នៅថ្ងៃទី៦ មីនា កងកម្លាំងមកពីគ្រប់ខណ្ឌទាំង៩ នៅរាជធានីភ្នំពេញ ជាងមួយពាន់នាក់ បានចេញប្រតិបត្តិការហ្វឹកហាត់ និងពង្រឹងសមត្ថភាព ដើម្បីរក្សាសណ្ដាប់ធ្នាប់ និងសន្តិសុខសង្គម នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។
ស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន សុវណ្ណ មានប្រសាសន៍ថា ការធ្វើសមយុទ្ធពង្រឹងសមត្ថភាពកងកម្លាំងនគរបាលនេះ ដែលមានការចូលរួមពីបណ្ដាស្នងការរង ប្រធានការិយាល័យ និងនគរបាលជាច្រើនទៀត គឺត្រៀមទប់ស្កាត់ពីភាពមិនប្រក្រតីណាមួយ ដែលកើតឡើងនៅក្នុងសង្គម ស្របពេលដែលគណបក្សប្រឆាំង សង្គមស៊ីវិល ត្រៀមធ្វើបាតុកម្មកូដកម្មនាពេលដ៏ខ្លីខាងមុខ។
ក្រោយពេលបញ្ចប់ការហ្វឹកហាត់នោះ លោក ជួន សុវណ្ណ បានបញ្ជាក់ថា កងកម្លាំងនគរបាលទាំងអស់មានសមត្ថភាពគ្រប់គ្រាន់អាចចេញប្រតិបត្តិការរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់ សន្តិសុខ និងរក្សាស្ថិរភាពជូនប្រជាពលរដ្ឋ។
នៅដើមឆ្នាំ២០១៣ ប្រជាពលរដ្ឋជាអ្នករងគ្រោះជាច្រើននៅរាជធានីភ្នំពេញ បានចេញមុខតវ៉ាកាន់តែច្រើនឡើង ដើម្បីឲ្យអាជ្ញាធរ និងរាជរដ្ឋាភិបាល ឲ្យជួយដោះស្រាយបញ្ហារបស់ពួកគេ។ ក្រុមអ្នកតវ៉ាទាំងនោះរួមមាន កម្មកររោងចក្រកាត់ដេរ ក្រុមគ្រូបង្រៀន និងក្រុមអ្នករងគ្រោះដោយការបណ្ដេញពីលំនៅឋាន ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
