លោក ជា មុនី គ្មាន​ជំនឿ​លើ​គណៈកម្មការ​អន្តរក្រសួង​អង្កេត​ឃាតកម្ម​មេ​សហជីព

ដោយ យន់ សាមៀន
2015.06.26
ជា វិជ្ជា ៣០៥ ២២-មករា-២០១០: ការ​ប្រារព្ធ​ខួប​៦​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ នៅ​ក្នុង​រាជធានី​ភ្នំពេញ
RFA/Den Ayuthyea

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​ស្រាវជ្រាវ​ករណី​ឃាតកម្ម​លើ​មេដឹកនាំ​សហជីព​សេរី​កម្មករ​ចំនួន ៣​នាក់ ដែល​ត្រូវ​ឃាតក​បាញ់​សម្លាប់។ ក្រុម​សាច់ញាតិ​សព និង​អង្គការ​សង្គម​ស៊ីវិល គ្មាន​ជំនឿ​លើ​ការ​ស៊ើប​អង្កេត​ឡើង​ទេ ដោយសារ​ភស្តុតាង និង​សាក្សី​សំខាន់ៗ​មួយ​ចំនួន​បាន​បាត់បង់​អស់​ហើយ។

លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ បញ្ជាក់​ថា លោក​គ្មាន​ជំនឿ​លើ​គណៈកម្មការ​អន្តរក្រសួង​ដែល​បង្កើត​ឡើង​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ស៊ើប​អង្កេត សើរើ​ឡើង​វិញ​ចំពោះ​ករណី​ឃាតកម្ម​លើ​ថ្នាក់ដឹកនាំ​សហជីព​សេរី​កម្មករ លោក ជា វិជ្ជា ដែល​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កាល​ពី​ជាង​មួយ​ទសវត្សរ៍​កន្លង​ទៅ និង​ប្រធាន​សហជីព​សេរី​កម្មករ​ប្រចាំ​រោងចក្រ​ចំនួន ២​នាក់​ផ្សេង​ទៀត។

ប្រតិកម្ម​របស់​លោក ជា មុនី ធ្វើ​ឡើង​បន្ទាប់​ពី​លោក ហ៊ុន សែន សម្រេច​បង្កើត​គណៈកម្មការ​អន្តរក្រសួង​ស៊ើប​អង្កេត​ពិសេស​ដែល​រួម​មាន សមាជិក​មក​ពី​ក្រសួង​មហាផ្ទៃ  ក្រសួង​ការងារ ក្រសួង​យុត្តិធម៌ ទីស្ដីការ​គណៈរដ្ឋមន្ត្រី អគ្គស្នងការ​នគរបាល​ជាតិ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​តំណាង​អាជ្ញាធរ​ពាក់ព័ន្ធ។

គណៈកម្មការ​អន្តរក្រសួង​នឹង​ស៊ើប​អង្កេត​ទៅ​លើ​ឃាតកម្ម​មេដឹកនាំ​សហជីព​សេរី​កម្មករ រួម​មាន​លោក ជា វិជ្ជា លោក ហ៊ី វុទ្ធី និង​លោក រស់ សុវណ្ណារ៉េត។ សេចក្ដី​សម្រេច​បង្កើត​គណៈកម្មការ​អន្តរក្រសួង​ចុះ​ហត្ថលេខា​ដោយ​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​១០ ខែ​មិថុនា បញ្ជាក់​ថា គណៈកម្មការ​អន្តរក្រសួង​នេះ នឹង​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​ភាគី​ពាក់ព័ន្ធ​ដើម្បី​ប្រមូល​ព័ត៌មាន និង​ភស្តុតាង​ស្រាវជ្រាវ​គ្រប់​ជ្រុងជ្រោយ​លើ​អង្គហេតុ និង​អង្គច្បាប់។ គណៈកម្មការ​នេះ​ក៏​នឹង​រៀបចំ​របាយការណ៍​បំភ្លឺ​ករណី​បណ្ដឹង​នេះ​ជូន​អង្គការ​អន្តរជាតិ​ខាង​ការងារ​ផង​ដែរ។

លោក ជា មុនី ដែល​ជា​ប្អូន​ប្រុស​បង្កើត​របស់​សព​លោក ជា វិជ្ជា នោះ​អះអាង​ថា លោក​គ្មាន​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌​ឡើយ។ លោក​បញ្ជាក់​ថា ករណី​ឃាតកម្ម​ទាំង​បី​នេះ អាច​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​សមត្ថកិច្ច​កម្ពុជា ដូច្នោះ ការ​ផ្ដល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​នឹង​ជួប​ការ​លំបាក៖ «ខ្ញុំ​មើល​ទៅ​ហាក់​គ្មាន​ប្រសិទ្ធភាព​ទេ។ គណៈកម្មការ​នេះ​ដោយសារ​គណៈកម្មការ​ជា​ច្រើន​ដែល​រដ្ឋាភិបាល​បាន​បង្កើត​ឡើង គឺ​មិន​អាច​រក​យុត្តិធម៌​ឲ្យ​ជនរងគ្រោះ​ទេ»

