​ហ្នឹង​វា​ដូច​ជា​ខ្វះ​បច្ចេកទេស ព្រោះ​មិន​រលំ​ប៉ើង​ដី​ទេ នេះ​គឺ​បាក់​តែ​ម្តង បាក់​អីចឹង​វា​បណ្ដាល​មក​អំពី​បង្គោល​ភ្លើង​នោះ​វា​ដាក់​ដែក​តូច​ពេក ស្នូល​ដែក​ខាង​ក្នុង​ដាក់​ដែក ៣​លី ដែក​លួស អីចឹង​វា​អត់​សម​នឹង​បង្គោល​ទេ អីចឹង​ហើយ​បាន​វា​រលំ​នឹង វា​បាក់​ដោយសារ​តែ​ដែក​ខាង​ក្នុង​នោះ​វា​តូច»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​លី យ៉ុងផាត់ ជម្រាប​សួរ​ព័ត៌មាន​បាន​ភ្លាមៗ​ទេ នៅ​ថ្ងៃ​ទី៣០ ខែ​មេសា។

តំណាង​ក្រុមហ៊ុន​ផលិត​បង្គោល​អគ្គិសនី​ឈ្មោះ​សេវិន​អេហ្វ​ធីឌី (7FTD) លោក ឈាង បូណេត ថ្លែង​ថា ការ​ផលិត​បង្គោល​អគ្គិសនី​របស់​ក្រុមហ៊ុន​នេះ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​បង្គោល​នោះ​អាច​ទប់​កម្លាំង​ខ្យល់​បាន​ទាំង​ស្រុង។ ក្រុមហ៊ុន​នេះ​ក៏​មិន​ដែល​បាន​លក់​បង្គោល​អគ្គិសនី​ទៅ​ឲ្យ​ក្រុមហ៊ុន​លី យ៉ុងផាត់ ដែរ។ លោក​បន្ត​ថា ការ​ផលិត​បង្គោល​សម្រាប់​ដាំ​ឲ្យ​ខ្សែ​អគ្គិសនី​ពាក់​លើ​នោះ ត្រូវ​ធានា​អាច​ដាំ​បាន​តាម​តំបន់​ដែល​នឹង​ជួប​ខ្យល់​ច្រើន ឬ​តំបន់​ចង្អៀត​មិន​មាន​ខ្យល់​ជាដើម ទើប​អ្នក​ដំណើរ និង​អ្នក​រស់នៅ​ក្បែរ​មិន​ភ័យ​ព្រួយ​អំពី​ការ​រលំ​បាក់​ត្រូវ​លើ​ជាដើម៖ «បើ​ក្រុមហ៊ុន​ខ្ញុំ​អត់​អាច​ប្រើ​តូច​ជាង​ប្រាំពីរ​ចុច​មួយ​មិល្លីម៉ែត្រ​ទេ​សរសៃ​ដែក​បណ្តោយ​ហ្នឹង ប៉ុន្តែ​ក្រុមហ៊ុន​ផ្សេង​គេ​អាច​ប្រើ ៤​លី ៣​លី អីចឹង​នោះ​តាម​ការ​គិត​របស់​ខាង​គេ យើង​មិន​ហ៊ាន​ថា​គេ​នោះ​អន់ ឬ​យ៉ាង​ម៉េច​ទេ»

ចៅ​សង្កាត់​រង​ទី២ សង្កាត់​សំរោង ខណ្ឌ​សែនសុខ (អតីត​ឃុំ​សំរោង ស្រុក​ពញាឮ) លោក ឡេង សាវុន ថ្លែង​ថា ក្រោយ​កើត​ហេតុ អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​សាលា​ក្រុង​បាន​ចុះ​មើល ហើយ​សាលា​សង្កាត់​មាន​គម្រោង​ប្ដឹង​ទៅ​អាជ្ញាធរ​អគ្គិសនី​ឲ្យ​ជួយ​ត្រួត​ពិនិត្យ​ក្រុមហ៊ុន​ដាក់​បង្គោល​ភ្លើង​ទៅ​ឲ្យ​ក្រុមហ៊ុន​លី យ៉ុងផាត់ ប្រើ​នោះ សង​សំណង​មក​ប្រជាពលរដ្ឋ​ដែល​បង្គោល​ភ្លើង​បាន​រលំ ធ្វើ​ឲ្យ​ប៉ះពាល់​ផ្ទះ និង​សម្ភារៈ​អ្នក​ស្រុក និង​សុំ​ឲ្យ​បង្គោល​ភ្លើង​ដែល​ដាំ​ថ្មី​តាម​ផ្លូវ​ដដែល ពី​គិរីរម្យ ទៅ​កាន់​ក្រុមហ៊ុន​លី យ៉ុងផាត់ នៅ​ឯ​ស្ពាន​ព្រែកព្នៅ នោះ ត្រូវ​មាន​គុណភាព​រឹងមាំ ដែល​មិន​បង្ក​ការ​ភ័យ​ខ្លាច​រលំ​បាក់​លើ​អ្នក​ដំណើរ និង​អ្នក​រស់នៅ​ក្បែរ​បង្គោល​អគ្គិសនី​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។