ការចោទប្រកាន់ខាងលើនេះ កើតមានឡើងបន្ទាប់ពីកងកម្លាំងរាជអាវុធហត្ថមួយក្រុម កាលពីថ្ងៃទី១៧ ខែមករា បានប្រើប្រាស់រថយន្តបីគ្រឿងស្ទាក់ចាប់ប្រជាពលរដ្ឋ ខណៈកំពុងធ្វើដំណើរតាមរថយន្តពីឃុំកំភុន ស្រុកសេសាន ឆ្ពោះមកក្រុងស្ទឹងត្រែង ក្នុងបទចោទប្រកាន់ថា អ្នកទាំងប្រាំបានប្រព្រឹត្តអំពើចោរកម្មលួចក្របី។
មន្ត្រីសិទ្ធិមនុស្សសមាគមអាដហុក ខេត្តស្ទឹងត្រែង លោក ហូ សំអុល មានប្រសាសន៍បញ្ជាក់ថា ការចាប់ខ្លួននេះមិនមានដីកាចាប់ខ្លួន និងមិនមែនជាបទល្មើសជាក់ស្ដែង។ លោកកត់សំគាល់ថា ការចាប់ខ្លួននេះមានទាក់ទិនទៅនឹងគំនុំរបស់មន្ត្រីអាវុធហត្ថទៅលើពលរដ្ឋដែលរកឃើញថា មន្ត្រីអាវុធហត្ថបានលួចលាក់វត្ថុតាងក្របីបួនក្បាលរបស់ប្រជាពលរដ្ឋដែលកងរាជអាវុធហត្ថបានរឹបអូសក្នុងរឿងក្តីចោទប្រកាន់ថា ពលរដ្ឋបានទិញក្របីពីចោរកម្មកាលពីខែតុលា កន្លងទៅ។
លោក ហូ សំអុល៖ «តាមការអង្កេត និងការបំភ្លឺរបស់ជនរងគ្រោះ ករណីនេះគឺ មន្ត្រីប៉េអឹម កងរាជអាវុធហត្ថ គឺរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរណាស់។ សំណូមពរទៅស្ថាប័នអយ្យការតុលាការខេត្តស្ទឹងត្រែងហ្នឹង ជួយធ្វើការស៊ើបអង្កេតរឿងហ្នឹងឱ្យបាន បើសិនជាជនសង្ស័យដែលវាយហ្នឹង មានពិរុទ្ធភាព ត្រូវតែធ្វើតាមច្បាប់»។
ប្រជាពលរដ្ឋទាំងប្រាំនេះ រួមមានឈ្មោះ ប៊ុន ចន្ធូ ឈ្មោះ ប៊ុន សុភាព ឈ្មោះ ឆាយ ប៊ុន និងអ្នកបើកបររថយន្តពីររូបមិនស្គាល់ឈ្មោះ។
ឆ្លើយតបសេចក្តីចោទប្រកាន់នេះ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង លោក អៀង វ៉ាន់ឌី មានប្រសាសន៍បញ្ជាក់ថា សមត្ថកិច្ចបានឃាត់ពលរដ្ឋទាំងប្រាំនាក់យោងពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋមួយរូប ប៉ុន្តែលោកមិនអធិប្បាយពីមូលហេតុនៃការប្តឹងនោះទេ។ ម្យ៉ាងទៀត ការឃាត់ខ្លួននេះ សមត្ថកិច្ចបានរាយការណ៍សុំការអនុញ្ញាតពីមន្ត្រីអយ្យកាអមតុលាការសាលាដំបូងខេត្តរួចហើយ។ លោកបដិសេធមិនថាបានវាយធ្វើទារុណកម្មប្រជាពលរដ្ឋដូចការចោទប្រកាន់នោះឡើយ។
យ៉ាងនេះក៏ដោយ នៅរសៀលថ្ងៃដដែល សមត្ថកិច្ចកងរាជអាវុធហត្ថបានដោះលែងប្រជាពលរដ្ឋទាំងប្រាំនាក់វិញ បន្ទាប់ពីក្រុមគ្រួសារជនជាប់សង្ស័យបានប្ដឹងទៅសមត្ថកិច្ចប៉ូលិស អាជ្ញាធរខេត្ត មន្ត្រីអយ្យការ និងមន្ត្រីអង្គការសិទ្ធិមនុស្សសុំជួយអន្តរាគមន៍រកយុត្តិធម៌ក្នុងបញ្ហានេះ។
សូមស្ដាប់សេចក្ដីរាយការណ៍បន្ថែមរបស់លោក រដ្ឋា វិសាល អំពីបញ្ហានេះ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
