លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្ដេជ្ញា​ជំរុញ​និង​លើក​ស្ទួយ​ផលិតកម្ម​ស្រូវ​អង្ករ

ដោយ ថា កិត្យា
2016.01.25
ហ៊ុន សែន ២០១៦ ៨៥៥ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​វេទិកា​ស្រូវ​អង្ករ​កម្ពុជា លើក​ទី​៥ នា​សណ្ឋាគារ សុខា​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៦។
RFA/Tha Kitya

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្ដេជ្ញា​ជំរុញ និង​លើក​ស្ទួយ​ផលិតកម្ម​ស្រូវ​អង្ករ ហើយ​លោក​សន្យា​ថា នឹង​ជួយ​ដោះស្រាយ​ឧបសគ្គ​នានា​ដែល​រាំង​ស្ទះ​ដល់​ការ​នាំ​ចេញ​អង្ករ​ទៅ​ក្រៅ​ប្រទេស។ កសិករ​ស្វាគមន៍​ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​របស់​លោក​នាយក​រដ្ឋមន្ត្រី​បែប​នេះ ប៉ុន្តែ​បារម្ភ​ថា ការ​សន្យា​របស់ លោក ហ៊ុន សែន មិន​សូវ​មាន​ប្រសិទ្ធភាព។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាត់​ទុក​វិស័យ​កសិកម្ម​ជា​វិស័យ​អាទិភាព​មួយ​សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន។

ថ្លែង​ក្នុង​វេទិកា​ស្រូវ​អង្ករ​កម្ពុជា លើក​ទី​៥ នា​សណ្ឋាគារ សុខា​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មករា លោក ហ៊ុន សែន លើក​ឡើង​ថា លោក​នឹង​បន្ត​ជួយ​អភិវឌ្ឍ​វិស័យ​ស្រូវ​អង្ករ​ទាំង​បរិមាណ និង​គុណភាព ដូចជា ផ្តល់​ឥណទាន​ដែល​មាន​ការ​ប្រាក់​អនុគ្រោះ​តាម​រយៈ​ធនាគារ​អភិវឌ្ឍន៍​ជនបទ ពង្រីក​ប្រព័ន្ធ​ធារាសាស្ត្រ ស្វែងរក​ពូជ​ស្រូវ​ល្អៗ បង្កើន​ឃ្លាំង​ស្តុក​ស្រូវ និង​ម៉ាស៊ីន​សម្ងួត​ស្រូវ។ លើស​ពី​នេះ លោក​សន្យា​ថា នឹង​ជួយ​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន និង​ទីផ្សារ ព្រម​ទាំង​អនុគ្រោះ​ពន្ធ​លើ​តម្លៃ​បន្ថែម នៃ​ការ​នាំ​ចូល​គ្រឿងយន្ត និង​ឧបករណ៍​កសិកម្ម ជាដើម។

លោក ហ៊ុន សែន៖ «ការ​សម្រួល​ដល់​ការ​នាំ​ចេញ​តាម​រយៈ​ការ​សុំ​វិញ្ញាបនបត្រ​សម្គាល់​ប្រភព​ដើម​ទំនិញ តាម​ប្រព័ន្ធ​អនឡាញ (Online) និង​ចុះ​បញ្ជី និង​បញ្ចុះ​តម្លៃ​អគ្គិសនី​ដែល​យើង​អនុវត្ត​នា​ពេល​ខាង​មុខ​នេះ។ លើស​ពី​នេះ​ទៀត យើង​ក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ផង ក្នុង​ការ​ស្ដារ និង​អភិវឌ្ឍ​ផ្លូវ​ទឹក និង​ផ្លូវ​ដឹក ដើម្បី​បន្ថយ​ថ្លៃ​ដើម និង​បង្កើន​សមត្ថភាព​ប្រកួត​ប្រជែង​របស់​ទំនិញ​របស់​យើង​នៅ​ក្នុង​ទីផ្សារ​អន្តរជាតិ»

បើ​ទោះ​បី​ជា​រដ្ឋាភិបាល បាន​ប្ដេជ្ញា និង​ថែម​ទាំង​ដាក់​ចេញ​នូវ​គោល​នយោបាយ​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការ​នាំ​ចេញ​អង្ករ​ក្តី ប៉ុន្តែ​ប្រជា​កសិករ​មួយ​ចំនួន​អះអាង​ថា មក​ទល់​ពេល​នេះ ពួក​គាត់​នៅ​តែ​ធ្វើ​ស្រែ​ប្រវាស់​មេឃ ដែល​មិន​មាន​លទ្ធភាព​ធ្វើ​ស្រូវ​ក្នុង​មួយ​ឆ្នាំ​បាន​ពីរ​ទៅ​បី​ដង ដូច​ប្រជា​កសិករ​ប្រទេស​ដទៃ​ឡើយ។ កសិករ​នៃ​ប្រទេស​ជិត​ខាង អាច​មាន​លទ្ធភាព​យក​លុយ​ផ្ញើ​ធនាគារ ប៉ុន្តែ​កសិករ​ខ្មែរ បាន​ត្រឹម​តែ​លក់​កសិផល​យក​លុយ​ទៅ​សង​ធនាគារ​ប៉ុណ្ណោះ។

