ក្រសួងសាធារណការ និងដឹកជញ្ជូន អនុញ្ញាតឲ្យអ្នកកាន់ប័ណ្ណបើកបរអចិន្ត្រៃយ៍ អាចប្រើប្រាស់បន្តរហូតដល់១០ឆ្នាំទៀត រហូតមានការជូនដំណឹងជាថ្មី។
សេចក្ដីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះថ្ងៃទី១៥ មីនា ឲ្យដឹងថា ក្រៅពីការអនុញ្ញាតឲ្យអ្នកកាន់ប័ណ្ណបើកបរអចិន្ត្រៃយ៍ ប្រើប្រាស់១០ឆ្នាំបន្ថែមទៀតនោះ សម្រាប់អ្នកកាន់ប័ណ្ណបើកបរមានសុពលភាពរហូតដល់អាយុ៦០ឆ្នាំ ក៏អាចនៅប្រើប្រាស់បានរហូតអស់សុពលភាព។ ប៉ុន្តែបើអ្នកកាន់ប័ណ្ណបើកបរទាំងពីរប្រភេទនេះ ចង់ប្ដូរយកប័ណ្ណបើកបរប្រភេទថ្មី មានសុពលភាព១០ឆ្នាំនោះ ក្រសួងនឹងរៀបចំជូនផងដែរ។
កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានប្រកាសឲ្យនគរបាលចរាចរណ៍ផ្លូវគោកទាំងអស់ ចាប់ផ្ដើមពង្រឹងច្បាប់ចរាចរណ៍ ចាប់ថ្ងៃទី១៥ មីនា នេះតទៅ បន្ទាប់ពីពន្យារពេល មិនផាកពិន័យរយៈពេល២ខែ កន្លះ លើសកម្មភាពល្មើស ដូចជាអ្នកបើកបរគ្មានប័ណ្ណបើកបរ ប័ណ្ណសម្គាល់យានយន្ត និងលិខិតត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឬឈៀកជាដើម។
កាលពីថ្ងៃទី១៥ មីនា ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ស្នើឲ្យម្ចាស់ប័ណ្ណបើកបរជាង១ពាន់នាក់ ដែលក្រសួងបានធ្វើរួចហើយ មកទទួលយកប័ណ្ណបើកបររបស់ខ្លួនផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