២២-មករា-២០១៣៖ ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា មុនី ថ្លែង​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​គម្រប់​ខួប ៩​ឆ្នាំ នៃ​ការ​បាញ់​សម្លាប់​លោ ជា វិជ្ជា នា​រាជធានី​ភ្នំពេញ។
២២-មករា-២០១៣៖ ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា មុនី ថ្លែង​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​គម្រប់​ខួប ៩​ឆ្នាំ នៃ​ការ​បាញ់​សម្លាប់​លោ ជា វិជ្ជា នា​រាជធានី​ភ្នំពេញ។
RFA/Den Ayuthyea

ពាក់ព័ន្ធ​នឹង​ឃាតកម្ម​លើ​ថ្នាក់ដឹកនាំ​សហជីព​នេះ សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ជនសង្ស័យ​ក្លែងក្លាយ​ចំនួន បី​នាក់​ដាក់​ពន្ធនាគារ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ទើប​ដោះលែង បន្ទាប់​ពី​រក​ឃើញ​ថា អ្នក​ទាំង​នោះ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ឃាតកម្ម។ មក​ទល់​បច្ចុប្បន្ន​នេះ សមត្ថកិច្ច​នៅ​មិន​ទាន់​ចាប់​បាន​ជនសង្ស័យ​ណា​មួយ​ឡើយ។

ស្រប​ពេល​ដែល​លោក ហ៊ុន សែន បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​នេះ លោក ជា មុនី អះអាង​ថា មាន​ជន​មិន​ស្គាល់​មុខ​មួយ​ចំនួន​បាន​ព្យាយាម​បំផ្លាញ​ទីតាំង​រូប​សំណាក​របស់​លោក ជា វិជ្ជា ដែល​ដាក់​តាំង​នៅ​ក្បែរ​កន្លែង​ដែល​លោក​ត្រូវ​ឃាតក​បាញ់​សម្លាប់។ លោក​ស្នើ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ត្រូវ​ការពារ​រូប​សំណាក​លោក ជា វិជ្ជា ដោយ​គ្មាន​ការរើសអើង៖ «អ្នក​ដែល​ប្រព្រឹត្ត​ហ្នឹង​ជា​មនុស្ស​ជ្រុល​និយម។ ខ្វះ​ការ​អប់រំ ឬ​ក៏​មនុស្ស​ដែល​សមត្ថកិច្ច​បណ្ដោយ​ឲ្យ​បំផ្លាញ»

​កាល​ពី​ដើម​ឆ្នាំ​២០១៤ តុលាការ​កំពូល​បង្គាប់​ឲ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​ការ​ស៊ើប​អង្កេត​រឿង​ក្ដី​បាញ់​សម្លាប់​លោក ជា វិជ្ជា ឡើង​វិញ។ បន្ទាប់​មក សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជូន​សំណុំរឿង​បាញ់​សម្លាប់​អតីត​មេដឹកនាំ​សហជីព​សេរី​កម្មករ សមត្ថកិច្ច​បើក​ការ​ស៊ើប​អង្កេត​ស្វែង​រក​ឃាតក​ពិត។

ពាក់ព័ន្ធ​ទៅ​នឹង​ឃាតកម្ម​លើ​សកម្មជន​សហជីព​នេះ​ដែរ ប៉ូលិស​អន្តរជាតិ (Interpol) ក៏​បាន​ប្រកាស​ស្វែង​រក​ចាប់​ខ្លួន​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត ដែល​កំពុង​រត់​គេ​ខ្លួន​ពី​ការ​តាម​ចាប់​របស់​សមត្ថកិច្ច​កម្ពុជា។ ក្នុង​គេហទំព័រ​របស់​ប៉ូលិស​អន្តរជាតិ​សរសេរ​ថា សមត្ថកិច្ច​កម្ពុជា កំពុង​ស្វែង​រក​ចាប់​ខ្លួន​លោក ឈូក បណ្ឌិត អាយុ ៣៨​ឆ្នាំ ទៅ​ទទួល​ទោស​ពី​បទ​បង្ក​របួស​ស្នាម​ដោយ​ចេតនា។

តុលាការ​កំពូល​បាន​សម្រេច​ឲ្យ​លោក ឈូក បណ្ឌិត ជាប់​ពន្ធនាការ​រយៈពេល ១៨​ខែ។  កាលពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ជា​ខួប​បី​ឆ្នាំ​ដែល​លោក ឈូក បណ្ឌិត បាន​បាញ់​រះ​ទៅ​លើ​ក្រុម​បាតុករ​ឲ្យ​រង​របួស​បី​នាក់ នៅ​រោងចក្រ កៅវ៉េ (Kaoway) ឋិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ស្វាយរៀង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។