ប្រជា​សហគមន៍​កសិកម្ម​សង្ហា​ផល មក​ពី​ខេត្ត​បាត់ដំបង លោក ហុល ខ្លឹម មាន​ប្រសាសន៍​ថា កន្លង​មក រដ្ឋាភិបាល​បាន​ជួយ​កសិករ​ដោយ​ប្រយោល ដែល​ហាក់​មិន​សូវ​បាន​ផល​ដល់​ដៃ​ប្រជា​កសិករ​ឡើយ។ លោក​រំពឹង​ថា រដ្ឋាភិបាល​នឹង​ជំរុញ​ធ្វើ​យ៉ាង​ណា ជួយ​ឲ្យ​ដល់​មូលដ្ឋាន​ផ្ទាល់​តែ​ម្តង ដោយ​លោក​ចង់​សំដៅ​ថា ជំនួយ​របស់​រដ្ឋាភិបាល​កន្លង​មក ត្រូវ​ជាប់​គាំង​នៅ​អាជ្ញាធរ​ថ្នាក់​ក្រោម៖ «បើ​ជួយ​ពង្រឹង​ផ្នែក​ការងារ​កសិកម្ម​ដាំ​ដុះ សូម​ឲ្យ​វិនិយោគ​ដោយ​ផ្ទាល់ៗ បាន​ន័យ​ថា បើ​សហគមន៍​ខ្វះ​អី ខ្វះ​ទុន​ផលិត​អ៊ីចឹង សូម​ឲ្យ​ទុន​នេះ​ត្រូវ​ដល់​សហគមន៍ កុំ​ឲ្យ​តាម​មន្ទីរ​ដែល​តែង​តែ​ថា​ជួយៗ ប៉ុន្តែ​អត់​ដល់​សហគមន៍។ អ៊ីចឹង​សហគមន៍​នៅ​ខ្សោយ​ដដែល។ កាល​ណា​ខាង​ក្រោម​ខ្សោយ​ហើយ ខាង​លើ​ក៏​មិន​ពូកែ​ដែរ»

រដ្ឋាភិបាល ធ្លាប់​ដាក់​គោលដៅ​ក្នុង​ការ​នាំ​ចេញ​ស្រូវ​អង្ករ​ឲ្យ​បាន ១​លាន​តោន​ក្នុង​ឆ្នាំ​២០១៥ ប៉ុន្តែ​គោល​នយោបាយ​នេះ រដ្ឋាភិបាល​បាន​បរាជ័យ ហើយ​ជាក់ស្ដែង កម្ពុជា នាំ​អង្ករ​ចេញ​បាន​សម្រេច​តែ ៥៣​ម៉ឺន​តោន​ប៉ុណ្ណោះ។

ទាក់ទិន​បញ្ហា​នេះ​ដែរ លោក​បណ្ឌិត មាស នី អ្នក​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​សង្គម មាន​ប្រសាសន៍​ថា ជា​ញឹកញាប់ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែង​តែ​ប្រកាស​ប្ដេជ្ញា​តែ​ម្នាក់​ឯង ប៉ុន្តែ​ក្រសួង និង​មន្ទីរ​ពាក់ព័ន្ធ​នៅ​ខាង​ក្រោម មិន​ដំណើរ​ការ​ឡើយ។ លោក​សង្កេត​ឃើញ​ថា ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​ប្រទេស​ជិត​ខាង គឺ​មាន​លក្ខណៈ​ពិសេស ដែល​រដ្ឋាភិបាល​កម្ពុជា គួរ​តែ​ស្រង់​បទពិសោធន៍។

លោក​បណ្ឌិត មាស នី៖ «នៅ​ប្រទេស​ថៃ គេ​ប្រើ​គោល​នយោបាយ​តំបន់​មួយ​ផលិតផល​មួយ គឺ​ក្រសួង​កសិកម្ម រៀបចំ​ដី ក្រសួង​ឧស្សាហកម្ម រៀបចំ​វេច​ខ្ចប់ ក្រសួង​ពាណិជ្ជកម្ម ត្រូវ​រក​ទីផ្សារ ហើយ​ក្រសួង​ហិរញ្ញវត្ថុ ត្រូវ​គិតគូរ​អំពី​ការ​ផ្តល់​ទុន​កម្ចី។ អ៊ីចឹង​យើង​ឃើញ​ថា ជំនួយ​គាំទ្រ​ទាំងអស់​វា​ទៅ​ទាំង​ព្រម។ ដូច្នេះ​កសិករ​របស់​គេ​មាន​អារម្មណ៍​កក់ក្តៅ​ពី​ប្រព័ន្ធ​គ្រប់គ្រង ប៉ុន្តែ​ខ្មែរ​មិន​អ៊ីចឹង​ទេ»

ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល លើក​ឡើង​ថា ដើម្បី​លើក​ស្ទួយ​វិស័យ​កសិកម្ម​នោះ រដ្ឋាភិបាល​កម្ពុជា គប្បី​ពន្លឿន​ដំណោះស្រាយ​បញ្ហា​ប្រឈម​នានា ដែល​ទាក់ទង​ដល់​គ្រប់​ផ្នែក​នៃ​សង្វាក់​ផលិតកម្ម ចាប់​តាំង​ពី​ការ​ដាំ​ដុះ ការ​កែច្នៃ រហូត​ដល់​ការ​នាំ​ចេញ ពោល​គឺ​កុំ​ឲ្យ​គោល​នយោបាយ​មាន​តែ​នៅ​លើ​ក្រដាស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។