ការព្រួយបារម្ភអំពីហានិភ័យឆ្ពោះទៅរកការរកស៊ីផ្ដាច់មុខរបស់ក្រុមហ៊ុនទូរស័ព្ទនៅប្រទេសកម្ពុជា ត្រូវបានបង្ហាញឡើងដោយមន្ត្រីក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍ និងមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ក្នុងសន្និសីទសារព័ត៌មានមួយស្ដីពីបញ្ញត្តិកម្មលើសេវាទូរស័ព្ទ នៅល្ងាចថ្ងៃទី៩ ធ្នូ។
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ប្រាក់ សុខុន មានប្រសាសន៍ថា មានក្រុមហ៊ុនមួយចំនួនបានបញ្ចុះតម្លៃហៅទូរស័ព្ទទាបជាងតម្លៃដើមរបស់ខ្លួន ក្នុងការប្រកួតជាមួយក្រុមហ៊ុនជាគូប្រជែង ដែលលោកហៅថា ជាការប្រកួតប្រជែងមិនស្មោះត្រង់។ លោកពន្យល់ថា ការធ្វើបែបនេះ ជាការបញ្ចុះតម្លៃហួសហេតុ និងជាបច្ចេកទេសដណ្ដើមយកភាពផ្ដាច់មុខ។
លោកឱ្យដឹងថា រហូតមកដល់ពេលនេះ មានក្រុមហ៊ុនទូរស័ព្ទចំនួន ២ បានដួលរលំដោយសារតែរត់មិនរួចនឹងការប្រកួតប្រជែងនេះ គឺក្រុមហ៊ុន អឹមហ្វូន (M-Fone) និងក្រុមហ៊ុន ស្តាសែល (Star-Cell)។
បញ្ហាជម្លោះប្រកួតប្រជែងរវាងក្រុមហ៊ុនទូរស័ព្ទនៅប្រទេសកម្ពុជា បានកើតមានចាប់តាំងពីឆ្នាំ២០០៩ មក ដោយការបិទខ្ទប់ការតភ្ជាប់បណ្ដាញសេវារវាងប្រព័ន្ធទូរស័ព្ទមួយទៅប្រព័ន្ធទូរស័ព្ទមួយទៀត និងការបញ្ចុះតម្លៃសេវាហៅចេញ។
លោក ប្រាក់ សុខុន ថ្លែងថា ដោយសារតែបញ្ហានេះហើយ ទើបនៅឆ្នាំ ២០០៩ ក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍ និងមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេចធ្វើអន្តរាគមន៍ ដោយចេញសារាចរ និងបទបញ្ជាអន្តរក្រសួងចំនួន ៣ ដើម្បីបញ្ឈប់បញ្ហាទាំងនេះ។ ក្នុងនោះក៏មានសារាចរលេខ ២៣២ ដែលកំណត់តម្លៃសេវាហៅទូរស័ព្ទអប្បបរមា ឬទាបបំផុតត្រឹម ៤.៥ សេនក្នុងមួយនាទី។ លោកបន្តថា តម្លៃដើមនៃសេវាហៅទូរស័ព្ទនេះ គឺជាតម្លៃកំណត់ជាមធ្យមមួយ បន្ទាប់ពីក្រសួងទទួលបានពីក្រុមហ៊ុនទូរស័ព្ទនានា។
លោក ប្រាក់ សុខុន មានប្រសាសន៍ទៀតថា ការដែលរដ្ឋាភិបាលលូកដៃធ្វើអន្តរាគមន៍កំណត់តម្លៃដើមនេះ គឺដោយសារភាពចាំបាច់ និងតាមអនុសាសន៍របស់អង្គការសហភាពអន្តរជាតិ ទូរគមនាគមន៍ ដែលហៅកាត់ជាភាសាអង់គ្លេសថា អាយធីយូ (ITU) ដើម្បីដោះស្រាយជម្លោះក្នុងវិស័យនេះ។
ទោះជាមានសារាចរអន្តរក្រសួងលេខ ២៣២ ដែលចេញដោយក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍ និងក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ចាប់តាំងពីឆ្នាំ ២០០៩ ក្ដី ក៏មួយរយៈចុងក្រោយនេះ យើងឃើញមានក្រុមហ៊ុនទូរស័ព្ទធំៗ ចំនួន ២ គឺក្រុមហ៊ុនទូរស័ព្ទម៉ូប៊ីធែល (Mobitel) និងក្រុមហ៊ុន ស្មាត ហេឡូ (Smart Hello) បានប្រកួតប្រជែងគ្នាខ្លាំង ដោយវិធីផ្ដល់ទឹកប្រាក់ ឬនាទីហៅចេញបន្ថែម ដល់អតិថិជនរបស់ខ្លួនចាប់ពី ១០០% ដល់ ៥០០%។
ប៉ុន្តែ បន្ទាប់ពីទីស្ដីការគណៈរដ្ឋមន្ត្រី ចេញសេចក្ដីណែនាំនៅថ្ងៃទី២១ វិច្ឆិកា ឱ្យក្រសួងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តអនុវត្តន៍បទបញ្ញត្តិសារាចរអន្តរក្រសួងឱ្យបានម៉ឺងម៉ាត់ ក្រុមហ៊ុនទូរស័ព្ទទាំងនេះ ចាប់ផ្ដើមបញ្ឈប់ការផ្ដល់ទឹកប្រាក់ ឬនាទីហៅចេញបន្ថែមដល់អតិថិជនរបស់ខ្លួន នៅថ្ងៃទី ៤ ធ្នូ។
មន្ត្រីក្រសួងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងថា វិធានការនេះ គឺគ្រាន់តែជាវិធានការបណ្ដោះអាសន្នប៉ុណ្ណោះ ហើយក្រសួងទាំងពីរ នឹងបន្តសម្របសម្រួលជាមួយក្រុមហ៊ុនទូរស័ព្ទជាបន្តទៀត ដើម្បីសិក្សា និងពិនិត្យកែសម្រួលតម្លៃការកំណត់តម្លៃសេវា ដែលធ្វើឱ្យមានការប្រកួតប្រជែងស្មើភាព ផ្ដល់គុណភាពសេវាខ្ពស់ តម្លៃថោក និងបង្កើនចំណូលថវិកាជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
