ពលរដ្ឋ​មួយ​ចំនួន​បារម្ភ​ពី​ការ​ឡើង​ថ្លៃ​រថយន្ត​ឈ្នួល​ក្នុង​ថ្ងៃ​បោះឆ្នោត

នៅ​ក្នុង​ឱកាស​ពិសេសៗ ឬ​ពិធី​បុណ្យ​ធំៗ​ម្ដងៗ ដូចជា​ចូល​ឆ្នាំ​ថ្មី បុណ្យ​ភ្ជុំបិណ្ឌ ជាដើម ប្រជាពលរដ្ឋ​ដែល​បាន​ចំណាក​ស្រុក តែង​តែ​វិល​ត្រឡប់​ទៅ​លេង​ភូមិ​កំណើត​របស់​ខ្លួន​ដោយ​ក្ដី​នឹក​រលឹក។ ដោយ​ឡែក ក្នុង​ឱកាស​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៥ នេះ ប្រជាពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះឆ្នោត កំពុង​ព្រួយ​បារម្ភ​ខ្លាច​រថយន្ត​ឈ្នួល​ដឹក​អ្នក​ដំណើរ​ដំឡើង​ថ្លៃ​ឈ្នួល​ដូច​លើក​មុនៗ​ទៀត។

0:00 / 0:00

កន្លង​មក ក្នុង​ប្រទេស​កម្ពុជា អោយ​តែ​មាន​ឱកាស​ពិសេសៗ ម្ហូប​អាហារ ត្រី សាច់ បន្លែ ផ្លែ​ឈើ មធ្យោបាយ​ធ្វើ​ដំណើរ​នានា តែង​ឡើង​ថ្លៃ​ជានិច្ច។ ដោយ​ហេតុ​នេះ អង្គការ​នានា និង​ប្រជាពលរដ្ឋ​ទូទៅ ជា​ពិសេស គឺ​ប្រជាពលរដ្ឋ​ដែល​បាន​ធ្វើ​ចំណាក​ស្រុក មាន​ក្តី​ព្រួយ​បារម្ភ​ចំពោះ​សោហ៊ុយ​ឡាន​ធ្វើ​ដំណើរ​ទៅ​បោះឆ្នោត​នៅ​ស្រុក​កំណើត ដែល​ពួក​គាត់​រំពឹង​ថា​នឹង​អាច​ឡើង​ថ្លៃ​ដូច​លើក​មុនៗ​ទៀត​នៅ​ពេល​ថ្ងៃ​បោះឆ្នោត​ខាង​មុខ​នេះ។

ប្រជាពលរដ្ឋ​ម្នាក់​មាន​ស្រុក​កំណើត​នៅ​ស្រុក​ល្វាឯម ខេត្ត​កណ្ដាល កញ្ញា ស៊ីណា ដែល​បច្ចុប្បន្ន​នេះ កំពុង​រស់នៅ និង​ធ្វើ​ការ​ជា​អ្នក​រត់​តុ​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​ជិត​ស្តុប​បូកគោ រាជធានី​ភ្នំពេញ។ កញ្ញា​បាន​បង្ហាញ​ក្តី​កង្វល់​ថា ឡាន​តាក់ស៊ី​មុខ​ជា​នឹង​ឡើង​ថ្លៃ​ជា​មិន​ខាន​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មុន​ការ​បោះឆ្នោត​មក​ដល់ នា​ថ្ងៃ​ទី២៨ កក្កដា ចុង​សប្ដាហ៍​នេះ ព្រោះ​ថា នៅ​មុន​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ​មុន​ការ​បោះឆ្នោត​មក​ដល់ ប្រជាពលរដ្ឋ ជា​ពិសេស​កម្មករ កម្មការិនី នឹង​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​បោះឆ្នោត។ កញ្ញា ស៊ីណា ក៏​បាន​សំណូមពរ​ថា បើ​ឡាន​តាក់ស៊ី​មិន​អាច​បញ្ចុះ​តម្លៃ​បាន សុំ​អោយ​នៅ​តែ​ដដែល​បាន​ហើយ កុំ​អោយ​ឡើង​ថ្លៃ​អោយ​សោះ។

