គ្រោះមហន្តរាយ បានកើតឡើងនៅដើមឆ្នាំ២០១៣ បានគំរាមកំហែងចំពោះការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ ដែលបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស សត្វ ខូចខាតផលដំណាំកសិកម្ម ទ្រព្យសម្បត្តិប្រជាជន និងប៉ះពាល់ដល់សេដ្ឋកិច្ចជាតិទៀតផង។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានកោះហៅមន្ត្រីមកជួបជុំគ្នាពិភាក្សារៀបចំផែនទី ឬគ្រោងការ ដើម្បីឆ្លើយតបបន្ទាន់មួយក្នុងការគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា ដែលចំណាយទឹកប្រាក់ជិត ៣លានដុល្លារសហរដ្ឋអាមេរិក។
អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ញឹម វណ្ណដា បានថ្លែងទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃទី២ ខែឧសភា ថា គណៈកម្មការមានគម្រោងបីសំខាន់សម្រាប់ពេលនេះ ដើម្បីទប់ស្កាត់គ្រោះមហន្តរាយ។ លោកថា អ្វីដែលសំខាន់ពេលនេះ គឺការកសាងផែនទីហានិភ័យមួយ ដើម្បីគ្រប់គ្រងគ្រោះមហន្តរាយដែលកើតឡើងដោយការប្រែប្រួលអាកាសធាតុ ទឹកជំនន់ ឬដោយការប្រែប្រួលធម្មជាតិ។ ហើយទន្ទឹមនឹងគ្នានេះ ក៏ចាំបាច់កសាងប្រព័ន្ធព័ត៌មានមួយលឿនដែលអាចគ្រប់គ្រងប្រព័ន្ធហានិភ័យដែលអាចដឹងមុន ក្នុងពេល និងក្រោយពេលមានគ្រោះមហន្តរាយកើតឡើង។
លោកបញ្ជាក់ថា ស្របគ្នានេះ ការកសាងច្បាប់ និងគោលការណ៍មួយស្ដីពីការកសាង និងជួសជុលឡើងវិញនូវផ្ទះសម្បែងពលរដ្ឋ សាលារៀន និងទីទួលសុវត្ថិភាពដែលធានាឲ្យផុតពីគ្រោះហានិភ័យធម្មជាតិនោះ ក៏ជាកត្តាមួយចាំបាច់ដែរ។ ទាំងអស់នេះ លោកថាត្រូវការពេល ១៧ខែសម្រាប់កសាង រៀបចំ និងចំណាយថវិកាប្រមាណ ៣លានដុល្លារសហរដ្ឋអាមេរិក ដែលជាជំនួយរបស់ធនាគារពិភពលោក (World Bank)។
លោក ញឹម វណ្ណដា៖ «នេះគេកំពុងបង្រៀនហៅពិភាក្សាគ្នាទៅ ហើយឲ្យជំនាញការយើងជួលគេ។ ធនាគារពិភពលោក អ្នកចេញលុយបដិភាគជាមួយរដ្ឋាភិបាលអ៊ីចឹងទៅ ហើយមិនទាន់កសាងបានទេ ត្រូវប្រើពេល ១៧ខែ ពីថ្ងៃ១ ខែមេសា ឥឡូវខែ៥ ហើយ ១ខែជាងហើយ។ ពីថ្ងៃ១ ខែមេសា ទៅ ចាប់កសាងបញ្ហាបីហ្នឹង»។
លោកថ្លែងដូច្នេះនៅក្នុងសិក្ខាសាលាស្ដីពី "ការពង្រឹងប្រព័ន្ធគ្រប់គ្រងគ្រោះមហន្តរាយនៅក្នុងប្រទេសកម្ពុជា" តាមរយៈការប៉ាន់ប្រមាណហានិភ័យប្រព័ន្ធផ្ដល់ព័ត៌មានជាមុន និងការរៀបចំបទដ្ឋានសាងសង់" នៅរាជធានីភ្នំពេញ។

ក្នុងខែមេសា ដើមឆ្នាំ២០១៣ នេះ កម្ពុជា បានទទួលរងនូវខ្យល់ព្យុះចំនួន ៧៩ករណី ដែលបានបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋ បណ្ដាលឲ្យមនុស្សស្លាប់ ១៤នាក់ និងរបួសចំនួន ៥១នាក់។ ចំណែកករណីរន្ទះបាញ់មានចំនួន ៥១លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ៣៥នាក់ របួស ២៤នាក់ និងគ្រោះអគ្គីភ័យចំនួន ១៣៦លើក ធ្វើឲ្យឆេះផ្ទះ ២៤០ខ្នង ស្លាប់ចំនួន ១១នាក់ និងរបួស ១០នាក់។
របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កាលពីឆ្នាំ២០០៩ ប្រទេសកម្ពុជា បានទទួលរងខ្យល់ព្យុះកេតសាណា (Ketsana) ដែលបានបោកបក់ប៉ះខេត្តចំនួន១៤ ក្នុងចំណោមខេត្តចំនួន ២៤ខេត្តក្រុង បានធ្វើឲ្យខូចខាតផ្ទះប្រជាពលរដ្ឋ និងសំណង់អគារផ្សេងៗ។ មិនត្រឹមតែប៉ុណ្ណោះ បានបង្កឲ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរ។ ក្នុងនោះក៏មានខ្យល់ព្យុះ ធ្វើឲ្យមនុស្សស្លាប់ចំនួន ៤៣នាក់ របួសធ្ងន់ ៨៧នាក់។ មនុស្សចំនួន ១សែន ៨ម៉ឺននាក់ ដែលរងឥទ្ធិពលពីព្យុះនេះដោយផ្ទាល់ និងប្រយោល។ ព្យុះនេះបានធ្វើឲ្យខូចខាតដល់សេដ្ឋកិច្ចជាតិរហូតដល់ជាង ១៣លានដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
