លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឲ្យម្ចាស់រថយន្តដឹកអ្នកដំណើរ និងរថយន្តឈ្នួល កុំដំឡើងថ្លៃក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។
លោក ហ៊ុន សែន ថ្លែងនៅថ្ងៃទី១៨ កញ្ញា ថា កុំឲ្យម្ចាស់រថយន្តធំៗដឹកអ្នកដំណើរ ឬរថយន្តឈ្នួល យកថ្លៃហួសហេតុនៅស្របពេលដែលប្រជាពលរដ្ឋ ពិសេសកម្មករកម្មការិនី នឹងធ្វើដំណើរទៅស្រុកកំណើតច្រើននោះ៖ «ម្យ៉ាងទៀតក៏សុំអំពាវនាវឲ្យម្ចាស់រថយន្ត ទាំងរថយន្តឈ្នួលធំៗ រថយន្តតាក់ស៊ី សុំមេត្តាកុំដំឡើងថ្លៃ ព្រោះប្រជាពលរដ្ឋ ជាពិសេសកម្មករកម្មការិនី ធ្វើដំណើរទៅស្រុកច្រើនណាស់ ដើម្បីចូលរួមភ្ជុំបិណ្ឌនេះ។ ចឹងសុំមេត្តាកុំដំឡើងថ្លៃឲ្យតែពេលបុណ្យទានម្ដងៗ គឺមានការដំឡើងថ្លៃ»។
ក្នុងសប្ដាហ៍នេះ សហជីពកម្មករ និងក្រុមអង្គការសង្គមស៊ីវិល ក៏បានស្នើឲ្យអាជ្ញាធររាជធានីភ្នំពេញ ចាត់វិធានការប្រកបដោយប្រសិទ្ធភាព លើគោលនយោបាយបញ្ចុះតម្លៃរថយន្តឈ្នួល ក្នុងពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌដែរ។ អ្នកបើករថយន្តឈ្នួល និងក្រុមហ៊ុនផ្ដល់សេវាដឹកជញ្ជូន នឹងដំឡើងថ្លៃសេវាដឹកជញ្ជូន ចាប់ពីចុងសប្ដាហ៍នេះរហូតដល់ក្រោយពិធីបុណ្យភ្ជុំបិណ្ឌរួច។
ជារៀងរាល់ឆ្នាំ អ្នកធ្វើដំណើរតែងត្អូញត្អែរថា នៅរាល់ពេលដែលមានពិធីបុណ្យធំៗ ដូចជា បុណ្យចូលឆ្នាំថ្មី និងបុណ្យភ្ជុំបិណ្ឌម្ដងៗ ក្រុមហ៊ុនរថយន្តក្រុងមួយចំនួន បានដំឡើងថ្លៃទ្វេដង ដោយមិនខ្វល់នឹងសេចក្ដីណែនាំរបស់សាលារាជធានីភ្នំពេញ ឬប្រសាសន៍របស់នាយករដ្ឋមន្ត្រីនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