ចំណែក​ឯ​បុរស​ម្នាក់​ជា​អ្នក​ស្រុក​កំពត ហើយ​បច្ចុប្បន្ន​ប្រកប​របរ​នៅ​រាជធានី​ភ្នំពេញ ជា​អ្នក​លក់ ឬ​ផ្សព្វផ្សាយ​ផលិត​ផល​អោយ​ក្រុមហ៊ុន​មួយ បាន​បង្ហាញ​ទស្សនៈ និង​ឆន្ទៈ​យ៉ាង​មុតមាំ​ថា បើ​ទោះ​បី​ជា​ឡាន​តាក់ស៊ី​មាន​ការ​ដំឡើង​ថ្លៃ​ឡាន​យ៉ាង​ណា​ក៏ដោយ​ចុះ ក៏​គាត់​ត្រូវ​តែ​ចំណាយ​ថវិកា​ធ្វើ​ដំណើរ​ទៅ​បោះឆ្នោត ព្រោះ​ថា ការ​បោះឆ្នោត​នេះ​ជា​កាតព្វកិច្ច​សំខាន់​ណាស់​ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ​មួយ​រូប ហើយ​យើង​ត្រូវ​រង់ចាំ​រយៈពេល ៥​ឆ្នាំ​ឯណោះ ទើប​អាច​បញ្ចេញ​សិទ្ធិ​នេះ​បាន។

ដោយ​ហេតុ​ថា យើង​ជា​ពលរដ្ឋ​កម្ពុជា ម្នាក់ ទោះ​ជា​យើង​មាន​ជីវភាព​មិន​សមរម្យ​ក្ដី ប៉ុន្តែ​យើង​មាន​ឆន្ទៈ​ចង់​ប្រើប្រាស់​សិទ្ធិ​ជា​ពលរដ្ឋ​របស់​ខ្លួន ដើម្បី​ទៅ​បោះឆ្នោត​អោយ​ខាង​តែ​បាន។

ឆ្លើយ​តប​ជុំវិញ​បញ្ហា​នេះ​ដែរ អ្នក​ប្រកប​របរ​រត់​តាក់ស៊ី​ម្នាក់ រយៈពេល ៨​ឆ្នាំ​ហើយ នៅ​ចំណត​ផ្សារ​ដើមគ រាជធានី​ភ្នំពេញ លោក ឌី បាន​លើក​ឡើង​ពី​បញ្ហា​ដែល​ឡាន​តាក់ស៊ី​ឡើង​ថ្លៃ ថា មិន​មែន​ចេះ​តែ​ឡើងៗ​ទៅ​តាម​ចិត្ត​គាត់​ចង់​នោះ​ទេ គឺ​ដោយសារ​តែ​ត្រូវ​ចំណាយ​ថវិកា​បង់​បេន​មាន​តម្លៃ​ថ្លៃ​ជាង​ធម្មតា។

ផ្ទុយ​ទៅ​វិញ អ្នក​ប្រកប​របរ​បើក​ឡាន​តាក់ស៊ី​ម្នាក់​ទៀត ដែល​ប្រកប​របរ​នេះ​អស់​រយៈពេល ៦​ឆ្នាំ​ឯណេះ​វិញ លោក វិបុល បាន​លើក​ឡើង​ដោយ​ឆន្ទៈ​ប្ដេជ្ញា​ថា បើ​ទោះ​បី​ជា​បេន​ឡើង​ថ្លៃ ក៏​គាត់​មិន​ឡើង​ថ្លៃ​ឈ្នួល​អ្នក​ដំណើរ​ដែរ ព្រោះ​គាត់​ចង់​អោយ​ប្រជាពលរដ្ឋ​បាន​ទៅ​បោះឆ្នោត​គ្រប់ៗ​គ្នា។

ការ​លើក​ឡើង​នេះ ស្រប​ពេល​ដែល​អាជីវករ​ម្នាក់​ដែល​ប្រកប​មុខ​របរ​លក់​កាសែត សៀវភៅ កាហ្វេ នៅ​ត្រង់​ម្តុំ​បេន​ឡាន​ផ្សារ​ដើមគ នេះ ឌឺដង​អោយ​ថា និយាយ​អោយ​ពិត។

ជាមួយ​គ្នា​នេះ​ដែរ លោក វិបុល ដែល​ជា​អ្នក​រត់​តាក់ស៊ី​បាន​សំណូមពរ​បន្ថែម​ថា ជា​ការ​ល្អ​ប្រសើរ​ណាស់​ក្នុង​នាម​យើង​ជា​ពលរដ្ឋ​ខ្មែរ​ដូច​គ្នា គួរ​ណាស់​កុំ​ដំឡើង​ថ្លៃ​បេន​ឡាន។

ពាក់ព័ន្ធ​ជុំវិញ​បញ្ហា​ខាង​លើ​នេះ​ដែរ អ្នក​លក់​សំបុត្រ​ឡាន​ក្រុង​នៅ​ឯ​ចំណត​ឡាន​ក្រុង​រិទ្ធមុន្នី បាន​អោយ​ដឹង​ថា ក្រុមហ៊ុន​នេះ​នឹង​មិន​ដំឡើង​ថ្លៃ​ឡាន​ក្រុង​ទេ ហើយ​ជា​រៀង​រាល់​ពេល​បោះឆ្នោត​អាណត្តិ​មុនៗ ក្រុមហ៊ុន​នេះ​ក៏​មិន​ដែល​ឡើង​ថ្លៃ​ដែរ។

