លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ណែនាំឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេសផ្នែករដ្ឋបាលជលផល បោះបង្គោលព្រំប្រទល់ដែនអភិរក្សជលផលទំហំជិត ១០ម៉ឺនហិកតារ (៩៧.៥០០) ស្មើនឹង ១០,២៣ភាគរយ នៃទំហំឡូនេសាទទាំងអស់ដែលបានលុបចោលកាលពីអំឡុងឆ្នាំ២០១២។
ការណែនាំនេះ ធ្វើឡើងនៅក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីនៃការប្រារព្ធទិវាមច្ឆជាតិ ១ កក្កដា ឆ្នាំ២០១៤ នៅអាងទឹកក្ដុល ស្ថិតនៅឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១ ខែកក្កដា។
លោកនាយករដ្ឋមន្ត្រី បានក្រើនរំលឹកជាថ្មីទៀតចំពោះមន្ត្រីក្រោមឱវាទរបស់ខ្លួន ឲ្យយកចិត្តទុកដាក់ និងទប់ស្កាត់បទល្មើសនេសាទ ការកាប់រានដីព្រៃលិចទឹក ព្រមទាំងអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យបញ្ឈប់ការប្រើឧបករណ៍នេសាទខុសច្បាប់។ លោកក៏បានរំលឹកដែរថា ការកែទម្រង់ផ្ដាច់ព្រ័ត្ររបស់លោកកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១២ ក្នុងការលុបទាំងស្រុងនូវឡូនេសាទពីក្រុមឈ្មួញ ឬថៅកែឡូនេសាទ គឺបានផ្ដល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់ប្រជាពលរដ្ឋ។
លោក ហ៊ុន សែន មានប្រសាសន៍ថា ទិវាមច្ឆជាតិ និងសកម្មភាពប្រលែងកូនត្រី នឹងត្រូវធ្វើជារៀងរាល់ឆ្នាំ មិនថានៅតែតំបន់ណាមួយនោះទេ គឺត្រូវធ្វើនៅគ្រប់ទីកន្លែង និងច្រើនថ្ងៃ ក្នុងការគួបផ្សំធនធានត្រីធម្មជាតិនៅក្នុងទន្លេ ដើម្បីបំពេញតម្រូវការ និងធ្វើឲ្យត្រីកាន់តែសម្បូរឡើង។ លោកថា ស្ថានភាពបច្ចុប្បន្ន គឺផ្ទុយពី ៣០ ទៅ ៥០ឆ្នាំមុន ដោយកាលពីមុន មានទឹកជ្រៅ ត្រីច្រើន ប្រជាជនតិច ប៉ុន្តែស្ថានភាពបច្ចុប្បន្ន ទឹករាក់ ត្រីតិច ប្រជាជនច្រើន។ ដូច្នេះ បើមិនខិតខំអភិរក្ស ឬពឹងផ្អែកតែទៅលើត្រីបឹងធម្មជាតិ គឺមិនអាចផ្គត់ផ្គង់តម្រូវការបានទេ៖ «ខ្ញុំសូមផ្ដល់ជាយោបល់ឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជារដ្ឋបាលជលផល ត្រូវរៀបចំបោះបង្គោលព្រំប្រទល់កន្លែងអភិរក្សជលផល និងសាងសង់ស្នាក់ការយាមការពារឲ្យបានច្បាស់លាស់ ដោយសហការជាមួយក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងធ្វើសកម្មភាពគ្រប់ទីកន្លែងអភិរក្សជលផលឲ្យមានប្រសិទ្ធភាព ហើយក៏ត្រូវមានយន្តការតាមដានត្រួតពិនិត្យជាប្រចាំ»។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាល ដែលធ្វើការលើការអភិរក្សធនធានជលផល បានថ្លែងស្វាគមន៍ចំពោះប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ ប៉ុន្តែគេបារម្ភថា បញ្ហានៅតែបន្តកើតមាន ដោយមន្ត្រីថ្នាក់ក្រោមមានភាពធូររលុងក្នុងការអនុវត្តច្បាប់ ស្របពេលដែលប្រជាពលរដ្ឋមិនទាន់យល់ច្បាស់អំពីសារប្រយោជន៍នៃការអភិរក្សធនធានជលផល។
មន្ត្រីសម្របសម្រួលសហគមន៍នៃអង្គការសម្ពន្ធភាព ដើម្បីអភិរក្សធនធានជលផល (Fact) អ្នកស្រី នៅ សារឹម ថ្លែងបញ្ជាក់ថា ភាពខ្សត់ទៅនៃធនធានមច្ឆជាតិ គឺអាចបណ្ដាលមកពីការទាញយកផលនេសាទច្រើនហួសហេតុរបស់ប្រជាពលរដ្ឋ ការប្រើឧបករណ៍នេសាទខុសច្បាប់ទំនើបៗ និងការអនុវត្ដច្បាប់នៅមានភាពធូររលុងជាដើម៖ «ប្រសិនជាមន្ត្រីអនុវត្តន៍ច្បាប់មួយចំនួនហ្នឹង គាត់មានភាពធូររលុងដូចអ្វីដែលប្រជាជនគាត់បានរាយការណ៍ អ៊ីចឹងខ្ញុំគិតថា អាការអភិរក្ស ការបោះព្រំប្រទល់ឡូអីទាំងអស់ហ្នឹង ហើយតាមប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រីហ្នឹង វាអត់មានប្រសិទ្ធភាពទេ»។
ទិវាមច្ឆជាតិឆ្នាំ២០១៤ នេះត្រូវបានប្រារព្ធឡើងនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្រោមប្រធានបទ "ត្រីដើម្បីអ្នកទាំងអស់គ្នា ទាំងអស់គ្នាដើម្បីត្រី"។ នៅក្នុងឱកាសនេះ គេក៏បានប្រលែងប្រភេទកូនត្រីចម្រុះចំនួន ១លានក្បាល និងកូនបង្កងចំនួន ១សែនក្បាល ចូលក្នុងអាងទឹកក្ដុល ដែលមានទំហំប្រហែលជាង ១០០ហិកតារ ស្ថិតនៅភូមិក្រាំងកន្ទោល ឃុំពាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