ចំណែក​ឯ​ក្រុមហ៊ុន​ឡាន​ក្រុង​មួយ​ទៀត គឺ​ក្រុមហ៊ុន កាពីតូល វិញ បាន​អោយ​ដឹង​ដែរ​ថា ក្រុមហ៊ុន​នេះ​មិន​ដែល​ដំឡើង​ថ្លៃ​ឡាន​ទេ​ក្នុង​ពេល​បោះឆ្នោត។

លោក ហាន់ សុភាព អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​ឡាន​ក្រុង​កាពីតូល សាខា​អូរឫស្សី បាន​បន្ថែម​ដើម្បី​បកស្រាយ​ចម្ងល់​របស់​ប្រជាពលរដ្ឋ​ទូទៅ​ដែល​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​តម្លៃ​ឡាន​ចេះ​តែ​ឡើង​ថ្លៃ​ក្នុង​ឱកាស​ពិសេសៗ ដោយ​ពន្យល់​ថា មូលហេតុ​មួយ​ចំនួន​ដែល​ធ្វើ​ឡាន​ក្រុង​ត្រូវ​តែ​ឡើង​ថ្លៃ។

ឆ្លើយ​តប​បញ្ហា​នេះ លោក ចាន់ វិបុល ប្រធាន​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​អះអាង​ថា លោក​មិន​បាន​ដឹង​ទេ។

រីឯ​ខាង​អង្គការ​សង្គម​ស៊ីវិល លោក សុខ ពិទូ នាយក​ប្រតិបត្តិ​អង្គការ​ក្រុម​ប្រឹក្សា​យុវជន​កម្ពុជា បាន​អោយ​ដឹង​ដែរ​ថា ការ​សំណូមពរ​ហើយ សំណូមពរ​ទៀត​ពី​សំណាក់​ប្រជាពលរដ្ឋ ហាក់​ដូច​ជា​គ្មាន​ប្រសិទ្ធភាព​ឡើយ ទោះ​បី​ជា​អាជ្ញាធរ​បាន​ចេញ​សេចក្ដី​ប្រកាស​ក៏ដោយ។

លោក​បន្ថែម​ទៀត​ថា បើ​អ្នក​រក​ស៊ី​រត់​ឡាន​គ្មាន​ការ​អនុវត្ត និង​អន្តរាគមន៍​ពី​សំណាក់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ដោះស្រាយ​បញ្ហា​នេះ​ទេ រថយន្ត​ឈ្នួល​នៅ​តែ​ដំឡើង​ថ្លៃ​ដដែល។

ទោះ​ជា​យ៉ាង​ណា អ្នក​ជំនាញ​សេដ្ឋកិច្ច​បង្ហើប​ឲ្យ​ដឹង​ថា ថ្លៃ​ឈ្នួល​ឡាន​តែង​ឡើង​ថ្លៃ​បាន​ពេល​ប្រទេស​កម្ពុជា មាន​ពិធី​បុណ្យ​ទាន​ធំៗ​នោះ គឺ​ដោយសារ​តែ​មាន​អ្នក​ជិះ​ច្រើន​កុះករ ហើយ​ជា​ធម្មតា ចំពោះ​ទីផ្សារ​សេរី កាល​ណា​សេចក្ដី​ត្រូវ​ការ​ច្រើន​លើស​ពី​សេវា​ផ្គត់ផ្គង់​ហើយ តម្លៃ​ពិត​ជា​ឡើង​ថ្លៃ​ខ្ពស់​ដូច្នេះ​ហើយ។ ហើយ​បើ​មិន​ចង់​ឲ្យ​ឡាន​ឈ្នួល​ដំឡើង​ថ្លៃ​បាន លុះត្រា​តែ​រដ្ឋាភិបាល​មាន​គោលការណ៍​ជួយ​ផ្គត់ផ្គង់​សេវា​ដឹក​ជញ្ជូន​ឯកជន ឬ​ជួយ​ផ្គត់ផ្គង់​អ្វី​ម្យ៉ាង​ដូច​ជា​ជួយ​បញ្ចុះ​ថ្លៃ​សាំង ឬ​ជួយ​បង់​ថ្លៃ​សេវា​ពាក់ព័ន្ធ​ផ្សេង​ទៀត​ទើប​អាច​ទៅ​រួច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។